រដ្ឋាភិបាល​កម្ពុជា​ប្រតិកម្ម​នឹង​លោកស្រី ​រ៉ូណា ស្មីត​ ឲ្យ​គោរព​គោល​ការណ៍​ក្រម​សីល​ធម៌​

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សន្ដិភាព រាជធានី​ភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

ស្ថាន​បេសក​កម្ម​អចិន្រ្តៃយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស ​បាន​ប្រតិកម្ម​នឹង​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ លោកស្រី​ រ៉ូណា ស្មីត ​(Rhona Smith) ​ដោយ​ជំរុញ​ឲ្យ​លោកស្រី​គោរព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ក្រម​សីលធម៌។​

កាល​ពី​ថ្ងៃ​អង្គារ ​លោកស្រី ​រ៉ូណា ស្មីត ​ដែល​បំពេញ​ការងារ​ជា​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ជាង​៥​ឆ្នាំ​មក​ហើយ ​នោះ​ បាន​បង្ហាញ​ក្តី​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​បន្ត​ចាប់​ខ្លួន​សកម្ម​ជន​ការពារ​បរិស្ថាន​ និង​បុគ្គល​មួយ​ចំនួន​ទៀត​នា​ពេល​ថ្មីៗ​នេះ។​លោកស្រី​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អ្នក​រាយ​ការណ៍​ពិសេស​ថា​ លោកស្រី​មាន​កង្វល់​ចំពោះ​របាយ​ការណ៍​ថ្មីៗ​នេះ​អំពី​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​៣​នាក់​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ និង​បង្កើត​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​ និង​បុគ្គល​មួយ​ចំនួន​ទៀត ​រាប់​ទាំង​ព្រះ​សង្ឃ​មួយ​អង្គ។​

លោក​ស្រី​បន្ថែម​ថា៖​ «ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​អាជ្ញាធរ​កម្ពុជា ​ធានា​ថា​សិទ្ធិ​ទាំង​នេះ​ត្រូវ​បាន​គោរព​ និង​ការពារ​ ហើយ​បង្កើត​បរិយាកាស​មួយ​ដែល​បុគ្គល​ម្នាក់ៗ​អាច​អនុវត្ត​សិទ្ធិ​ទាំង​នេះ»។​

ការ​បង្ហាញ​ក្តី​បារម្ភ​របស់​លោកស្រី​នាំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​ថា​ លោកស្រី​មិន​បាន​គោរព​តាម​សៀវភៅ​ណែនាំ​ស្តីពី​ប្រតិបត្តិ​ការ​របស់​អ្នក​កាន់​អាណត្តិ​នៃ​នីតិវិធី​ពិសេស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ ដែល​ចែង​ពី​គោល​ការណ៍​ទូទៅ​សម្រាប់​ការ​អនុវត្ត​តួនាទី​ សារៈ​សំខាន់​នៃ​ការ​ប្រមូល​ព័ត៌មាន​ដែល​បាន​ផ្ទៀង​ផ្ទាត់​ត្រឹម​ត្រូវ​ជាមួយ​គ្រប់​ប្រភព ​និង​នីតិវិធី​សម្រាប់​ការ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញារដ្ឋាភិបាល​បាន​ការពារ​ថា​ កម្ពុជា​គោរព ​និង​ផ្តល់​តម្លៃ​ចំពោះ​សេរីភាព​បញ្ចេញ​មតិ ​បង្កើត​សមាគម ​និង​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ប៉ុន្តែ​បញ្ជាក់​ថា​ វា​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់។​រដ្ឋាភិបាល​បាន​លើក​មាត្រា​៣១​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​ថា​ ការ​ប្រើ​ប្រាស់​សិទ្ធិ​ និង​សេរីភាព​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ណា​ម្នាក់ ​មិន​ត្រូវ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ ​និង​សេរីភាព​របស់​អ្នក​ដទៃ​ឡើយ។​

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ ​«ការ​អនុវត្ត​សិទ្ធិ​និង​សេរីភាព ​គឺ​ត្រូវ​អនុលោម​ទៅ​តាម​ច្បាប់»។​

