ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃច័ន្ទនេះ បានបញ្ជាឲ្យគ្រប់សាលាទាំងអស់នៅទូទាំងប្រទេស ទាំងរដ្ឋ និងឯកជន បិទការបង្រៀន ចាប់ពីថ្ងៃច័ន្ទនេះតទៅ ខណៈករណីឆ្លងវីរុសកូរ៉ូណានៅកម្ពុជាបន្តកើនឡើង ក្នុងនោះមានជនជាតិខ្មែរយ៉ាងតិច៤នាក់បានឆ្លង។
នៅក្នុងសេចក្តីណែនាំមួយចុះថ្ងៃទី១៦ខែមីនា ក្រសួងអប់រំបានបញ្ជាឲ្យមានការចាប់ផ្តើមវិស្សមកាលតូច និងការឈប់សម្រាកមុនកាលកំណត់សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជននៅទូទាំងប្រទេស ក្នុងនោះចាប់ពីថ្នាក់មតេយ្យដល់ថ្នាក់គ្រឹះស្ថានបណ្តុះបណ្តាល និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ចាប់ពីថ្ងៃទី១៦ខែមីនា រហូតដល់មានការជូនដំណឹងជាថ្មី។ នេះជាសេចក្តីណែនាំមួយទៀត ក្រោយក្រសួងបានប្រកាសបិទទ្វារសាលារៀនក្នុងរាជធានីភ្នំពេញ និងទីក្រុងសៀមរាប ទាំងរដ្ឋនិងឯកជន ដោយដាក់ឲ្យចូលវិស្សមកាល ឬឈប់សម្រាកមុនកាលកំណត់កាលពីចុងសប្តាហ៍មុន។
ក្រសួងបញ្ជាក់ថា ចំណាត់ការថ្មីនេះគឺធ្វើឡើងជាការឆ្លើយតបបន្ទាន់ដើម្បីជាការបង្ការ និងទប់ស្កាត់ជាបន្ទាន់ ក្រោយមានការឆ្លងវីរុសមួយនេះជាបន្តបន្ទាប់។
នៅក្នុងសេចក្តីណែនាំចុងក្រោយ ចេញផ្សាយនៅព្រឹកថ្ងៃច័ន្ទនេះ ក្រសួងក៏បានណែនាំឲ្យមានការប្រមូលព័ត៌មាននូវរាល់ការធ្វើដំណើរ កម្មវិធីទស្សនកិច្ច កម្មសិក្សារបស់និស្សិត និងបុគ្គលិកអប់រំទៅកាន់ប្រទេសដែលមានផ្ទុះករណីជំងឺកូវីដ១៩ក្នុងអំឡុងពេល១៤ថ្ងៃ មុនថ្ងៃទី១៦ខែមីនា។
បើតាមសេចក្តីណែនាំ ក្រសួងលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាលគ្រប់រូបត្រូវជំរុញឲ្យកូនចៅធ្វើស្វ័យសិក្សានៅតាមផ្ទះ និងត្រូវមើលកូនចៅ និងចៀសវាងកន្លែងមួយចំនួនដែលប្រឈមនឹងការឆ្លងខ្លាំង ដូចជាកន្លែងហែលទឹកជាសាធារណៈ កន្លែងហាត់ប្រាណ និងសួនកុមារជាដើម។
រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន បានថ្លែងថា នេះជាចំណាត់ការបន្ទាន់ដើម្បីបញ្ចៀសលទ្ធភាពនៃការឆ្លងទ្រង់ទ្រាយធំណាមួយ។
លោកបានថ្លែងតាមទូរស័ព្ទថា៖
«ដូច្នេះគេបង្ការ ខ្លាចអាជំងឺហ្នឹង។ បើសិនជាឆ្លង វាលឿនមែនទែន។ អ៊ីចឹងបានគេផ្អាក ទប់ស្កាត់មុន ព្រោះវាមិនដឹងថា វាមិនវិវត្តទៅយ៉ាងម៉េច។ បើនៅអាមេរិក នៅអឺរ៉ុបបិទដែរហ្នឹង! ធ្វើម៉េច! បើសិនជាឈឺទៅ នរណាទទួលខុសត្រូវ? អាហ្នឹងវិធានការបង្ការទេ»។
បើតាមលោករដ្ឋមន្រ្តី សិស្សានុសិស្សទាំងអស់នៅទូទាំងប្រទេសកម្ពុជាមានចំនួនប្រមាណ៣លាននាក់។
បន្ទាប់ពីក្រសួងចេញសេចក្តីណែនាំនេះ សាលាបង្រៀនភាសាអង់គ្លេស ACE ដែលជាសាលាឯកជន បានបញ្ឈប់ថ្នាក់រៀននៅត្រឹមម៉ោង២សៀលថ្ងៃច័ន្ទនេះ ដោយមានការជូនដំណឹងទៅសិស្ស។ នេះបើយោងតាមព័ត៌មានដែលជូនដំណឹងទៅសិស្ស ហើយ VOA ទទួលបាន។
កាលពីម៉ោង១១អាធ្រាត្រថ្ងៃទី១៥ខែមីនា ក្រសួងសុខាភិបាលបានប្រកាសថា រកឃើញករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន៤ថែមទៀត ក្នុងចំណោមនោះពីរនាក់គឺជាជនជាតិខ្មែរឥស្លាមនៅក្នុងខេត្តព្រះវិហារ ដែលម្នាក់មានអាយុ៣៥ឆ្នាំ និងម្នាក់ទៀតមានអាយុ៣៩ឆ្នាំ។ ពួកគេទាំងពីរត្រូវបានរាយការណ៍ថា ទើបតែត្រឡប់មកពីចូលរួមក្នុងពិធីសាសនានៅជិតទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣ខែមីនាកន្លងទៅ ដែលមានអ្នកចូលរួមឆ្លងវីរុសកូវីដ១៩នេះ។ ក្រសួងបានឲ្យដឹងទៀតថា អ្នកឆ្លងវីរុសកូវីដ១៩មា្នក់ទៀតគឺជាបុរសជនជាតិខ្មែរ ដែលទើបតែត្រឡប់មកពីប្រទេសបារាំងវិញ។
កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលក៏បានចេញសារាចរមួយ ដោយណែនាំដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ កុំធ្វើដំណើរទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប អាមេរិក និងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។
រដ្ឋាភិបាលក៏បានលើកឡើងថា ចំពោះមន្រ្តីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណាដែលទើបវិលត្រឡប់មកពីបណ្តាប្រទេសនៅអឺរ៉ុប អាមេរិក និងអ៊ីរ៉ង់ ត្រូវដាក់ខ្លួនឲ្យនៅដោយឡែកក្នុងរយៈពេល១៤ថ្ងៃ។ កម្ពុជាក៏បានបិទកុំឲ្យមានការធ្វើដំណើររបស់ជនបរទេសដែលមកពីប្រទេសអ៊ីតាលី បារំាង អេស្បាញ អាល្លឺម៉ង់ អាមេរិកនិងអ៊ីរ៉ង់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២០។ ប៉ុន្តែកម្ពុជាមិនបានហាមឃាត់ជនបរទេសមកពីប្រទេសចិន ឬកូរ៉េខាងត្បូងនោះទេ។
លោកហ៊ុន សែនបានហៅក្រុមដែលរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលរបស់លោកមិនបិទជនបរទេសមកពីប្រទេសចិនថា«ជាក្រុមអគតិ និងមិនស័ក្តិសមជាពលរដ្ឋខ្មែរ»នោះទេ។ លោកបន្តថា ស្ថានភាពនៅប្រទេសចិនមានភាពល្អប្រសើរហើយ មិនដូចប្រទេសនៅអឺរ៉ុបនោះទេ៕