ពលករ​នេសាទ​ខ្មែរ ដែល​ត្រូវ​ក្រុម​ចោរ​សមុទ្រ​សូម៉ាលី ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង រំឭក​បទពិសោធន៍​ដ៏​គួរ​ឲ្យ​តក់ស្លុត

(ពីឆ្វេងទៅស្ដាំ) អតីតបុរសចំណាប់ខ្មាំងលោកនូ បូរី (២៦ឆ្នាំ) លោក គីន គឹមហេន (៣៣ឆ្នាំ) លោកអែម ភូមិមុន្នី (៣៣ឆ្នាំ) និងលោកញ៉ែម សុខសាន្ត (៣៧ឆ្នាំ) និយាយជាមួយមន្រ្តីរដ្ឋាភិបាល និងបុគ្គលិកអង្គការការីតាសកម្ពុជា បន្ទាប់ពី​សន្និសីទសារពត៌មាននៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ ពលរដ្ឋកម្ពុជាចំនួនបួននាក់ ស្ថិតក្នុង​ចំណោម​ពលករនេសាទទាំង២៩នាក់នៅលើកប៉ាល់តៃវ៉ាន់ FV Naham 3 ដែលដោតទង់ជាតិប្រទេសអូម៉ង់ ត្រូវក្រុមចោរសមុទ្រសូម៉ាលីចាប់ជំរិត នៅខែមីនា ឆ្នាំ ២០១២ នៅភាគខាងត្បូងប្រទេសសីស្សែល (Seychelles)នៃទ្វីបអាហ្វ្រិក។ (ឡេង ឡែន/VOA)

បុរស​ទាំង​បួន​នាក់​នេះ​ស្ថិត​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ចម្រុះ​ជាតិ​សាសន៍​ចំនួន​២៦នាក់ ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ឲ្យ​រួចផុត​ពី​ការ​ឃុំឃាំង​របស់​ក្រុម​ចោរ​សមុទ្រ​នៅ​ប្រទេស​សូម៉ាលី​កាល​ពី​ថ្ងៃ​ទី២២ ខែ​តុលា កន្លង​ទៅ​នេះ។

បុរស​កម្ពុជា​ចំនួន​បួន​នាក់​ដែល​ត្រូវ​បាន​ក្រុម​ចោរ​សមុទ្រ​សូម៉ាលី​ចាប់​ធ្វើជា​ចំណាប់ខ្មាំង​អស់​រយៈពេល​ជិត​ប្រាំ​ឆ្នាំ​ បាន​រៀបរាប់​ពី​បទពិសោធន៍​ដ៏​គួរ​ឲ្យ​រន្ធត់ ដែល​ពួកគេ​បាន​ជួប​ប្រទះ​ ក្រោយ​ពី​ពួកគេ បាន​វិល​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៣០​នេះ។

បុរស​ទាំង​បួន​នាក់​នេះ​ស្ថិត​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ចម្រុះ​ជាតិ​សាសន៍​ចំនួន​២៦នាក់ ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ឲ្យ​រួចផុត​ពី​ការ​ឃុំឃាំង​របស់​ក្រុម​ចោរ​សមុទ្រ​នៅ​ប្រទេស​សូម៉ាលី​កាល​ពី​ថ្ងៃ​ទី២២ ខែ​តុលា កន្លង​ទៅ​នេះ។

ថ្លែង​ក្រោយ​ពីបញ្ចប់​សន្និសីទ​សារព័ត៌មាន​មួយនៅ​អង្គការ​ការីតាស​កម្ពុជា កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​១ ខែ​វិច្ឆិកា​ បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​កម្ពុជា​ទាំង​បួន​នាក់​នោះ​ គឺ​លោកនូ បុរី​ មាន​វ័យ​២៦ ឆ្នាំមាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់​ចាម បាន​ប្រាប់ VOA ថារូប​លោក​ត្រូវ​ក្រុម​ចោរ​សមុទ្រ​បាញ់​ត្រូវ​ចំ​ជើង​នៅ​លើ​កប៉ាល់ ដែល​ជា​រឿង​អកុសល​មួយ​ក្នុង​ចំណោម​រឿង​ផ្សេង​ទៀត​ដែល​លោក​ជួប​ប្រទះ។

