រដ្ឋាភិបាល​និង​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អ.ស.ប​ ​បញ្ចេញ​មតិ​ផ្ទុយគ្នា​ចំពោះ​ការរំលាយ​គណបក្ស​ប្រឆាំង

អ្នកស្រី រ៉ូណា ស្មីត (ឆ្វេង) អ្នករាយការណ៍​ពិសេស​របស់​​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ធ្វើ​សន្និ​សីទ​ព័ត៌មាន អំពី​ស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា​ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​ ១៤ ខែ​ មីនា​ ឆ្នាំ​​ ២០១៨។ (ហ៊ុល រស្មី/VOA)

អ្នកស្រី​​ ​រ៉ូណា ស្មីត​ប្រេសិតអ.ស.ប​អំពាវនាវ​ឡើង​វិញ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យស្តា​រលំហសម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​រូប​អាច​អនុវត្តន៍​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឡើងវិញ​ ដោយ​គ្មាន​សេចក្តី​ភ័យ​ខ្លាច​ ​ឬការ​បំភិត​បំភ័យ។

រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​បន្ត​ការ​ពារ​ចំណាត់​រំលាយ​គណ​បក្ស​ប្រឆាំង​ថាជា​ការ​ត្រឹមត្រូវ​ ​ដោយ​ប្រជាពល​រដ្ឋ​ខ្មែរ​មិន​មានការ​តវ៉ា​ ​ហើយ​ថា​ ​វាជា​វិធានការមួយ​ដែល​បាន​ខ្ទប់មិន​មាន​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​តាម​អ្វី​ដែល​រដ្ឋាភិបាល​ពណ៌នា​ថា​ជា​ ​«បដិវត្តន៍​ពណ៌»។​ ​ក៏ប៉ុន្តែ​ ​អ្នក​ជំនាញការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ​យល់​ផ្ទុយ​ទៅ​វិញថា​ ​ការរំលាយ​គណ​បក្ស​ប្រឆាំងនោះ​ ​គឺ​ជា​ការ​បដិសេធ​ចោល​នូវ​សិទ្ធិជ្រើស​រើស​តំណាង​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​ដោយ​សេរី។​

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​លោក​ ​ប្រាក់ សុខុន​ ​និង​ ​អ្នកស្រី ​រ៉ូណា ស្មីត​ ​អ្នកជំនាញ​ការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ​(អ.ស.ប)​ ​បង្ហាញ​គំនិត​បញ្រ្ចាស់​គ្នា​ចំពោះ​ ​ការ​រំលាយ​គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ​ ​ដែល​បាន​ធ្វើ​ឡើង​តាម​បណ្តឹង​របស់​រដ្ឋាភិបាល​កាលពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ​២០១៧។​ នេះ​បើ​តាម​សេចក្តី​អធិប្បាយ​របស់​ឥស្សរជនទាំងពីរ​រូប។​

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរ​ទេស​កម្ពុជា​ ​ដែល​បាន​ផ្ញើ​ជូន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នា​នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​ឲ្យ​ដឹង​ថា​ ​លោក​ ​ប្រាក់ សុខុន​ ​បាន​ប្រាប់​អ្នកស្រី​ ស្មីត​ ​ក្នុង​ជំនួប​មួយ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ​សភាព​ការណ៍​ស្ងប់​ស្ងាត់​ល្អ​នៅ​កម្ពុជា​ ​បន្ទាប់​ពី​មាន​ការ​សម្រេច​របស់​តុលាការ​កំពូល​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​ ​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​ ​ប្រជាជន​កម្ពុជា​ ​«យល់​ ​និង​ទទួល​យក​នូវ​ចំណាត់​ការ​របស់​រាជរដ្ឋាធិបាល​កន្លងមក​ ​តបនឹង​ការ​ប៉ុនប៉ង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា»។​

រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួងការបរទេស​កម្ពុជា និយាយ​ទៅ​កាន់​អ្នក​កាសែត នៅ​ថ្ងៃទី​១៤ កញ្ញា ២០១៧។ (អូន​ ឆេងប៉រ/VOA) ​

