ព្រះសង្ឃខ្មែរនិងពុទ្ធបរិស័ទខ្មែរមកពីប្រទេសមួយចំនួន និង តាមបណ្តារដ្ឋនានាក្នុងសហរដ្ឋអាមេរិក បានបញ្ចប់មហាសន្និបាតសង្ឃលើកដំបូងនៅវត្តមុនីសុតារាមរដ្ឋមីនីសូតា កាលពីថ្ងៃសុក្រ ជាមួយនឹងការតាំងចិត្តធ្វើកិច្ចការពង្រឹងពុទ្ធសាសនា និងជួយសហគមន៍រួមគ្នា ជាពិសេសការប្រកាសបង្កើតពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកនិងរចនាសម្ព័នដឹកនាំព្រះសង្ឃ។
នៅក្នុងព្រះសន្ទរកថាទៅកាន់ព្រះសង្ឃនិងពុទ្ធបរិស័ទក្រោយការជ្រើសតាំងជាប្រធានពុទ្ធិកសមាគម ព្រះតេជគុណភិក្ខុម៉ឹង សាង ព្រះគ្រូចៅអធិការវត្តមុនីសុតារាម រដ្ឋមីនីសុតា មានសង្ឃដីកាប្តេជ្ញានិងគម្រោងជាច្រើន ក្នុងការធ្វើឲ្យវិស័យពុទ្ធសាសនាមានការរីកចម្រើនលូតលាស់ដល់កូនចៅជំនាន់ក្រោយ។ ព្រះតេជគុណមានថេរៈដីកា ថាបេសកកម្មរបស់សមាគមនេះនឹងផ្តោតទៅលើការអប់រំអំពីសីល សមាធិ បញ្ញាវិន័យសម្រាប់ប្រកាន់ខ្ជាប់ដើម្បីស្តារឡើងវិញ ដើម្បីរក្សា និងដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវកិត្យានុភាពល្បីល្បាញនៃព្រះសង្ឃខ្មែរ ដែលជនានុជនទូទៅ តែងតែគោរពយ៉ាងខ្ពង់ខ្ពស់ តាំងពីមុនមកនៅក្នុងសង្គមយើង»។
Your browser doesn’t support HTML5
«ហើយព្រះសង្ឃខ្មែរយើងនៅសហរដ្ឋអាមេរិកនេះនឹងខំប្រឹងប្រែងបន្តវេនរក្សាព្រះពុទ្ធ សាសនា ទំនៀមទំលាប់ ប្រពៃណី ព្រះត្រៃបិតក ហើយយើងមានការរៀបចំឲ្យមាន សាមគ្គីភាពរវាងព្រះសង្ឃ និងព្រះសង្ឃ វត្តនិងវត្ត ជាមួយនឹងពុទ្ធបរិស័ទ ហើយបង្កើន បណ្តុះបណ្តាលព្រះសង្ឃនៅក្នុងសហរដ្ឋអាមេរិកទៀត ឲ្យមានចំណេះដឹងផ្នែកខាង ព្រះពុទ្ធសាសនាដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនាដល់បងប្អូនយើង កូនចៅជំនាន់ ក្រោយៗទៀត»។
ព្រះតេជគុណភិក្ខុម៉ឹង សាង មានដើមកំណើតនៅទឹកដីកម្ពុជាក្រោម បានទទួលពីធីស្រោចប្រោះព្រំព្រះសុគន្ធវារី ជាមួយអនុប្រធានទាំងពីរហើយនិងពិធីដង្ហែប្រទក្សិនជុំវិញព្រះវិហារ នាពេលរសៀលបានបញ្ជាក់ដោយថេរដីកាថា សមាគមថ្មីមួយនេះ នឹងយកគតិសុចរិតយុត្តិធម៌ជាគោលការណ៍ គោរពគ្នាទៅវិញទៅមក ដោះស្រាយបញ្ហាព្រះសង្ឃ និងពុទ្ធសាសនាប្រកាន់តាមលក្ខន្តិក: ហើយនិងមិនបម្រើផលប្រយោជន៍គណបក្យនយោបាយណាមួយ តែសហការជាមួយគ្រប់រដ្ឋាភិបាល ស្ថាប័នពុទ្ធសាសនានៅទូទាំងពិភពលោក ដោយឈរលើឯករាជ្យភាព។