លោក នូ បូរី (២៦ឆ្នាំ) ) និយាយ​ទៅ​កាន់​អ្នកសារព័ត៌មាន​អំពី​ការចាប់ជំរិត​ដោយ​ក្រុម​ចោរ​សមុទ្រ​សូម៉ាលី នៅ​ថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ​រាជធានី​ភ្នំពេញ។ពលរដ្ឋ​កម្ពុជា​ចំនួន​បួន​នាក់​ជា​ពលករ​នេសាទ​ទាំង២៩នាក់​នៅ​លើ​កប៉ាល់​តៃវ៉ាន់ FV Naham 3 ដែល​ដោតទង់​ជាតិ​ប្រទេស​អូម៉ង់ ត្រូវ​ក្រុម​ចោរ​សមុទ្រ​សូម៉ាលី​ចាប់​ជំរិត នៅ​ខែមីនា ឆ្នាំ ២០១២ នៅ​ភាគខាងត្បូង​ប្រទេស​សីស្សែល (Seychelles) នៃ​ទ្វីប​អាហ្វ្រិក។ (ឡេង ឡែន/VOA)

លោក នូ បុរី​ ​រៀបរាប់​បណ្ដើរ​ជូត​ទឹក​ភ្នែក​រលីង​រលោង​បណ្ដើរ​ថា៖

«ពី​ដំបូង​វា​ប្រាប់​ខ្ញុំ​ឲ្យ​ដាំ​បាយ តែ​ខ្ញុំ​ថា​ខ្ញុំ​អត់​ទៅ​ទេ ខ្ញុំ​អត់​សូវ​ស្រួល​ខ្លួន។ អត់​ដាំ​ទេ។ រួច​ទៅ​វា​ដើរ​ចេញ ដល់​ដើរ​ចេញ​ ខ្ញុំ​សុំ​វា​ទៅ​បត់​ជើង​តូច។​ ខ្ញុំ​សុំ​វា​ទៅ​បត់​ជើង​តូច​ វា​ថា​អត់​ឲ្យ​ទៅ​ទេ។ ដល់​ពេល​ខ្ញុំ​ត​មាត់​វា​ពីរ​បី​ម៉ាត់ វា​ក៏​បេះ​សោ​បាញ់​ខ្ញុំ​ទៅ»។

ពលរដ្ឋ​កម្ពុជា​ទាំង​បួន​នាក់​ក្នុង​ចំណោម​បុរស​ជនជាតិ​អាស៊ី​ទាំង​២៦​នាក់ បាន​ទៅ​ធ្វើ​ជា​ពលករ​នេសាទ​នៅ​ប្រទេស​អាហ្រិក​ខាង​ត្បូង​តាំង​ពី​ឆ្នាំ​២០១០ ហើយ​ត្រូវ​បាន​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង​ ខណៈ​ពេល​ដែល​ពួកគេកំពុង​នេសាទ​ក្នុង​សមុទ្រ​នៅ​ប្រទេស​សីស្ហែល (Seychelles)នៃ​ទ្វីប​អាហ្វ្រិក តាំង​ពី​ខែ​មិនា ​ឆ្នាំ​២០១២។

មាន​រាង​កាយ​ស្គម​ស្គាំង ស្បែក​ស្លេក​ស្លាំង ​លោក ​គីន គឹមហេន​ វ័យ​៣៣​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ក្រចេះ​ ប្រាប់​ថា​ រូប​លោក​ឈឺ​រាគ​ជា​ទម្ងន់​នៅ​ពេល​ស្ថិត​នៅ​ជាមួយ​ក្រុម​ចោរ​សមុទ្រ​សូម៉ាលី​ទាំង​នោះ។

