រដ្ឋាភិបាល​មិន​យក​ថ្លៃ​ពិន័យ​ចំពោះ​វិស័យ​សំខាន់​៤​ដែល​ប្រើ​អគ្គិសនី​មិន​តាម​ទំហំ​ដែល​បាន​ព្រម​ព្រៀង​គ្នា

រូបឯកសារ៖ ទិដ្ឋភាព​អាគារ​ស្នាក់ការ​កណ្តាល​របស់​អគ្គិសនី​កម្ពុជា​ រាជធានីភ្នំពេញ ថ្ងៃ​ទី១៤​ កក្កដា​ ២០១៥។​ (ប៉ាង​ ចំណាន/VOA)

រដ្ឋាភិបាល​បាន​សម្រេច​បន្ថូរ​បន្ថយ​លក្ខខណ្ឌ​មួយ​ចំនួន​ សម្រាប់​ការ​បង់ថ្លៃ​អគ្គិសនី​ដល់​ម្ចាស់​ក្រុមហ៊ុន​និង​សហគ្រាស​ក្នុង​វិស័យ​ចំនួន​ ៤​ រួម​មាន​ឧស្សាហ​កម្ម​កសិកម្ម​ ពាណិជ្ជ​កម្ម​ និង​សេវា​កម្ម​ ក្នុង​ពេល​មាន​វិបត្តិ​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩។ ​នេះ​បើតាម​ប្រកាស​របស់​ក្រសួង​រ៉ែ និង​ថាមពល​ ចុះ​ថ្ងៃ​ទី​១៩​ ខែ​ឧសភា។​

ការ​អនុគ្រោះ​នេះ ​គឺ​សំដៅ​ទៅ​លើ​ការ​មិន​យក​តម្លៃ​អនុភាព​ ដែល​ជា​ថ្លៃ​ផាក​ពិន័យ​ប្រសិន​បើ​ក្រុមហ៊ុន​រោងចក្រ​ ឬ​សហគ្រាស​មិន​ប្រើប្រាស់​អគ្គិសនី​ទៅ​តាម​ទំហំ​ដែល​ព្រម​ព្រៀង។​

ប្រកាស​របស់​ក្រសួង​រ៉ែ ​និង​ថាមពល​ឲ្យ​ដឹង​ថា​ ក្រសួង​នឹង​អនុញ្ញាត​ឲ្យ​បង់​ថ្លៃ​អគ្គិសនី​តាម​ចំនួន​គីឡូ​វ៉ាត់​ម៉ោង​ជាក់​ស្តែង​តាម​អត្រា​ថ្លៃ​មធ្យម។​

ក្រសួង​រ៉ែ ​និង​ថាមពល​បញ្ជាក់​ថា​ ការ​អនុគ្រោះ​នឹង​ធ្វើ​ឡើង​ចំពោះ​ទីតាំង​ឧស្សាហ​កម្ម ​ កសិកម្ម​ ពាណិជ្ជ​កម្ម​ និង​សេវា​កម្ម​ណា​ ដែល​រង​គ្រោះ​ដោយ​ការ​ព្យួរ​ ឬ​បន្ថយ​សកម្មភាព​ផលិត​កម្ម​ ឬ​អាជីវ​កម្ម​ ទោះ​ជា​ទីតាំង​នោះ​ប្រើ​អគ្គិសនី​ដែល​ផ្គត់​ផ្គង់​ដោយ​អគ្គិសនី​កម្ពុជា ​ឬក៏​ផ្គត់​ផ្គង់​ដោយ​អ្នក​ផ្គត់​ផ្គង់​ឯក​ជន​ ដែល​ទិញ​ប្រភព​អគ្គិសនី​ពី​អគ្គិសនី​កម្ពុជា​ក៏​ដោយ។ ​ការ​អនុគ្រោះ​នេះ នឹង​ធ្វើ​ឡើង​ចាប់​ពី​ខែ​មិថុនា ​ដល់​ខែ​តុលា ​ឆ្នាំ ​២០២០។​

អ្នក​នាំ​ពាក្យ​ និង​ជា​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ​ និង​ថាម​ពល ​លោក ​វិចទ័រ ហ្សូនា ​មាន​ប្រសាសន៍​ថា​ ការ​កែ​សម្រួល​នេះ​អនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​ ឬ​សហគ្រាស​មិន​បង់​ថ្លៃ​នៃ​កិច្ច​ព្រម​ព្រៀង​អំពី​កម្លាំង​អនុភាព​ ដែល​បាន​យល់​ព្រម​ជាមួយ​ភាគី​អគ្គិសនី​កម្ពុជា។​

