រដ្ឋាភិបាលកម្ពុជាសំដែងការមិនសប្បាយចិត្ត ចំពោះសេចក្តីអធិប្បាយរបស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលបានបង្ហាញការបារម្ភរបស់អ្នកស្រី ចំពោះភាពស្របច្បាប់នៃការមិនចូលរួមការបោះឆ្នោត និងការចោទប្រកាន់ថា នឹងមិនមានការផ្តល់សេវាសាធារណៈ ដល់អ្នកទាំងឡាយណា ដែលមិនបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជានៅក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតសភានៅក្នុងប្រទេសនេះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែល VOA បានទទួល។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជាតិលើកទី៦ នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។ នៅមុនការបោះឆ្នោតមកដល់នោះ មានសំឡេងឃោសនាជាច្រើនធ្វើឡើងដោយ ក្រុមមន្ត្រីគណបក្សកាន់អំណាចដែលអំពាវនាវឲ្យពលរដ្ឋខ្មែរចេញទៅបោះឆ្នោតដើម្បីរក្សាបានស្ថិរភាពសង្គម និងការអភិវឌ្ឍ ខណៈដែលក្រុមមេដឹកនាំនិងមន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយបានបើកយុទ្ធនាការអំពាវនាវឲ្យពលរដ្ឋខ្មែរកុំទៅបោះឆ្នោត ដែលពួកគេចោទថា ជាការបោះឆ្នោតក្លែងក្លាយ។
សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចោទថា ការថ្លែងកត់សម្គាល់របស់អ្នកស្រីស្មីតនានាបានបង្កឲ្យមានការចោទសួរអំពីភាពលម្អៀងនិងការវិនិច្ឆ័យទុកជាមុនដោយមិនមានហេតុផលច្បាស់លាស់ នៅក្នុងបរិបទនៃការបោះឆ្នោតដែលទទួលបានការយកចិត្តទុកដាក់នៅកម្ពុជា។
ក្រសួងក៏បានលើកឡើងថា ការអំពាវនាវរបស់អ្នករាយការណ៍ពិសេសេ មានលក្ខណៈគាំទ្រ ដល់យុទ្ធនាការដែលសម្របសម្រួលដោយលោក សម រង្ស៊ី និងសមាជិកគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយស្របច្បាប់រួចទៅហើយនោះ និងដែលកំពុងព្យាយមធ្វើឲ្យអន្តរាយដល់ការប្រកួតប្រជែងបែបប្រជាធិបតេយ្យនៅកម្ពុជា ដោយការលើកទឹកចិត្តឲ្យអ្នកបោះឆ្នោតធ្វើពិហការការបោះឆ្នោតនិងបង្ហាត់បង្ហាញឲ្យពួកគេធ្វើឲ្យខូចសន្លឹកឆ្នោតក្នុងថ្ងៃបោះឆ្នោត។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ បានសរសេរតាមន័យដើមថា៖
«មិនដូចប្រទេសខ្លះនោះទេ កម្ពុជា មិនមានច្បាប់ណា ដាក់ទោសដល់អ្នកដែលមិនបានទៅបោះឆ្នោតនោះទេ។ ទោះជាយ៉ាងណា ច្បាប់បោះឆ្នោតរបស់កម្ពុជាដាក់ទោសតែអ្នកដែលទប់ស្កាត់អ្នកដទៃមិនឲ្យបោះឆ្នោត ដូចដែលមានចែងនៅក្នុងមាត្រា១៤២នៃច្បាប់បោះឆ្នោត តែប៉ុណ្ណោះ»។
ក្រសួងការបរទេសកម្ពុជាបានថ្លែងបន្តក្នុងសេចក្តីប្រកាសខ្លួនតាមន័យដើមថា៖
«អ្នករាយការណ៍ពិសេស ហាក់ដូចជាមើលមិនឃើញពីទង្វើប្រជានិយមដ៏គ្រោះថ្នាក់របស់លោកសម រង្ស៊ី និងក្រុមរបស់គាត់ ដែលបានអំពាវនាវឲ្យយោធាបះបោរប្រឆាំងនឹងរដ្ឋាភិបាល អុចអាលឲ្យមានការស្អប់ខ្ពើមពូជសាសន៍និងជនបរទេស ព្រមទាំងបង្កគំនិតជាតិនិយមជ្រុល ដែលធ្វើឲ្យប៉ះពាល់ ដល់ទំនាក់ទំនងសន្តិភាពជាមួយប្រទេសជិតខាងមួយរបស់កម្ពុជា។ ការប្រព្រឹត្តបែបនេះ ពុំមានជាលក្ខណៈលទ្ធិប្រជាធិបតេយ្យ ទាល់តែសោះ ហើយដែលត្រូវទទួលបានការថ្កោលទោសយ៉ាងខ្លាំងនៅក្នុងសង្គមប្រជាធិបតេយ្យ»។
