វត្ថុ​បុរាណ​ចំនួន​២៨​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​ក្រោយ​កាន់​កាប់​ដោយ​អ្នក​ជំនាញ​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​លួច​វត្ថុ​បុរាណ​ខ្មែរ​

រូបថតផ្គុំបង្ហាញវត្ថុបុរាណចំនួន ២ ក្នុងចំណោមវត្ថុបុរាណសរុប ៣៥ រូប នឹងត្រូវប្រគល់ឲ្យប្រទេសកម្ពុជាវិញ នេះបើយោងតាមក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។ (Facebook/U.S. Embassy in Cambodia)

វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​នៃ​សម្បត្តិ​វប្បធម៌​ខ្មែរ​ចំនួន​២៨​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​ក្នុង​ឆ្នាំ​២០២២​នេះ​តាម​រយៈ​អនុស្សរណៈ​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​អាមេរិក​ដែល​បាន​រឹប​អូស​ពី​អ្នក​កាន់​កាប់​និង​ជួញ​ដូរ​វត្ថុ​បុរាណ​នៅ​សហរដ្ឋ​អាមេរិក។​ នេះ​បើ​យោង​តាម​ក្រសួង​វប្បធម៌​កម្ពុជា។​

វត្ថុ​បុរាណ​ប្រមាណ​ជិត​៣០​នេះ​ស្ថិត​ក្នុង​ចំណោម​វត្ថុ​បុរាណ​ជាង​១០០​ដែល​មាន​អាយុ​កាល​រាប់​សតវត្សរ៍​ហើយ​កាល​ពី​កន្លង​ទៅ​ត្រូវ​បាន​ឯក​ភាព​ដោយ​កូនស្រី​របស់​អ្នក​ជំនាញ​វត្ថុ​បុរាណ​ម្នាក់​គឺ​លោក​ Douglas Latchford។​ ការ​សម្រេច​ប្រគល់​មក​កម្ពុជា​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​ចរចា​ជាង​៣​ឆ្នាំ​ជាមួយ​កូនស្រី​របស់​លោក​ Douglas Latchford ​ ដែល​បាន​គ្រប់​គ្រង​វត្ថុ​បុរាណ​ទាំង​នោះ ក្រោយ​ឪពុក​បាន​ស្លាប់​កាល​ពី​ខែ​សីហា​ឆ្នាំ​២០២០។​

ការ​ទាមទារ​នេះ​បាន​ឆ្លង​កាត់​ដំណើរ​ការ​ក្តី​នៅ​តុលាការ​តាម​រយៈ​ការិយាល័យ​រដ្ឋអាជ្ញាសហរដ្ឋ​អាមេរិក​ប្រចាំ​សង្កាត់​ភាគ​ខាង​ត្បូង​នៃ​រដ្ឋ New York ​និង​ការិយាល័​យ​ស៊ើប​អង្កេត​សន្តិ​សុខ​មាតុ​ភូមិ​សហ​រដ្ឋ​អាជ្ញា​សហ​រដ្ឋ​អាមេរិក​ដែល​បាន​រឹប​អូស​ពី​បុគ្គល​ដែល​បាន​កាន់​កាប់​បដិមា​បុរាណ​ទាំង​អស់​នោះ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នៅ​ថ្ងៃទី​១២​ខែ​មករា។

វត្ថុ​បុរាណ​ទាំង​២៨​នោះ​រួម​មាន​រូប​ចម្លាក់​ព្រះ​គណេស ព្រះ​ពុទ្ធ​បដិមា​សត​វត្សរ៍ទី​៧-៨​គ.ស.​ធ្វើ​អំពី​ថ្ម​ភក់​បដិមា​ព្រះ​វិស្ណុ​សត​វត្សរ៍​ទី​១០​គ.ស.​ ធ្វើ​ពី​ថ្មភក់​និង​បដិមា​ព្រះ​នាង​លក្ស្មី​សត​វត្សរ៍​ទី១០​គ.ស.​ធ្វើ​ពី​សំរឹទ្ធ។​

ក្រសួង​វប្បធម៌​ឲ្យ​ដឹង​ថា​រូប​ចម្លាក់​ទាំង​អស់​នេះ​ត្រូវ​បាន​លួច​យក​ចេញ​ទៅ​ពី​ប្រាសាទ​អស់​រយៈ​ពេល​ប្រមាណ​ពីរ​ទស​វត្សរ៍​ឬ​អំឡុង​២០​ឆ្នាំ​មក​ហើយ។​

លោក​ហាប់ ទូច​ រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌​ដែល​ទទួល​បន្ទុក​ការងារ​ស្វែង​រក​វត្ថុ​បុរាណ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​រូប​បដិមា​បុរាណ​ទាំង​២៨​នេះ​នឹង​ត្រូវ​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​នេះ​ហើយ​វត្ថុ​បុរាណ​ទាំង​នេះ​គឺ​ទទួល​បាន​ពី​បុគ្គល​មួយ​ចំនួន​ដែល​បាន​ទិញ​ពី​លោក​ Douglas Latchford ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​រដ្ឋ​អាជ្ញា​អាមេរិក​ថា​«រត់​ពន្ធ​វត្ថុ​បុរាណ»​ដែល​ត្រូវ​បាន​គេ​លួច​ចេញ​ពី​ប្រទេស​កម្ពុជា។​លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​ពេល​វេលា​ជាក់​លាក់​នៃ​ការ​បញ្ជូន​វត្ថុបុរាណ​ទាំង​នោះ​ឡើយ។​

លោក​ថ្លែង​ថា៖​«យើង​រង់​ចាំ​ទៅ​ថ្ងៃ​មុខ​បន្តិច​នៅ​ពេល​គេ​បញ្ចប់​នីតិវីធី​តុលាការ​ហើយ​អាហ្នឹង​គេ​នឹង​ប្រគល់​ឲ្យ​យើង»។​

មន្រ្តី​រូប​នោះ​បន្ត​ថា​ក្រសួង​វប្បធម៌​នៅ​តែ​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​នាំ​យក​វត្ថុ​បុរាណ​ទាំង​នោះ​និង​វត្ថុ​បុរាណ​ផ្សេង​ទៀត​មក​កម្ពុជា​វិញ។​លោក​បន្ថែម​ថា​មិន​មែន​ត្រឹម​តែ​រូប​បដិមា​ជាង​១០០​ដែល​កូន​ស្រី​របស់​លោក​ Douglas Latchford​ ព្រម​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ​នោះ​ទេ។​

លោក​បន្ថែម​ថា៖​«ក្នុង​កិច្ច​ព្រម​ព្រៀង​វា​មិនមែន​ត្រឹម​តែ​១០០​រូប​ហ្នឹង​ទេ​...​នឹង​ពិនិត្យ​មើល​ទៀត​ថា​តើ​វា​មាន​អ្វី​ទៀត​អត់?​ ប្រសិន​បើ​យើង​ស្រាវ​ជ្រាវ​ឃើញ​បន្ត​ទៀត​យើង​នឹង​ធ្វើ​ការ​ជាមួយ​គ្នា​ទៀត​ដើម្បី​ធ្វើ​យ៉ាង​ណា​នាំ​វត្ថុ​ទាំង​អស់​ហ្នឹង​មក​ដើម​កំណើត​កម្ពុជា​វិញ»។​

លោក​ក៏​បាន​បញ្ជាក់​ថា​រូប​បដិមា​នៅ​មាន​ច្រើន​ទៀត​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​ប៉ុន្តែ​លោក​សុំ​មិន​ទាន់​បញ្ជាក់​អំពី​ឈ្មោះ​ប្រទេស​ទាំង​អស់​នោះ​ទេ។​

កាល​ពី​ចុង​ឆ្នាំ​២០១៩​លោក​ Douglas ​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​រដ្ឋ​អាជ្ញា​អាមេរិក​ថា​ «រត់​ពន្ធ​វត្ថុ​បុរាណ»​ ដែល​ត្រូវ​បាន​គេ​លួច​ចេញ​ពី​ប្រទេស​កម្ពុជា​និង​ការ​សម្រួល​ឱ្យ​វត្ថុ​បុរាណ​នោះ​ងាយ​ស្រួល​លក់​នៅ​លើ​ទីផ្សារ​វត្ថុ​សិល្បៈ​អន្តរជាតិ​ដោយ​សារ​លោក​បាន​ជួយ​លាក់​បាំង​ប្រវត្តិ​បាត់​បង់​វត្ថុ​ទាំង​នោះ​តាម​រយៈ​ការ​ចេញ​ឯក​សារ​ក្លែង​ក្លាយ។​

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រកាស​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​វត្ថុ​បុរាណ​ខ្មែរ​ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​រួម​មាន​រូប​ចម្លាក់​រចនាបទ​សម័យ​អង្គរ​ធ្វើ​ពី​សំរឹទ្ធ​គឺ​រូប​ពុទ្ធ​បដិមា​ទ្រង់​ភ្នែន​និង​រូប​ចម្លាក់​រចនាបទ​ប្រាសាទ​កោះកេរ​ធ្វើ​ពី​ថ្ម​ភក់​នៅ​សតវត្សរ៍​ទី​១០​ជា​រូប​ចម្លាក់​ព្រះ​គណេស ។​ វត្ថុ​បុរាណ​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​មក​កាន់​កម្ពុជា​វិញ​ដោយ​សារ​កិច្ច​ខិត​ខំ​ដ៏​ល្អ​របស់​រដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ភាគ​ខាងត្បូង​នៃ​រដ្ឋ New York​ និង​ការិយាល័យ​ស៊ើប​អង្កេត​នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ​សហ​រដ្ឋ​អាមេរិក។​

ស្ថានទូត​បញ្ជាក់​ថា៖​ «យើង​មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បញ្ចប់​នូវ​ការ​ជួញ​ដូរ​វត្ថុ​បុរាណ​ខុស​ច្បាប់​ស្វែង​រក​វត្ថុមាន​តម្លៃ​ទាំង​នេះ​ហើយ​បញ្ជូន​ទៅ​កាន់​មាតុភូមិ​កំណើត​វិញ»។​

លោក ​សំបូរ ម៉ាណារ៉ា ​សាស្រ្តាចារ្យ​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ថ្លែង​ថា​វត្ថុ​បុរាណ​របស់​ខ្មែរ​ទាំង​អស់​គួរ​ស្ថិត​នៅ​ចំ​ទីតាំង​ដើម​នៃ​ប្រទេស​សាមី​ដើម្បី​ជា​ការ​ផ្តល់​តម្លៃ​ជា​ប្រវត្តិ​សាស្រ្ត​តម្លៃ​វប្បធម៌​និង​ការ​ថែ​រក្សា។

លោក​បន្ថែម​ថា៖​ «ការ​បាន​វត្ថុ​បុរាណ​ទាំង​អស់​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​យើង​នៅ​ក្នុង​ពិភពលោក​តែ​មួយ។ ​យើង​ទទួល​ស្គាល់​បេតិក​ភណ្ឌ​ដូន​តា​របស់​យើង​ទាំង​អស់​គ្នា។​ ដូន​តា​របស់​យើង​ដែល​ចង់​និយាយ​នេះ​គឺ​ជា​ដូន​តា​មនុស្ស​ជាតិ​ទោះ​បី​ដូន​តា​របស់​ខ្មែរ​ក៏​ដោយ​ក៏​តម្លៃ​ទាំង​អស់​នោះ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​តម្លៃ​បេតិក​ភណ្ឌ​មនុស្ស​ជាតិ​ដូច​ពិភព​លោក​ទៅ​ហើយ»។​

លោក​សាស្រ្តាចារ្យ​បន្ត​ថា​នៅ​មាន​ការ​បាត់​បង់​វត្ថុ​បុរាណ​ខ្មែរ​ជា​ច្រើន​ទៀត​នៅ​ក្នុង​សម័យ​សង្គ្រាម​ដែល​ត្រូវ​បាន​នាំ​យក​ទៅ​ប្រទេស​នានា​និង​ប្រទេស​ជិត​ខាង​ជាដើម។​ លោក​បញ្ជាក់​ថា​ការ​បាត់បង់​វត្ថុ​បុរាណ​នេះ​ដូច​ជា​«ការ​បាត់​បង់​តម្លៃ​ជា​បេតិក​ភណ្ឌ​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​និង​បាត់​បង់​ភស្តុតាង​បង្ហាញ​ពិភព​លោក​ថា​កម្ពុជា​ជា​ប្រទេស​ចំណាស់​មួយ»។​

លោក​ថ្លែង​ថា៖​ «ទស្សនៈ​ខ្ញុំ​គឺ​ថា​នៅ​មាន​ច្រើន​នៅ​លើ​ពិភព​លោក​ ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​គេ​បាន​យក​ចិត្ត​ទុក​ដាក់​គិត​និង​ឲ្យ​តម្លៃ​ទៅ​លើ​ផល​ប្រយោជន៍​នៃ​វត្ថុ​បុរាណ​ទាំង​អស់​នោះ។​ គេ​ខំ​ប្រឹង​ដូច​ប្រទេស​អាមេរិកាំង​អ៊ីចឹង។ ​គេ​ខំ​ប្រឹង​យក​មក​ឲ្យ​យើង​វិញ​អ៊ីចឹង។​ ហើយ​ថ្មីៗ​ទៀត​យើង​នឹង​បាន​[វត្ថុ​បុរាណ]ត​ទៅ​ទៀត»។​

លោក​បន្ត​ថា​ការ​ទាមទារ​វត្ថុ​បុរាណ​កម្ពុជា​មក​វិញ​ក៏​មាន​ការ​លំបាក​ខ្លះ​ផង​ដែរ​ ប៉ុន្តែ​គឺ​អាច​យោង​ទៅ​តាម​បញ្ជី​ឈ្មោះ​វត្ថុ​បុរាណ​ដែល​បាន​ចុះ​ជា​បេតិក​ភណ្ឌ​ជាតិ​ក្នុង​សម័យ​អាណានិគម​បារាំង​និង​តាម​រយៈ​ការ​ចង​ក្រង​របស់​អ្នក​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចំនួន។​ លោក​ជំរុញ​ឲ្យ​កូន​ខ្មែរ​ទាំង​អស់​ចូល​រួម​សិក្សា​ស្វែង​យល់​ពី​វត្ថុ​បុរាណ​ដើម្បី​លើក​តម្កើង​និង​ឲ្យ​តម្លៃ​លើ​វប្បធម៌​ជាតិ៕​