តុលាការនៅប្រទេសកម្ពុជាបានចាប់ផ្ដើមដោះលែងសកម្មជន និងអតីតមន្ត្រីគណបក្សប្រឆាំងជាបន្តបន្ទាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍ រហូតមកដល់ថ្ងៃសុក្រនេះ ក្រោយលោក ហ៊ុន សែនប្រធានគណបក្សកាន់អំណាចនៅកម្ពុជា បានចេញបទបញ្ជាឲ្យក្រុមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីយុត្តិធម៌ ចាត់វិធានការដោះលែងក្រុមសកម្មជន និងអតីតមន្ត្រីបក្សប្រឆាំងទាំងនោះឲ្យបាននៅក្រៅឃុំ។
លោក ហ៊ុន សែន អះអាងថា ក្រុមសកម្មជន និងមន្ត្រីបក្សប្រឆាំងទាំងនោះ ចាញ់កលឧបាយ លោក សម រង្ស៊ី ដែលព្យាយាមរៀបចំរដ្ឋប្រហារដើម្បីដណ្ដើមអំណាចដែលលោកក្ដោបក្ដាប់ជាងបីទសវត្សរ៍មកនោះ។
លោក ស៊ឹង សែនករុណា មន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់ VOA នៅថ្ងៃសុក្រនេះថា មានសកម្មជន និងអតីតមន្ត្រីគណបក្សជាច្រើនត្រូវបានតុលាការដោះលែងនៅទូទាំងប្រទេស។ ក៏ប៉ុន្តែការដោះលែងនេះ មិនបានអនុញ្ញាតឲ្យក្រុមសកម្មជន និងមន្ត្រីទាំងនោះ រួចពីសំណាញ់ច្បាប់នោះទេ ព្រោះបទចោទប្រកាន់លើពួកគេនៅមិនទាន់ត្រូវតុលាការទម្លាក់ចោល។
«សេរីភាពដែលពិតប្រាកដរបស់គាត់ហ្នឹងគឺអត់ត្រូវជាប់លក្ខខណ្ឌអ្វីទាំងអស់ មានន័យថា គាត់អាចប្រើប្រាស់ ឬក៏មានសេរីភាពក្នុងការធ្វើសកម្មភាពផ្នែកនយោបាយ ឬក៏ប្រកបរបររកស៊ីផ្សេងៗ ដោយគ្មានជាប់នូវលក្ខខណ្ឌទាំងអស់ហ្នឹង អាហ្នឹងគឺជាអ្វីដែលយើងចង់ឃើញ»។
មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់រូបនេះ គត់សម្គាល់ថា ក្ដីក្ដាំរបស់សកម្មជន និងអតីតមន្ត្រីបក្សក្នុងសំណុំរឿងរដ្ឋប្រហារនេះ មានចរិតនយោបាយ ដូច្នេះ លោកជឿថាទាំងបក្សកាន់អំណាច និងបក្សជំទាស់ ត្រូវរកដំណោះស្រាយនយោបាយមួយដែលឈានទៅដល់ការទម្លាក់ចោលរាល់បទចោទប្រកាន់ប្រឆាំងនឹងពួកសកម្មជន និងអតីតមន្ត្រីបក្សប្រឆាំងទាំងអស់នោះ។
សកម្មជន និងអតីតមន្ត្រីគណបក្សប្រឆាំងដែលត្រូវរំលាយ ត្រូវបានចាប់ឃុំខ្លួន ក្រោមការសង្ស័យថាបានជួយជ្រោមជ្រែង មេដឹកនាំគណបក្សប្រឆាំង សម រង្ស៊ី ធ្វើរដ្ឋប្រហារ ដែលការសង្ស័យនេះ ត្រូវរដ្ឋាភិបាលពណ៌នាថា ជាបំណងនៃការវិលត្រឡប់របស់លោក សម រង្ស៊ី ចូលមកប្រទេសកម្ពុជាវិញ។
យ៉ាងណាក៏ដោយ ប្រសិនបើតុលាការយល់ព្រមដោះលែងសកម្មជន និងអតីតបក្សប្រឆាំងទាំងនោះឲ្យបាននៅក្រៅឃុំមែន នោះមិនមែនមានន័យថា បទចោទប្រកាន់ពួកទាំងនោះ ត្រូវបានទម្លាក់ចោលនោះទេ។
ការប្រកាសរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យមានការដោះលែងក្រុមសកម្មជន និងអតីតមន្ត្រីគណបក្សជំទាស់ទាំងនោះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគណៈកម្មការសហភាពអឺរ៉ុប បានបញ្ចេញការរកឃើញបឋមរបស់ខ្លួននានា ទាក់ទងនឹងលទ្ធភាពនៃការព្យួរបុព្វសិទ្ធិពាណិជ្ជកម្ម «គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» ដែលអាចនឹងបង្កការខូចខាតយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចកម្ពុជា។
មកត្រឹមរសៀលថ្ងៃសុក្រនេះ តាមព័ត៌មានដែល VOA បញ្ជាក់បាន មានសកម្មជន និងអតីតមន្ត្រីគណបក្សប្រឆាំងយ៉ាងតិច៤០នាក់ ត្រូវបានដោះលែង រួមមាននៅខេត្តកំពត២នាក់ កំពង់ធំ២នាក់ បាត់ដំបង៣នាក់ កំពង់ចាម១០នាក់ ត្បូងឃ្មុំម្នាក់ រតនគិរី២នាក់ និង មន្ត្រីសន្តិសុខនៅទីស្នាក់ការកណ្ដាលអតីតគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញចំនួន១០នាក់។
លោក ជីន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ VOA តាមសារអេឡិចត្រូនិក WhatsApp នៅថ្ងៃសុក្រនេះថា ការបន្ធូរបន្ថយលក្ខខណ្ឌឃុំខ្លួនសកម្មជនទាំងនោះ ធ្វើឡើងដោយសារប្រមុខរដ្ឋាភិបាលកម្ពុជាយល់ថា ពួកគេលង់គំនិតប្រព្រឹត្តអំពើក្បត់ ប្រុងផ្ដួលរំលំរដ្ឋាភិបាល។ លោកបន្ថែមថា ការទម្លាក់បទចោទប្រកាន់បានឬមិនបាននោះ គឺត្រូវពឹងផ្អែកលើការស៊ើបអង្កេតរបស់មន្ត្រីតុលាការ។
«ហើយរឿងថា ទម្លាក់ចោលបទចោទ ឬក៏មិនទម្លាក់ហ្នឹងវា អាស្រ័យទៅលើតុលាការទេ ផ្អែកទៅលើដំណើរការនៃការស៊ើបអង្កេតបន្តទៀតទៅ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បញ្ជាក់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រកាសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសុំឲ្យមានការដោះលែងសកម្មជន និងអតីតមន្ត្រីបក្សប្រឆាំងនោះ គឺមិនជាប់ទាក់ទងគ្នាទាល់តែសោះ ចំពោះការចេញរបាយការណ៍របស់សហគមន៍អឺរ៉ុបស្តីពីស្ថានភាពកម្ពុជា ក្រោមប្រព័ន្ធឋានៈអនុគ្រោះ EBA។
នៅថ្ងៃសុក្រនេះដែរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបញ្ចប់ការស៊ើបអង្កេតករណីលោក កឹម សុខា គឺ៦ថ្ងៃក្រោយពីលោកត្រូវបានបន្ធូរបន្ថយលក្ខខណ្ឌរឹតត្បិតនិងរួចផុតពីការឃុំឃាំងក្នុងផ្ទះកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។
ដាច់ដោយឡែកទៀត ក្រៅពីអតីតមន្ត្រីនិងសកម្មជនគណបក្សប្រឆាំង នៅថ្ងៃសុក្រនេះ លោក សួង នាគព័ន្ធ ដែលជាអ្នកគាំទ្រអ្នកវិភាគនយោបាយលោក កែម ឡី ត្រូវបានអាជ្ញាធរកម្ពុជាសម្រេចឲ្យបានស្ថិតនៅក្រៅឃុំដែរ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនៅប្រទេសកម្ពុជា និងជាអតីតនាយកវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ មានប្រសាសន៍ថា ការបន្ធូរបន្ថយលក្ខខណ្ឌគាបសង្កត់លើក្រុមសកម្មជន និងអតីតមន្ត្រីគណបក្សប្រឆាំងនាពេលចុងក្រោយនេះ គឺមិនសមល្មមនៅឡើយ ដើម្បីទប់ដំបងពន្ធទំនិញរបស់សហភាពអឺរ៉ុប ដែលត្រៀមបម្រុងវាយមកលើការនាំចេញទំនិញរបស់កម្ពុជា។
លោកអះអាងថា លក្ខខណ្ឌសំខាន់ៗដែលអាជ្ញាធរកម្ពុជាត្រូវឆ្លើយតបទៅនឹងសហគមន៍អឺរ៉ុបនោះ រួមមានការផ្ដល់សិទ្ធិសេរីភាពពេញលេញដល់លោក កឹម សុខា និងដំណើរការឡើងវិញរបស់គណបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយចោលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧៕