ការប្រារព្ធខួបលើកទី៣០នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅឆ្នាំនេះបានរៀបចំធ្វើឡើងដោយសមាគមខ្មែរគណបក្សប្រឆាំងនៅក្រៅប្រទេសនៅទូទាំងពិភពលោកដោយភាគច្រើនធ្វើទៅតាមអនឡាញដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១បានបញ្ចប់នូវការកាប់សម្លាប់គ្នារវាងខ្មែរនិងខ្មែរអស់រយៈពេលជិត២ទសវត្សរ៍ដែលបានចាប់ផ្តើមដោយមានរបបវាលពិឃាតខ្មែរក្រហមដែលបានចូលកាន់អំណាចនៅក្នុងឆ្នាំខែមេសាឆ្នាំ១៩៧៥។
របបប្រល័យពូជសាសន៍ខ្មែរក្រហមបានកាប់សម្លាប់ពលរដ្ឋកម្ពុជារហូតដល់ជិត២លាននាក់ តាមរយៈការធ្វើឃាតការបង្អត់អាហារនិងធ្វើពលកម្មហួសកម្លាំងមុនការចូលឈ្លានពានរបស់វៀតណាមដែលបានផ្តួលរំលំរបបខ្មែរក្រហមកុម្មុយនីស្តហើយបានធ្វើឲ្យមានសង្គ្រាមស៊ីវិលមួយកើតឡើង។
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសបានត្រួសត្រាយផ្លូវឲ្យមានការបោះឆ្នោតតាមបែបលទ្ធិ ប្រជាធិបតេយ្យលើកដំបូងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៩៣ហើយនាំទៅដល់ការបញ្ចប់ប្រកបដោយប្រសិទ្ធភាពនូវសង្គ្រាមត្រជាក់ក្នុងតំបន់អាស៊ីផងដែរ។
ជំនួយពីប្រទេសលោកខាងលិចចាប់ផ្តើមហូរចូលប្រទេសកម្ពុជាហើយកម្ពុជាត្រូវបានគេប្រកាសថាជាប្រទេសក្មេងមួយក្រោយអន្តរកាលនៃជម្លោះឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យមួយ។
កាលពីថ្ងៃទី២៣ខែតុលាកន្លងទៅនេះអង្គការ Khmer Network បានរៀបចំពិធីតាម អនឡាញមួយដែលរំលឹកពីប្រវត្តិនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះ។ វាគ្មិនទាំងនោះ ភាគច្រើនជាវេជ្ជបណ្ឌិតទន្តពេទ្យនិងបញ្ញាវន្តខ្មែរដែលរស់នៅក្នុងសហរដ្ឋអាមេរិកនិងនៅប្រទេសបារាំង។ អង្គការនោះក៏បានបង្កើតគណៈកម្មការស៊ើបអង្កេតសម្រាប់កម្ពុជាឬ Commission of Inquiry for Cambodia ដែលបានប្រមូលចងក្រងអំពីការរំលោភសិទ្ធិមនុស្ស ការរំលាយលទ្ធិប្រជាធិបតេយ្យការចាប់ឃុំឃាំងនិងការសម្លាប់សមាជិកគណបក្សប្រឆាំងនិងសកម្មជនសិទ្ធិមនុស្ស។
ទន្តពេទ្យចូលនិវត្តន៍លោកស្រី Nicole Ung បានមានប្រសាសន៍ថា គោលបំណងនៃការបង្កើតគណៈកម្មការស៊ើបអង្កេតនេះឡើងក៏ដើម្បីធ្វើការទាក់ទាញពីសំណាក់អន្តរជាតិឲ្យចាប់អារម្មណ៍និងយកចិត្តទុកដាក់ពីការអនុវត្តនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសពីរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកស្រីបានថ្លែងថា៖ «ចំពោះគណៈកម្មការស៊ើបអង្កេតសម្រាប់កម្ពុជាមានភារកិច្ចស្តាប់សាកសួរនិងប្រមូលអង្គហេតុទាំងអស់ទាក់ទងនឹងការអនុវត្តនិងការរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១និងសន្ធិសញ្ញាអន្តរជាតិដទៃទៀតដែលកម្ពុជាបានចុះហត្ថលេខា»។
នៅខែវិច្ឆិកាឆ្នាំ២០១៧ តុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជាក្រោមការចោទប្រកាន់ថាមានគោលបំណងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