រដ្ឋាភិបាល​បន្ត​ថា៖​ «ជា​ការ​កត់​សម្គាល់ ​ អ្នក​រាយ​ការណ៍​ពិសេស​ពុំ​ដែល​បាន​សង្កត់​ធ្ងន់​ឲ្យ​បាន​គ្រប់​គ្រាន់​ទាល់​តែ​សោះ​ថា​ ការ​អនុវត្ត​សេរីភាព​បញ្ចេញ​មតិ ​បង្កើត​សមាគម ​និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ករណី​កិច្ច ការ​ទទួល​ខុស​ត្រូវ​ពិសេស ​និង​ដែន​កំណត់​ចែង​ដោយ​ច្បាប់ ​ ដូច​បាន​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ជា​សាកល​ស្តីពី​សិទ្ធិ​មនុស្ស ​និង​កតិកា​សញ្ញា​អន្តរ​ជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ»។​

រដ្ឋាភិបាល​បញ្ជាក់​បន្ថែម​ថា៖​ «ការ​ខក​ខាន​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ដោយ​ចេតនា ​ មិន​ត្រឹម​តែ​បង្ក​ឲ្យ​សាធារណ​ជន​មាន​ការ​ភ័ន្ត​ច្រឡំ​ប៉ុណ្ណោះ​ទេ ​គឺ​ថែម​ទាំង​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​ក្រុម​ខ្លះ ​ដែល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​កេង​ចំណេញ​ពី​ស្ថាន​ភាព​បែប​នេះ​សម្រាប់​របៀប​វារៈ​លាក់​បាំង​របស់​ពួក​គេ»។​

VOA​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោកស្រី​រ៉ូណា ស្មីត​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

បើ​គិត​ពី​ដើម​ខែ​កញ្ញា​មក​ត្រឹម​ថ្ងៃ​ពុធ​នេះ​មនុស្ស​យ៉ាង​តិច ៧​នាក់​ ក្នុង​នោះ​មាន​ព្រះ​សង្ឃ​មួយ​អង្គ ​ផង​ត្រូវ​បាន​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​ ក្រោម​បទ​ញុះ​ញង់​ឲ្យ​បង្ក​ភាព​វឹក​វរ​ដល់​សន្តិសុខ​សង្គម។​

អ្នក​ខ្លះ​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ ដោយសារ​ការ​ចូល​រួម​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ដល់​លោក​រ៉ុង ឈុន ​មេ​ដឹកនាំ​សហជីព​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​កក្កដា ​ដោយសារ​ការ​អត្ថាធិប្បាយ​រិះគន់​បញ្ហា​ព្រំដែន។​

មនុស្ស​មួយ​ចំនួន​ទៀត ដែល​រួម​មាន​ព្រះ​តេជ​គុណ​កើត សារ៉ាយ​ លោក​ថា ឡាវី​ កញ្ញា ​អេង ម៉ាឡៃ​ ហៅ​សូ មេត្តា​ និង​លោក ​មាន ព្រហ្មមុនី ​ត្រូវ​ឃាត់​ខ្លួន​ចំពោះ​ការ​ព្យាយាម​រៀបចំ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ​ដែល​គ្រោង​ធ្វើ​ពី​ថ្ងៃទី​៧​ ដល់​ថ្ងៃទី​១៥ ​ខែ​កញ្ញា។ ​ដោយ​ឡែក ​កាល​ពី​សប្តាហ៍​មុន ​ក្រុម​យុវជន​៣​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ​ ត្រូវ​បាន​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស។​

ក្រុម​សិទ្ធិ​មនុស្ស​បាន​រិះគន់​ថាការ​ចោទ​ប្រកាន់​ពីបទ​«ញុះញង់» ​នេះ​ត្រូវ​អាជ្ញាធរ​កម្ពុជា​យក​មក​ប្រើ​ប្រាស់​ ដើម្បី​បំបិទ​សំឡេង​ក្រុម​ប្រឆាំង។ ​សកម្ម​ជន​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​តាំង​ពី​ឆ្នាំ​២០១៧ ​ត្រូវ​បាន​ចោទ​ប្រកាន់​ខជា​បន្ត​បន្ទាប់ការ​ចោទ​ប្រកាន់​ពី​បទ​«ញុះញង់» ​នេះ។​

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ការ​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា​ អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ មាន​បទដ្ឋាន​សិទ្ធិ​មនុស្ស​ជា​សាកល​ទើប​ហ៊ាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​បែប​នេះ ​ដូច​ការ​ព្រួយ​បារម្ភ​របស់​អង្គការ​សង្គមស៊ីវិល​ក្នុង​ស្រុក​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ព្រោះ​ប្រទេស​ដែល​កាន់​របប​ប្រជា​ធិបតេយ្យ ​ការ​អនុវត្ត​ច្បាប់​ ក៏​វា​ត្រូវ​គោរព​នូវ​គោល​ការណ៍​សិទ្ធិ​មនុស្ស​ជា​សាកល​ពីព្រោះ​ការ​តែង​ច្បាប់​មក​គឺ​ដើម្បី​ធានា​សិទ្ធិ​សេរីភាព​ និង​ផ្តល់​កិច្ច​ការ​ពារ​សម្រាប់​សង្គម​ក៏​ដូចជា​មនុស្ស​គ្រប់​រូប»។​