លោក​ ​ប្រាក់ សុខុន​ ​បាន​ប្រាប់​ ​អ្នកស្រីស្មីត​ ​បន្តទៀត​ថា​ អ្វី​ដែល​ប្រជាជនកម្ពុជា​ ​ចង់​បាន​គឺ​សន្តិភាព​ ស្ថិរភាព​ ​និង​ការ​អភិវឌ្ឍ​ ពុំមែន​ការ​ផ្លាស់​ប្តូរ​របប​តាម​រយៈ​ការ​ធ្វើ​បដិវត្តពណ៌​នោះ​ទេ។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ឯកឧត្តម​បាន​លើក​ឡើង​ផង​ដែរ​អំពី​សភាពការណ៍​ស្ងប់ស្ងាត់​ល្អនៅ​កម្ពុជា​បន្ទាប់ពី​មានកា​រ​សម្រេច​របស់​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្រ្គោះជាតិ​ ​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​ប្រជាជន​កម្ពុជា​យល់​និង​ទទួល​យក​នូវ​ចំណាត់​ការ​របស់រាជ​រដ្ឋាភិបាល​កន្លង​មក​ ​តបនឹង​ការ​ប៉ុនប៉ង​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ ​ហើយ​អ្វី​ដែល​ប្រជាជន​ចង់​បាន​គឺ​សន្តិភាព​ ​ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​ ​ពុំ​មែន​ការផ្លាស់​ប្តូរ​របប​តាម​រយៈ​ការ​ធ្វើប​ដិវត្តព័ណ៌​នោះ​ទេ។​

ក្នុង​ជំនួប​ថ្ងៃ​ពុធ​ ​លោក​ ​ប្រាក់ សុខុន​ ​ក៏​បាន​គូស​បញ្ជាក់​ភាព​ចាំបាច់នៃ​ការ​គោរព​ឯករាជ្យ​ ​និង​អធិប​តេយ្យភាព​របស់​កម្ពុជា​រួម​ទាំង​អធិប​តេយ្យភាព​របស់​ស្ថាប័ន​នីតិបញ្ញត្តិ​ ​និង​របស់​តុលាការ​ផង​ដែរ។​លើស​ពី​នេះ​ទៀត​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ ​ក្នុងការ​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​នា​ពេល​ខាងមុខ​ ដោយ​មាន​របៀប​រៀបរយ​ សេរី​ យុត្តិធម៌​ និង​តម្លាភាព។

យ៉ាង​ណា​ក៍​ដោយ​ ​អ្នកស្រី​ ​ស្មីត​ ​ប្រេសិត​ពិសេស​របស់​អ.ស.ប​ ​បានថ្លែង​ ​ក្នុង​សន្និសីទ​សារព័ត៌មាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​១០​ ​ថ្ងៃ​របស់​អ្នកស្រី​ក្នុង​ប្រទេស​កម្ពុជា​ ​កាលពី​ថ្ងៃទី​ ១៤​ ខែ​មីនា​ ​ឆ្នាំ​ ២០១៨​ ​អ្នក​ស្រីស្មីត​ ​ថា​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា​ ​ជា​ទង្វើ​រឹតត្បិត​សិទ្ធិជ្រើស​រើស​អ្នក​តំណាង​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ចំនួន​ដ៏​ច្រើន។​