ព្រះគ្រូចៅអធិការមួយអង្គនៃវត្តខ្មែរនៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដាគឺព្រះតេជ គុណបណ្ឌិតហុក សាវណ្ណដែលចូលរួមក្នុងពិធីបុណ្យនៅវត្តមុនីសូតារាមផងនោះ បានបញ្ជាក់ដោយសង្ឃដីកាពីការប្រឹងប្រែងបង្កើតសមាគមដែលជាប្រយោជន៍ដល់វិស័យពុទ្ធសាសនា។ព្រះតេជគុណបណ្ឌិតហុក សាវណ្ណ ចាត់ទុកថាពិធីបុណ្យ សាសនាធំៗបីក្នុងពេលតែមួយ កន្លែងតែមួយ«ជាថ្ងៃប្រវត្តិសាស្ត្រ» ហើយមានសង្ឃ ដីកាបន្តថា ការប៉ុនប៉ងបង្កើតពុទ្ធិកសមាគមនេះ កន្លងមកដែរ តែមិនបានសម្រេចឡើយ ដោយសារមិនទាន់មានការមូលមតិគ្នាខ្លាំងដូចពេលនេះ។
«ប៉ុន្តែដែលសំខាន់យកពិធីបុណ្យហ្នឹង ជាពិសេសបុណ្យវិសាខបូជាហ្នឹងធ្វើជាបុណ្យ ផង ហើយនឹងធ្វើជាមហាសន្និបាតផង អាត្មាថាចេញរួច ព្រោះព្រះសង្ឃនិមន្តមកពេល បុណ្យហ្នឹង យកឳកាសហ្នឹងឯងធ្វើមហាសន្និបាត នេះជាគំនិតល្អមែនទែន ព្រះចៅ អធិការវត្តមុនីសុតារាមធ្វើហ្នឹងត្រឹមត្រូវណាស់ អាចចេញរួច។ ចេញរួចហ្នឹង អាត្មាថា ព្រះសង្ឃអ្នកចេះដឹងច្រើនសព្វថ្ងៃហ្នឹង ហើយអាចប្រព្រឹត្តិទៅរួចជាងសម័យ អាត្មាទៀត»។
និមន្តមកពីវត្តសាសនៈសាមគ្គីរង្សី នៅក្នុងភូមិអូត្រាវ ស្រុកកញ្ច្រោង ខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ព្រះតេជគុណព្រះចៅអធិការវត្ត ថាច់ ស៊ី (Thach Sy) បានសម្តែង ក្តីរីករាយដែលបានចូលរួមក្នុងពិធីបុណ្យនៅសហរដ្ឋអាមេរិកជាលើកដំបូង។
«អាត្មាភាពទាំង៩អង្គ និមន្តមកពីខេត្តព្រះត្រពាំង ខេត្តឃ្លាំង និងខេត្តមាត់ជ្រូក បាន ចូលរួមក្នុងបុណ្យវិសាខបូជា ហើយនិងសូត្រគម្ពីរព្រះត្រៃបិតកនៅវត្តមុនីសូតារាម ហ្នឹង យើងខ្ញុំមានមោទនភាពយ៉ាងខ្លាំង គឺស្មានមិនដល់ថានឹងបានឈានជើងលើក ដំបូង គឺថាមានការត្រេកអរយ៉ាងខ្លាំង»។
ព្រះសង្ឃមកពីវត្ត១៤០ និងពុទ្ធបរិស័ទជាច្រើនមកពីរដ្ឋនានាពាសពេញសហរដ្ឋ អាមេរិក បានមកប្រមូលផ្តុំគ្នានៅវត្តមុនីសូតារាម រដ្ឋមុនីសូតា ដើម្បីចូលរួមពីធីបុណ្យបង្កើតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៨ ខែឧសភា។ ជាមួយគ្នានោះដែរមានកម្មវិធីកម្សាន្តនានា ដូចជារាំរែក ការសម្តែងក្បាច់គុណល្បុក្កតោខ្មែរ ការលក់ដូរម្ហូបអាហារ សម្ភារៈ គ្រឿង ឧបភោគ បរិភោគ ភេសជ្ជៈផ្សេងៗ នៅខាងក្រោយព្រះវិហារដ៏ធំទូលាយនៃ វត្តមុនីសុតារាម។