លោក​ថា​ចំណាប់​ខ្មាំង​ទាំង​២៦​នាក់​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយសារ​ខ្វះ​ចំណី​អាហារ ខ្លះ​មាន​ជំងឺ​អាសន្ន​រោគ​ ហើយ​ខ្លះទៀត ស្លាប់​មួយ​ចំហៀង​ខ្លួន។

លោក គីន គឹមហេន (៣៣ឆ្នាំ) និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​អំពី​ការចាប់ជំរិត​ដោយ​ក្រុមចោរ​សមុទ្រ​សូម៉ាលី នៅ​ថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ​រាជធានី​ភ្នំពេញ។ពលរដ្ឋ​កម្ពុជា​ចំនួន​បួននាក់​ជា​ពលករ​នេសាទ​ទាំង២៩នាក់​នៅ​លើ​កប៉ាល់​តៃវ៉ាន់ FV Naham 3 ដែល​ដោត​ទង់ជាតិ​ប្រទេស​អូម៉ង់ ត្រូវ​ក្រុមចោរ​សមុទ្រ​សូម៉ាលី​ចាប់​ជំរិត នៅ​ខែមីនា ឆ្នាំ ២០១២ នៅ​ភាគខាងត្បូង​ប្រទេស​សីស្សែល​ (Seychelles) នៃ​ទ្វីប​អាហ្វ្រិក។ (ឡេង ឡែន/VOA)

លោក​ គីន គឹមហេន មាន​ប្រសាសន៍​បណ្ដើរ​ស្រក់​ទឹក​ភ្នែក​បណ្ដើរ៖

«ឃ្លាន​អញ្ចឹង! ដល់​ពេល​ឃ្លាន​ ស្អី​ក៏​ចាប់​ហូប​ដែរ។ ដល់​ពេល​ជិត​មក​ដល់​ខ្ញុំ​មាន​ជំងឺ​រាគ​រួស។ រាតត្បាត​ អូហ៌(ពុទ្ធោ!)​ វេទនា​ណាស់! គេ​ឲ្យ​ហូប​បាយ​ជាមួយ​ស្ករ​អញ្ចឹង​មាន​កម្លាំង​មក​ពី​ណា។ ដល់​ពេល​រាគ​មួយយប់​ទល់​ភ្លឺ មួយ​ថ្ងៃ​ទល់​ល្ងាច នៅ​សល់​តែ​ស្បែក​និង​ឆ្អឹង។»

លោក ​គឹម​ហេន ដែល​ធ្វើ​ជា​កសិករ​មុន​ពេល​លោក​ធ្វើ​ចំណាក​ស្រុក បានប្ដេជ្ញា​ថា​ លោក​នឹង​មិនទៅ​ធ្វើ​ការ​នៅ​ក្រៅ​ស្រុក​ទៀត​ទេ។

«ខ្ញុំ​អត់​ទៅ​វិញ​ទេ!! ខ្ញុំ​សុខ​ចិត្ត​ងាប់​នៅ​ប្រទេស​ខ្មែរ​ចុះ ។ អត់​មាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​គេ​ទៀត​ទេ។ ខ្ញុំ​ស្បថ ខ្ញុំ​រាង​ហើយ។ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​គេ​ វេទនា​ណាស់។​ អត់​បាន​លុយ​ហើយ ជិត​បាត់​បង់​ជីវិត​ទៀត។»

​ក្រុម​ The Hostage ​Support ​Partners ​ជា​អង្គការ​ដែល​បាន​ជួយ​រំដោះ​ចំណាប់​ខ្មាំង​ទាំង​នេះ បាន​ប្រកាសនា​ពេល​ថ្មីៗ​នេះ​ថា​ ខ្លួន​បាន​រំដោះ​ចំណាប់​ខ្មាំង​ចំនួន​២៦ដែល​នៅ​រស់រាន​មាន​ជីវិត​ ដែល​មកពី​ប្រទេស​វៀតណាម​ ឥណ្ឌូណេស៊ី​ ប្រទេស​ហ្វីលីពីន​ ប្រទេស​ចិន ​ដែន​កោះ​តៃវ៉ាន់ និង​កម្ពុជា​ផង​ដែរ។

