រដ្ឋាភិបាលកម្ពុជាបានផ្សព្វផ្សាយវីដេអូស្តីពីបដិវត្តន៍ពណ៌តាមបណ្តាប្រទេសផ្សេងៗ លើកញ្ចក់ទូរទស្សន៍ក្នុងស្រុកជាច្រើន ហើយអះអាងថា បដិវត្តន៍ពណ៌បានកើតមាននៅកម្ពុជាតាំងពីឆ្នាំ២០១៣ ដោយមានសហរដ្ឋអាមេរិកជាអ្នកផ្តើមគំនិត និងនៅពីក្រោយបដិវត្តន៍ពណ៌ទាំងនោះ ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
វីដេអូឯកសារនេះមានចំណងជើងថា «តើកម្ពុជាពិតជាកើតមានបដិវត្តន៍ពណ៌តាមគំរូបដិវត្តន៍ពណ៌នៅតាមបណ្តាប្រទេសក្នុងពិភពលោកមែន ឬទេ?»។ វីដេអូនេះផលិតដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនេះត្រូវបានចាក់ផ្សាយតាមគ្រប់ទូរទស្សន៍ក្នុងស្រុក នៅយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ដែលជាថ្ងៃខួបទី២៦នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
(វីដេអូឯកសារ «តើកម្ពុជាពិតជាកើតមានបដិវត្តន៍ពណ៌តាមគំរូបដិវត្តន៍ពណ៌ នៅតាមបណ្តាប្រទេសក្នុងពិភពលោកមែនរឺទេ ?» មានរយៈពេល ៤៦នាទី និង ៥១វិនាទី ផលិតដោយ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ថ្ងៃទី២៣ តុលា ២០១៧)
វីដេអូ ដែលមានរយៈពេល៤៦នាទី និង៥១វិនាទីនោះ បានរៀបរាប់ពីមូលហេតុ និងវិនាសកម្មផ្សេងៗនៃបដិវត្តន៍ពណ៌ក្នុងប្រទេសស៊ែប៊ី ប្រទេសស៊ីរី (អារ៉ាប់ស្ព្រីង) បដិវត្តន៍ពណ៌ នៅប្រទេសអ៊ុយក្រែន បដិវត្តន៍ផ្កាទូលីប នៅប្រទេសកៀរហ្ស៊ីស្តង់ និងបដិវត្តន៍ពណ៌នៅប្រទេសលីប៊ីជាដើម ហើយថា សហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយបដិវត្តន៍ពណ៌ទាំងអស់នោះ។
វីដេអូដដែលក៏បានរៀបរាប់ថា កម្ពុជាមានបដិវត្តន៍ពណ៌កើតឡើងនៅឆ្នាំ២០១៣ ក្រោយការបោះឆ្នោតថ្នាក់ជាតិ ក្រោមរូបភាពនៃការធ្វើបាតុកម្ម បដិវត្តន៍ពណ៌ខ្មៅ ដោយមានយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ និងពណ៌ផ្កាឈូករបស់គណបក្សប្រឆាំង ដែលមានលោក សម រង្ស៊ី និងលោក កឹម សុខា ជាអ្នកដឹកនាំ ដោយមានអង្គការមិនមែនរដ្ឋាភិបាលរបស់សហរដ្ឋអាមរិកជាច្រើនជាអ្នកគាំទ្រ។ វីដេអូនោះបញ្ជាក់ថា បដិវត្តន៍ពណ៌នៅកម្ពុជាមានរូបភាពស្រដៀងគ្នាទៅនឹងបដិវត្តន៍ពណ៌ក្នុងប្រទេសទាំងនោះតាមរយៈការប្រើប្រាស់សញ្ញាកណ្តាប់ដៃ ការតវ៉ាបែបអហិង្សា ការប្រើសង្គ្រាមចិត្តសាស្រ្តលើកម្លាំងមានសមត្ថកិច្ច ការធ្វើបាតុកម្មស្រែកទាមទារឲ្យមេដឹកនាំចុះចេញពីតំណែងជាដើម។
ទោះជាយ៉ាងណា វីដេអូនោះបានផ្សាយថា បដិវត្តន៍ពណ៌នៅកម្ពុជាដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវបានបង្រ្កាបទាន់ពេលដោយរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស សុំមិនធ្វើអត្ថាធិប្បាយលម្អិតពាក់ព័ន្ធនឹងវីដេអូដែលផ្សាយតាមបណ្តាទូរទស្សន៍ទាំងនោះទេ ដោយលោកគ្រាន់តែប្រាប់ VOA នារសៀលថ្ងៃអង្គារថា រដ្ឋាភិបាលបានផ្សព្វផ្សាយវីដេអូបង្ហាញពីបដិវត្តន៍ពណ៌នោះក្នុងគោលបំណងចង់បង្ហាញឲ្យប្រជាពលរដ្ឋបានយល់ និងដឹងពីវិនាសកម្មដែលកើតឡើងដោយសារបដិវត្តន៍ពណ៌។
លោក ទិត សុធា បញ្ជាក់ថា៖
«សម្រាប់ឲ្យប្រជាពលរដ្ឋពិចារណាថា តើយើងត្រូវជ្រើសរើសយកសន្តិភាព ឬមួយក៏ត្រូវចូលរួមសកម្មភាពបដិវត្តន៍ពណ៌ដើម្បីឲ្យកើតមានសង្រ្គាម។ នេះគឺជាការឲ្យប្រជាពលរដ្ឋពិចារណាដោយខ្លួនឯង»។
ទន្ទឹមនឹងវីដេអូស្តីពីបដិវត្តន៍ពណ៌ប្រវែង៤៦នាទីនោះ គេឃើញមានឯកសារកម្រាស់ជិត៧០ទំព័ររបស់នគរបាលជាតិស្តីពីបដិវត្តន៍ពណ៌មួយ។ ឯកសារដែលទើបបែកធ្លាយនាពេលថ្មីៗនេះក៏បានបង្ហាញពីជំនឿរបស់រដ្ឋាភិបាលដែលថា ផែនការបដិវត្តន៍ពណ៌នេះគឺមានការចូលរួមពីធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនធំៗបន្ថែមពីលើគណបក្សសង្គ្រោះជាតិ សហរដ្ឋអាមេរិក អង្គការ USAID អង្គការក្រៅរដ្ឋាភិបាលនានា និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត។
ទោះយ៉ាងណាក៏ដោយ លោក David Josar អ្នកនាំពាក្យរងនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា បានច្រានចោលការលើកឡើងរបស់រដ្ឋាភិបាលក្នុងវីដេអូនោះ។
លោកបានប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែលក្នុងន័យដើមថា៖
«សហរដ្ឋអាមេរិកបាននិងនៅតែជាមិត្តល្អរបស់ប្រទេសកម្ពុជា។ ហើយយើងបន្តធ្វើជាដៃគូដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ច ជំរុញការអប់រំ កសាងលទ្ធិប្រជាធិបតេយ្យរឹងមាំ និងធ្វើឲ្យការថែទាំសុខភាពកាន់តែមានភាពប្រសើរឡើង។ គ្មានផ្លូវដែលយើងធ្វើការបង្កើតនូវអ្វីដែលគេហៅថា បដិវត្តន៍ពណ៌ ឬក៏បដិវត្តន៍ណាមួយនៅប្រទេសកម្ពុជានោះទេ»។
ចំណែកអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលបានភៀសខ្លួនចេញពីកម្ពុជាកាលពីដើមខែតុលានេះ បានប្រាប់ VOA ពីបរទេសមកថា សកម្មភាពនៃការទាមទារឲ្យមានការផ្លាស់ប្តូរមេដឹកនាំប្រទេសក្នុងពេលកន្លងមក គឺជាការចង់បានរបស់ប្រជាពលរដ្ឋដើម្បីឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈការបោះឆ្នោត មិនមែនជាសកម្មភាពបដិវត្តន៍ពណ៌ដូចការលើកឡើងរបស់រដ្ឋាភិបាលនោះទេ។
អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា៖
«ទាំងអស់នេះគឺជាការកាត់តវីដេអូដើម្បីបំពេញផែនការនៃគណបក្សប្រជាជនកម្ពុជា នៅក្នុងការឲ្យប្រជាពលរដ្ឋ សាធារណជនយល់ច្រឡំថា មានបដិវត្តន៍ពណ៌។ ប្រជាពលរដ្ឋបីលាននាក់បានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៣ ដូច្នេះលោកបានធ្វើឲ្យមានការផ្លាស់ប្តូររួចទៅហើយតាមរយៈការបោះឆ្នោត មិនមែនបដិវត្តន៍ពណ៌ទេ»។
ឯកសាររបស់នគរបាលជាតិស្តីពីបដិវត្តន៍ពណ៌កម្រាស់ជិត៧០ទំព័រនោះ ក៏បានបញ្ជាក់ពីឈ្មោះស្ថាប័ន អង្គការជាតិ និងអន្តរជាតិជាង៣០០ស្ថាប័ន ដែលរដ្ឋាភិបាលសង្ស័យកំពុងធ្វើសកម្មភាពតាមរយៈការរុញឲ្យមានចលនាបដិវត្តន៍ពណ៌កើតឡើងក្នុងគោលបំណងផ្តួលរដ្ឋាភិបាល។
ឯកសារនោះបញ្ជាក់ថា មានអង្គការអន្តរជាតិចំនួន៤៩ ដែលរដ្ឋាភិបាលកំពុងកត់សម្គាល់ រួមមានអង្គការ USAID អង្គការ DCA/CA IRI, Peace Corps, ACILS និង CANVAS ជាដើម។ ចំណែកអង្គការក្នុងស្រុកមាន២៥០ស្ថាប័ន ហើយសហព័ន្ធសហជីពចំនួន១១ជាមុខសញ្ញាផងដែរ។ ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយ VOA, RFA, VOD វិទ្យុសារិកា វិទ្យុសំបុកឃ្មុំ និងប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិកបណ្តាញទំនាក់ទំនងសង្គមជាដើមក៏ត្រូវបានរដ្ឋាភិបាលចោទថា កំពុងរិះគន់ប្រឆាំងរដ្ឋាភិបាល។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃលើកឡើងថា អង្គការជាច្រើនទៀតដែលត្រូវបានរដ្ឋាភិបាលរកឃើញថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពធ្វើបដិវត្តន៍ពណ៌នោះ នឹងត្រូវស្ថិតក្នុងការឃ្លាំមើល។ លោកបន្ថែមថា រដ្ឋាភិបាលនឹងចាត់វិធានការតាមច្បាប់ ប្រសិនបើពួកគេនៅបន្តសកម្មភាពពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ទាំងនោះ។
លោកមានប្រសាសន៍ថា៖
«យើងគ្រាន់តែមើលសកម្មភាពបន្តទៅទៀត។ ហើយកន្លងមកយើងឃើញថា វាអីចឹងមែន ប៉ុន្តែបើថាគ្នាបានប្រព្រឹត្តខុសអីចឹងហើយ យើងកុំទាន់ចាប់ទោសអូសដំណើរគ្នាអីភ្លាម ព្រោះជួនកាលគ្នាមិនទាន់យល់»។
មុនពេលវីដេអូ និងឯកសារស្តីពីបដិវត្តន៍ពណ៌នោះត្រូវបានផ្សព្វផ្សាយ គេឃើញកងកម្លាំងចម្រុះរបស់រដ្ឋាភិបាលកម្ពុជាបានទទួលការហ្វឹកហាត់ជាច្រើនលើកពីវៀតណាម ក្នុងការបង្រ្កាបរាល់ការធ្វើបាតុកម្មនានា។ ចំណែកក្រុមមេបញ្ជាការកងកម្លាំងប្រដាប់អាវុធជាច្រើន ទាំងជើងទឹក និងជើងគោកប្រកាសថា ពួកគេប្តេជ្ញាការពាររដ្ឋាភិបាលលោក ហ៊ុន សែន និងត្រៀមកម្ចាត់អ្នកដែលចង់ផ្តួលរំលំរដ្ឋាភិបាល។
លោក អ៊ា សុផល អ្នកនិពន្ធសៀវភៅមានចំណងជើងថា «ការពឹងផ្អែកលើជំនួយនៅក្នុងប្រទេសកម្ពុជា៖ វិធីដែលជំនួយបរទេសធ្វើឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យទន់ខ្សោយ» បានប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែលថា វីដេអូដែលរដ្ឋាភិបាលបានផ្សាយនោះបានបង្ហាញពីការយល់ច្រឡំពីមូលហេតុ ឫសគល់នៃបដិវត្តន៍ពណ៌។ លោកបន្ថែមថា វាពិតជាគួរឲ្យចាប់អារម្មណ៍នៅពេលដែលរដ្ឋាភិបាលបង្ហាញការព្រួយបារម្ភពីបដិវត្តន៍ពណ៌។
លោក អ៊ា សុផល បន្ថែមថា ជាធម្មតា អ្នកកាន់អំណាចតែងមើលឃើញថា អ្នកឯទៀតជាមនុស្សអាក្រក់ ហើយថា រដ្ឋាភិបាលកំពុងធ្វើគ្រប់បែបយ៉ាងដោយសារខ្លាចស្រមោលរបស់ខ្លួនឯង និងខ្លាចមានការផ្លាស់ប្តូរជោគវាសនារបស់ពួកគេ។
លោកបញ្ជាក់ក្នុងន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«ការបង្ហាញពីឥរិយាបថព្រួយបារម្ភពីបដិវត្តន៍ពណ៌ដើម្បីទាក់ទាញការចាប់អារម្មណ៍ទាំងនេះបព្ជាក់ថា ហេតុអ្វីបានជាពួកគេកំពុងធ្វើគ្រប់បែបយ៉ាងដែលអាចទៅរួច»។
ក្នុងពេលថ្មីៗនេះ ទាំងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ទាំងមន្រ្តីរដ្ឋាភិបាលកម្ពុជា ព្រមទាំងអ្នកគាំទ្រគណបក្សកាន់អំណាចមួយចំនួន តែងវាយប្រហារសហរដ្ឋអាមេរិក អំពីរឿងទម្លាក់គ្រាប់បែកនៅកម្ពុជាក្នុងសង្គ្រាមអាមេរិក និងវៀតណាម និងថា អាមេរិកជាអ្នកនៅពីក្រោយគណបក្សប្រឆាំងដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលកំពុងកាន់អំណាចអស់រយៈពេលជាង៣០ឆ្នាំ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា គឺលោក William Heidt កាលពីថ្ងៃទី១២ ខែកញ្ញា បានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយពន្យល់ថា វាជាការចោទប្រកាន់ដែលមិនមានភស្តុតាងច្បាស់លាស់ ឬមិនគួរឲ្យទុកចិត្ត។
ការចោទអាមេរិកជាបន្តបន្ទាប់នេះកើតឡើងក្រោយពេលដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួនបញ្ជូនទៅឃុំក្នុងពន្ធនាគារ ដោយចោទថា លោកបានរៀបចំផែនការសម្ងាត់ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បន្តិចក្រោយពីមានការចោទលោក កឹម សុខា ក្រសួងមហាផ្ទៃក៏បានប្តឹងទៅតុលាការកំពូលសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទថា គណបក្សដែលមានប្រជាពលរដ្ឋគាំទ្រប្រមាណជា ៤៥ភាគរយទូទាំងប្រទេសនេះ មានជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិដូចគ្នា។
ចំណែកលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំងក្រោយរងបណ្តឹងរបស់លោក ហ៊ុន សែន និងត្រូវបានតុលាការកម្ពុជាកាត់ទោសជាច្រើនករណី ក៏កំពុងប្រឈមនឹងការចោទពីបទពាក់ព័ន្ធនឹងអំពើក្បត់ជាតិផងដែរ តាមរយៈវីដេអូដែលលោកថ្លែងទៅកាន់អ្នកគាំទ្រនៅឯសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១១៕