អ្នក​ស្រី​បាន​ថ្លែង​ថា​ ​ការ​ហាម​ឃាត់​សមាជិក​១១៨ រូប​ នៃគណបក្ស​សង្គ្រោះជាតិ​ ​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ ​សម្រាប់​រយៈ​ពេល​ប្រាំឆ្នាំ​ ​ហើយ​និង​ការ​បែងចែង​អាសនៈ​ទាំងអស់​របស់​គណបក្ស​នេះ​ឡើងវិញ​ ​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ​ហើយ​ចែកទៅ​ឲ្យ​សមាជិក​ផ្សេង​ទៀត​ ដែល​ប្រជា​ពលរដ្ឋ​មិន​បាន​បោះឆ្នោត​ឲ្យ​ ​ដែល​សមាជិក​ទាំង​នោះ​ ​មក​ពី​គ​ណបក្ស​កាន់​អំណាច​ ​និង​គណ​បក្ស​ផ្សេងៗ​នោះ​ ​«​គឺ​ជាការ​បដិសេធ​សិទ្ធិ​ជ្រើស​រើស​អ្នក​តំណាង​សម្រាប់​ ​កិច្ចការ​សាធារណៈ​តាម​រយៈ​មធ្យោបាយ​ជ្រើស​រើស​ដោយ​សេរី​ ​ហើយ​ដែល​សិទ្ធិ​នោះ​ត្រូវបាន​ប្រើ​ប្រាស់ដោយ​ប្រជា​ជនដែល​មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់»។​

អ្នកស្រី​បានថ្លែង​ក្នុងន័​យដើម​ថា៖​

«​ខ្ញុំអំពាវនាវ​ឡើង​វិញ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យស្តា​រលំហសម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​រូប​អាច​អនុវត្តន៍​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឡើងវិញ​ ដោយ​គ្មាន​សេចក្តី​ភ័យ​ខ្លាច​ ​ឬការ​បំភិត​បំភ័យ។​ ​ខ្ញុំក៏​អំពាវនាវ​ផងដែរ​ឲ្យមានការ​ពិចារណា​ឡើងវិញ​ជាបន្ទាន់​មួយ​ ទៅលើ​បម្រាម​ជា​ទូទៅ​ហាម​ឃាត់​តួអង្គ​នយោបាយ​ ទាំង​ ១១៨​រូបនោះ»។​

​ទាក់​ទិនបញ្ហា​បោះឆ្នោត​នេះ​ ​អ្នកស្រី​ស្មីត​ ​បាន​ថ្លែងថា​ ​បញ្ហា​នឹង​កាន់​តែធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​ផ្សេង​ទៀត​ដែលប្រកាន់​យក​របប​នយោបាយ​សេរី​ពហុបក្ស​ ​ហើយ​ក៏នឹង​មានបញ្ហា​ដល់​និយម​ន័យ​នៃ​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​ ​ប្រសិន​បើ​គណ​បក្ស​ប្រឆាំង​មិន​អាច​ចូលរួម​ប្រកួតក្នុងការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ ខាង​មុខ។

នៅ​ពេល​មាន​ការ​ផ្តល់​សេច​ក្តីអធិប្បាយ​ខុស​ៗគ្នា​យ៉ាង​ដូច្នេះ​នោះ​ ​លោក​ ​ជុំ សុន្ទរី​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរ​ទេស​កម្ពុជា​ ​បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​សេចក្តី​ប្រកាស​របស់​ ​ក្រសួង​ការ​បរទេស​មិនមែន​ជា​ការ​ឆ្លើយតប​ទៅ​នឹងសេចក្តី​ថ្លែង​ការណ៍​របស់​អ្នកស្រី​ស្មីត​នោះ​ទេ។​ ​លោក​បាន​ពន្យល់​ថា​ ​សេចក្តីថ្លែងការណ៍របស់​អ្នក​ស្រី​ស្មីត​ ​គឺ​ជា​ការ​រៀបចំ​ទុក​ជាមុន​ ​ព្រោះ​ពាក្យ​ពេចន៍​ដែល​បាន​ប្រើ​ក្នុង​សេចក្តី​ថ្លែង​ការណ៍របស់អ្នកស្រី​ ​មិន​ត្រូវគ្នា​ នឹង​ខ្លឹមសារ​នៃ​កិច្ច​ពិភាក្សា​ ​ដែល​ក្រុម​មន្ត្រី​រដ្ឋាភិបាលបាន​លើក​ឡើង​ ក្នុងជំនួប​ជាមួយ​អ្នកស្រី។

