អង្គការ​ការពារ​អ្នក​កាសែត៖ រដ្ឋាភិបាល​កម្ពុជា​បង្កើន​ការ​រឹត​ត្បិត​គេហទំព័រ​ព័ត៌មាន​សំខាន់ៗ មុន​ការ​បោះ​ឆ្នោត

យុវតី​មួយរូប​បាន​បើក​គេហទំព័រ​កំណត់ត្រា​ដែល​ត្រូវបាន​រដ្ឋាភិបាល​បិទខ្ទប់។ (ស៊ឹម ចាន់សំណាង/វីអូអេ)

អង្គការ​ការពារ​អ្នក​កាសែត​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​មួយ​ចំនួន​បានអះអាង​ថា រដ្ឋាភិបាល​កម្ពុជា​បង្កើន​ការ​រឹត​ត្បិត​គេហទំព័រ​ព័ត៌មាន​សំខាន់ៗ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ដែល​នឹង​ចូល​មក​ដល់​ថ្ងៃ​អាទិត្យ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​អង្គការ​សង្គម​ស៊ីវិល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​វីអូអេ​ទទួល​បាន។

ការ​អះអាង​នេះ ក្រោយនិយ័តករ​ទូរគម​នាគមន៍​កម្ពុជា​បាន​ស្នើ​ឱ្យ​អ្នក​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត​ចាត់​វិធានការ​បិទ​ខ្ទប់​តំណ​ភ្ជាប់​របស់​អង្គភាព​សារព័ត៌មាន​មួយ​ចំនួន ក្រោម​ហេតុ​ផល​ថា ​សារ​ព័ត៌មាន​ទាំង​នោះ «ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ ប៉ះពាល់​ដល់​កិត្តិយស និង​កិត្យានុភាព​របស់​រាជរដ្ឋាភិបាល ​ដែល​មិន​បាន​បំពេញ​លក្ខខណ្ឌ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្រសួង​ព័ត៌មាន»។ សារ​ព័ត៌មាន​ទាំង​នោះ មាន​វិទ្យុ​អាស៊ី​សេរី សារព័ត៌មាន The Cambodia Daily និង​គេហ​ទំព័រ​កំណត់​ត្រា ដែល​ជា​បណ្តុំ​ព័ត៌មាន​របស់​សារព័ត៌មាន​វីអូឌី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បិទ​ដំណើរ​ការ​កាល​ពី​ខែ​កុម្ភៈ ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​នា​ថ្ងៃ​អង្គារ​នេះ សមាគម អង្គការ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​មួយ​ចំនួន រួម​មាន​សមាគម​ខេមបូចា មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សហព័ន្ធ​អ្នក​សារព័ត៌មាន​អន្តរជាតិ​ (IFJ) បាន​លើក​ឡើង​ថា​នៅ​មុន​ការ​បោះ​ឆ្នោត ​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​រួម​ក្នុង​ការ​គាប​សង្កត់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។

លោក អ៊ិត សូធឿត នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​គ្រប់គ្រង​គេហទំព័រ​កំណត់​ត្រា លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ​ការ​បិទ​គេហទំព័រ​នឹង​ប៉ះពាល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់។

លោក​បញ្ជាក់​ថា៖ «វា​ក៏​ប៉ះពាល់​ការងារ​របស់​អ្នក​កាសែត​ដែល​កំពុង​ខិត​ខំ​ធ្វើ​ការ ដើម្បី​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន»។

លោក​បន្ថែម​ថា​ គោលបំណង​នៃ​ការ​បង្កើត​គេហទំព័រ​កំណត់​ត្រា​របស់​ស្ថាប័ន​លោក គឺ​ដើម្បី​បម្រើ​ប្រយោ​ជន៍​សាធារណជន តាមរយៈ​ការ​ផ្សព្វផ្សាយ​របាយ​ការណ៍ និង​ឯកសារ​នានា​របស់​រដ្ឋាភិបាល។

ក្រោយ​ការ​បិទ​តំណ​ភ្ជាប់​របស់​គេហទំព័រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម វិទ្យុ​អាស៊ី​សេរី​ក៏​បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​មួយ ដោយ​ថ្កោល​ទោស​ការ​សម្រេច​នេះ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ លោក Rohit Mahajan ប្រធាន​ផ្នែក​ទំនាក់​ទំនង​របស់​វិទ្យុ​អាស៊ី​សេរី​ បាន​លើក​ឡើង​ថា ​ការ​បិទ​ដំណើរការ​គេហទំព័រ​វិទ្យុ​អាស៊ី​ជា​ការ​រំលោភ​បំពាន​ច្បាប់​ និង​គាប​សង្កត់​លំហ​សារព័ត៌មាន​នៅ​កម្ពុជា ខណៈ​ការ​បើក​លំហ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ មាន​សារៈ​សំខាន់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

លោក​បញ្ជាក់​ថា៖ «វិទ្យុ​អាស៊ី​សេរី​ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា​ដែល​បញ្ជា​ឱ្យក្រុមហ៊ុន​អ៊ីនធឺណិត​បិទ​ខ្ទប់​គេហ​ទំព័រ​អនឡាញ​វិទ្យុ​អាស៊ី​សេរី»។

លោក​បន្ថែម​ថា​ ការ​បិទ​តំណ​ភ្ជាប់​នេះ​ជា​ការ​ប៉ុនប៉ង​ត្រួត​ត្រា​លំហ​ព័ត៌មានសេរី​ នៅ​មុន​ការ​បោះ​ឆ្នោត​ថ្ងៃទី​ ២៣ ខែ​កក្កដា​មក​ដល់។

លោក មាស សុភ័ណ្ឌ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ប្រាប់​វីអូអេនៅ​ថ្ងៃ​អង្គារ​នេះ​ថា​សេចក្តី​ថ្លែង​ការណ៍​របស់​វិទ្យុ​អាស៊ី​សេរី​គ្រាន់​តែ​ចង់​បិទ​បាំង​កំហុស​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

លោក​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា៖ «សម្រាប់​សារព័ត៌​មាន​ដែល​គ្មានក្រម​សីលធម៌ មិន​គោរព​វិជ្ជាជីវៈ និង​មិន​គោរព​ច្បាប់ ដូចជា​វិទ្យុ​អាស៊ី​សេរី​នេះ​គ្មាន​តម្លៃ​ទាស់​តែ​សោះ មក​រិះគន់​លំហ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នោះ​ទេ»។

សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​បន្ត​សិ្ថត​ក្នុង​ស្ថានភាព​អាក្រក់​ នៅ​ឆ្នាំ ២០២៣​នេះ​ ដោយសារ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​មកលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ នេះ​បើ​តាម​សន្ទស្សន៍​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters Without Border) ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ កាល​ពី​ខែ​ឧសភា ឆ្នាំ​ ២០២៣។ កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​ ១៤៧ ​លើ​ ១៨០ ​ប្រទេស​នៅឆ្នាំ ២០២៣​ ដែល​ថយ​ពី​លេខ​រៀង​ទី​ ១៤២ កាល​ពីឆ្នាំ​មុន៕