ក្រុម​កុមារី​ខ្មែរ​នឹង​ចូល​រួម​ប្រកួត​​អន្តរជាតិ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ដំបូង​នៅ​ Silicon Valley ដោយ​បង្កើត​កម្មវិធី​លក់​ផលិតផល​ខ្មែរ​តាម​ទូរស័ព្ទ

កុមារី​ខ្មែរ​ទាំង​៥​​រូប​ដែល​​បាន​បង្កើត​កម្មវិធី​ app ឈ្មោះ​ Cambodia Identity Product សម្រាប់​ លក់​ផលិតផល​ខ្មែរ​តាម​ទូរស័ព្ទ​ ​ដើម្បី​ចូល​ប្រកួត​កម្មវិធី Technovation Challenge 2017 ថត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ។ ពួក​គេ​​នឹង​​ចូល​រួម​ប្រកួត​វគ្គផ្តាច់​ព្រ័ត្រ ​ Technovation ​World Pitch Summit ​ពី​ថ្ងៃ​ទី​៧​ដល់​១១​ខែ​សីហា​​ នៅ​ទីស្នាក់ការ​កណ្ដាល​នៃ​មហា​ក្រុមហ៊ុន​ Google ក្នុង​ទី​ក្រុង Mountain View ស្ថិត​ចំ​កណ្ដាល​តំបន់​បច្ចេកវិទ្យា Silicon Valley សហរដ្ឋ​អាមេរិក។ (រូបថត​ផ្តល់​ឲ្យ​ដោយ USAID/Technovation Cambodia)

កុមារី​ទាំង​៥​នាក់​នឹង​បាន​ចូល​រួម​ការ​ប្រកួត​ជា​សាកល​នៅ​ក្រុមហ៊ុន Google នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ដើម​ខែ​សីហា ​ក្រោយ​ពី​កម្មវិធី​លក់​ផលិតផល​ខ្មែរ​តាម​ទូរស័ព្ទ​ដៃ​​ឈ្មោះ​ Cambodia Identity Product ដែល​ពួក​គេ​បាន​បង្កើត ត្រូវ​បាន​ជ្រើសរើស​ក្នុង​ចំណោម​កម្មវិធី​ app ចំនួន​១.១០០ ពី​ជុំ​វិញ​ពិភពលោក។

កុមារី​ខ្មែរ​មួយ​ក្រុម​នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ជា​លើក​ដំបូង​ក្នុង​ការប្រកួតប្រជែង​វគ្គ​ផ្ដាច់ព្រ័ត្រក្នុង​កម្មវិធី​បច្ចេកវិទ្យា​លំដាប់​ពិភពលោក​មួយ​ នៅ​ក្នុង​តំបន់​បច្ចេកវិទ្យា​ Silicon Valley​ ដ៏​ល្បីល្បាញ​របស់​សហរដ្ឋ​អាមេរិក។ ក្រុម​កម្ពុជា​នេះ​ បាន​ជាប់​ចូល​ការ​ប្រកួតកម្មវិធី ឈ្មោះ Technovation Challenge 2017 ក្រោយ​ពី​កម្មវិធី​លក់​ផលិតផល​ខ្មែរ​តាម​ទូរស័ព្ទ​ដៃឈ្មោះ​ Cambodia Identity Product ដែល​ពួក​គេ​បាន​បង្កើត ត្រូវ​បាន​ជ្រើសរើស​ក្នុង​ចំណោម​កម្មវិធី​ app ចំនួន​១.១០០ ពី​ជុំ​វិញ​ពិភពលោក។

កុមារី​កម្ពុជាអាយុ១១​និង​១២​ឆ្នាំ ចំនួន​៥​នាក់​ដែល​បាន​បង្កើត​កម្មវិធី​ app សម្រាប់​លក់​ផលិតផលខ្មែរ នឹង​ចូល​រួម​ការប្រកួតផ្ដាច់ព្រ័ត្រលំដាប់​ពិភពលោក​ក្នុង​កម្មវិធី​ Technovation ​World Pitch Summit ដែល​នឹង​ប្រព្រឹត្តធ្វើពី​ថ្ងៃ​ទី​៧​ដល់​១១​ខែ​សីហា​ខាង​មុខ​ នៅ​ទីស្នាក់ការ​កណ្ដាល​នៃ​មហា​ក្រុមហ៊ុន​ Google ក្នុង​ទី​ក្រុង Mountain View ស្ថិត​ចំ​កណ្ដាល​តំបន់​បច្ចេកវិទ្យា Silicon Valley ជាប់​ទី​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ​ សហរដ្ឋ​អាមេរិក។