កាលពីថ្ងៃទី២០ ខែកក្កដា ការិយាល័យឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ហៅកាត់ថា OHCHR បានស្រង់ប្រសាសន៍របស់ អ្នកស្រីរ៉ូណា ស្មីតដែលបង្ហាញពីក្តីបារម្ភចំពោះការគំរាមកំហែងលើអ្នកបោះឆ្នោត មកបញ្ជាក់លើទំព័រ ហ្វេស ប៊ុករបស់ខ្លួន។
តាមទំព័រហ្វេសប៊ុករបស់ OHCHR បានបញ្ជាក់ឲ្យដឹងថា អ្នករាយការណ៍ ពិសេស បានសម្តែងកង្វល់អំពីរបាយការណ៍នានារបស់តំណាងរដ្ឋាភិបាលដែលលើកឡើងថា ការមិនបោះឆ្នោតឲ្យគណបក្សណាមួយគឺខុសច្បាប់ ហើយថាអាចនឹងមានការដាក់ពិន័យលើមនុស្សដែលផ្ញើសារអំពីការមិនបោះឆ្នោតឲ្យគណបក្សណាមួយ ឬការធ្វើពហិការមិនបោះឆ្នោត។ គួរឲ្យព្រួយបារម្ភដូចគ្នានេះដែរគឺថា មានរបាយការណ៍ដែលថា អាជ្ញាធរមូលដ្ឋានបានគំរាមដកហូតសេវាសាធារណៈពីអ្នកដែលមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច។ នេះគ្រាន់តែបង្កើតឲ្យមានបរិយាកាសភ័យខ្លាចនិងការភាន់ច្រឡំប៉ុណ្ណោះ។
អ្នកស្រីស្មីត បានថ្លែងបន្ថែមក្នុងន័យដើមថា៖
«ខ្ញុំសូមស្វាគមន៍ចំពោះការអំពាវនាវរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះដល់អាជ្ញាធរមូលដ្ឋានឲ្យជៀសវាងការរើសអើងក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតនិងសូមលើកទឹកចិត្តរដ្ឋាភិបាលឲ្យថ្កោលទោសឲ្យបានច្បាស់លាស់ចំពោះការបំភិតបំភ័យដល់អ្នកបោះឆ្នោតនិងសូមឲ្យបញ្ជាក់អះអាងថា ការអំពាវនាវឲ្យធ្វើពហិការមិនចូលរួមបោះឆ្នោតដែលមិនមែនជាកាតព្វកិច្ចនោះ ត្រូវបានអនុញ្ញាតឲ្យធ្វើបាន»។
ក្រសួងការបរទេសកម្ពុជាបានវាយបកទៅអ្នកស្រីស្មីតថា ចំពោះរបាយការណ៍ដែលថា អាជ្ញាធរមូលដ្ឋានបានគំរាមមិនផ្តល់សេវាសាធារណៈដល់អ្នកដែលមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសូមបញ្ជាក់ជាថ្មីម្តងទៀតថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាធានាផ្តល់ដល់ប្រជាជនកម្ពុជាទាំងអស់នូវសេវាសាធារណៈ ដោយមិនគិតពីនិន្នាការនយោបាយ និងឋានៈសង្គមរបស់ពួកគេឡើយ។
ក្រសួងការបរទេសក៏បានព្រមានអ្នកស្រីស្មីត «ឲ្យគោរពឲ្យបានហ្មត់ចត់នូវ ក្រមប្រតិបត្តិសម្រាប់អ្នកដែលមានអាណតិ្តនៅក្នុងកិច្ចដំណើរការពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនិងកូនសៀវភៅណែនាំអំពីប្រតិបត្តិការនៃនីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស»។
VOA មិនទាន់អាចសុំការអធិប្បាយបន្ថែមពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានទេ នៅថ្ងៃអង្គារនេះ។
លោក Simon Walker អ្នកតំណាងការិយាល័យឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ជាក់ប្រាប់ VOA តាមសារអេឡិចត្រូនិកឬEmail ថាអ្នករាយការណ៍ពិសេសដូចជា អ្នកស្រីស្មីតមិនមែនជាបុគ្គលិករបស់អ.ស.ប.ទេ ហើយក៏មិនចំណុះឲ្យរដ្ឋាភិបាល និងអង្គការណានោះដែរ។ កិច្ចការរបស់ពួកគេ និងទំនាក់ទំនងរបស់ពួកគេជាមួយរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធផ្សេងទៀត នឹងមិនបង្កផលប៉ះពាល់ដល់ដំណើរការការិយាល័យឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងទំនាក់ទំនងការងាររបស់ការិយាល័យនេះ ជាមួយរដ្ឋាភិបាលនិងភាគីផ្សេងទៀត។ ទាក់ទិននឹងដំណើរការបោះឆ្នោតនោះ អ.ស.ប. នៅក្នុងប្រទេសណាក៏ដោយ សង្ឃឹមថា នឹងមានការបោះឆ្នោតដែលអាចទុកចិត្តបាន និងដែលធ្វើឡើងដោយសន្តិវិធី ហើយដែលមានការចូលរួមពីគ្រប់និន្នាការ។
