មន្ត្រីរដ្ឋាភិបាលកម្ពុជាលើកឡើងថា ពលរដ្ឋកម្ពុជានៅមានចំណេះដឹងទាបនៅឡើយ នៅក្នុងកិច្ចការងារគ្រប់គ្រងបណ្តាញព័ត៌មានបច្ចេកវិទ្យា ដែលបានធ្វើឲ្យជនបរទេសបន្តគ្រប់គ្រងកិច្ចការជំនាញកម្រិតខ្ពស់ នៅក្នុងវិស័យឌីជីធលដ៏លូតលាស់មួយនេះនៅក្នុងប្រទេស។
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក ថ្លែងនៅថ្ងៃអង្គារនេះថា ពលរដ្ឋកម្ពុជានៅខ្វះខាតជំនាញក្នុងវិស័យព័ត៌មានវិទ្យាកម្រិតខ្ពស់ ដើម្បីបំពេញតម្រូវការទីផ្សារការងារ។ លោកថា កម្ពុជាគួរមានការបណ្តុះបណ្តាលជំនាញព័ត៌មានវិទ្យាចាប់ពីកម្រិតបឋមសិក្សា ដើម្បីដោះស្រាយបញ្ហានេះ។
ការថ្លែងរបស់លោក ត្រាំ អ៊ីវតឹក យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធមូលនិធិសម្រាប់អាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជា។
លោក ត្រាំ អ៊ីវតឹក មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរនៅពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងកិច្ចការជំនាញ កម្រិតខ្ពស់ពាក់ព័ន្ធនឹងវិស័យព័ត៌មានបច្ចេកវិទ្យា ធ្វើឲ្យកម្ពុជានៅតែត្រូវការជនបរទេសដើម្បីធ្វើការងារប្រភេទនេះ។
«យើងត្រូវទទួលស្គាល់ ថាគម្លាតនៃជំនាញក្នុងវិស័យព័ត៌មានវិទ្យា នៅតែជាបញ្ហាប្រឈមមួយ។ ជាឧទាហរណ៍ ការគ្រប់គ្រងបណ្តាញកម្រិតខ្ពស់ និងកិច្ចការបច្ចេកទេសនៅក្នុងអនុវិស័យរបស់ទូរគមនាគមន៍ចល័តដែលកំពុងជឿនលឿនយ៉ាងឆាប់រហ័សនោះ គឺស្ថិតនៅក្នុងដៃនៃជនបរទេសនៅឡើយ។ ទំនោរនេះ មិនមែនមានតែចំពោះប្រទេសកម្ពុជានោះទេ ប៉ុន្តែសម្រាប់តំបន់ផងដែរ»។
លោករដ្ឋមន្ត្រីថ្លែងបន្តថា ការបណ្តុះបណ្តាលពីកម្រិតបឋមសិក្សា ជាកត្តាចាំបាច់មួយ ដើម្បីជួយពលរដ្ឋកម្ពុជាឲ្យបង្កើនសមត្ថភាពខ្លួន ក្នុងការបំពេញការងារផ្នែកឌីជីថលក្នុងកម្រិតខ្ពស់។
«វាគឺជាគំនិតផ្តួចផ្តើមគន្លឹះផ្សេងទៀត ដែលមានបំណងកសាងជំនាញក្នុងសតវត្សរ៍ទី២១ក្នុងចំណោមសិស្សនៅកម្រិតបឋមសិក្សា តាមការយៈបច្ចេកវិទ្យាឌីជីថនៅក្នុងការអប់រំ»។
លោក ត្រាំ អ៊ីវតឹក បន្ថែមថា ការកសាងសមត្ថភាពគឺជារឿងមួយដែលមិនអាចគេចវេះបាន ប្រសិនបើប្រទេសកម្ពុជា ចង់រក្សានូវសន្ទុះនៃកំណើនការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ជាមួយការច្នៃប្រឌិត។ លោកក៏ទទួលស្គាល់ផងដែរថា ភាពជាដៃគូជាមួយក្រុមហ៊ុនឯកជនបច្ចេកវិទ្យា គឺជាតម្រូវការមួយដើម្បីធ្វើឲ្យគម្លាតនៃជំនាញក្នុងវិស័យឌីជីថលនេះរួមតូចទៅ ប្រសិនបើមិនអាចបំបាត់នូវគម្លាត នេះបានទាំងស្រុងនោះ។
លោក កឹម បូរ៉ា អ្នកគ្រប់គ្រងផ្នែកវិនិយោគនៃក្រុមហ៊ុនផ្តល់ប្រឹក្សា និងវិនិយោគ Mekong Strategic Partners (MSP) ប្រាប់ VOA តាមសារអេឡិចត្រូនិក ឬ email នៅថ្ងៃអង្គារនេះថា ថ្វីដ្បិតតែរដ្ឋាភិបាលមើលឃើញពីកង្វះអ្នកមានជំនាញខ្ពស់ក្នុងវិស័យឌីជីថលនេះក្តី វិស័យនេះ កំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស ហើយពលរដ្ឋខ្មែរក៏បានមកបំពេញការងារក្នុងជំនាញសំខាន់ៗនៃវិស័យនេះផងដែរ។ លោកមានប្រសាសន៍ក្នុងន័យដើមថា៖