ដោយឡែកនៅក្នុងព្រះវិហារ និង ជុំវិញព្រះវិហារវិញមានការសមាទានសីល វេរចង្ហាន់ដល់ព្រះសង្ឃ និងធ្វើបុណ្យ រាប់បាត ប្រគេនចង្ហាន់ បច្ច័យនិងទ័យទានផ្សេងៗរបស់ ពុទ្ធបរិស័ទជិតឆ្ងាយ ការចូលរួមហែប្រទក្សិណ ហែសារីរិកធាតុព្រះពុទ្ធ និងស្តាប់ធម៌ ទេសនាជាដើម នៅថ្ងៃបុណ្យបន្តបន្ទាប់នៃពីធីបុណ្យ និងជាពិសេសការចូលរួមអប អរសាទរ ចំពោះការបង្កើតពុទ្ធិកសមាគមព្រះសង្ឃខ្មែរនៅសហរដ្ឋអាមេរិកលើកដំបូង ដែលមានការថ្លែងការណ៍ពីប្រធានសមាគម បង្ហាញរចនាសម្ព័ន្ធ លក្ខន្តិកសមាគម ផងដែរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធដែលបានចូលរួម។
លោកបណ្ឌិតទន់ សុវណ្ណ ដែលជាអតីតប្រធានពុទ្ធិកសមាគមខ្មែរនៃវត្តពុទ្ធិការាម នៅក្នុងរដ្ឋ ម៉ារីលែន សហរដ្ឋអាមេរិក បានថ្លែងពីភាពរីករាយដែលបាន ចូលរួម ក្នុងពិធីបុណ្យសាសនាធំៗ ជាពិសេសការបង្កើតសមាគមព្រះសង្ឃខ្មែរនៅក្នុង រដ្ឋ មុនីសុតារាម។
«សារៈសំខាន់ទី១ គឺយើងសម្រាប់រៀបចំដើម្បីឲ្យព្រះសង្ឃខ្មែរបានកាន់តែរីកចម្រើន នៅក្នុងសហរដ្ឋអាមេរិក។ ទី២ នឹងជួយទៅដល់វត្តដទៃៗទៀតព្រោះអីវត្តខ្មែរយើងនៅ ក្នុងសហរដ្ឋអាមេរិកច្រើនណាស់»។
ព្រះតេជគុណ ភិក្ខុ ឃោសកោសិទ្ធិ យៀង សុចិត្រា (Sochettra Yieng) គង់នៅវត្ត មណ្ឌលពុទ្ធសាសនា ទីក្រុង Providence រដ្ឋ រ៉ូដអៃឡែន (RI) មានថេរដីកាថាការ ជួបជុំគ្នារបស់ព្រះសង្ឃ និង ការរៀបរយក្នុងពិធីបុណ្យធំៗនិង មហាសន្និបាតនេះ គឺជាការសម្តែងសាមគ្គីគ្នា ការរីកចម្រើន មោទនភាព រវាងព្រះសង្ឃ។ ព្រះតេជគុណបញ្ជាក់យ៉ាងដូច្នេះ ដោយយោងថាពុទ្ធបរិស័ទដែលចូលរួម អាចនឹងបានឃើញការរួប រួមគ្នា ហើយនឹងបានស្តាប់ឮព្រះធម៌ ហើយបដិបត្តិតាម។
«តាមរយៈពិធីហ្នឹងព្រះសង្ឃ បានផ្តល់នូវឱវាទ គឺពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធហ្នឹង ចែកដល់ពុទ្ធបរិស័ទ ឳវាទ គឺធ្វើអ្វី គឺហាមមិនឲ្យធ្វើអំពើបាប ឲ្យធ្វើអំពើល្អ ធ្វើការ ជម្រះកាយ ឲ្យបរិសុទ្ធផូរផង់ ហើយតាមរយៈឱវាទ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធហ្នឹង ញាតិញោម យកទៅបដិបត្តិសម្រាប់ជីវិតប្រចាំថ្ងៃ ហើយកាលណាបដិបត្តិត្រឹមត្រូវធ្វើត្រឹមត្រូវតាមការពិតទៅ ធ្វើឲ្យប្រជាពលរដ្ឋយើងបានសុខសន្តិភាព បាន សេចក្តីសុខ ក្នុងបច្ចុប្បន្ន ហើយនឹងសុខទៅកាន់លោកខាងមុខ»។