អ្នក​នាំ​ពាក្យ​របស់​ក្រសួង​យុត្តិធម៌​ លោក ​ជិន ម៉ាលីន​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​របស់​លោក​ថា វា​ជា​រឿង​ធម្មតា​ដែល​លោកស្រី​រ៉ូណា ស្មីត​លើក​ឡើង​ពី​ក្តី​បារម្ភ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ប៉ុន្តែ​លោក​ថា​«របាយ​ការណ៍​និង​ព័ត៌មាន​ទាំង​នោះ​ផ្តល់​ដោយ​ប្រភព​និង​ក្រុម​ដែល​មាន​និន្នាការ​នយោបាយ»។​

លោក​បន្ត​ថា ​សារ​របស់​លោកស្រី​មិន​បាន​ចោទ​ប្រកាន់​វិធានការ​ច្បាប់​របស់​សមត្ថកិច្ច​ថា​«ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នោះ​ទេ»។​

ការ​ចាប់​ខ្លួន​មនុស្ស​ជា​បន្ត​បន្ទាប់​កើត​ឡើង​ក្រោយ​មាន​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​សហជីព​លោក ​រ៉ុង ឈុន​ កាល​ពី​ចុង​ខែ​កក្កដា ​ដោយសារ​ការ​អត្ថាធិប្បាយ​រិះគន់​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​ ដែល​លោក​បាន​លើក​ឡើង​ពី​ក្តី​កង្វល់​របស់​ពលរដ្ឋ​ដែល​លោក​ថា​ បាន​បាត់​បង់​ដី​ ដោយសារ​ការ​បង្គោល​ព្រំដែន។​

កាល​ពី​សប្តាហ៍​មុន ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​លើក​ឡើង​ថា​ ការ​ថ្លែង​របស់​លោក​រ៉ុង ឈុន​ជា​«ការ​មួល​បង្កាច់» ​មិន​មែន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នោះ​ទេ។​

លោក​បន្ត​ថា​ លោក​ រ៉ុង ឈុន ​គួរ​តែ​ចោទ​សួរ​មក​មន្រ្តី​រដ្ឋាភិបាល ​មិន​មែន​ជា​ការ​ចោទ​ប្រកាន់​ថា​ បាត់​ដី​ទៅ​ប្រទេស​វៀតណាម​នោះ​ទេ។​

លោក ​ហ៊ុន សែន ​មាន​ប្រសាសន៍​ថា៖​ «បើ​សិន​ជា​ពេល​នោះ​ រ៉ុង ឈុន​ ចោទ​សួរ​មក​រដ្ឋាភិបាល​ទៅ​វិញ​ថា ​ហេតុ​អី​បោះ​បង្គោល​អ៊ីចឹង? ​យើង​គ្មាន​ហេតុ​ផល​ចាប់​ខ្លួន​រ៉ុង ឈុន​ទេ។​មាន​តែ​រក​វិធី​ពន្យល់​រ៉ុង ឈុន​ហៅ ​រ៉ុង ឈុន​មក​គណៈ​កម្មាធិការ​ព្រំដែន​ឲ្យ​រ៉ុង ឈុន​មើល​(ឯកសារ​ និង​ផែនទី)។ ​រ៉ុង ឈុន​ ឆ្ងល់​ពី​អី ​យើង​ពន្យល់​រ៉ុង ឈុន​ពី​អា​នោះ»។​

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក ​និយាយ​ថា​ ការ​ចាប់​ខ្លួន​យុវជន​ទៅ​ឃុំ​ខ្លួន​ នៅ​ពេល​ថ្មីៗ​នេះ​ គឺ​ជា​ការ​បន្ត​វាយ​ប្រហារ​របស់​អាជ្ញាធរ​កម្ពុជា​មក​លើ​ការ​អនុវត្ត​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​ពល​រដ្ឋ​ ដែល​ពួក​គេ​ថាអាច​ប្រឈម​នឹង​ការ​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ​ និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខូច​កេរ្តិ៍​ឈ្មោះ៕​