កម្មវិធីប្រកួត​អន្តរជាតិ ​(Technovation Challenge) នេះ​ ដែល​រៀប​ចំ​ដោយ​អង្គការ​ Iridescent ខាងការ​អប់រំ​ជំនាញ​ STEM ​មាន​គោលដៅ​ជំរុញ​ឲ្យ​ស្ត្រី​និង​យុវតីច្រើន​ជាង​មុន​ចាប់​អារម្មណ៍​នឹង​វិស័យ​បច្ចេកវិទ្យា។ ​

កុមារី​និង​យុវតី​អាយុ​ពី​១០​ទៅ​១៨​ឆ្នាំ​ ​ដែល​ចង់ចូល​រួម​ការ​ប្រកួត Technovation ​នេះ ត្រូវ​បង្កើត​ជា​ក្រុម​ពី​១​ទៅ​៥​នាក់ និង​រៀន​អំពី​បច្ចេកវិទ្យា រួច​ប្រើ​បច្ចេកវិទ្យា​ដោយ​បង្កើត​ជា​កម្មវិធី app ទូរស័ព្ទដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ដែល​មាន​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ។

ឆ្នាំ​នេះ​អ្នក​ចូលរួម​ប្រកួត​មាន​១២​ក្រុម​ដែល​បាន​ជាប់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​ចែក​ជា​៦​ក្រុម​ប្រកួត​ក្នុង​ចំណោម​កុមារ​ដែល​មាន​អាយុ​១០​ទៅ​១៥ ឆ្នាំ និង​៦​ក្រុម​ប្រកួត​ក្នុងលំដាប់​អាយុ​១៦​ដល់​១៨​ឆ្នាំ។

នេះ​ជា​លើក​ទី​១​ហើយដែលប្រទេស​កម្ពុជា​បាន​ជាប់​ចូល​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រនៅ​ក្នុង​ការ​ប្រកួត​លំដាប់​ពិភពលោក​នេះ។

​ក្រុម​កុមារី​ខ្មែរ​ទាំង​៥នាក់ ត្រូវ​បាន​ជ្រើស​រើស​ក្នុង​ចំណោម​ក្រុម​កុមារី​និង​យុវតីសរុប​ជាង​១១០០០​នាក់ មកពី​១១០០​ក្រុម​ទូទាំង​ពិភពលោក។​

ពួក​គេ​នឹង​ប្រកួត​ជាមួយ​កុមារី​អាយុ​ពី​១០ដល់១៥​ឆ្នាំ​ ក្នុង​ក្រុម​ចំនួន៥​ក្រុមទៀត​ដែល​មក​ពី​ប្រទេស​ឥណ្ឌា កាណាដា សហរដ្ឋ​អាមេរិក និង​ហុងកុង។ ក្រុម​យុវតី​កម្ពុជា​ជា​ក្រុម​តែ​មួយ​គត់​ពី​តំបន់​អាស៊ាន​ដែល​បាន​ជាប់​ចូល​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។

ដើម្បី​ចូល​រួម​ការ​ប្រកួត Technovation Challenge ឆ្នាំ​២០១៧​នេះ កុមារី​និង​យុវតី​ពី​អាយុ​១០ទៅ​១៨នៅ​ទូទាំង​ពិភពលោក ​រួម​ទាំង​កុមារី​ខ្មែរ​ទាំង​៥​នាក់​ផង បាន​ចូល​រួមកម្មវិធី​បណ្ដុះបណ្ដាល​រយៈពេល​១២​សប្ដាហ៍ ដោយ​ត្រូវ​រៀន​បច្ចេកទេស​សរសេរ​កូដ​និងសហគ្រិនភាព។

បេក្ខជន​ដែល​ចូល​រួម​ក្នុង​កម្មវិធី​នេះ ត្រូវ​បង្កើត​កម្មវិធី​ app សម្រាប់​ទូរស័ព្ទ​និង​ប្រើ​បច្ចេកវិទ្យា​ជា​មធ្យោបាយ​ ដើម្បី​ជួយដោះស្រាយបញ្ហា​សង្គម​ផ្សេងៗ​ ទាក់ទង​នឹង​បញ្ហាសុខភាព អប់រំ បរិស្ថាន​ និង​ភាព​ក្រីក្រ ដែល​បញ្ហា​ទាំង​នេះ​ស្ថិត​ក្នុង​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​របស់​អង្គការ​សហប្រជាជាតិ (UN Sustainable Development Goals - SDG’s)។