ព្រះតេជគុណ ជុំ វិចិត្រ ដែលគង់នៅវត្តមុនីសុតារាម និងជាអ្នករៀបចំខាងការ ទទួល ភ្ញៀវមានសង្ឃដីកាប្រាប់ VOA ថា ការជួបជុំព្រះសង្ឃនេះនឹងមានភាពអធឹកអធម ដោយសារជា ពិធីបុណ្យសាសនាធំដំបូង ដែលមានការនិមន្តព្រះសង្ឃនិងអញ្ជើញពុទ្ធបរិស័ទមកពីវត្តចំនួន១៤០ ក្នុងរដ្ឋជាច្រើនពាសពេញសហរដ្ឋអាមេរិក កាណាដា ដែនដីកម្ពុជាក្រោម និងប្រទេសកម្ពុជាផង បានចូលរួមក្នុងពិធីបុណ្យ បង្កើតពុទ្ធិក សមាគម ព្រះសង្ឃខ្មែរសហរដ្ឋអាមេរិក ការធ្វើបុណ្យវិសាខបូជា ការធ្វើពិធីសូត្រ ព្រះត្រៃបិតក ក្នុងពេលតែមួយនិងនៅកន្លែងតែមួយគឺនៅវត្តមុនីសុតារាម រដ្ឋ មីនីសូតានេះ។
«គោលបំណងគឺការរួបរួមព្រះសង្ឃខ្មែរនៅសហរដ្ឋអាមេរិក ទាំងព្រះសង្ឃដែលនិមន្ត មកតាំងពីទសវត្សរ៍១៩៨០ ១៩៩០ និង២០០០ជាង ជាពិសេសថ្មីៗនេះ មាន ព្រះសង្ឃបាននិមន្តមកផ្សព្វផ្សាយសាសនានិងជួយពង្រឹងសង្គមនៅតាមវត្ត នៅតាម រដ្ឋជាច្រើន។ ព្រះសង្ឃមកក្រោយៗនេះច្រើនតែព្រះសង្ឃបានសិក្សារៀនសូត្រ មាន វ័យក្មេងៗ មានបញ្ញាឈ្លាសវៃ ហើយកម្លាំងកាយក៏រហ័សរហួន ហើយសង្ឃឹមថា ទាំងជំនាន់ចំណាស់បន្តិច ហើយនឹងជំនាន់ថ្មីហ្នឹងយើងអាចរួបរួមគ្នាដើម្បីបង្កើន និងពង្រឹង វិស័យព្រះពុទ្ធសាសនា និងផ្សព្វផ្សាយវប្បធម៌ខ្មែររបស់យើងឲ្យមានការស្ថិតស្ថេរ ឲ្យមានការរីកចម្រើន ឲ្យមានការផ្សព្វផ្សាយ ឲ្យមានការជ្រួតជ្រាបទៅលើសង្គម ក្នុង សហរដ្ឋអាមេរិកនេះ»។
ព្រះតេជគុណ ជុំ វិចិត្រ រំពឹងថាសហគមខ្មែរ ជាពិសេសអ្នកជំនាន់ក្រោយនឹងទទួល បានផលប្រយោជន៍ពីការបង្កើតសមាគមព្រះសង្ឃខ្មែរ ថ្មីនេះ។
«បើសិនជាយើងអ្នកជំនាន់មុន ព្រះសង្ឃជំនាន់មុន ចាស់ៗជំនាន់មុនៗ មិនបានគិតគូ មិនបានពង្រឹងទេគឺថាអ្នកជំនាន់ក្រោយគេកើតនៅស្រុកនេះ គេទទួលវប្បធម៌ និងការ សិក្សារៀនសូត្រ ការអប់រំចំណេះដឹងនៅស្រុកនេះ គេមិនបានរៀនសូត្រពីយើង មិនបានផ្តល់ឲ្យពីយើង គេច្បាស់ជាទទួលអ្វីពីស្រុកនេះហើយ»។
ប្រធានគណៈកម្មាការបុណ្យ គឺលោក ចែម ស៊ីធឿន បានអរគុណដល់ក្រុមអ្នកស្ម័គ្រ ចិត្ត អ្នកចូលរួម ដែលបានជួយគាំទ្រដល់ពិធីបុណ្យពុទ្ធសាសនាទាំងបីនេះ ឲ្យប្រព្រឹត្តិ ទៅដោយរលូនហើយក៏សុំការអធ្យាស្រ័យពីក្រុមអ្នកចូលរួមទាំងព្រះសង្ឃនិងពុទ្ធ បរិស័ទចំពោះការខ្វះខាតដែលបានកើតមានក្នុងអំឡុងពេលបុណ្យនេះ។
ក្រុមអ្នករៀបចំបុណ្យបានបង្ហាញពីក្តីសង្ឃឹម និងការជឿជាក់លើការដឹកនាំរបស់ពុទ្ធិក សមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិក ដឹកនាំដោយព្រះតេជគុណភិក្ខុម៉ឹង សាង ជា ព្រះគ្រូចៅអធិការវត្ត មុនីសូតារាម ដែលមានការចូលរួមពីបណ្តាព្រះសង្ឃ ដែលមានសមត្ថភាពជាច្រើន ដើម្បីរក្សាកេរ្តិ៍តំណែល សាសនា វប្បធម៌ ប្រពៃណីខ្មែរជា ច្រើនជំនាន់ទៅមុខ៕