ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលនិងសង្គមស៊ីវិលជជែកពីសំណើវិសោធនកម្មច្បាប់អង្គការ ជាលើកដំបូង ក្រោយការអនុវត្តទាំងចម្រូងចម្រាសអស់ជាង៤ឆ្នាំ


រូបឯកសារ៖ ប្រជា​ពលរដ្ឋ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី កាន់​បដា​ពាក្យ​ស្លោក​ដែល​សរសេរ​ថា «និយាយ​ថា​ទេ! ច្បាប់​សហជីព សមាគម និង​អង្គការ» ក្នុង​ពេល​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ជាតិ​ នៅ​ថ្ងៃអាទិត្យ​ទី ២៨ ខែមិថុនា ឆ្នាំ២០១៥។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ ប្រជា​ពលរដ្ឋ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី កាន់​បដា​ពាក្យ​ស្លោក​ដែល​សរសេរ​ថា «និយាយ​ថា​ទេ! ច្បាប់​សហជីព សមាគម និង​អង្គការ» ក្នុង​ពេល​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ជាតិ​ នៅ​ថ្ងៃអាទិត្យ​ទី ២៨ ខែមិថុនា ឆ្នាំ២០១៥។ (ហ៊ុល រស្មី/VOA)

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc) ប្រាប់ VOA ក្រោយ​បញ្ចប់​ការ​ពិភាក្សា​នោះ​ថា មូលហេតុ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្មមាត្រា​ទាំង​នោះ គឺ​ដោយសារសង្គម​ស៊ីវិល​រង​នូវ​ការ​គំរាម​កំហែង ការបិទ​និងការ​រឹតត្បិត​ការ​ធ្វើ​សកម្មភាព​ការងារ​ផ្សេងៗ។

ក្រសួង​មហាផ្ទៃ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ បាន​ចាប់​ផ្តើម​ជជែក​ជា​លើក​ដំបូង​អំពី​សំណើ​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋា​ភិបាល ដែល​ជា​ច្បាប់​ដាក់​កម្រិត​សកម្មភាព​របស់​អង្គការ​និង​សមាគម បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​និង​អនុវត្ត​ដោយ​ភាព​ចម្រូង​ចម្រាស​អស់​រយៈពេល​ជាង​៤​ឆ្នាំ។

កិច្ច​ពិភាក្សា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជា​២០​ បាន​ដាក់​សេចក្តី​ស្នើ​ធ្វើ​វិសោធនកម្មដាច់​ដោយ​ឡែក​ពីគ្នា​ទៅ​ក្រសួង​មហាផ្ទៃ កាលពី​ខែ​កញ្ញា​កន្លង​ទៅ។​

ក្នុង​កិច្ច​ពិភាក្សា​នៅ​ក្រសួង​មហាផ្ទៃ​នា​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ តំណាង​ក្រុម​អង្គការ​សង្គម​ស៊ីវិលដែល​បាន​ដាក់​សេចក្តី​ស្នើធ្វើ​វិសោធនកម្ម​ចំនួន​១៧​មាត្រា បាន​លើកអំពីបញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការ​លំបាក​និង​ភាព​មិន​ច្បាស់លាស់​ ដូចជា​ការ​អនុវត្ត​ការងារ​ ​ការ​កំណត់​និយម​ន័យ​របស់​អង្គការ​ ​អព្យាក្រឹត្យភាព​របស់​អង្គការ​ជាមួយគណបក្ស​នយោបាយ​ និង​ការ​ពិបាក​ក្នុង​ការចុះបញ្ជី​អង្គការ សមាគម​ជា​ដើម។

យ៉ាងណាក្តី ក្នុង​កិច្ច​ប្រជុំនៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ​ក្រុម​សង្គម​ស៊ីវិល និង​តំណាង​ក្រសួង​មហាផ្ទៃ​បានពិភាក្សា​លើ​មាត្រា​ទើប​តែ​៤​ប៉ុណ្ណោះ។​

លោក យឿង សុធារ៉ា តំណាង​ពី​អង្គការ​គណៈ​កម្មាធិការ​សហប្រតិ​បត្តិការដើម្បីកម្ពុជា (CCC) លើក​ឡើង​ថា មាត្រា៣​នៃ​ច្បាប់​នេះ​កំណត់​ថា​ សមាគម​និង​អង្គការ​ដែល​បាន​ចុះ​បញ្ជី​អាចអនុវត្ត​កា​រងារ​បាន​ ប៉ុន្តែ​មាត្រា​នេះ​មិន​បាន​កំណត់​ពី​សហគមន៍។​ ការណ៍​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ហាមឃាត់ពី​អាជ្ញាធរ​នៅ​ពេល​ដែល​សហគមន៍​ធ្វើ​ការ​ជួបជុំ​ណា​មួយ។

