តុលាការកំពូលនៅថ្ងៃពុធនេះបានសម្រេចឲ្យសាលាឧទ្ធរណ៍កាត់ក្តីឡើងវិញចំពោះសំណុំរឿងរបស់លោករ៉ាត់ រត្នមុនី អ្នកបកប្រែឲ្យសារព័ត៌មានរុស្ស៊ី RT ដែលត្រូវជាប់ពន្ធនាគារពីបទចោទ«ញុះញង់ឲ្យមានការរើសអើង»ទាក់ទងនឹងភាពយន្តឈ្មោះ«ម្តាយខ្ញុំលក់ខ្ញុំ»។
លោក ឡោ ជុនធី មេធាវីរបស់លោករ៉ាត់ រត្នមុនីឲ្យដឹងថា ចៅក្រមសម្រេចដូចនេះដោយសារមាន“បញ្ហាការណ៍ពិត”ក្នុងពេលជំនុំជម្រះ។ តុលាការជាន់ទាប កាលពីឆ្នាំមុន បានកាត់ទោសលោករ៉ាត់ រត្នមុនីអាយុ៤៩ឆ្នាំឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំបន្ទាប់ពីលោកបានជួយក្រុមអ្នកសារព័ត៌មានរុស្ស៊ីRT ផលិតខ្សែភាពយន្តឯកសារដែលរដ្ឋាភិបាលបាននិយាយថា មាន“ព័ត៌មានក្លែងក្លាយ”អំពីប្រទេសកម្ពុជា។
លោកបាននិយាយថាតុលាការកំពូលបានបង្វិលសំណុំរឿងនេះបន្ទាប់ពីបានរកឃើញថាមានបញ្ហា ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតទេ។
មេធាវីម្នាក់ទៀតរបស់លោករ៉ាត់ រត្នមុនី គឺលោក សំ ទិត្យសីហាបានថ្លែងថា មានបញ្ហាខ្វះខាតខ្លះក្នុងការជំនុំជម្រះ។
Your browser doesn’t support HTML5
អ្នកនាំពាក្យតុលាការកំពូលលោកអ៊ុក គឹមសិទ្ធិបានបញ្ជាក់អំពីសេចក្តីសម្រេចបង្វិលសំណុំរឿង នៅថ្ងៃពុធនេះ។ ភាពយន្តឯកសារ“ម្តាយខ្ញុំលក់ខ្ញុំ”និយាយអំពីក្មេងស្រីម្នាក់ក្នុងគ្រួសារក្រីក្រដែលភាពយន្តនេះថា ត្រូវបានលក់ឲ្យបម្រើផ្លូវភេទដែលជំរុញឱ្យអាជ្ញាធរសាកសួរអ្នកពាក់ព័ន្ធ។ អាជ្ញាធរបានសន្និដ្ឋានថា ក្មេងស្រីរងគ្រោះនិងម្តាយរបស់នាងត្រូវបានគេឲ្យប្រាក់២០០ដុល្លារ ឲ្យនិយាយកុហកសម្រាប់ផលិតខ្សែភាពយន្តដែលបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។
សារព័ត៌មានរុស្ស៊ី RTបានបដិសេធថា ខ្លួនមិនដែលឲ្យលុយតួអង្គក្នុងភាពយន្តឯកសារឬអ្នកត្រូវសម្ភាសទេ។
លោករ៉ាត់ រត្នមុនីអតីតមេដឹកនាំសហជីពត្រូវបានបញ្ជាឱ្យសងជំងឺចិត្តចំនួន១៧៥០០ដុល្លារឲ្យម្តាយក្មេងស្រីពីរនាក់ក្នុងខ្សែភាពយន្តនោះ។
អ្នកស្រីឡុង គឹមហៀង ភរិយាលោករ៉ាត់ រត្នមុនី ដែលនៅប្រទេសថៃក្រោមការការពារពីទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបាននិយាយថា អ្នកស្រីមិនពេញចិត្តនឹងលទ្ធផលនៅថ្ងៃពុធនេះទេ។
អ្នកស្រី គឹមហៀងបានប្រាប់វីអូអេខ្មែរថា៖«ខ្ញុំពិតជាខកចិត្តនឹងតុលាការកំពូល ដោយសារតែបើតុលាការកំពូលរកឃើញការកាត់ក្តីមិនត្រឹមត្រូវលើប្តីខ្ញុំហើយ តុលាការកំពូលគួរតែដោះលែងឲ្យមានសេរីភាព មិនគួរឲ្យគាត់បន្តឲ្យនៅក្នុង(ពន្ធនាគារ)ព្រៃសទាំងអយុត្តិធម៌បែបហ្នឹងទៀតទេ។ ប្តីខ្ញុំគួរត្រូវបានដោះលែង»។
លោក យី សុខសាន្ត មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក និយាយថា៖«ក្នុងនាមខ្ញុំជាមន្ត្រីសិទ្ធិមនុស្សផងដែរ ខ្ញុំយល់ថាការដែលតុលាការគ្រប់ជាន់ថ្នាក់ដែលធ្វើរបៀបនេះគឺហាក់ដូចជាមិនផ្តល់សិទ្ទិសេរីភាពដល់ជនជាប់ចោទជាពិិសេសកូនក្តីខាងខ្ញុំដោយសារបើយើងគិតមកដល់ពេលនេះគឺនៅសល់តែប្រាំខែទៀតទេគឺគាត់នឹងរួចផុតពីទោសដែលគាត់អនុវត្តទោសជាប់ពន្ធនាគារពីរឆ្នាំហើយគាត់អត់បានប្រព្រឹត្តកំហុសអ្វីទាល់តែសោះ ហើយធ្វើឲ្យតុលាការហ្នឹងហាក់ដូចជាពន្យារពេលបង្វិលចុះបង្វិលឡើងធ្វើឲ្យខាតប្រយោជន៍ដល់ខាងកូនក្តីដែលមេធាវីខាងខ្ញុំការពារបាទ»៕