«ក្រុមហ៊ុនព័ត៌មានបច្ចេកវិទ្យាបានកើតឡើងនៅកម្ពុជានៅពេលមួយ ប៉ុន្តែវាបានរីកលូតលាស់យ៉ាងឆាប់រហ័សក្នុងឆ្នាំរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ចំនួននៃអ្នកមានទេពកោសល្យខាងបច្ចេកវិទ្យាក្នុងបានកំពុងបំពេញទៅតាមតម្រូវការទីផ្សារ។ យើងបានឃើញទាំងខ្មែរ និងជនបរទេសកាន់ការងារក្នុងតួនាទីលេចធ្លោជាច្រើន ហើយករណីផ្សេងទៀត គឺពួកគេបានធ្វើរួមគ្នាជាមួយក្រុមហ៊ុនព័ត៌មានបច្ចេកវិទ្យាដែលកំពុងនាំមុខគេ»។
លោក កឹម បូរ៉ា មានប្រសាសន៍ថា មូលនិធិថ្មីរបស់ក្រុមហ៊ុន Smart ដែលត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូក្រុមហ៊ុនផ្តល់ប្រឹក្សា និងវិនិយោគ Mekong Strategic Partners នឹងផ្តល់ការលើកទឹកចិត្តបន្ថែមទៀតដល់ពលរដ្ឋខ្មែរ ក្នុងការពង្រីកវិស័យបច្ចេកវិទ្យាឌីជីថលនេះ។ លោកថ្លែងក្នុងន័យដើមថា៖
«យើងសង្ឃឹមថា មូលនិធិនេះអាចផ្តល់ការលើកទឹកចិត្តបន្ថែមសម្រាប់អ្នកដែលមានបំណងប្រាថ្នា ក្នុងការកសាងក្រុមហ៊ុនបច្ចេកវិទ្យាដែលអាចមានភាពស្ថិតស្ថេរនៅក្នុងប្រទេសកម្ពុជា»។
ចំពោះការដោះស្រាយកង្វះនៃអ្នកជំនាញកម្រិតខ្ពស់ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល លោក កឹម បូរ៉ា មានប្រសាសន៍ថា កម្មវិធីអប់រំដែលផ្ដោតទៅលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលគេស្គាល់ថា STEM គឺជាចលករស្នូលមួយ ក្នុងការពង្រឹងចំណេះដឹងក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនេះ។
VOA ព្យាយាមទាក់ទងសុំសេចក្តីអធិប្បាយពីលោក ចន្ទ រ័ត្ន ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនៃក្រសួងអប់រំ យុវជន និងកីឡា តែមិនអាចទាក់ទងបាន ដោយទូរសព្ទលោករោទិ៍គ្មាន អ្នកទទួល។
ទោះបីប្រទេសកម្ពុជានៅខ្វះអ្នកជំនាញដើម្បីកាន់ការងារកម្រិតខ្ពស់ក្នុងផ្នែកបច្ចេកវិទ្យាឌីជីថលនេះក្តី ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើង ត្រូវគេដឹងថា បានចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលកាន់តែច្រើនទៅ ក្នុងនោះគឺ ប្រាស្រ័យទាក់ទង និងទាញយកព័ត៌មានយ៉ាងឆាប់រហ័សតាមប្រពន្ធបច្ចេកវិទ្យាឌីជីថលនេះ។
ការសិក្សាស្រាវជ្រាវកាលពីឆ្នាំ២០១៦ ដែលត្រូវបានធ្វើឡើងដោយមូលនិធិអាស៊ី (The Asia Foundation) វិទ្យាស្ថានបើកទូលាយ និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានឲ្យដឹងថា ការទទួលបានព័ត៌មានតាមបណ្តាញសង្គម ក្នុងនោះមានបណ្តាញសង្គមហ្វេសប៊ុកបានកើនឡើង ស្របគ្នាជាមួយនឹងការកើនឡើងនៃអ្នកប្រើប្រាស់ទូរសព្ទទំនើប ឬ Smart phone និងអ្នកប្រើប្រាស់អ៊ីនធឺណិត៕