សម្រាប់​ក្រុម​កុមារី​ខ្មែរ​ទាំង​៥នាក់ ពួកគេ​បង្កើត​កម្មវិធី​លក់​ផលិតផល​ខ្មែរ​តាម​ទូរស័ព្ទ​ដៃ​ដែល​ហៅ​ថា​ Cambodia Identity Product។​

កញ្ញា ទេស ពុទ្ធិរ៉ា ​(ទី២​ពី​ឆ្វេង) គ្រូ​បង្វឹក​ផ្នែក​បច្ចេកទេស​ខាង​ការ​សរសេរ​កូដ​ដល់​កុមារី​ទាំង​៥​នាក់ ថត​រូប​ជាមួយ​ក្រុម​កុមារី​ដែល​បាន​បង្កើត​កម្មវិធី​សម្រាប់លក់​ផលិតផល​ខ្មែរ​តាម​ទូរស័ព្ទឈ្មោះ​ Cambodia Identity Product នៅ​សាលា Liger Learning Center។ (រូបថត​ផ្តល់​ឲ្យ​ដោយ Technovation Cambodia)

កញ្ញា ទេស ពុទ្ធិរ៉ា ជា​គ្រូ​បង្វឹក​ផ្នែក​បច្ចេកទេស​ខាង​ការ​សរសេរ​កូដ​ដល់​កុមារី​ទាំង​៥​នាក់​របស់​ក្រុម​កម្ពុជាហើយ​ស្ថិត​នៅ​ក្នុង​ចំណោមគ្រូ​បង្វឹក​ស្ម័គ្រ​ចិត្តសរុប​ជាង​២.០០០​នាក់​ដែល​ជួយ​ក្រុម​កុមារី​និង​យុវតី​ទាំង​១១.០០០​នាក់​ដែល​ចូល​រួម​ការ​ប្រកួត​ទូទាំង​ពិភពលោក។

កញ្ញា​ថ្លែង​បាន​ថ្លែង​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា ​ក្រោយ​ការ​ខំ​បង្វឹក​កុមារី​ទាំង​៥រាល់​ចុង​សប្តាហ៍ រយៈ​ពេល​១២​សប្ដាហ៍ កញ្ញា​និងគ្រប់​បុគ្គលិក​និង​អ្នក​ស្ម័គ្រ​ចិត្ត​នៃ​កម្មវិធី​ Technovation នៅ​កម្ពុជា ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពី​ក្រុម​កម្ពុជា បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។

កុមារី​ទាំង​៥​នាក់​ដែល​បាន​បង្កើត​កម្មវិធី​សម្រាប់លក់​ផលិតផល​ខ្មែរ​តាម​ទូរស័ព្ទឈ្មោះ​ Cambodia Identity Product កំពុងរៀន​នៅ​នៅ​សាលា Liger Learning Center។ (រូបថត​ផ្តល់​ឲ្យ​ដោយ Technovation Cambodia)

កញ្ញា ទេស ពុទ្ធិរ៉ា បញ្ជាក់ពី​អារម្មណ៍​ពេល​នោះ​ថា៖

«មិន​ថា​ខ្ញុំ​ មិន​ថា​គ្រូ​បង្វឹក​ផ្សេង​ទៀត​ទេ ​ថ្ងៃ​ដែល​ទទួល​លទ្ធផល ថ្ងៃ​ដែល​ចេញ​ results ហ្នឹង ម្នាក់ៗ​មាន​អារម្មណ៍​ថា ធ្វើ​ការ​អត់​ចូល​ទេ គឺ​សប្បាយ​ចិត្ត ហើយ​មាន​មោទនភាព​ចំពោះ​គាត់​មែន​ទែន​ ដែល​ឆ្នាំ​នេះ ក្នុង​ឆ្នាំ​២០១៧ នេះ Technovation Cambodia អាច​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រទៅ​កាន់​សហរដ្ឋ​អាមេរិក ទី​ក្រុង San Francisco ហ្នឹង។ អញ្ចឹង​ពួក​ខ្ញុំពិត​ជា​មាន​ក្តី​រំភើប ហើយ​និង​ក៏​រីករាយ​ខ្លាំងដែល​គិត​ថា​កូន​ខ្មែរ​យើង​ក៏​អាច​ធ្វើ​បាន​ ហើយ​ពួក​យើង​នឹង​ខំ​ប្រឹងប្រែងទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហ្នឹង​ឲ្យ​អស់​ពី​សមត្ថភាព។‍»