លោក​ថ្លែងយ៉ាង​ដូច្នេះ៖​

«នៅ​មុន​ពេល​ ធ្វើ​ទស្សនកិច្ច​ ​គឺ​សេច​ក្តីថ្លែងការណ៍​អស់​ហ្នឹង​ ​គឺ​បាន​រៀប​ចំ​ ​បាន​រៀប​ចំ​ ​បាន​សរសេរ​ បាន​តាក់​តែង​រួច​អស់​ហើយ​ ​បាទ។​ ​ដូច្នេះ​ ​ការថ្លែង​ ​និង​រាល់​ការ​ពន្យល់​ ​ការ​ពន្យល់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​ហ្នឹង​មិន​ ​មិនបាន​ ​មិន​ៗត្រូវបាន​ ​យក​ទៅ​ធ្វើការ​ពិ​ចារណា​ ​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​ ​សេចក្តីថ្លែងការណ៍​ (statement)​ ​ហ្នឹង​ទេ​ បាទ។​ ​អានេះ​ជាការចាប់​អារម្មណ៍»។​

នៅ​ពេល​ VOA ​សួរ​លោក​ថា​ ​តើ​លោក​បាន​ដឹង​យ៉ាង​ដូចម្តេច​ ចំពោះ​ការណ៍​ដែល​ថា​ ​សេចក្តី​ថ្លែង​ការ​ណ៍​របស់​អ្នកស្រី​ គឺ​ជាការរៀប​ចំទុក​មុននោះ​ លោក​ ជុំ សុន្ទរី មានប្រសាសន៍ថា៖​

«វា វានៅក្នុងការ​ជំនួបការ​ងារ​ គឺយើង​មើល​ឃើញ​ គឺវានៅក្នុងពេល​ដែល​ពិភាក្សា​ គឺមិនមែន​មាន​ការ​លើក​ឡើង​ នែ៎ លម្អិត​។ និយាយរួម ក្នុងការ​ពិភាក្សា​ ជាការលើក​ឡើង​វាមិនដូច​គ្នា​ នឹង​អ្វីដែលបាន​លើក​ឡើង​នៅក្នុង​ statement ​[សេចក្តីថ្លែងការណ៍] ​បាទ។ ​ដូច្នេះ​ statement​ ដែល​ ក្រោយពេល​ដែលបញ្ចប់​ ការលើកឡើង​ថា​ដូចម្តេច​ហ្នឹង​គឺជាការ​ដែលបាន​គិត​ ដែលបាន​រៀប​ចំទុក​ជាមុនរួចទៅ​ហើយ​បាទ​។ ​ហើយការ​ពន្យល់​បក​ស្រាយ​ គឺមិនបានធ្វើ​ឲ្យមានការ​ប្រែប្រួល​ មាន​ការគិតគូរ​នៅ​ក្នុង​ statement​ ហ្នុង​ទេ​ បាទ​ អត់មានបាន​បញ្ចូល​ទៅក្នុង​ statement​ ហ្នុងទេ​បាទ»។​

នៅពេល​ ​VOA​ ​សួរលោក​ ​បន្ត​ថា​ ​តើរដ្ឋាភិបាល​នឹង​មានការ​បារម្ភ​យ៉ាង​ណា​ដែរចំពោះ​មុខ​មាត់​រដ្ឋាភិបាល ប្រសិនបើ​អ្នកស្រី​រ៉ូណា ស្មីត​ ​បង្ហាញ​របាយការណ៍​របស់​អ្នកស្រី​ ទៅកាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់អ.ស.ប​នា​ពេល​ខាងមុខនោះ​ ​លោក​ ​ជុំ សុន្ទរី​ ​បាន​បញ្ជាក់​ថា​ ​អ្នកស្រី​ ​ស្មីត​ ​និង​លោក​ប្រាក់ សុខុន​ ​រដ្ឋមន្ត្រីការ​បរទេស​កម្ពុជា​ ​បាន​ជជែក​គ្នា​អំពី​របាយការណ៍​របស់​អ្នកស្រី​ ហើយ​អ្នកស្រី​ ​ស្មីត​ផ្ទាល់​ក៏បាន​បញ្ជាក់​ថា​ ​នឹង​បន្ត​កិច្ចស​ហការ​ជាមួយ​រដ្ឋាភិបាល​ចំពោះខ្លឹមសារ​នៃ​របាយ​ការណ៍​ព្រាង​របស់អ្នកស្រី​ដែល​ត្រូវ​នឹង​ដាក់​ជូន​ឧត្តមស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធ​មនុស្ស។​

