រដ្ឋាភិបាលបានប្រកាសដាក់ប្រើប្រាស់ជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលមានគោលដៅបណ្តុះបណ្តាលចំនួន១លាន៥សែននាក់។
នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ»។
លោក ហ៊ុន ម៉ាណែត ថ្លែងថា កម្មវិធីនេះជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រ ដែលនឹងធ្វើដំណើរស្របគ្នាជាមួយយុទ្ធសាស្ត្រជាតិ ស្តីពី«ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨» ក្នុងគោលដៅផ្តល់ជំនាញ និងទទួលបានការងារសមរម្យ និងប្រកបមុខងារដោយខ្លួនឯង។
លោកថ្លែងថា៖ «ជារួមការដាក់ចេញ ដាក់ឱ្យអនុវត្តនូវកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នៅក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ការបង្កើនឱកាសទទួលបានការបណ្តុះបណ្តាលជំនាញ និងជាយុទ្ធសាស្ត្រគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាជន»។
លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវទៅអាណាព្យាបាលដែលមានជីវភាពខ្វះខាតឱ្យជួយជំរុញកូន ទៅទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីទទួលបានជំនាញមួយពិតប្រាកដ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ថ្លែងក្នុងពិធីនោះថាក្នុងជំហានដំបូង ក្រសួងបានកំណត់មុខជំនាញចំនួន៣៨ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តោតលើវិស័យអាទិភាពចំនួន១០ ដែលរួមមានសំណង់ អគ្គិសនីនិងថាមពល អេឡិចត្រូនិក បរិក្ខារត្រជាក់និងកម្ដៅ កម្មន្តសាល មេកានិកទូទៅ មេកានិករថយន្ត ទេសចរណ៍ សេវាកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម ធុរកិច្ចនិងព័ត៌មានវិទ្យា។ លោកបន្តថាកម្មវិធីបណ្តុះបណ្តាលនឹងមានការរៀបចំជាវេនយប់ និងវេនចុងសប្តាហ៍ បន្ថែមពីវេនធម្មតាផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់យុវជនក្នុងការចូលរៀនជំនាញទាំងនោះ។ ការសិក្សាជំនាញនីមួយៗ អាចមានរយៈពេល៤ខែ។
យុវជនដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ អាចចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃ ចាប់ពីពេលនេះតទៅ ដោយអាចចុះឈ្មោះបានតាមរយៈកម្មវិធីទូរសព្ទដៃ ដែលមានឈ្មោះ «TVET 1.5m» ឬទៅចុះឈ្មោះដោយផ្ទាល់នៅតាមវិទ្យាស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរការងារ មជ្ឈមណ្ឌលការងាររាជធានីខេត្តចំនួន១៤ មជ្ឈមណ្ឌលការងារចល័តចំនួន៥ និងដៃគូសង្គមផ្សេងទៀត ដែលមានបំណងស្ម័គ្រចិត្តចូលរួមក្នុងការជួយចុះឈ្មោះ។ នេះបើតាមរដ្ឋមន្រ្តីក្រសួងការងារ។
បើតាមលោក ហេង សួរ «ជំនាញវិជ្ជាជីវៈដូនតា» ក៏ត្រូវបានរៀបចំបណ្តុះបណ្តាលជំនាញផងដែរ ដែលអនុវត្តដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងអភិរក្សចំណេះដឹង និងជំនាញដូនតាឱ្យបានគង់វង្ស និងអភិវឌ្ឍ«ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតបង្កើតថ្មី»។
លោក កត្តា អន អ្នកនាំពាក្យក្រសួងការងារ ប្រាប់វីអូអេនៅថ្ងៃអង្គារថាប្រជាពលរដ្ឋដែលមានអាយុ១៥ឆ្នាំឡើងទៅ ក៏អាចចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃផងដែរ។
លោកថ្លែងថា៖ «ចំពោះយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ គឺពួកគាត់អាចចុះឈ្មោះចូលរៀន ដោយមិនបង់ប្រាក់ ហើយនិងមានការឧបត្ថម្ភជារៀងរាល់ខែ២៨ម៉ឺនរៀលទៀត។ ចំណែកយុវជន ដែលមិនមែនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យទេ គឺថាពួកគាត់អាចចុះឈ្មោះចូលរៀន ដោយមិនបង់ថ្លៃសាលា ប៉ុន្តែនឹងមិនទទួលបានប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀលនោះទេ»។
គ្រួសារក្រីក្រ និងងាយរងហានិភ័យត្រូវកំណត់តាមប្រព័ន្ធបណ្ណសមធម៌របស់រដ្ឋាភិបាល ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។
បើតាមអ្នកនាំពាក្យក្រសួងការងារ រដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាជាតិចំនួន៣៦លានដុល្លារអាមេរិកសម្រាប់កម្មវិធីបណ្តុះបណ្តាលនេះ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) យល់ថាការបង្កើតកម្មវិធីបណ្តុះបណ្តាលនេះ គឺជារឿងល្អ ដែលផ្តល់ឱកាសដល់ពលរដ្ឋដែលមិនមានលទ្ធភាពរៀននៅមហាវិទ្យាល័យ។ ប៉ុន្តែលោកជំរុញរដ្ឋាភិបាលកំណត់ឱ្យបានច្បាស់លាស់ ទាក់ទងនឹងពលរដ្ឋក្រីក្រ និងងាយរងហានិភ័យពិតប្រាកដ និងត្រូវបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបានច្រើន ជាពិសេសដាក់ឱ្យដល់ទីជនបទ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។ លោកបន្ថែមថារដ្ឋក៏ត្រូវគិតគូរដល់ការបង្កើតឱកាសការងារ និងផ្តល់ជាកម្ចីឥណទានរបស់រដ្ឋ ដល់ពលរដ្ឋ ដើម្បីធ្វើជាដើមទុនរកស៊ី។
លោកប្រាប់វីអូអេថា៖ «ប្រសិនបើបណ្តុះបណ្តាលជំនាញ ដែលគាត់ប្រកបរបរខ្លួនឯងបាន រដ្ឋគួរតែរៀបចំបង្កើតជាឥណទានរបស់រដ្ឋក្នុងការផ្តល់ប្រាក់កម្ចី បន្ទាប់ពីគាត់មានជំនាញវិជ្ជាជីវៈពិតប្រាកដ ក្រោយពីបណ្តុះបណ្តាល។ អាហ្នឹងខ្ញុំគិតថា វាអាចជាកត្តាសំខាន់ណាស់ បន្ថែមទៀត សម្រាប់ពួកគាត់ដើម្បីគាត់មានដើមទុនទៅប្រកបមុខរបរវិជ្ជាជីវៈ ទៅតាមជំនាញដែលគាត់បានឆ្លងកាត់សាលាបណ្តុះបណ្តាលនេះ»។
ក្រៅពីនេះ លោកថារដ្ឋក៏ត្រូវពង្រីកទីផ្សារការងារសម្រាប់និស្សិតដែលរៀនចប់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ដើម្បីបញ្ចៀសភាពគ្មានការងារធ្វើរបស់និស្សិតទាំងនោះ៕