ចំណែក​លោក ស៊ឹង សែនករុណា អ្នក​នាំ​ពាក្យសមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc) លើក​ឡើង​ក្នុង​កិច្ច​ពិភាក្សា​នោះ​ថា អង្គការ​និង​សមាគម​មួយ​ចំនួន​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បដិសេធ​មិនចុះ​ឈ្មោះ​ ដោយ​លើក​មូលហេតុ​ថា ​ឈ្មោះ​និង​សកម្មភាព​របស់​អង្គការ​នោះ​មាន​ពាក់ព័ន្ធ​នឹង​នយោបាយ។ ប៉ុន្តែ​លោក ករុណា បញ្ជាក់​ថា អង្គការ សមាគម​ទាំង​នោះ​មាន​ឈ្មោះ​ និង​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​យុវជន​ឲ្យ​ចេះ​ធ្វើ​នយោបាយ ដោយ​មិន​លម្អៀង​លើ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។

យ៉ាង​ណាក្តី​ លោក ប៊ុន ហុន​ ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ដោះស្រាយ​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ី​វិលនៃ​ក្រសួង​មហាផ្ទៃបាន​និយាយ​ថា អង្គការ​ឬ​សមាគម​មិន​គួរ​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​នោះ​ទេ។

លោក ប៊ុន ហុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដោះស្រាយសំណូមពររបស់អង្គការសង្គមស៊ីវិលនៃក្រសួងមហាផ្ទៃ ថ្លែងប្រាប់អ្នកកាសែត បន្ទាប់ពីជំនួបជាមួយនឹងក្រុមអង្គការសង្គមស៊ីវិល នៅឯក្រសួងមហាផ្ទៃ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
លោក ប៊ុន ហុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដោះស្រាយសំណូមពររបស់អង្គការសង្គមស៊ីវិលនៃក្រសួងមហាផ្ទៃ ថ្លែងប្រាប់អ្នកកាសែត បន្ទាប់ពីជំនួបជាមួយនឹងក្រុមអង្គការសង្គមស៊ីវិល នៅឯក្រសួងមហាផ្ទៃ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

​លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc) ប្រាប់ VOA ក្រោយ​បញ្ចប់​ការ​ពិភាក្សា​នោះ​ថា មូលហេតុ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្មមាត្រា​ទាំង​នោះ គឺ​ដោយសារសង្គម​ស៊ីវិល​រង​នូវ​ការ​គំរាម​កំហែង ការបិទ​និងការ​រឹតត្បិត​ការ​ធ្វើ​សកម្មភាព​ការងារ​ផ្សេងៗ។ លោក​បន្ត​ដោយ​រំពឹង​ថា សំណើ​សុំ​ធ្វើ​វិសោធនកម្ម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​ទទួល​បានការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​រដ្ឋាភិបាល។

​«បើសិន​ជា​សេចក្តី​សម្រេច​មួយ​ដែលអត់​ឆ្លើយ​តប​ទៅ​នឹង​សំណូម​ពរ អាហ្នឹង​ខ្ញុំ​គិត​ថា​នៅ​តែ​ជា​បញ្ហា​កង្វល់ ហើយ​បញ្ហា​ទាំង​អស់​ហ្នឹង​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បាន។ អញ្ចឹងដើម្បី​ដោះស្រាយ​បាន​នូវ​បញ្ហា​ទាំង​អស់​ហ្នឹង គួរ​តែ​មាន​ការ​ពិនិត្យ​និង​ពិចារណា​ទទួល​យក ហើយ​សម្រេច​ទៅ​តាម​អ្វី​ដែល​ជា​ការ​ស្នើ​សុំ អាហ្នឹង​ជា​រឿង​មួយ​ដែល​យើង​ចង់​បាន​ក្នុង​ការ​កែ​លម្អរ​ទៅ​លើ​គម្រោង​ឬ​សកម្ម​ភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ជួប​ប្រទះ​និង​ប្រឈម​នា​ពេល​កន្លងមក»។

ច្បាប់​ស្តីពី​ «សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល‍» ​មាន​៩​ជំពូក​និង​៣៩​មាត្រា​ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋ​សភា​ជាតិ​ កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១៥។ ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ដើរ​តួនាទី​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង ពី​សិទ្ធិ​សេរីភាព​របស់​ពួកគេ​ក្នុង​ការ​តវ៉ា​និង​ការប្រមូល​ផ្តុំ​ដើម្បី​ស្នើ​សុំ​ឲ្យ​ការ​ផ្លាស់ប្តូរ ឬ​ការ​ដោះស្រាយ​ណាមួយ​ពី​រដ្ឋាភិបាល ដូចជា​ការ​គោរព​សិទ្ធិ​មនុស្ស​និង​ការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន។

រដ្ឋាភិបាល​កម្ពុជា​បានលើក​ឡើង​ថា ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល‍​ បង្កើត​ឡើង​ដើម្បីរារាំង​អំពើ​ភេរវកម្ម​និង​ការ​លាង​លុយ​កខ្វក់។​ ប៉ុន្តែសហគមន៍​អន្តរជាតិ​ ព្រម​ទាំង​ដៃគូ​អភិវឌ្ឍន៍​សំខាន់ៗ​ជាច្រើនបាន​និយាយ​ប្រឆាំង​នឹង​ច្បាប់​នេះ។​ អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ផ្សេង​ទៀត​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បោះបង់​ច្បាប់​នេះ​ចោល។

ក្នុង​ការ​ជជែក​ពិភាក្សា​នោះ​លោក ប៊ុន ហុន ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ដោះ​ស្រាយ​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ី​វិលនៃ​ក្រសួង​មហាផ្ទៃ ប្រាប់​អ្នកសារ​ព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​លើក​ដំបូង​នោះ​ថា ក្រសួង​គ្រាន់តែ​កត់ត្រា​ទុក​រាល់​បញ្ហា​ និង​អនុសាសន៍​ដែល​បាន​លើកឡើង​ដោយ​ក្រុម​សង្គម​ស៊ីវិល។ លោក​បន្ត​ថា ​ដោយ​សារ​តែ​ការ​ពិភាក្សា​ទើប​តែ​បាន​៤​មាត្រា ដូច្នេះ​ក្រសួង​មិនទាន់​អាចសម្រេច​បែប​ណា​នៅឡើយ ។

​«តាម​ធម្មតា​ការ​សម្រេច​ទៅ​លើ​វិសោធនកម្ម​ច្បាប់​ គឺ​មិនមែន​ជារឿង​ងាយ​ស្រួល​ទេ ដែល​អង្គការ​សង្គម​ស៊ីវិល​ដែល​គាត់​យល់​ហ្នឹង ជួនកាល​គាត់នៅ​មាន​កម្រិត​មួយ​ដែល​គាត់​ត្រូវ​ការ​ស្វែង​យល់​បន្ថែម​ជាមួយ​គ្នា​គាត់ ជាពិសេស​អ្នក​ជំនាញៗ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​អាចនឹង​មក​ជួប​ជុំ​គ្នា ពិភាក្សា​គ្នា ហើយ​ស្វែង​រក​នូវ​ខ្លឹម​សារ​រួម​មួយ​សម្រាប់​យក​មក​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​យើង​ខ្ញុំ​ទៀត»។

ចាប់តាំង​ពី​ពេល​ដែលច្បាប់​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់យ៉ាងហោច​ណាស់​មាន​អង្គការ​ជាតិ​-​អន្តរជាតិ​ចំនួន​បី ត្រូវ​បាន​បិទ​ និង​ផ្អាក​សកម្មភាព។ អង្គការ​សមធម៌​កម្ពុជា​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បាន​ផ្អាក​សកម្មភាពជា​បណ្តោះ​អាសន្ន​ ក្រោម​មូលហេតុថា​ អង្គ​ការនេះ​បានធ្វើ​សកម្មភាព​ផ្ទុយ​ទៅ​នឹង​លក្ខន្តិកៈ​របស់​ខ្លួន និង​ខុស​ទៅ​នឹង​បទ​បញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ក្រសួង​មហាផ្ទៃ​ក៏​បាន​ប្រកាស​បិទ​អង្គការ​មាតា​ធម្មជាតិដោយ​មិន​បញ្ជាក់​ពី​មូលហេតុ។ ចំណែក​វិទ្យាស្ថាន​ជាតិ​ប្រជាធិប​តេយ្យ (NDI) របស់​សហរដ្ឋ​អាមេរិក ដែល​មាន​វត្ត​មាន​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៣​មក​នោះ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​បិទ​ចោលកាលពី​ខែ​សីហា ឆ្នាំ​២០១៧ ដោយ​ចោទ​ថា ​អង្គការនេះ​ធ្វើ​ខុស​ច្បាប់​ស្តីពី​សារពើពន្ធ​ និង​ច្បាប់​ស្តីពី​អង្គការ សមាគម។

​ការ​បង្ក្រាបលើ​សង្គម​ស៊ីវិល បាន​ក្លាយ​ជា​ចំណុច​ក្តៅ​មួយ​ដែល​ចាត់​ចូល​ជា​មូលហេតុ​នាំ​ឲ្យ​សហគមន៍​អឺរ៉ុប​សម្រេច​ពិចារណា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «អ្វី​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ» ឬ​ហៅ​ថា EBA ក្រៅ​ពី​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សិទ្ធិ​ធ្វើ​នយោបាយ៕

XS
SM
MD
LG