អាជ្ញាធរ​កម្ពុជា​ចាប់​មនុស្ស​៣៦​នាក់​ពី​បទ​អំពើ​ទុច្ចរិត​តាម​អ៊ីនធើណិត​ដែល​ភាគ​ច្រើន​ជា​ជន​បរទេស​​

  • ​Reuters

រូបឯកសារ៖ ជនជាតិចិនក្នុង​ឯកសណ្ឋានអាវពណ៌ទឹកក្រូច ត្រូវបានចាប់ខ្លួន​ និង​បញ្ជូន​ទៅ​ប្រទេសចិនវិញ ដោយ​មន្ត្រីប៉ូលិសចិន មុនពេលពួកគេឡើងយន្តហោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។ (AP)

ប្រទេស​កម្ពុជា​ដែល​ស្និទ្ធ​នឹង​ប្រទេស​ចិន ​បាន​បណ្តេញ​ជនជាតិ​ចិន​ដី​គោក​និង​ចិន​កោះតៃវ៉ាន់​​ច្រើន​រយ​នាក់​ក្នុងពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ​ នៅ​ក្នុង​ការ​បង្ក្រាប​ការ​ប្រើ​ប្រាស់​បណ្តាញ​អ៊ីនធើណិត​ និង​ទូរគមនាគមន៍​​ ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តាម​កន្លែង​ជា​ច្រើន ​រួម​មាន​រាជធានី​ភ្នំពេញ។

អាជ្ញាធរ​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ចាប់​ជន​សង្ស័យ​៣៦​នាក់​ ដែល​ជាជន​ជាតិ​ខ្មែរ ​ចិន​តៃវ៉ាន់ ​និង​ថៃ ​ដែល​ជា​ប្រទេស​ជិតខាង​ ដោយ​ជាប់​សង្ស័យ​ថា ប្រព្រឹត្ត​អំពើ​ទុច្ចរិត លួច​បន្លំ​ ទារ​ប្រាក់​ពី​ជន​រងគ្រោះ​នៅ​បរទេស។ នេះ​បើ​តាម​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ។​

ការ​ចាប់​ខ្លួន​អ្នក​ឆបោក​តាម​អ៊ីនធើណិត​នៅ​ថ្ងៃ​សុក​ នៅ​ទីក្រុង​ភ្នំពេញ ​និង​នៅ​ក្រុង​ព្រះ​សីហនុ​ដែល​ជា​មូលដ្ឋាន​វិនិយោគ​ទុនរបស់ចិន​ ​បាន​នាំ​ឲ្យ​មាន​ការចាប់​ខ្លួន​ជនសង្ស័យ​ខ្លះ​ ជា​លើក​ដំបូង​ទាក់ទងនឹង​ការ​ឆបោក ​ឬ​លួច​បន្លំ​ប្រាក់​ពី​ជនរង​គ្រោះ​នៅ​ប្រទេស​ថៃ។ ​នេះ​បើ​តាម​លោក ​សៅ សុខា ​មេ​បញ្ជាការ​កងរាជអាវុធ​ហត្ថ​ផ្ទៃ​ប្រទេស ​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។ លោក ​សៅ សុខា ​និយាយ​ថា ​គេ​ប្រើ​ប្រទេស​កម្ពុជា​ជា​កន្លែង​ឆបោក​ ជម្រិត​ទារ​ប្រាក់​ពី​ជន​រង​គ្រោះ​នៅ​បរទេស​ រួម​មាន​ប្រទេស​ថៃ។​

ជន​សង្ស័យ​ទាំង​នោះ​រួម​មាន​ជនជាតិ​ថៃ​២៦​នាក់ ចិនមក​ពី​កោះ​តៃវ៉ាន់​៦​នាក់ ៤​នាក់​ជា​ជនជាតិ​ខ្មែរ។​ ជន​បរទេស​ទាំង​នេះ​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​កម្ពុជា​ បើ​មិន​មាន​ភស្តុតាង​អំពី​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា។ ​ការ​ឆែកឆេរ​នេះ​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់ ​ដោយ​មាន​កិច្ច​សហការ​ជាមួយ​ប៉ូលិស​ថៃ​ ហើយ​តុលាការ​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ជនជាតិ​ថៃ​ខ្លះ​នៃ​ជនជាតិ​ថៃ​ទាំង​២៦​នាក់​នេះ។

