បុរសជនជាតិវៀតណាម ឈ្មោះ ង្វៀន ថាញ់ឌុញ (Nguyen Thanh Dung) ដែលសង្ស័យថាបានធ្វើទារុណកម្មលើក្មេងប្រុស នៅខេត្តមណ្ឌលគិរី ត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរវៀតណាមកាលពីយប់ថ្ងៃពុធ បន្ទាប់ពីបុរសនេះ រត់គេចខ្លួនទៅប្រទេសកំណើតវិញ។ នេះបើតាមការឲ្យដឹងរបស់ លោក សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី។
លោក សូ សុវណ្ណ បានប្រាប់VOA ឲ្យដឹងថា តាមការសន្និដ្ឋានជាបណ្តោះអាសន្នរបស់អាជ្ញាធរកម្ពុជា បុរសជនជាតិវៀតណាម វ័យ២៥ឆ្នាំរូបនោះគឺជាជនសង្ស័យ តែម្នាក់ដែលពាក់ព័ន្ធក្នុងករណីធ្វើទារុណកម្ម។ មកដល់ពេលនេះ អាជ្ញាធរមានសម្ថកិច្ច ពុំទាន់កំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធផ្សេងទៀតនោះទេ ដោយរង់ចាំព័ត៌មាន ពីការសួរចម្លើយ ជនជាតិវៀតណាមនោះសិន។
«បើតាមការសន្និដ្ឋានបណ្តោះអាសន្នរបស់សមត្ថកិច្ចយើង យើងគិតថាកាម៉េរាហ្នឹងវាដាក់ខ្លួនវាហើយ ទើបធ្វើសកម្មភាព។ តែយើងរង់ចាំមើល ពន្លឺពីជនសង្ស័យទើបយើងដឹងថា មានអ្នកថត ឬតែម្នាក់ឯង»។
ការចាប់ខ្លួនបុរសជនជាតិវៀតណាមនេះ ធ្វើឡើងក្រោយវីដេអូ ដែលបុរសនេះ ធ្វើទារុណកម្មលើកុមារកម្ពុជានៅខេត្តមណ្ឌលគិរី ត្រូវបានផ្សព្វផ្សាយ ពេញលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងទូលំទូលាយនិងរងការថ្កោលទោសធ្ងន់ៗពីសាធារណជននាដើមសប្តាហ៍នេះ។
ក្នុងវីដេអូ ដែលមានរយៈពេលជិត៣នាទីបង្ហាញថា កុមារតូចកម្ពុជាអាយុ២ឆ្នាំស្រែកទ្រហោយំយ៉ាងខ្លាំង ខណៈពេលបុរសជនជាតិវៀតណាមធ្វើទារុញកម្ម ដោយមានការចងស្លាបសេក និងប្រើប្រាស់ម៉ាស៊ីន ឆក់កុមារនោះត្រង់ត្រចៀក ជើង ខ្នង និងច្រមុះជាដើម។
ម្តាយរបស់កុមាររងគ្រោះ លោកស្រី ណេង ចិន វ័យ៣០ឆ្នាំ ដែលធ្វើការក្នុងចំការកាកាវក្នុងខេត្តមណ្ឌលគិរី ប្រាប់VOAថា បុរសជនជាតិវៀតណាមនោះ តែងតែប្រលែងលេង ជាធម្មតាជាមួយកូនខ្លួន ហេតុនេះហើយទើបលោកស្រី មិនបានដឹងថាបុរសជនជាតិវៀតណាម បានធ្វើទារុណកម្មលើកូនខ្លួននោះទេ នៅពេលលោកស្រីមិននៅក្បែរ។