​អ្នកស្រី ​ស្មីត​ ដែលជាបុគ្គល​ឯករាជ្យ​របស់​អ.ស.ប គ្រោង​នឹង​ដាក់​របាយការណ៍​ស្តីពីបញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា​ ទៅកាន់​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ បន្ទាប់​ពីការ​បោះឆ្នោតជាតិ​នៅ​កម្ពុជា។​

ប្រទេស​កម្ពុជា​ គ្រោងនឹង​រៀបចំការ​បោះឆ្នោត​ជាតិ​ នៅ​ខែ​ កក្កដា​ ឆ្នាំ​ ២០១៨។​ ​នៅ​មុន​ការ​បោះឆ្នោត​នេះ សហគមន៍​ប្រជាធិបតេយ្យ​ធំៗ​ចំនួន​ពីរ​ គឺ​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​ ​បាន​ប្រកាស​ជា​បន្តបន្ទាប់​ ​ដក​ការ​គាំទ្រ​របស់​ពួក​គេ​ ​ពី​គណៈកម្មាធិការ​ជាតិ​ រៀប​ចំការ​បោះ​ឆ្នោត​ ​ហៅ​កាត់​ថា​ ​(គ.ជ.ប)​ ​ក្រោយការ​បង្ក្រាប​របស់​រដ្ឋាភិបាល​យ៉ាង​ទូលំទូលាយ​មក​លើ​ក្រុមអ្នក​ប្រឆាំង​ អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ពង្រឹង​ដំណើរការ​ប្រជាធិបតេយ្យ​ និង​សារ​ព័ត៌មាន​ឯករាជ្យ។​ ​សហគមន៍​ប្រជាធិប​តេយ្យ​ធំៗ​ទាំងពីរនេះ​ ​ក៏​បាន​គំរាមជា​ញឹក​ញាប់​ចំពោះការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាល​កម្ពុជា​ ​ប្រសិន​បើ​រដ្ឋាភិបាលនៃ​ប្រទេស​ដែលមាន​កម្មករកាត់​ដេរ​ជាង​៧០ម៉ឺន​នាក់​នេះ​ ​មិនព្រម​បែរក្រោយស្តារ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ឲ្យបាន​ដូច​ដើមឡើង​វិញនោះ។​

ប្រជាពលរដ្ឋ​មួយចំនួន​ ​ដែល​ជា​អ្នកគាំទ្រ​ ​គណបក្ស​ប្រឆាំង​បានប្រាប់​ ​VOA​ ​ក្នុងបទ​សម្ភាសន៍​កាល​ពីពេល​កន្លងមកថា ពួកគេ​នឹងមិន​ទៅបោះឆ្នោត​នោះឡើយ​ ប្រសិនបើ​គ្មាន​វត្ត​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រោះការ​បោះឆ្នោត​ដែលមាន​តែ​គណបក្ស​កាន់អំណាច ហើយ​គ្មាន​អ្នកប្រជែង​ដូចជាគណបក្ស​ប្រឆាំង​នេះ​ នាំឲ្យ​ការ​បោះឆ្នោត​ខែកក្កដា​ ​ខាងមុខ​ ​គឺជា​ការ​បោះឆ្នោត​ឥតប្រយោជន៍​ និងឥតន័យ។​ ​សហគមន៍​អន្តរជាតិ​ ​ដែល​កាន់​លទ្ធិប្រជាធិប​តេយ្យក៏បាន​អះអាងថា​ ​ភាព​ស្របច្បាប់​នៃ​ការ​បោះ​ឆ្នោត​នឹងស្ថិត​ក្នុង​ក្តីមន្ទិល​ ​បើ​គ្មាន​គណបក្ស​ប្រឆាំងសង្គ្រោះ​ជាតិ​ចូលរួម​ការបោះឆ្នោត​នោះទេ៕