ស្ថានទូតកម្ពុជាអំពាវនាវដល់និស្សិតខ្មែរដែលកំពុងតែសិក្សានៅសហរដ្ឋអាមេរិក ឱ្យមកទាក់ទងដើម្បីជួយសម្រួល បើសិនជាពួកគេជួបការលំបាកក្នុងការរៀបចំដំណើរវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ក្នុងគ្រាដែលមានការឆ្លងរាលដាលយ៉ាងលឿននៃជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក។
សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ថា ចំណាត់ការនេះគឺដើម្បីគិតគូរដល់សុវត្ថិភាពជាចម្បងរបស់និស្សិតទាំងនោះ ដោយសារតែ«កន្លងមក ទាំងសាលា ក៏ដូចជា Sponsorមួយចំនួនបានសម្រេចបញ្ចប់វគ្គ/កម្មវិធីសិក្សា និងតម្រូវឱ្យសិស្ស-និស្សិតបរទេសត្រឡប់ទៅប្រទេសខ្លួនវិញឱ្យបានឆាប់បំផុត ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ ដល់សិស្ស-និស្សិតទាំងនោះ ក៏ដូចជាដើម្បីជៀសវាងករណីការឃុំខ្លួននៅមួយកន្លែង ការរឹតត្បិតសេរីភាពដើរហើរ ឬការបិទជើងយន្តហោះជាដើម»។
លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់វីអូអេនៅថ្ងៃច័ន្ទថា សេចក្តីជូនដំណឹងនេះមិនមែនជាការអំពាវនាវឱ្យនិស្សិតខ្មែរវិលត្រឡប់ទៅវិញទេ គឺស្ថានទូតគ្រាន់តែជួយសម្រួលដល់និស្សិតណា ដែលជួបប្រទះការលំបាក ពេលព្យាយាមវិលត្រឡប់ទៅវិញប៉ុណ្ណោះ ដោយសារតែមានក្រុមហ៊ុនយន្តហោះខ្លះបានផ្អាកការហោះហើរ។ ទន្ទឹមនឹងនោះ ក៏មានប្រទេសមួយចំនួនបានបិទមិនឱ្យយន្តហោះចូលផងដែរ។ ដូច្នេះ ស្ថានទូតនឹងខិតខំស្វែងរកជើងយន្តហោះណា ដែលអាចនឹងជួយដឹកនិស្សិតទាំងនោះត្រឡប់ទៅប្រទេសវិញបាន។
ស្ថានឯកអគ្គរាជទូតក៏បានអំពាវនាវដល់សិស្សនិស្សិតកម្ពុជា ដែលមានបំណងបន្តការស្នាក់នៅ ឬមិនអាចធ្វើដំណើរបាន ដោយសារតែហេតុផលផ្សេងៗឱ្យមានការប្រុងប្រយ័ត្ន ការពារខ្លួន និងជៀសវាងការជួបជុំគ្នា និងការចេញទៅក្រៅ ហើយឱ្យគោរពតាមបទបញ្ជា និងគោលការណ៍ណែនាំតាមរដ្ឋនីមួយៗដែលពួកគេស្នាក់នៅ។ ប៉ុន្តែ ស្ថានទូតមិនបានបញ្ជាក់ថា តើមាននិស្សិតប៉ុន្មាននាក់ នៅបន្តស្នាក់នៅទេ។
ពលរដ្ឋអាមេរិកាំងជាង ១០០លាននាក់ នៅតាមរដ្ឋធំៗជាច្រើន ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីលំនៅដ្ឋាន ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា។ ក្នុងចំណោមនោះ មានរដ្ឋញូវយ៉ក (New York) កាលីហ្វ័រញ៉ា (California) អូហៃយោ (Ohio) និងញ៉ីវជឺស៊ី (New Jersey)។
រហូតមកដល់ល្ងាចថ្ងៃច័ន្ទ មានសិស្សនិងនិស្សិតចំនួន១២នាក់ ដែលមានស្រី ៦នាក់ និងប្រុស ៦នាក់ បានទាក់ទងស្ថានទូត ដើម្បីជួយសម្រួលដំណើរវិលត្រឡប់។ ពួកគេនឹងចាកចេញពីសហរដ្ឋអាមេរិក ហើយវិលទៅកម្ពុជាវិញតាមជើងយន្តហោះផ្សេងៗគ្នា គឺចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី២ ខែមេសា។ នេះបើតាមការបញ្ជាក់តាមហ្វេសប៊ុករបស់ស្ថានទូត។
សិស្សនិងនិស្សិតទាំងនោះកំពុងសិក្សានៅតាមគ្រឹះស្ថានអប់រំជាច្រើនរបស់សហរដ្ឋអាមេរិក ដូចជានៅរដ្ឋអ៊ីលីណយ (Illinois) រដ្ឋថិនណេស៊ី (Tennessee) និងរដ្ឋផិនស៊ីលវេនៀ (Pennsylvania) ជាដើម។
សហរដ្ឋអាមេរិកមានអ្នកឆ្លងវីរុសកូរ៉ូណា សរុបចំនួនជាង ៤៦.០០០នាក់ នៅគ្រប់រដ្ឋទាំងអស់ បើគិតត្រឹមថ្ងៃអង្គារ និងមានអ្នកស្លាប់ជិត ៦០០នាក់។ ក្នុងខណៈពេលដែលនៅទូទាំងពិភពលោកមានអ្នកឆ្លងជិត ៤០០.០០០នាក់ និងស្លាប់ជាង១៧.០០០នាក់ ដែលភាគច្រើននៅប្រទេសអ៊ីតាលី ចិន និងអេស្ប៉ាញ។ នេះបើតាមតួលេខដែលប្រមូលដោយសាកលវិទ្យាល័យសុខាភិបាល Johns Hopkins។
រដ្ឋាភិបាលកម្ពុជាបានហាមឃាត់ពលរដ្ឋដែលមកពីប្រទេសមួយចំនួន ក្នុងនោះមានសហរដ្ឋអាមេរិក បារំាង អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ និងវៀតណាមជាដើម ប៉ុន្តែមិនបានហាមឃាត់អ្នកមកពីប្រទេសចិន ដែលជាប្រភពដើមនៃវីរុសនេះទេ ហើយបានស្នើឱ្យអ្នកដែលធ្វើដំណើរមកពីក្រៅប្រទេស ត្រូវនៅដោយឡែកពីគេចំនួនពីរសប្តាហ៍។
ប្រទេសកម្ពុជាមានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៨៧នាក់ ក្នុងនោះមានពលរដ្ឋកម្ពុជាចំនួន ៣៥នាក់៕