នៅសប្តាហ៍នេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត «ក្រុមការងារពិនិត្យសិក្សាលើសំណើនិងសំណូមពររបស់អង្គការវិជ្ជាជីវៈ» ដើម្បីសម្រួលដល់ការផ្តល់ប្រឹក្សាបញ្ហាច្បាប់សម្រាប់អង្គការវិជ្ជាជីវៈ និងការរង់ចាំទទួលភារកិច្ចពីថ្នាក់ដឹកនាំក្រសួងការងារ និងក្រសួងយុត្តិធម៌។ នេះបើយោងតាមការប្រកាសរួមមួយដែលចេញដោយក្រសួងការងារនិងក្រសួងយុត្តិធម៌។
ក្រុមមេដឹកនាំសហជីពមួយចំនួនយល់ថា ក្រុមការងារថ្មីនេះ អាចនឹងជាផ្នែកមួយនៃការពន្លឿនដំណើរការដោះស្រាយរឿងក្តីក្តាំរបស់ពួកគេនៅក្នុងតុលាការ។
ប្រកាសរួមរបស់ក្រសួងការងារនិងក្រសួងយុត្តិធម៌ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបញ្ជាក់ឲ្យដឹងថា ក្រុមការងារនេះ នឹងមានសហប្រធានចំនួនពីររូប និងអនុប្រធានពីររូប ហើយនិងសមាជិកផ្សេងទៀតសរុបទាំងអស់១៥រូប។
ប្រការ២នៃប្រកាសរួមរបស់ក្រសួងទាំងពីរដែលចុះហត្ថលេខាដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា៖
«ក្រុមការងារនេះ មានតួនាទី និងភារកិច្ច ទទួលយកសំណើរ និងសំណូមពររបស់អង្គការវិជ្ជាជីវៈពាក់ព័ន្ធនឹងនីតិវិធី និងដំណើរការនៃបណ្តឹងនៅក្នុងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ពិនិត្យ និងសម្របសម្រួលជាមួយម្ចាស់សំណើ និងភាគីពាក់ព័ន្ធ ដើម្បីផ្តល់ប្រឹក្សាផ្នែកច្បាប់ និងដំណោះស្រាយ និងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យនិងសម្រេចលើសំណើ និងសំណូមពរ»។
ក្រុមការងារនេះ ក៏មានភារកិច្ចផ្សេងទៀត ដែលនឹងផ្តល់ដោយរដ្ឋមន្ត្រីនៃក្រសួងការងារ និងក្រសួងយុត្តិធម៌។
ការបង្កើតក្រុមការងារនេះធ្វើឡើង បន្ទាប់ពីក្រសួងការងារ បានស្នើដល់ក្រុមមេដឹកនាំសហជីពដែលរងការប្តឹងផ្តល់នៅតុលាការឲ្យផ្តល់របាយការណ៍អំពីសំណុំរឿងរបស់ពួកគេមកក្រសួង ដើម្បីជាទុនសម្រាប់ឲ្យក្រសួងធ្វើការសហការជាមួយស្ថាប័នតុលាការក្នុងការបញ្ចប់សំណុំរឿងទាំងនោះ។
នៅមុនការជូនដំណឹងរបស់ក្រសួងការងារនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកទឹកចិត្តម្តងទៀតឲ្យសហជីពទាំងអស់ដែលកំពុងមានវិវាទនៅតុលាការ ត្រូវបញ្ជូនសំណើទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីឲ្យមានការដោះស្រាយបញ្ចប់នាចុងឆ្នាំ២០១៨នេះ។
លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យក្រសួងការងារធ្វើការជាមួយក្រសួងយុត្តិធម៌ដើម្បីក្រសួងយុត្តិធម៌ធ្វើការបន្តជាមួយតុលាការ ក្នុងការបញ្ចប់សំណុំរឿងទាំងនោះ កុំឲ្យឈានចូលដល់ឆ្នាំ២០១៩។
VOA ព្យាយាមសុំការអធិប្បាយពីសហប្រធាននៃក្រុមការងារថ្មីដែលមានលោកហេង សួ អ្នកនាំពាក្យក្រសួងការងារ និងលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ តែនៅមិនទាន់អាចទាក់ទងបាននៅឡើយនៅថ្ងៃអង្គារនេះ។ VOA ព្យាយាមសុំការអធិប្បាយពីលោក ជិន ម៉ាលីន អ្នកនាំពាក្យមួយរូប ទៀត នៃក្រសួងយុត្តិធម៌ តែទូរសព្ទលោករោទិ៍ មិនមានអ្នកទទួល។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បញ្ជាក់ VOA ឲ្យដឹងនៅថ្ងៃអង្គារនេះថា ការបង្កើតក្រុមការងារថ្មីនេះ អាចនឹងជួយឲ្យក្រុមមេដឹកនាំសហជីពធំៗ និងតំណាងសហជីពតូចៗផ្សេងទៀត ទទួលបានដំណោះស្រាយឆាប់ៗសម្រាប់បញ្ចប់ក្តីក្តាំរបស់ពួកគេនៅតុលាការ ដូចអ្វីដែលមេដឹកនាំកម្ពុជាធ្លាប់បានលើកឡើងកាលពីពេលកន្លងមកនោះ។