«ពេលខ្ញុំទៅធ្វើការ ខ្ញុំនាំកូនខ្ញុំទៅ។ ជនជាតិវៀតណាមហ្នឹង គាត់ក៏លេងជាមួយកូនខ្ញុំពេលនៅជិតៗហ្នឹង គាត់អត់ហ៊ានធ្វើអីទេ គាត់ធ្វើដូចស្រលាញ់កូនខ្ញុំចឹង មុជទឹកឲ្យ។ ពេលខ្ញុំយកកូនពីគាត់មកវិញ ឃើញកូនមានរបួសចឹង ពេលខ្ញុំសួរគាត់ គាត់ថាកូនដើរដួល ខ្ញុំក៏មិនបានចាប់អារម្មណ៍ថាគាត់ធ្វើអីចឹងដែរ»។
លោកស្រីបញ្ចាក់ថា បច្ចុប្បន្ននេះ កូនប្រុសរបស់លោកស្រីមានសុខភាពប្រក្រតីឡើងវិញហើយ។
តាមការឲ្យដឹង របស់លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាអាជ្ញាធរកម្ពុជាបានសហការជាមួយអាជ្ញាធរវៀតណាម ដើម្បីរកមុខសញ្ញាជនសង្ស័យ និងធ្វើការឃាត់ខ្លួន។
«អគ្គស្នងការនគរបាលជាតិបានសហការជាមួយភាគីវៀតណាម។ គេក៏បានចាត់ការ ស្វែងរកភ្លាមៗ ប្រហែល២ថ្ងៃហ្នឹង ហើយខាងវៀតណាមគេ ក៏ផ្តល់ព័ត៌មានថាគេរកឃើញជនល្មើសដែលយើងប្រាប់អត្តសញ្ញាណទៅហ្នឹង នៅទីក្រុងហូជីមិញថាគេបានឃាត់ខ្លួនហើយ»។
លោកបន្តថា កម្ពុជាកំពុងស្នើសុំឲ្យភាគីវៀតណាមបញ្ជូនជនសង្ស័យរូបនោះ មកកសាងសំណុំរឿងនៅកម្ពុជា។
«យើងអត់ទាន់ដឹងថាគេចាត់ការសួរចម្លើយយ៉ាងម៉េចតាមនីតិវិធីនៅស្រុកគេ ប៉ុន្តែអ្វីដែលយើងចង់បានគឺចង់ឲ្យគេបញ្ចូនមក ដើម្បីយើងកសាងឯកសារតាមនីតិវិធីច្បាប់យើង បញ្ជូនទៅតុលាការ។ តែអ្វីដែលយើងស្នើសុំហ្នឹង គេមិនទាន់ឆ្លើយ»។
VOA មិនទាន់អាចទាក់ទងមន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជា ដើម្បីសុំការបកស្រាយបានទេ នាថ្ងៃព្រហស្បតិ៍នេះ។
លោក សុខ រដ្ឋា ជាមន្ត្រីសម្របសម្រួលរបស់សមាគមឃ្លាំមើលសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តមណ្ឌលគិរី ឲ្យដឹងថាថ្វីបើកុមារ ត្រូវបានធានាសុវត្ថិភាពដោយច្បាប់ជាតិ និងអន្តរជាតិយ៉ាងណាក្តី ក៏កុមារកម្ពុជា នៅតែរងគ្រោះដោយសារអំពើទារុណកម្ម ហិង្សា និងអំពើកេងប្រវ័ញ្ចនានា។
យោងតាមមាត្រា២១០និង២១១ នៃក្រមព្រហ្មទណ្ឌកម្ពុជា ចែងថា បទទារុណកម្ម និងអំពើឃោរឃៅ ដែលប្រព្រឹត្តទៅលើបុគ្គលណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ។ ហើយក្នុងករណីបទឧក្រិដ្ឋនេះ ត្រូវបានប្រព្រឹត្តិទៅលើបុគ្គលដែលទន់ខ្សោយ ដូចជាអនីតិជនជាដើម អ្នកប្រព្រឹត្តត្រូវមានស្ថានទម្ងន់ទោសជាប់ពន្ធនាគារពី១០ទៅ២០ឆ្នាំ៕