ចាប់តាំងពីការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៨មកគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានកាន់កាប់អាសនៈទាំងអស់នៅក្នុងសភា។ ពួកអាជ្ញាធរបានចាប់ខ្លួនអតីតសមាជិកគណបក្សប្រឆាំងនិងអ្នកធ្វើយុទ្ធនាការដើម្បីសិទ្ធិមនុស្ស។
ពួកសកម្មជនគណបក្សសង្គ្រោះជាតិជាង១៥០នាក់ប្រឈមនឹងការកាត់ទោសលើបទចោទប្រកាន់ពាក់ព័ន្ធនឹងសកម្មភាពញុះញង់និងការក្បត់ជាតិ។លោកកឹម សុខាដែលជាមេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់កំពុងប្រឈមការកាត់ទោសពីការក្បត់ជាតិដែរ។
លោក Garet Evans អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនិងជាស្ថាបនិកកិច្ចព្រមព្រៀងនោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានចុះផ្សាយកាលពីថ្ងៃទី២០ខែតុលានេះថា៖ «យើងបានធ្វើការងារនេះយ៉ាងល្អអំពីការធ្វើឲ្យមានសន្តិភាពប៉ុន្តែបានបរាជ័យអំពីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស»។
លោក Evans បានថ្លែងបន្តទៀតថាវាជាកំហុសមួយដែលបានយល់ព្រមទៅតាមការទាមទាររបស់លោកហ៊ុន សែន ក្នុងការចែករំលែកអំណាចក្រោយការបោះឆ្នោតឆ្នាំ១៩៩៣នោះបន្ទាប់ពីលោកហ៊ុន សែនបានចាញ់ឆ្នោត។
ការកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចអស់រយៈពេលជិត៤០ឆ្នាំកន្លងទៅនេះបានដឹកនាំការបង្ក្រាបទៅលើក្រុមប្រឆាំងឥតឈប់ឈរ។
ព័ត៌មានទាក់ទង៖ សកម្មជនខ្មែរអាមេរិកាំងប្រារព្ធខួបទី៣០នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសដោយបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោនលោក ឡុង បូតា ជាសមាជិកជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិនិងជាវាគ្មិននៅក្នុងការពិភាក្សានោះដែរបានសម្តែងនូវការមិនពេញចិត្តចំពោះការបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៩៣នៅក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិមក។ លោក បានថ្លែងថា គណបក្សទាំងអស់បានរងការបំភិតបំភ័យពីគណបក្សកាន់អំណាចហើយដែលនៅទីបំផុតគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនារបស់លោកតាសឺន សាននិងគណបក្សហ៊្វុនស៊ីនប៉ិចបានត្រូវកម្ទេច។
លោក បានថ្លែងថា៖ «ថ្វីបើយើងមានការវិវត្តអំពីរឿងការបោះឆ្នោតក្រោមអង្គការសហប្រជាជាតិអ៊ុនតាក់នៅឆ្នាំ ១៩៩៣ដែលខ្ញុំហើយនឹងភរិយាខ្ញុំបានចូលរួមជាបេក្ខភាពដែរនោះ វាមិនមានការត្រឹមត្រូវ។ពួកកុម្មុយនីស្តបានបំផ្លាញទាំងអស់គណបក្សសេរីនិយមនោះ»។