ប្រទេស​កម្ពុជា​ដែល​ស្និទ្ធ​នឹង​ប្រទេស​ចិន ​បាន​បណ្តេញ​ជនជាតិ​ចិន​ដី​គោក​និង​ចិន​កោះតៃវ៉ាន់ច្រើន​រយ​នាក់​ក្នុងពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ​ នៅ​ក្នុង​ការ​បង្ក្រាប​ការ​ប្រើ​ប្រាស់​បណ្តាញ​អ៊ីនធើណិត​ និង​ទូរគមនាគមន៍ ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តាម​កន្លែង​ជា​ច្រើន ​រួម​មាន​រាជធានី​ភ្នំពេញ។​ ​ប្រទេស​ចិន​បាន​ប្រឆាំង​នឹង​ការ​លួច​បន្លំ​តាម​អ៊ីនធើណិត​នេះ​ច្រើនឆ្នាំ​មក​ហើយ​ ​ហើយ​ការ​លួច​បន្លំ​នេះ​បាននាំ​ឲ្យ​បាត់បង់​ថវិកា​ច្រើន​ពាន់​លាន​ដុល្លារ។​ នេះបើ​តាម​អាជ្ញាធរ​ចិន​ដែល​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ក្រុង​ប៉េកាំង​កាលពី​ពេល​ថ្មីៗ​នេះ។

ប្រទេស​ចិន​ដីគោក​បាន​ចោទ​កោះ​តៃវ៉ាន់​ថា ​ផ្តល់​ជម្រក​ដល់​ក្រុម​ឧក្រិដ្ឋជន​ដែលអំពើ​ទុច្ចរិត​តាម​អ៊ីនធើណិត ​ជម្រិត​ទារ​ប្រាក់លួច​លុយ​តាមអ៊ីនធើណិត។​

ប្រទេស​កម្ពុជា​ក៏ដូច​ប្រទេស​ចិន​ដែរ​ មិន​ទទួល​ស្គាល់​កោះ​តៃវ៉ាន់​ជា​រដ្ឋ​ឯករាជ្យ​ទេ។​ កោះ​តៃវ៉ាន់​បាន​បង្ហាញ​ការ​ខក​ចិត្ត​អំពី​ការ​ដែល​ប្រទេស​កម្ពុជា​បាន​បញ្ជូន​ជនជាតិ​តៃវ៉ាន់​ជាច្រើន​ទៅឲ្យ​រដ្ឋាភិបាល​ចិន​ប៉េកាំង​ ហើយ​ចោទ​ថា ប្រទេស​កម្ពុជា​ធ្វើតាម​បញ្ជា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​

ការ​បញ្ជូន​ជនជាតិ​ចិន​តៃវ៉ាន់​ទៅ​ប្រទេស​ចិនដីគោក​ធ្វើ​ឡើង​នៅ​ពេល​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​សភាព​ធ្ងន់ធ្ងរ​ ក្រោយពី​លោក​ស្រី Tsai Ing-wen ​ប្រធានាធិបតីកោះ​តៃវ៉ាន់​ជំរុញ​ឲ្យ​មាន​ឯករាជ្យភាព​សម្រាប់​កោះ​តៃវ៉ាន់។​ លោកស្រី​និយាយ​ថា ​លោកស្រី​ចង់​រក្សា​សន្តិភាព​ជា​មួយ​ប្រទេស​ចិន ​ប៉ុន្តែ​លោកស្រី​នឹង​ការពារ​សន្តិសុខ​និង​ប្រជាធិបតេយ្យ​របស់​កោះ​តៃវ៉ាន់៕