គ្រូ​បង្វឹកអាយុ​២៥ឆ្នាំ​រូប​នេះ​ និយាយ​ថា កត្តា​ដែល​កម្មវិធី Cambodia Identity Product នេះ​បាន​ជាប់ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​គឺ​ដោយ​សារ​កម្មវិធី​ app​ តាម​ទូរស័ព្ទ​ដៃ​នេះ ​អាច​ជួយ​បំបាត់​ភាព​ក្រី​ក្រ​នៅ​កម្ពុជា​និង​បង្ហាញ​ពី​គំនិត​ជួយ​សង្គម​តាំង​ពី​នៅ​ជា​កុមារី​ ហើយ​ម៉្យាង​ទៀត​កុមារី​ទាំង​៥​អាច​មាន​សមត្ថភាពបច្ចេកទេស​បង្កើត​ app នេះ​រួច​ផ្សព្វផ្សាយ​យ៉ាង​ប៉ិនប្រសព្វ​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស​យ៉ាង​មាន​ប្រសិទ្ធភាព។

ក្រុម​អ្នក​បង្កើត​កម្មវិធី app តាម​ទូរស័ព្ទ​ដែល​មាន​ឈ្មោះ​ថា «‍Cambodia Identity Product» ឬ CIP ដែល​ប្រែ​ថា «ផលិតផល​ខ្មែរ» នេះ លើកឡើង​ថា app​ នេះ មាន​គោល​ដៅ​ផ្សព្វផ្សាយ​ផលិតផល​និង​វប្បធម៌​ខ្មែរ​ទៅ​កាន់​ពិភពលោក ដោយ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក៏​ជួយ​ស្តា​សេដ្ឋកិច្ច​កម្ពុជា​តាម​រយៈ​ការលើក​តម្កើង​និង​អភិរក្ស​ផលិតផល​ក្នុង​ស្រុក​របស់​ខ្មែរ និង​ទាក់ទាញ​ក្រុមហ៊ុន​នានា​ឲ្យ​មក​បង្កើត​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កម្មវិធី​ app ដែល​មិន​ទាន់​ចេញជា​ផ្លូវការ​នៅ​ឡើយ​នេះ​ នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​លក់​និង​ទិញផលិតផល​ផ្ទាល់​ពី​អ្នក​ផលិត និង​ភ្ជាប់សិប្បករ​ទៅ​នឹង​ទី​ផ្សារ។

កុមារី​ទាំង៥​នាក់​នៃ​ក្រុម Cambodia Identity Product ​មានស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កោះកុង និង​ខេត្ត​តាកែវ ហើយ​សព្វ​ថ្ងៃ​ពួកគេ​គឺជា​សិស្ស​នៅ​សាលា​អង្គការ Liger Learning Centerដែលផ្ដល់​ការ​អប់រំ​ដល់​កុមារ​ពូកែៗ ប៉ុន្តែមក​ពី​គ្រួសារ​ដែល​មិន​មាន​លទ្ធភាព។

VOA មិន​ទាន់​អាច​ទាក់ទង​កុមារី​ទាំង​៥​បាន​នៅ​ឡើយនៅ​ក្នុង​សប្ដាហ៍​នេះ ដោយ​រង់​ចាំ​ការ​អនុញ្ញាត​ជា​ផ្លូវការ​ពី​សាលា Ligar ដើម្បី​អាច​សម្ភាសន៍​ក្រុម​កុមារី​ទាំង​នេះ។

កម្មវិធី​ Technovation នៅ​ក្នុង​ប្រទេសប្រទេស​កម្ពុជា​ ត្រូវ​បាន​រៀប​ចំ​ដោយ​អង្គការ​អភិវឌ្ឍ​ USAID តាម​រយៈ​គម្រោង Development Innovation ដោយ​មាន​ការ​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​អង្គការ​ហើយនិង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត។

កម្មវិធី​នេះ​បាន​ចាប់​ផ្ដើម​នៅកម្ពុជា​ដំបូង​នៅ​ឆ្នាំ​២០១៤ ហើយ​នៅ​ឆ្នាំ​២០១៦​មាន​គ្រូ​បង្វឹក​កម្ពុជា​ម្នាក់​បាន​ចូល​រួម​ដក​ពិសោធន៍​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ Silicon Valley ប៉ុន្តែ​មិន​មាន​ក្រុម​កុមារី​កម្ពុជា​បាន​ជាប់​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទេ។

លោកស្រី​ សុទ្ធី ហៃដ្ឋ​ ភរិយាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ លោក​ វីលៀម ហៃដ្ឋ ​ផ្តល់​បទសម្ភាសន៍​ជាមួយ​នឹង​ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពីថ្ងៃ​ពុធ ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