លោក អេង ហ៊ន អតីតវេជ្ជបណ្ឌិតខ្មែរដែលចូលនិវត្តន៍រស់នៅក្នុងប្រទេសបារាំងបានជំរុញលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរឲ្យសិក្សានិងស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួននិងខិតខំរៀន សូត្រដើម្បីជួយកសាងប្រទេសរបស់ខ្លួន។ លោកបានថ្លែងថា យុវជនខ្មែរត្រូវតែសិក្សាពីប្រវត្តិសាស្ត្រជៀសវាងពីការបោកប្រាស់និងការបំភ្លៃប្រវត្តិសាស្ត្រពីប្រទេសជិតខាងរបស់ខ្លួនហើយនឹងប្រកាន់ខ្ជាប់និងគោរពសន្ធិសញ្ញាអន្តរជាតិដូចជាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ លោកបានទាមទារឲ្យលុបចោលសន្ធិសញ្ញាទ្វេភាគីរវាងកម្ពុជានិងវៀតណាមដែលបានធ្វើឡើងមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ។
លោកបានថ្លែងថា៖ «ក្រោមការកាប់សម្លាប់នៃបនខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៥និងក្រោមលេសជួយរំដោះដើម្បីឆ្លៀតឱកាសចូលឈ្លានពានកម្ពុជាពីសំណាក់ប្រទេសវៀតណាមអង្គការសហប្រជាជាតិ បានសម្រេចនូវផែនការបង្រួបបង្រួមជាតិមួយនៅថ្ងៃទី២៣ ខែតុលា ១៩៩១ ដែលហៅថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលមានប្រទេស១៩ជាហត្ថលេខីទទួលស្គាល់ រួមទាំងកម្ពុជាផងដែរ។ កិច្ចព្រមព្រៀងនេះអមដោយរដ្ឋធម្មនុញ្ញតាមបែបប្រជាធិបតេយ្យថ្មីមួយ មានគោលបំណងកសាងកម្ពុជាដែលរងគ្រោះបំផ្លាញកន្លងមកឲ្យក្លាយជាប្រទេសពេញសិទ្ធិឡើងវិញធានានូវអធិបតេយ្យភាពឯករាជ្យភាពបូរណភាពទឹកដីនិងឯកភាពនៃកម្ពុជា»។
ស្របពេលជាមួយគ្នានោះដែរ សមាគមខ្មែរនៅក្នុងប្រទេសអូស្ត្រាលីក៏បានរៀបចំពិធីដើម្បីរំឭកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរដោយមានការចូលរួមពីអតីតរដ្ឋមន្ត្រីការ បរទេសអូស្រ្តាលីលោក Gareth Evans ដែលជាស្ថាបនិកម្នាក់នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះ។
អង្គការសិទ្ធិមនុស្សទាំងនៅក្នុងស្រុកនិងអន្តរជាតិ បានសម្តែងនូវការខកចិត្តចំពោះបញ្ហាសិទ្ធិ មនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ដោយឡែក អង្គការសិទ្ធិមនុស្ស Human Rights Watchដែលមានទីតាំងនៅក្នុងសហរដ្ឋអាមេរិកបានរាយការណ៍ថានៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូម្បីតែលទ្ធិប្រជាធិតេយ្យនិងសិទ្ធិមនុស្សបន្តិចបន្តួចបានដួលរលំក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
បើតាមអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានរាយការណ៍ថាគេឃើញមានការបង្ក្រាបកាន់តែខ្លាំងឡើងក្នុងអំឡុងនៃការរាត្បាតជំងឺកូវីដ១៩នេះដោយមានមនុស្សជាង១០០នាក់បានត្រូវចាប់ខ្លួននិងចោទប្រកាន់ថារំលោភច្បាប់កូវីដ។ គណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានព្រមានថាអ្នកទាំងនោះមិនបានទទួលការកាត់ទោសឲ្យបានត្រឹមត្រូវទេ៕
កំណត់និពន្ធ៖ ប្រិយមិត្តអាចចូលអាននិងទស្សនាព័ត៌មានទាក់ទងនានាបន្ថែមទៀតនៅក្នុងទំព័រសេចក្តីរាយការណ៍ពិសេសរបស់វីអូអេក្រោមចំណងជើង «ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ អ្នកបន្តមរតក» ត្រង់នេះ៖ https://khmer.voanews.com/cambodiappa30។