«បើយោងទៅតាមការលើកឡើងរបស់ថ្នាក់ដឹកនាំ ដែលលោកស្នើឲ្យ ក៏ដូចជាជំរុញឲ្យទទួលការងារ ក៏ដូចជាក្រសួងយុត្តិធម៌ ធ្វើម៉េចពន្លឿននីតិវិធីដើម្បីបញ្ចប់ក្តីក្តាំ បណ្តឹងរបស់មេដឹកនាំសហជីព ធ្វើម៉េចឲ្យបានចប់មុនដំណាច់ឆ្នាំ២០១៨នេះ ខ្ញុំគិតថា ក្រុមការងារនេះ នឹងធ្វើការពន្លឿន នូវតួនាទីរបស់ខ្លួន ដើម្បីបញ្ចប់សំណុំរឿងនេះ ដើម្បីជាការឆ្លើយតប ទៅនឹងការលើកឡើងរបស់ថ្នាក់ដឹកនាំ»។
លោក ប៉ាវ ស៊ីណា អះអាងថា លោកបានដាក់របាយការណ៍នៃសំណុំរឿងក្តីក្តាំរបស់សហជីពលោកចំនួន១១ករណី ក្នុងចំណោម១៣ករណីទៅក្រសួងការងារនៅថ្ងៃអង្គារនេះ ហើយថា មានមេដឹកនាំសហជីពផ្សេងទៀត ក៏បានដាក់របាយការណ៍របស់ពួកគេរួចហើយដែរ។
ប៉ុន្តែសម្រាប់លោក វន់ ពៅប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA យល់ថា ការខិតខំរបស់រដ្ឋាភិបាលក្នុងការបញ្ចប់កី្តក្តាំរបស់មេដឹកនាំសហជីពនានានៅតុលាការនោះ គឺជារឿងមួយយឺតពេលសម្រាប់រូបលោក ដែលត្រូវបានគេវាយដំ និងដាក់ក្នុងពន្ធនាគារ ក្នុងការធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលកម្មករនៅដើមឆ្នាំ២០១៤។
«យើងឃើញថា អ្នកផ្សេងគេមិនធ្វើទារុណកម្មមុននឹងចាប់ទៅ គេមិនវាយដំដូចខ្ញុំទេ តែខ្ញុំគេវាយដំស្ទើរតែស្លាប់បាត់បង់ជីវិត ហើយគេបញ្ជូនដាក់ក្នុងពន្ធនាគារទៀត។ ខ្ញុំគិតថា វាហាក់ដូចជា វាយឺតពេលសម្រាប់ពួកខ្ញុំទាំង២៣នាក់ ជាពិសេសរូបខ្ញុំផ្ទាល់តែម្តង»។
លោក វន់ ពៅ និងក្រុមកម្មករ ព្រមទាំងសកម្មជនការពារសិទ្ធិមនុស្ស២២នាក់ទៀត ត្រូវចាប់ខ្លួន កាលពីដើមខែមករា ឆ្នាំ២០១៤ ក្រោមការចោទប្រកាន់ពីបទពាក់ព័ន្ធនឹងអំពើហិង្សាដោយចេតនា ការបង្កការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងការធ្វើឲ្យមានបញ្ហាអសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។
ទោះណាជាលោកត្រូវបានគេវាយដំ និងចោទប្រកាន់រហូតត្រូវជាប់ក្នុងមន្ទីរឃុំឃាំងនោះ ក៏លោក វន់ ពៅ យល់ថាការបង្កើតក្រុមការងាររបស់ក្រសួងការងារ និងយុត្តិធម៌នេះ អាចជាឱកាសមួយសម្រាប់លោក ក្នុងការទាមទារឲ្យសា្ថប័នតុលាការទម្លាក់ចោលបទចោទប្រកាន់មកលើរូបលោក។ លោកនិយាយថា៖
«វាជាឱកាសមួយដែរ ដែលយើងនឹងធ្វើរឿងហ្នឹង ដើម្បីទម្លាក់ ឲ្យតុលាការទម្លាក់ការចោទប្រកាន់ ដើម្បីកុំឲ្យយើងជាប់បណ្តឹងពីតុលាការ វាជាឱកាសមួយផងដែរ»។
កិច្ចខិតខំរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបញ្ចប់សំណុំរឿងរបស់ក្រុមមេដឹកនាំសហជីពនៅតុលាការ ត្រូវគេសង្កេតឃើញថា បានធ្វើឡើងនៅចំពេល ប្រទេសកម្ពុជា កំពុងរងការគាបសង្កត់ខាងពាណិជ្ជកម្មពីសហភាពអឺរ៉ុប ចំពោះការយកពន្ធលើទំនិញនាំចេញរបស់កម្ពុជា។
កាលពីដើមខែតុលា សហភាពអឺរ៉ុបបានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជាថា ប្រទេសកម្ពុជានឹងបាត់បង់ឋានៈអនុគ្រោះពន្ធសម្រាប់ការនាំទំនិញចូលទីផ្សាររបស់សហគមន៍អឺរ៉ុប ដោយសារតែការរំលោភសិទ្ធិមនុស្ស។
សហភាពអឺរ៉ុបបានសម្រេចទុកពេល១២ខែឲ្យកម្ពុជាស្តារស្ថានភាពប្រជាធិបតេយ្យឡើងវិញ មុននឹងសម្រេចដកការអនុគ្រោះពន្ធ ដែលនឹងមិនឲ្យកម្ពុជាជាប់ពន្ធមានទឹកប្រាក់ជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗ៕