អង្គការ​សង្គម​ស៊ីវិល​ជាង​៩០​ថ្កោលទោស​ចំពោះ​ការ​ផ្តន្ទាទោស​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ទាំង​ប្រាំ

រូប​ឯកសារ៖ លោក ណៃ វង់ដា (កណ្តាល) និង​លោក យី សុខសាន្ត (ស្តាំ​ទីពីរ) ថត​រូប​ជាមួយ​នឹង​ពលរដ្ឋ​ដែល​បាន​មក​ស្វាមគន៍ និង​អបអរ​ចំពោះ​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​របស់​មន្ត្រី​សិទ្ធិមនុស្ស​ទាំង​បួននាក់​របស់​អង្គការ​អាដហុក និង​មន្ត្រី គ.ជ.ប ម្នាក់​គឺ​លោក នី ចរិយា នៅ​មុខ​ការិយាល័យ​អង្គការ​អាដហុក នៅ​រាត្រី​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

ពួក​គេ​ទាំង​៥​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​រយៈពេល​៥​ឆ្នាំ​ ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ​រាប់​ចាប់​ពី​ពេល​ដែល​ពួកគេ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ក្រោយ​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​រួច​មក។​​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ជាង​៩០​ ​នៅ​សប្តាហ៍​នេះ​ ​បាន​ប្រកាស​ថ្កោល​ទោស​ ​ចំពោះ​ការ​ផ្តន្ទា​ទោស​លើ​មន្រ្តី​ ​និង​អតីត​មន្រ្តី​អាដហុក​ចំនួន​ប្រាំ​រូប​ ​ថា​ ជា​ការ​ដាក់​សម្ពាធ​យ៉ាង​ធ្ងន់ធ្ងរ​ ​លើ​ការងារ​សិទ្ធិមនុស្ស​ ​ស្របច្បាប់​របស់​ពួកគេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ​សមាគម​ ​សហជីព​ ​និង​សហគមន៍​ចំនួន​៩៤​ ​ដែល​ភាគ​ច្រើន​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ប្រទេស​ ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ចេញ​កាលពី​ថ្ងៃទី​២៦ ខែ​កញ្ញា​ ​ឆ្នាំ​២០១៨​ ​ថា​ ​មន្រ្តី​សមាគម​អាដហុក​ចំនួន​បួន​រូប​និង​អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​មួយ​រូប​ ​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​មាន​ទោស៥​ឆ្នាំ​ ​ពី​បទ​សូកប៉ាន់​សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។​ ​ពួកគេ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា​ ការ​ផ្តន្ទា​ទោស​នេះ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ជំនួយ​ផ្លូវច្បាប់​របស់​សមាគម​អាដហុក​ទៅ​ឲ្យនារី​ម្នាក់ដែល​បាន​ស្នើ​ឲ្យ​សមាគមនេះ​ជួយ​ ​ក្រោយ​ត្រូវ​បាន​កោះ​ហៅ​ក្នុង​នាម​ជា​ជន​សង្ស័យ។

ពួកគេ​បាន​បន្ថែម​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា​ មន្រ្តី​និង​អតីតមន្រ្តី​អាដហុក​ទាំង​៥​ត្រូវបាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារតាម​ទំនើង​ចិត្ត​អស់​រយៈពេល​៤២៧​ថ្ងៃ​ ​ទើប​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដែល​ពួកគេ​អះអាង​ថា ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នេះ​ធ្វើ​ឡើង​ដោយ​មិន​ត្រឹមត្រូវ។

សេចក្តី​ថ្លែងការណ៍​នោះ​ត្រូវ​បាន​សរសេរ​ក្នុងន័យ​ដើម​ថា៖​

«បើ​ទោះបី​ជា​មាន​ការ​ដោះ​លែង​បណ្តោះ​អាសន្ន​ក៏​ដោយ ក៏​បុគ្គលិក​អង្គការ​អាដហុក​ទាំង​៤​រូប​មិន​អាច​បន្ត​ធ្វើការ​ដោយ​គ្មាន​ភាព​ភ័យ​ខ្លាច​ឬ​គ្មាន​ការ​រឹត​ត្បិត​នោះ​ទេ​ដោយសារ​តែ​មាន​ការ​គំរាម​កំ​ហែង​ជា​ប្រចាំ​ថា​ ពួកគេ​នឹង​អាច​ត្រូវ​ចាប់បញ្ជូន​ត្រឡប់​ទៅ​ឃុំ​ខ្លួន​វិញ​ដែល​នេះ​បន្ត​នូវ​ការ​រើសអើង​ជា​រឿយៗ​ចំពោះ​ការងារ​របស់​ពួកគេ​ប្រឈម​ក្នុង​នាម​ជា​អ្នកការពារ​សិទ្ធិ​មនុស្ស»។

សេចក្តី​ថ្លែងការណ៍​រួម​នោះ​ក៏​បាន​រៀបរាប់​ពី​ការ​ធ្វើ​ការ​ងារ​របស់​អ្នក​ទាំង​៥​ថា​ ​ពួក​គេ​ជា​អ្នក​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ជាច្រើន​សិប​ឆ្នាំ​ ​ដែល​ការងារ​របស់​ពួកគេ​គឺ​គាំទ្រ​ជន​រងគ្រោះ​នៃ​ការ​រំលោភ​សិទ្ធិ​ពល​រដ្ឋ​ និង​សិទ្ធិ​នយោបាយ​ ​ការ​រំលោភ​ដីធ្លី​ ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ ​ក៏​ដូចជា​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ ដោយ​សន្តិវិធី​និង​គ្មាន​ការ​រើសអើង​ ​ក្នុង​គោលដៅ​គាំពារ​និង​ការពារ​សិទ្ធិ​មនុស្ស។

អង្គការ​សមាគម​ទាំង​៩៤​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«យើង​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ជាបន្ទាន់​និង​ដោយ​ឥត​លក្ខ​ខណ្ឌ​ ហើយ​អនុញ្ញាត​ឲ្យ​បុគ្គលិក​អាដហុក​ទាំង​៤​រូប​និង​មន្រ្តី​ ​គ.ជ.ប​ ​មួយ​រូប​អាច​ធ្វើ​ការងារ​ស្រប​ច្បាប់​របស់​ពួកគេដើម្បី​បម្រើ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ ដោយ​គ្មាន​ការ​គំរាម​កំហែង​ និង​ដោយ​គ្មាន​ការ​ដាក់​ទោសទណ្ឌ។​ ពួកគេ​គួរតែ​ត្រូវ​បាន​ផ្តល់​នូវ​សំណង​សមរម្យ​ដោយ​យោង​តាម​បទដ្ឋាន​អន្តរ​ជាតិ​សម្រាប់​ការ​ឃុំ​ខ្លួន​រយៈពេល​៤២៧​ថ្ងៃ​ ​ដែល​ជា​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​តាម​អំពើ​ចិត្ត»។

មន្ត្រី​ទាំង​៥​រូប​រួម​មាន​ ​លោក​ ​នី សុខា​ ​លោក​ ​យី សុខសាន្ត​ ​លោក​ ​ណៃ វ៉ង់ដា​ ​និង​អ្នកស្រី​ ​លឹម មុនី​ ​ជា​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ ​និង​លោក​ ​នី ចរិយា​ ​អគ្គ​លេខាធិការ​រង​គណៈកម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប.)​ ​និង​ជា​អតីត​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។

រូប​ឯកសារ៖ លោក នី ចរិយា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត​ ជួបជុំ​គ្រួសារ ក្រោយពី​ត្រូវបាន​ដោះលែង​ពី​មន្ទីរ​ឃុំឃាំង​នៅ​រាត្រី​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (រូបថត​ផ្តល់​ឲ្យ)

ពួក​គេ​ទាំង​៥​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​រយៈពេល​៥​ឆ្នាំ​ ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ​រាប់​ចាប់​ពី​ពេល​ដែល​ពួកគេ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ក្រោយ​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​រួច​មក។

​មន្រ្តី​អាដហុក​ទាំង​៥​រូប ​ដែល​ជាប់​ចោទ​ពី​បទ​សូក​ប៉ាន់​សាក្សី​និង​សម​គំនិត​សូក​ប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​គួរ​ឲ្យ​មន្ទិល​របស់​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​នេះ ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​មេសា​ ​ឆ្នាំ​២០១៦។​ ពួកគេ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ឆ្នាំ​ចុង​ខែ​មិថុនា ឆ្នាំ​២០១៧​កន្លង​ទៅ​ ​បន្ទាប់​ពី​តុលាការ​ឃុំ​ខ្លួន​ពួកគេ​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ។​

ក្រៅ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ទាំង​ជាង​៩០​ ​ក៏​មាន​អង្គការ​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ ​ដូចជា​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ​Human Rights Watch​ ​និង​សមាគម​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ជាដើម​បានរិះគន់​ការ​កាត់​ទោស​នេះ​ ​និង​បាន​ទាមទារ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ​អ្នក​ទាំង​៥​ទាំង​ស្រុង​ដោយ​គ្មាន​លក្ខខណ្ឌ​ផង​ដែរ។

លោក​ ​ផៃ ស៊ីផាន​ ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ប្រាប់​ ​VOA​ ​ថា​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុមសង្គមស៊ីវិល​ ​គឺ​ជា​សិទ្ធិ​របស់​ពួកគេ​ ​និង​ថា​ ​ការ​កាត់ទោស​មន្រ្តី​ ​និង​អតីត​មន្រ្តី​អាដហុក​ទាំង​៥​ ​គឺ​ជា​ការ​សមត្ថ​កិច្ច​របស់​តុលាការ។​ ​លោក​បន្ថែម​ថា​ ​សម្រាប់​តុលាការ​អនុវត្ត​ទោ​តាម​ច្បាប់​ដែល​មាន​ជា​ធរមាន​ ​ក្នុង​ការ​ធានា​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ។

​លោក​បញ្ជាក់​ថា៖​

​«រាជ​រដ្ឋាភិបាល​ធ្វើ​ទៅ​តាម​កំណត់​ច្បាប់​ដែល​បាន​ចែង​ ក៏​ប៉ុន្តែ​មិនមែន​បាន​សេចក្តី​ថា អ្នកធ្វើ​ការ​លើក​តម្កើង​សិទ្ធិ​មនុស្សត្រូវ​បាន​អនុញ្ញាត​ឲ្យ​រំលោភ​ច្បាប់​នោះ​ទេ។​ ​ដូច្នេះ​ទាំងអស់​គ្នា​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់​មួយ​ទាំងអស់​គ្នា​ ​មិនថា​អ្នកនោះ​ជា​រាជរដ្ឋាភិបាល​ ​មន្រ្តី​របស់​រាជ​រដ្ឋាភិបាល​ ​អ្នកនោះ​ជា​មន្រ្តី​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ឬ​មន្រ្តី​តុលាការ​នោះ​ទេ ឲ្យ​តែ​រំលោភ​ច្បាប់​គឺ​យើង​ត្រូវ​ ​ទទួល​ទណ្ឌកម្ម»។

លោក​ ​អ៊ី រិន្ទ​ ​អ្នកនាំ​ពាក្យតុលាការ​រាជធានី​ភ្នំពេញ​ ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ ​ដោយ​ប្រាប់​ថា​ ​លោកមិន​ទាន់​បាន​ឃើញ​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ​នៅ​ឡើយ។

ក្រោយ​ការ​ទទួល​បាន​សេរីភាព​វិញ​នៅ​ឆ្នាំ​២០១៧​ អតីត​អ្នក​ការពារ​សិទ្ធិ​ ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បច្ចុប្បន្ន​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ទាំង​ប្រាំ​នាក់​ ​ទទួល​បាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ Martin Ennals Prize។

រង្វាន់​ ​Martin Ennals​ ​គឺ​សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​គឺ​ជា​រង្វាន់​ដែល​សហការ​ផ្តល់​ដោយ​អង្គការ​សិទ្ធិ​មនុស្សដ៏​ធំ​លើ​ពិភព​លោក​ចំនួន​១០​ ​ដែល​មាន​ដូចជា​អង្គការ​ ​Amnesty International​ ​និង​ Human Rights Watch​ ​ដើម្បី​ផ្តល់​ជា​កិត្តិយស​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភព​លោក។

ការ​ចាប់​ខ្លួន​មន្ត្រី​ទាំង​៥​ឃុំ​ខ្លួន​នា​ពេល​កន្លង​ទៅ​ត្រូវ​បាន​សហគមន៍​អន្តរ​ជាតិ​និង​អង្គការ​សហ​ប្រជា​ជាតិ​ចាត់​ទុក​ថា​ វា​គ្រាន់តែ​ជា​លេស​ដើម្បី​គាប​សង្កត់​និង​រារាំង​ការ​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​សម្ដែង​មតិ​និង​ដើម្បី​បំបិទ​សំឡេង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។​ ​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​តែង​ច្រាន​ចោល​ការ​លើក​ឡើង​ទាំង​នេះ​ដោយ​អះអាង​ថា​ ​វា​ជា​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ៕