«ឧបមាថា​ គាត់​ទិញ​មួយ​មេហ្គាវ៉ាត់​គិត​ថ្លៃ​ បើ​យើង ​charge​ [គិត​ថ្លៃ] ​ពី​គាត់​ មាន​ថ្លៃ​អនុភាព​ផង​ មាន​ថ្លៃ​គីឡូវ៉ាត់​ម៉ោង​ហ្នឹង​ផង​ ហើយ​ដោយសារ​មាន​ការ​ប៉ះពាល់​ទៅ​ដល់​ឧស្សាហ​កម្ម​ ពាណិជ្ជ​កម្ម​ សេវា​កម្ម​ផ្សេងៗរាជ​រដ្ឋាភិបាល​បាន​ចេញ​ប្រកាស​ថ្មី​មួយ​ដើម្បី​បញ្ចុះ​ បាទ។ ​កាត់​ថ្លៃ​...​ដក​ចេញ​នូវ​ថ្លៃ​អនុភាព។​ យើង​គិត​តែថ្លៃ​បរិមាណ​អគ្គិសនី​ ដែល​គាត់​ប្រើ​ប្រចាំខែ​ទេ។​ អា​ថ្លៃ​អនុភាព​កន្លង​មក​ដែល​យើង​ធ្លាប់​គិត​ហ្នឹង​ គឺ​យើង​អត់​គិត​ទេ។​ យើង​ដក​ចេញ»។​

VOA​ មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ កែវ រតនៈ ​អគ្គនាយក​អគ្គិសនី​កម្ពុជា ​(EDC)​ បាន​នៅ​ឡើយ​ទេ។​

អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ​(GMAC) ​លោក ​ខេន លូ មាន​ប្រសាសន៍​ថា​ ការ​កែ​សម្រួល​នេះ​ គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​សម្រួល​បន្ទុក​ថ្លៃ​ផាកពិន័យ​សម្រាប់​ថៅកែ​រោងចក្រ​ ដែល​បាន​ចុះ​កិច្ច​សន្យា​ទិញ​ភ្លើង​មក​ប្រើ​ប្រាស់ ​ទៅ​តាម​លក្ខខណ្ឌ​កំណត់​របស់​អគ្គិសនី​កម្ពុជា​ ពាក់​ព័ន្ធនឹង​កម្លាំង​ថាមពល​ ដើម្បី​ទទួល​បាន​តម្លៃ​ពិសេស។​

«កន្លង​មក​យើង​សន្យា​ថា​ខ្ញុំ​មួយ​ខែ​យ៉ាង​ហោច​ យ៉ាង​តិច​ យើង​ត្រូវ​ប្រើ​ប៉ុន្មាន​គីឡូ​ ដើម្បី​បាន​ចរចា​ជា​មួយ​ EDC ​(អគ្គិសនី​កម្ពុជា) ​តម្លៃ​ពិសេស​....​តម្លៃ​ពិសេស​ អ៊ីចឹង។​ ប៉ុន្តែ​ដល់​ប៉ុន្មាន​ខែ​ហ្នឹង​ ពេល​ដែល​រោងចក្រ​អត់​ដំណើរ​ការ ​វា​ប្រើ​អត់​ដល់​កម្រិត​ដែល​បាន​ឯកភាព​គ្នា។​ អ៊ីចឹង​ការណ៍​ពិត​ តាម​កិច្ច​សន្យា​ EDC​ ត្រូវ​ផាក​ពិន័យ​ទៅ​ក្រុមហ៊ុន​ ...​ត្រូវ​ផាក​ពិន័យ​ទៅ​រោង​ចក្រ​ មក​ពី​យើង​ប្រើ​អត់​គ្រប់ ​អត់​គ្រប់​អ្វី​ដែល​យើង​សន្យា»។​

លោក ​ខេន លូ ​តំណាង​សមាគម ​GMAC​ ដែល​មាន​សមាជិក​ជា​រោងចក្រ​កាត់​ដេរ​រាប់​រយ​ ដែល​បាន​ផ្អាក​ផលិត​កម្ម​ ចាត់​ទុក​ថា ​នេះ​គ្រាន់​តែ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លំបាក​របស់​ថៅកែ​រោងចក្រ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។​

«ព្រោះ​រោងចក្រ​ឥឡូវ​ជួប​ផលវិបាក​ ហើយ​...​ហើយ​បើ​សិន ​EDC​ ផាក​ពិន័យ​ទៀត​ កាន់​តែ​ធ្ងន់។ ​ ឥឡូវ​យើង​គ្រាន់​តែ​ប្រាប់​ថា​យើង​សហ​គ្រាស​ប្រើ​ភ្លើង​ប៉ុន្មាន​គិត​ប៉ុន្មាន​ចុះ.​..​ អត់​មាន​ស្នើ​សុំ​ចុះ​តម្លៃ​ទេ។​ ប៉ុន្តែ​យើង​សុំ​ថា​កុំ​ផាក​ពិន័យ»។​

ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​លោក​ លូ ម៉េង​ មាន​ប្រសាសន៍​ថា​ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ទ្រទ្រង់​ម្ចាស់​អាជីវកម្ម​ណា​ ដែល​កំពុង​ប្រឈម​បញ្ហា​ហិរញ្ញ​វត្ថុ​ ក្នុង​នោះ​មាន​ថ្លៃជួល​ទីតាំង​អាជីវ​កម្ម ​និង​ប្រាក់​ខែ​របស់​បុគ្គលិក៕