ក្នុងពេលប្រទេសកម្ពុជា កំពុងធ្វើដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតដ៏ចម្រូងចម្រាសនៅចុងខែកក្កដានេះ ក្រុមតំណាងរាស្ត្ររបស់សភាម៉ាឡេស៊ីមួយចំនួន ក៏បានទទូចស្នើរដ្ឋាភិបាលខ្លួនឲ្យមានវិធានការ ដែលអាចនាំឲ្យមានការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យកម្ពុជា ក្រោយពីរដ្ឋាភិបាលក្រុងភ្នំពេញបានរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំមុន។
លោក Wong Chen សមាជិករបស់គណបក្សយុត្តិធម៌ប្រជាជននៃក្រុមសម្ព័ន្ធគណបក្សកាន់អំណាច Pakatan Harapan បានបង្ហាញពីការបារម្ភរបស់លោកចំពោះការបោះឆ្នោតនៅកម្ពុជានិងបានស្នើឲ្យរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលខ្លួនក្នុងបញ្ហានេះ នៅពេលគណបក្សប្រឆាំងដ៏សំខាន់គឺគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ និងមន្ត្រីជាច្រើនរបស់គណបក្សនេះត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេលប្រាំឆ្នាំ។
យ៉ាងណាក៏ដោយ ស្ថាប័នរៀបចំការបោះឆ្នោតកម្ពុជាដែលមានសមាជិកភាគច្រើនមកពីគណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជានោះតែងតែច្រានចោលការរិះគន់របស់ក្រុមអ្នកសង្កេតការណ៍នានាដែលរាប់បញ្ចូលទាំងអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ប្រេសិតពិសេសរបស់អ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រកាសច្បាស់ៗថា ការបោះឆ្នោតខាងមុខមិនមែនជាការបោះឆ្នោតពិតប្រាកដនោះឡើយ គ្រាដែលគណបក្សប្រឆាំងមិនត្រូវបានគេអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងនោះ។
នៅគ្រាការបោះឆ្នោតកាន់តែខិតជិតចូលមកដល់នោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានបន្តផ្ញើសារតាមប្រព័ន្ធទូរស័ព្ទចល័ត ដាស់តឿនប្រជាពលរដ្ឋឲ្យទៅបោះឆ្នោត នៅចុងខែកក្កដានេះ ដើម្បីអនាគតគ្រួសារ និងសង្គមជាតិកម្ពុជា។ គ.ជ.ប ក៏បានផ្ញើសារព្រមានមេភូមិនិងជំនួយការមេភូមិថា គ្មានសិទ្ធិកត់ត្រា ឬសួរអ្នកភូមិអំពីគោលនយោបាយ ដែលពួកគាត់បោះឆ្នោតគំាទ្រឡើយ។
មាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានចែងថា៖ «ត្រូវផាកពិន័យជាប្រាក់ ប្រាំលានរៀល (ឬប្រមាណជា១២៤០ដុល្លារអាមេរិក) ទៅ ២០លានរៀល (ឬប្រមាណជា៥០០០ដុល្លារអាមេរិក) ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលតាមគ្រប់មធ្យោបាយទុច្ចរិត» ដោយក្នុងនោះមានការ រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន បង្កការរំខានមិនឲ្យរាប់សន្លឹកឆ្នោតបាន និងទិញសន្លឹកឆ្នោតដោយសម្ភារៈ ឬដោយប្រាក់កាស៕