នាវា​នេសាទ FV Naham 3 ​ដែល​ជា​កម្មសិទ្ធិ​របស់​ដែន​កោះ​តៃវ៉ាន់​ ប៉ុន្តែ​ដោត​ទង់​ជាតិ​ប្រទេស​អូម៉ង់​ (Oman) ​ផ្ទុក​អ្នក​នេសាទ​សមុទ្រ​ចំនួន​២៩​នាក់ នៅ​ពេល​នាវា​នោះ ត្រូវ​លិច​លង់​ បន្ទាប់​ពី​ក្រុម​ចោរ​សមុទ្រ​ចាប់​ចំណាប់​ខ្មាំង​ទាំង​អស់​នៅ​លើ​នាវា​នោះ​រួច​មក។

មនុស្ស​បី​នាក់​ក្នុងចំណោម​មនុស្ស​ទាំង​២៩​នាក់​នោះ បាន​ឈឺ​ស្លាប់​ដោយសារ​ថប់​ដង្ហើម​និង​ត្រូវ​ក្រុម​ចោរ​សមុទ្រ​បាញ់​សម្លាប់។ នេះ​បើ​យោង​ទៅ​តាម​សេចក្ដី​ថ្លែង​ការណ៍​ចេញ​ដោយ​អង្គការ​ខាង​លើ។

ក្រុម​ចំណាប់ខ្មាំង​ចំនួន​២៩​នាក់​នោះ​ ​ត្រូវ​បាន​ក្រុម​ចោរ​សមុទ្រ​នៅ​សូម៉ាលី​ចាប់​ជំរិត​កាលពី​ថ្ងៃ​ទី​២៦ ខែ​មិនា ​ឆ្នាំ ២០១២​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​សីស្ហែល (Seychelles)នៃ​ទ្វីប​អាហ្វ្រិក ខណៈ​ដែល​ពួកគេ​កំពុង​នេសាទ​ត្រី​សមុទ្រ​ធុនណា (Tuna)។​

លោក​ John Steed ប្រធាន​ក្រុម​ the Hostage Support Partners និង​ជាអតីត​ឧត្ដមសេនីយ៍​នៃ​ទ័ព​ជើង​ទឹក​ចក្រ​ភព​អង់គ្លេស ប្រាប់​ថា​ក្រុម​លោក​បាន​ចំណាយ​ពេល​ប្រមាណ​ចំនួន​១៨​ខែ​ ដើម្បី​ចរចា​ជាមួយ​មេដឹកនាំ​សាសនា​ ក្រុម​តំណាង​សហគមន៍​ និង​ជា​ពិសេស​ជាមួយ​ក្រុម​ចោរសមុទ្រ​សូម៉ាលី​ ក្នុង​ការ​រំដោះ​បុរស​នេសាទ​ជនជាតិ​អាស៊ី​ទាំង​២៦​នាក់​នេះ។​ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​នៅ​លើ​គេហទំព័រ​ Oceans ​Beyond ​Piracy (OBP) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២២ ខែ​តុលា​កន្លង​ទៅ​នេះ។​

លោក​ស្រី ​ជូ​ ប៊ុន​អេង​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ដដែល​ថា​ នេះ​គឺ​ជា​ករណី​លើក​ដំបូង​ដែល​មាន​ពលរដ្ឋ​កម្ពុជា​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង​ខណៈ​ពេល​ធ្វើ​ពលករ​នៅ​ក្រៅ​ប្រទេស។

លោកស្រី​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ធ្វើការ​ស៊ើប​អង្កេត​បន្ថែម​លើ​ភាគី​ដែល​ជា​មេខ្យល់​ឬ​ក្រុម​ហ៊ុនពាក់ព័ន្ធ​នឹង​ករណី​នេះ​ហើយ៕