ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បិទ​គេហទំព័រ​សារព័ត៌មាន​មួយ​ចំនួន នៅ​មុន​ការបោះឆ្នោត


យុវតី​មួយរូប​បាន​បើក​គេហទំព័រ​កំណត់ត្រា​ដែល​ត្រូវបាន​រដ្ឋាភិបាល​បិទខ្ទប់។ (ស៊ឹម ចាន់សំណាង/វីអូអេ)
យុវតី​មួយរូប​បាន​បើក​គេហទំព័រ​កំណត់ត្រា​ដែល​ត្រូវបាន​រដ្ឋាភិបាល​បិទខ្ទប់។ (ស៊ឹម ចាន់សំណាង/វីអូអេ)

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឱ្យ​អ្នក​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា​រាំង​ខ្ទប់​គេហទំព័រ​សារព័ត៌មាន​មួយ​ចំនួន ក្នុង​នោះ​មាន​សារព័ត៌មាន​អាស៊ី​សេរី The Cambodia Daily និង​គេហ​ទំព័រ​កំណត់​ត្រា ដែល​ជា​បណ្តុំ​ព័ត៌មាន​របស់​សារព័ត៌មាន​វីអូឌី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បិទ​ដំណើរ​ការ។

គេហទំព័រ​ឈ្មោះ«កំណត់ត្រា»​ kamnotra.io គឺ​ជា​ការ​ប្រមូល​ផ្តុំ​នូវ​ទិន្ន​ន័យ​ព័ត៌​មាន​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​រួច​ហើយ។ វា​ត្រូវ​បាន​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​ (CCIM) ដែល​គ្រប់​គ្រង​វីអូឌី ដាក់​ដំណើរ​ការ កាល​ពី​ខែ​មិថុនា។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​របស់​និយ័តករ​ទូរគមនាគមន៍កម្ពុជា ចុះ​ថ្ងៃ​ទី​១២ ខែកក្កដា ដែល​វីអូអេ​ទទួល​បាន ស្ថាប័ន​នោះ​បាន​ស្នើ​ឲ្យ​អ្នក​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត​ចាត់​វិធាន​ការ​បិទ​ខ្ទប់​តំណភ្ជាប់​របស់​អង្គភាព​សារព័ត៌មាន​មួយ​ចំនួន ក្រោម​ហេតុ​ផល​ថា ​សារ​ព័ត៌មានទាំង​នោះ«ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ ប៉ះពាល់​ដល់​កិត្តិយស និង​កិត្យា​នុភាព​របស់​រាជរដ្ឋាភិបាល ​និងមិន​បាន​បំពេញ​លក្ខខណ្ឌ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្រសួង​ព័ត៌មាន»។

ការ​ស្នើ​ឱ្យ​បិទ​នេះ ​យោងតាម​សំណើ​របស់អគ្គ​នាយក​ដ្ឋាន​ព័ត៌មាន​និង​សោត​ទស្សន៍​នៃ​ក្រសួង​ព័ត៌មាន។ បើ​តាម​លិខិត​នោះ ​និយ័តករ​ទូរគមនាគមន៍កម្ពុជា​ស្នើរាំង​ខ្ទប់ ​Twitter Instagram YouTube របស់​សារព័ត៌មាន​ The Cambodia Daily តំណ​ភ្ជាប់​ទាំង​អស់​របស់​វិទ្យុ​អាស៊ីសេរី និង​តំណ​ភ្ជាប់ ក៏​ដូច​ជា ​Twitter របស់​គេហទំព័រ​ kamnotra.io។

លិខិត​បញ្ជាក់​ថា៖ «ក្រុមហ៊ុន​ត្រូវ​ចាត់​វិធាន​ការ​បិទ​ខ្ទប់​ឈ្មោះទាំង​អស់​ខាង​លើ​ឱ្យ​បាន​ពេញលេញ​ជា​បន្ទាន់​ និង​ត្រូវ​រាយ​ការណ៍​ជា​ផ្លូវ​ការ​មក​និយ័តករ​ទូរគមនាគមន៍​កម្ពុជា វិញ​ក្នុង​រយៈ​ពេល​ ៧​ ថ្ងៃ ក្រោយ​កាល​បរិច្ឆេទ​នៃ​លិខិត​នេះ​»។

យុវតី​មួយរូប​បាន​បើក​គេហទំព័រ​សារព័ត៌មាន​វិទ្យុអាស៊ីសេរី​ជា​ភាសា​ខ្មែរ​ដែល​ត្រូវបាន​រដ្ឋាភិបាល​បិទខ្ទប់។ (ស៊ឹម ចាន់សំណាង/វីអូអេ)
យុវតី​មួយរូប​បាន​បើក​គេហទំព័រ​សារព័ត៌មាន​វិទ្យុអាស៊ីសេរី​ជា​ភាសា​ខ្មែរ​ដែល​ត្រូវបាន​រដ្ឋាភិបាល​បិទខ្ទប់។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោក ជា វ៉ាន់​ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរគមនាគមន៍​បាន​បដិ​សេធ​មិន​អត្ថាធិប្បាយ​ដោយ​ស្នើ​ឱ្យទាក់​ទង​អ្នក​នាំពាក្យ​វិញ។