លោកស្រី សុទ្ធី ហៃដ្ឋ ភរិយា​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ ដែល​ធ្លាប់​ទៅ​ទស្សនា​កូន​សិស្ស​នៅសាលា Liger Learning Center នេះ​ថ្លែង​ថា ​លោកស្រី​មាន​ភាព​រីករាយ​ដែល​មាន​កុមារី​ខ្មែរ​ជាប់​ដល់​ការ​ប្រកួត​លំដាប់​ពិភពលោក។

លោកស្រី​ថ្លែង​ថា ការ​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ក្រុម​កុមារី​ខ្មែរ​ក្នុង​ការ​ប្រកួត​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដែល​តែង​ត្រូវ​ក្ដោបក្ដាប់​ដោយ​បុរស សូម្បីតែ​នៅ​សហរដ្ឋ​អាមេរិកដែល​ជា​ប្រទេស​ទំនើប​ក៏​ដោយ។​

ភរិយា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​រូប​នេះ​បញ្ជាប់​ប្រាប់ VOA ថា​៖

«កាល​ណា​មាន​ចំណង់​ចំណូល​ចិត្ត​តាំង​ពី​តូច គឺ​គាត់​ពូកែ​តាំង​ពី​តូច​អញ្ចឹង​ គឺ​អ្នក​ខ្លះ​គាត់​មាន​ដុង (ទេពកោសល្យ) ខាង​ហ្នឹង ដូច្នេះ​កុំ​ឲ្យ​គាត់​មាន​ការ​រាំង​ស្ទះ គឺ​ជំរុញ​ឲ្យ​គាត់​ទៅ​ជា​ជំនាញ​គាត់​ដែល​គាត់​ចេះ​ខ្លាំង​ ដែល​គាត់​ចេះ​ច្រើន​ ហើយ​គាត់​ពូកែ​រឿង​ហ្នឹង​ច្រើន​មិន​ចាញ់​ក្មេងៗ​នៅ​បរទេស​ទេ។‍»

ក្រុម​អ្នក​ឈ្នះ​ផ្ដាច់ព្រ័ត្រ Technovation World Pitch Summit ​នឹង​ទទួល​បាន​រង្វាន់​ជា​ទឹកប្រាក់​សរុប​១៤៥.០០០​ដុល្លារ។

កញ្ញា ទេស ពុទ្ធិរ៉ា ​គ្រូ​បង្វឹក​ផ្នែក​បច្ចេកទេស​ខាង​ការ​សរសេរ​កូដ​បណ្តុះបណ្តាល​ក្រុមកុមារី​ដែល​បាន​បង្កើត​កម្មវិធី​សម្រាប់លក់​ផលិតផល​ខ្មែរ​តាម​ទូរស័ព្ទឈ្មោះ​ Cambodia Identity Product នៅ​សាលា Ligar Learning Center។ (រូបថត​ផ្តល់​ឲ្យ​ដោយ Technovation Cambodia)

ក្នុង​នាម​ជា​គ្រូ​បង្វឹក​ដែល​នឹង​បន្ត​ជួយ​ដឹកនាំ​កុមារី​ទាំង​៥ មកចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅតំបន់ Silicon Valley ​នោះ កញ្ញា ទេស ពុទ្ធិរ៉ា ​មាន​សង្ឃឹម​ច្រើន​ថា ​កុមារី​ខ្មែរ​ដោយ​មាន​ការ​គាំទ្រ​ពី​គ្រូ​បង្វឹក​និង​សាធារណជន​ខ្មែរ​ទូទាំង​ប្រទេស ​អាច​ទទួល​ជោគ​ជ័យ​នៅ​ក្នុង​ការ​ប្រកួតចុងក្រោយ​នេះ​ទៀត។

ប៉ុន្តែ​ទោះ​បី​លទ្ធ​ផល​យ៉ាង​ណាក្តី កញ្ញា ទេស ពុទ្ធិរ៉ា ដែល​សព្វ​ថ្ងៃ​កំពុង​រៀន​បន្ត​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ព័ត៌មាន​វិទ្យា និង​ធ្វើ​ការ​ខាង​ក្រុមហ៊ុន startup ផង​នោះ មើល​ឃើញ​ថា ​កុមារី​ទាំង​៥​បាន​ក្លាយ​ជា​គំរូ​រួច​ទៅ​ហើយ​ដល់​ក្មេង​ស្រី​និង​ស្ត្រី​ខ្មែរ​ផ្សេង​ទៀតដែល​ស្រឡាញ់​វិស័យ​បច្ចេកវិទ្យា​នេះ៕