ប្រជាពលរដ្ឋខ្មែរមួយចំនួន និងអ្នកតាមដាននៅកម្ពុជាលើកឡើងថា សហរដ្ឋអាមេរិកគួរតែពង្រឹងប្រព័ន្ធសន្តិសុខឱ្យបានតឹងរ៉ឹងបន្ថែមទៀត ក្នុងនាមជាប្រទេសមហាអំណាចកាន់លទ្ធិប្រជាធិបតេយ្យ និងជាប្រទេសដែលគេជឿថាមានសន្តិសុខរឹងមាំ។
ការលើកឡើងបែបនេះ កើតឡើងក្រោយមានការបាញ់ធ្វើឃាតមិនបានសម្រេចលើលោក ដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនប្រកួតប្រជែងតំណែងប្រធានាធិបតីនាឆ្នាំនេះ។ លោក ដូណាល់ ត្រាំ ត្រូវបានគេលបបាញ់ ហើយរងរបួសត្រង់ត្រចៀក ក្នុងពេលថ្លែងសុន្ទរកថា កាលពីថ្ងៃសៅរ៍ ទី១៣ ខែកក្កដា។
កំពុងអង្គុយលើម៉ូតូកង់បី លើផ្លូវ៥៧ កែងផ្លូវ៣២២ ក្នុងរាជធានីភ្នំពេញ លោក យ៉ាង មឿន អាយុ ៥៦ ឆ្នាំ អ្នករត់ម៉ូតូកុងបីខ្មែរដែលតាមដានព័ត៌មាននៃការប៉ុនប៉ងធ្វើឃាតនេះ ប្រាប់វីអូអេថា សហរដ្ឋអាមេរិកជាប្រទេសកាន់របបលទ្ធិប្រជាធិបតេយ្យ និងជាមហាអំណាចមួយដែលមានសន្តិសុខរឹងមាំ ដូច្នេះមិនគួរកើតមានករណីបាញ់ប្រហារបែបនេះឡើយ។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «កន្លងមក ខ្ញុំគិតថា អាមេរិកគឺជាប្រទេសមួយដែលមានសន្តិភាព មានសន្តិសុខល្អ! ប៉ុន្តែដល់ឃើញសកម្មភាពហ្នឹងកើតឡើង ខ្ញុំគិតថា ពិភពលោកដូចមានភាពរញ៉េរញ៉ៃជ្រួលច្របល់គ្រប់ទីកន្លែងទាំងអស់»។
លោកបន្ថែមថា គួរតែមានការចាប់ខ្លួនជនដៃដល់មកសាកសួរ ជាជាងការបាញ់សម្លាប់នៅហ្នឹងកន្លែង។
ចំណែកពលរដ្ឋម្នាក់ទៀតកំពុងឈរលក់នំក្រោមម្លប់ដើមឈើ ក្នុងរាជធានីភ្នំពេញ លោក ធី សេងហ៊ អាយុ ២៦ ឆ្នាំ ប្រាប់វីអូអេថា សហរដ្ឋអាមេរិកគួរតែពង្រឹងច្បាប់លើការប្រើប្រាស់អាវុធក្នុងប្រទេស។
លោកថ្លែងថា៖ «អាមេរិកគួរតែពង្រឹងលើការប្រើប្រាស់អាវុធជាតិផ្ទុះហ្នឹង បើសិនជាប្រជាពលរដ្ឋធម្មតា អត់អាចឱ្យគាត់មានសិទ្ធិប្រើទេ។ មូលហេតុ បើសិនគាត់មានអាវុធប្រើគ្រប់គ្នាអ៊ីចឹង វាអាចមានគ្រោះថ្នាក់ច្រើន អត់អាចគ្រប់គ្រងបាន។ បើអត់រឹតបន្តឹងទេ វាអាចមានហានិភ័យខ្ពស់»។
លោកយល់ថា ការបាញ់សម្លាប់ជនដៃដល់ភ្លាមៗនៅហ្នឹងកន្លែងដោយកងការពារ គឺជាការការពារសុវត្ថិភាព។
យុវជន គន់ គឹមលាង អាយុ ១៨ ឆ្នាំ និស្សិតឆ្នាំទី ១ ផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងរាជធានីភ្នំពេញ ប្រាប់វីអូអេថា ករណីប៉ុនប៉ងធ្វើឃាតលើអតីតប្រធានាធីបតី លោក ដូណាល់ ត្រាំ មិនគួរកើតមានឡើយនៅលើទឹកដីអាមេរិក ដោយលោកថា អាមេរិកជាប្រទេសមានសេរីភាពនិងសន្តិសុខ។
លោកបញ្ជាក់បន្ថែមថា៖ «ខ្ញុំគិតថា ប្រព័ន្ធសន្តិសុខអាចខ្សោយដែរ។ ដោយសារតែគាត់ជាបេក្ខភាពប្រធានាធិបតី ប៉ុន្តែដោយសារតែការបាញ់ធ្វើឱ្យគាត់រាងខ្សោយដែរ ណាមួយខ្សោយទាំងការធ្លាក់ចុះនូវប្រទេសសហរដ្ឋអាមេរិក ដែលកាន់លទ្ធិហ្នឹងដែរ ព្រោះកាន់លទ្ធិ[ប្រជាធិបតេយ្យហ្នឹងបែរជាអសន្តិសុខទៅលើបេក្ខភាពប្រធានាធិបតី»។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរងការបាញ់ប្រហារក្នុងអំឡុងពេលថ្លែងសុន្ទរកថាឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ Pennsylvania កាលពីល្ងាចថ្ងៃសៅរ៍ ទី ១៣ ខែកក្កដា ឆ្នាំ ២០២៤។ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា គ្រាប់កាំភ្លើងបានទម្លុះផ្នែកខាងលើនៃត្រចៀកខាងស្តាំរបស់លោក។ ការបាញ់ប្រហារនេះក៏បណ្តាលឱ្យអ្នកឈរក្បែរប្រធានាធិបតីម្នាក់ស្លាប់ និងមនុស្សពីរនាក់ផ្សេងទៀតរងរបួស។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បានការសោកស្តាយចំពោះព្រឹត្តិការណ៍នៃការប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ នៅមុនដំណើរការបោះឆ្នោត ខណៈសហរដ្ឋអាមេរិកត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យធំជាងគេ មានសេរីភាព សន្តិសុខខ្ពស់ជាងបណ្តាប្រទេសនៅលើពិភពលោក។
លោកថ្លែងថា៖ « ស្ថានភាពនេះចង់មិនចង់វាអាចធ្វើឱ្យជះឥទ្ធិពលមិនល្អទៅដល់ប្រទេសសហរដ្ឋអាមេរិកដែលជាប្រទេសមួយ ជាប្រទេសមានសុវត្ថិភាពនិងសន្តិសុខ»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ការប៉ុនប៉ងសម្លាប់ លោក ដូណាល់ ត្រាំ បង្ហាញថា ប្រព័ន្ធគ្រប់គ្រងសន្តិសុខសហរដ្ឋអាមេរិកនៅមានកម្រិត ដែលត្រូវតែពិនិត្យឡើងវិញជាពិសេសលើការប្រើប្រាស់អាវុធ ព្រោះវាអាចនឹងប៉ះពាល់ដល់ដំណើរការបោះឆ្នោតរបស់សហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ។
លោកថ្លែងថា៖ «ខ្ញុំគិតថា វាពិតជាមានឥទ្ធិពលទៅដល់ការបោះឆ្នោត ហើយខ្ញុំមើលទៅអ្នកបោះឆ្នោតសហរដ្ឋអាមេរិក ប្រហែលជាកាន់តែមានការគាំទ្រ លោក ដូណាល់ ត្រាំ ច្រើនជាងមុន ហើយក៏វាជាការគំរាមកំហែងដល់ការបោះឆ្នោតដែរ»។
ចំណែកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ប្រាប់វីអូអេថា ហេតុការណ៍ប៉ុនប៉ងបាញ់សម្លាប់ លោក ដូណាល់ ត្រាំ អាចមានឥទ្ធិពលដល់ការបោះឆ្នោតខាងមុខ ប៉ុន្តែលទ្ធផលឈ្នះ ឬចាញ់គឺអាស្រ័យលើពលរដ្ឋអាមេរិក។ លោកបន្តថា បើទោះជាហេតុការណ៍បាញ់ លោក ដូណាល់ ត្រាំ អាចជាចំណែកជួយឱ្យលោកឈ្នះសន្លឹកឆ្នោត ប៉ុន្តែចំពោះតម្លៃការងាររបស់ លោក ចូ បៃដិន (Joe Biden) នៅតែមានប្រៀបជាង លោក ដូណាល់ ត្រាំ ក្នុងកិច្ចការនានា រួមមាននយោបាយការបរទេស ការដោះស្រាយបញ្ហាសេដ្ឋកិច្ច ការដោះស្រាយបញ្ហារបស់ពលរដ្ឋ និងកិច្ចការទូតផ្សេងទៀត។
លោកថ្លែងថា៖ «លោក ដូណាល់ ត្រាំ ដោយសារតែគាត់គិតផ្តោតលើពលរដ្ឋអាមេរិកខ្លាំងច្រើនពេក គាត់ភ្លេចគិតពីប្រយោជន៍សាកលដែលពលរដ្ឋសាកលលោកហ្នឹងចាត់ទុកអាមេរិកដូចជាបងធំទីមួយអ៊ីចឹង។ ពឹងផ្អែកលើប្រជាធិបតេយ្យហ្នឹងសំដៅទៅលើមើលបងធំអាមេរិក។ ប៉ុន្តែបើសិនជាសហរដ្ឋអាមេរិកមិនកាន់កិច្ចការប្រជាធិបតេយ្យខ្លាំងលើសាកលលោកទេ បានវាប៉ះពាល់។ ក៏ប៉ុន្តែកន្លងមកយើងឃើញស្ថានភាព ឬក៏នយោបាយការទូតរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាល លោក ចូ បៃដិន ហ្នឹងហាក់ដូចជាដើរបានល្អ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេថា អ្នកនយោបាយអាមេរិកគួរតែប្រកាន់ភ្ជាប់នូវភាពចាស់ទុំ ដើម្បីលុបបំបាត់បញ្ហា «បដិវាទកម្មនយោបាយ» ឬហៅថា ភាពផ្ទុយគ្នាក្នុងផ្នែកនយោបាយ។
លោកថ្លែងថា៖ «បើយើងចង់បានអំណាច យើងទៅប្រើហិង្សានយោបាយដើម្បីដណ្តើមអំណាច អាហ្នឹងវាមិនមែនតាមលទ្ធិប្រជាធិបតេយ្យទេ ទោះបីប្រទេសហ្នឹងប្រកាសថាមហាប្រជាធិបតេយ្យក៏ដោយ ក៏ប៉ុន្តែរឿងសកម្មភាពដែលកើតមានឡើងបដិវាទកម្មនយោបាយនេះ វាឆ្លុះបញ្ចាំងឱ្យឃើញថាមិនមែនប្រើការប្រកួតប្រជែងខាងនយោបាយតាមឆន្ទៈពីប្រជាពលរដ្ឋស្របតាមលទ្ធិប្រជាធិបតេយ្យទេ»។
ក្រោយការបាញ់ប្រហារមិនបានសម្រេច លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកដែលជាដៃគូប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតីអាមេរិកជាមួយ លោក ដូណាល់ ត្រាំ នាពេលខាងមុខ បានថ្លែងថា ការបាញ់ប្រហារបានអំពាវនាវឲ្យអ្នកនយោបាយអាមេរិករួបរួមគ្នា។ លោកបន្ថែមថា សហរដ្ឋអាមេរិកមិនអាចអនុញ្ញាតឱ្យអំពើហិង្សាបែបនេះក្លាយជារឿងធម្មតាបានទេ៕