វីអូអេ​មិន​ទាន់​អាចសុំ​ការ​អត្ថាធិប្បាយ​ពី​ លោក សូ វិសុទ្ធី អ្នកនាំពាក្យ​ក្រសួង​បាន​នៅ​ឡើយ​ទេ។

លោក មាស សុភ័ណ្ឌ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ប្រាប់​វីអូអេ​ថា ការ​ស្នើ​បិទ​គេហ​ទំព័រ​នោះ ដោយ​សារ​តែ​គេហទំព័រទាំង​នោះ​«ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ព័ត៌​មាន​ប្រឌិត​ដែល​ធ្វើ​ឱ្យ​សាធារណ​ជន​មាន​ការ​ភាន់​ច្រឡំ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិ​យស​កិត្យានុភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា»។

លោក​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា​ គេហទំព័រ​កំណត់ត្រា«បាន​ធ្វើ​ប្រតិបត្តិ​ការ​ជា​សារព័ត៌មាន​មួយ ប៉ុន្តែ​មិន​បាន​បំពេញ​កាតព្វកិច្ច​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​នីតិវិធី​ច្បាប់​និងលិខិត​បទដ្ឋាន​គតិ​យុត្តិ​ក្នុង​នាម ជា​ភ្នាក់ងារសារ​ព័ត៌មាន​មួយ ដែល​ត្រូវ​បាន​ទទួល​ថា​ស្រប​ច្បាប់​នោះ​ទេ»។

លោក​បន្ថែម​ថា​ គេហ​ទំព័រ​មួយ​នេះ​កំពុង​ផ្សាយ​ព័ត៌មាន​«ដែល​ធ្វើ​ឱ្យ​សាធារណ​ជន​មាន​ការ​ភាន់​ច្រឡំ​ផង​ដែរ»។

លោក អ៊ិត សូធឿត នាយក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បានថ្លែង​ថា​ ក្រុម​ការងា​របស់​លោក​ មិន​អាច​ចូល​ទៅ​កាន់​គេហទំព័រ​តាម​សេវា​អ៊ីនធឺណិត​មួយ​ចំនួន គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ​នេះ។ លោក​សោក​ស្តាយ​ដែល​គេហ​ទំព័រ​កំណត់​ត្រា​ ត្រូវ​បាន​រាំង​ខ្ទប់។

លោក​បញ្ជាក់​ថា​៖ «អញ្ចឹង​គោល​បំណង​យើង គឺ​បម្រើ​ប្រយោជន៍​សាធារណជន នៅ​ពេល​ដែល​គេហទំព័រ​យើង​ត្រូវ​បាន​បិទ​ទិន្នន័យ​ទាំង​អស់​ហ្នឹង​ក៏​មិន​អាច​ទៅ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​គាត់​ត្រូវការ​ទិន្នន័យ​ទាំងអស់ ដើម្បី​ប្រើប្រាស់​ក្នុង​គោល​បំណង​ណាមួយ​របស់​ពួក​គាត់​ហ្នឹង»។

លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា​ ហៅ​កាត់​ថា​ខេម​បូចា​ យល់​ឃើញ​ថា ការរាំង​ខ្ទប់​គេហ​ទំព័រ​របស់​ស្ថាប័ន​សារព័ត៌មានទាំង​អស់​នោះ មិន​មាន​ផល​ចំណេញ​អ្វី​នោះ​ទេ​ ព្រោះ​ទាំងរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នឹងបាត់​បង់​ភាព​ចម្រុះ​ក្នុង​ការ​ទទួល​បាន​ព័ត៌​មា​នផ្សេង​ៗ​ក្នុង​សង្គម​ និង​ប៉ះ​ពាល់​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​របស់​ប្រជា​ពល​រដ្ឋ​ផង​ដែរ។

លោក​ថ្លែង​ថា​៖ «អ៊ីចឹង​ខ្ញុំ​គិតថា​កា​រផ្អាក ការ​មិន​អនុញ្ញាត​ឱ្យ​អាច​ទទួល​បាន​ព័ត៌​មាន​ពី​គេហ​ទំព័រ​ទាំង​អស់​ហ្នឹង​ វា​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍ វា​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ ហើយ​និងសេរី​ភាព​ជាមូល​ដ្ឋាន​របស់​ប្រជា​ពល​រដ្ឋ»។

គួរ​បញ្ជាក់​ថា ​កាល​ពី​ខែ​កុម្ភៈ ក្រសួង​ព័ត៌មាន​បានលុប​ចោល​អាជ្ញា​បណ្ណ​របស់​វីអូឌី ​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​អត្ថបទ​ថា​ លោក ​ហ៊ុន ម៉ាណែត ​ចុះ​ហត្ថ​លេខា​ជំនួស​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ក្នុង​ការផ្តល់​ជំនួយ​ ១០០.០០០​ ដុល្លារ​ដល់​ប្រទេស​តួកគី ​សម្រាប់​គ្រោះ​រញ្ជួយដី។ ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា វីអូឌី«រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​លើ​វិជ្ជាជីវៈ​សារ​ព័ត៌មាន ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិ​យស និង​កិត្យានុភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ហើយ​មិន​ព្រម​ធ្វើ​ការ​កែ​សម្រួល​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG