រដ្ឋាភិបាល​សុំ​កុំ​ឱ្យ​សហជីព​ព្រួយបារម្ភ​នឹងសេចក្តីព្រាងច្បាប់​ថ្មី

រូបឯកសារ៖ កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។ (រូបថត៖ REUTERS/Pring Samrang)

រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រាប់​ដល់​សហជីព ​និង​អង្គការ​ក្រៅរដ្ឋាភិបាល​កុំ​ឱ្យ​មាន​កា​រព្រួយ​បារម្ភ​ចំពោះ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សហជីព​ដែល​រដ្ឋាភិបាល​កំពុង​តែ​តាក់​តែង។

ការអះអាង​នេះ ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​សហជីព​នានាអំពាវនាវ​ឱ្យ​រដ្ឋាភិបាល ​កុំ​ធ្វើ​ច្បាប់​សហជីព​នេះ​ដោយ​ពួកគេ​យល់​ថា​មាន​មាត្រា​មួយ​ចំនួន​ដែល​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា​ដោយ​បិទ​សិទ្ធិ​ក្នុងការ​បង្កើត​សហជីព​និង​ព្រួយបារម្ភ​ថា​អ្នក​បញ្ជាទិញ​អាច​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ប្រសិន​បើ​សិទ្ធិ​កម្មករ​ត្រូវ​បាន​បំបិទ។

ប៉ុន្តែ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារនេះ​ថា៖

«រាជរដ្ឋាភិបាល​គ្មាន​បំណងដើម្បីនឹងធ្វើ​ច្បាប់​នេះ ​ដើម្បី​ទៅ​គាបសង្កត់​សេរីភាពសហជីពទេ ​ហើយ​យើង​មាន​ប្រយោជន៍​អ្វីនឹ​ង​គាបសង្កត់​សេរីភាព​សហជីព?​ យើងយក​សហជី​ព និង​អង្គការ​វិជ្ជាជីវៈទាំងអស់​គឺជា​ដៃគូ​»។

​លោក អ៊ិត សំហេង បាន​បន្ថែម​ថា​សេចក្តីព្រាងច្បាប់​នេះទើបតាក់​តែង​បាន​៩០​ភាគ​រយ​ប៉ុណ្ណោះ​ហើយ​ក្រសួង​មិន​ទាន់​កំណត់ពេល​ដាក់​ជូនរដ្ឋាភិបាល​ដើម្បី​អនុម័ត​មុន​នឹង​បញ្ជូន​ទៅរដ្ឋសភា​អនុម័ត​នៅឡើយទេ។

មក​ដល់​ពេល​នេះ​កម្ពុជាមាន​សហជីពរហូត​ទៅដល់​ជិត​៤០០០​ដែល​បាន​ចុះបញ្ជីកា។ នេះ បើ​តាម​ការបញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី។​

អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ស្នើផ្តល់​ជំនួយ​បច្ចេកទេសដើម្បី​ឱ្យ​ច្បាប់​នេះ​មាន​លក្ខណៈស្តង់​ដា​អន្តរជាតិ​ហើយ​បាន​សង្កត់​ធ្ងន់​ថា​ភាគី​សហជីព និង​និយោជក​គួរ​តែ​ចូលរួម​អង្គុយ​ពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាល។

សេចក្តីព្រាងច្បាប់​ដែល​សហជីព​ទទួលបាន​មិន​ផ្លូវការ​កន្លងមក​មាន​លក្ខណៈ​រឹតបន្តឹង​លើ​សកម្មភាព​សហជីព​ដូចជា​ការតម្រូវ​ឱ្យ​បង្កើត​សហជីព​នៅ​កន្លែងមួយ​បាន​ត្រូវ​មាន​សមាជិក​រហូតដល់​២៥ភាគរយ ការធ្វើ​ប្រតិភូកម្ម​អំណាច​ទៅ​ឱ្យ​ក្រសួង​ការងារ​ក្នុង​ការ​សម្រេច​ថា​តើ​កូដកម្ម​តវ៉ា​របស់​សហជីព​និង​កម្ម​ករមាន​ភាព​ស្រប​ច្បាប់​ឬទេ និង​ការតម្រូវ​ឱ្យ​សហជីព​ដែល​មាន​ស្រាប់​ត្រូវ​ចុះ​បញ្ជី​ឡើង​វិញ​នៅ​ក្រោយ​ពី​ច្បាប់​ថ្មី​ចូល​ជា​ធរមាន​ជាដើម។ រីឯការដាក់​ទោសទណ្ឌ​មាន​រហូត​ដល់ជាប់​គុកមួយឆ្នាំ​ចំពោះ​ការធ្វើ​កូដកម្ម​បាតុកម្ម ការបិទសហជីព​ចោល និង​ពិន័យ​ជាប្រាក់​រហូតដល់​១០​លាន​រៀលផងដែរ៕