កាលពីថ្ងៃអង្គារ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនស្នើឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមផ្សព្វផ្សាយពីការដុតបំផ្លាញគ្រឿងញៀន និងសារធាតុពាក់ព័ន្ធ ដើម្បីបង្ហាញអំពីលទ្ធផលនៃប្រតិបត្តិការរបស់មន្ត្រីអនុវត្តច្បាប់។ អ្នកតាមដានសង្គមនៅតែជំរុញឱ្យអាជ្ញាធរកម្ពុជាគួរតែស៊ើបអង្កេតឱ្យបានហ្មត់ចត់លើអ្នកចែកចាយ និងអ្នកនៅពីក្រោយនៃចរាចរគ្រឿងញៀន និងដាក់ទោសទណ្ឌតឹងរ៉ឹងឱ្យពួកគេរាងចាល ដើម្បីកាត់បន្ថយគ្រឿងញៀននៅកម្ពុជា។
លិខិតកាលពីថ្ងៃអង្គារ ទី ១១ ខែមិថុនា ឆ្នាំ ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ សំណើសុំជួយសម្របសម្រួល និងអញ្ជើញអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ចូលរួមជាសក្ខីភាព ក្នុងការផ្តិតយករូបភាព និងសកម្មភាពនានានៃការដុតបំផ្លាញគ្រឿងញៀននិងសារធាតុពាក់ព័ន្ធ តាមការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤។
លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បដិសេធ មិនអត្ថាធិប្បាយ ដោយលោកឱ្យអ្នកសារព័ត៌មានទាំងអស់ចូលរួមសន្និសីទសារព័ត៌មាននៅថ្ងៃទី ១៤ ខាងមុខនេះ ដែលមានការរៀបចំការដុតបំផ្លាញគ្រឿងញៀន មុនខួបទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
កាលពីកន្លងទៅ លោកធ្លាប់ប្រាប់វីអូអេថា របាយការណ៍របស់អង្គការសហប្រជាជាតិបានបង្ហាញថា នៅលើពិភពលោកមិនមានសញ្ញាថមថយនៃបទល្មើសគ្រឿងញៀនទេ ប៉ុន្តែលោកថា ការជួញដូរគ្រឿងញៀននៅកម្ពុជាមានភាពថមថយបន្តិច បើធៀបនឹងបណ្តាប្រទេសផ្សេងទៀត។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៤ ហើយអាជ្ញាធរជាតិនឹងរៀបចំពិធីដុតបំផ្លាញគ្រឿងញៀន និង សារធាតុពាក់ព័ន្ធនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២ ០២៤ វេលាម៉ោង១០ព្រឹក នៅទីតាំង ភូមិសំរោង សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ ខាងមុខ។ ហេតុដូច្នេះហើយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសូមស្នើរដ្ឋមន្ត្រីជួយសម្របសម្រួល អញ្ជើញអ្នកសារព័ត៌មានចូលរួម ដើម្បីផ្សព្វផ្សាយជាសាធារណៈអំពីលទ្ធផលនៃប្រតិបត្តិការរបស់មន្ត្រីអនុវត្តច្បាប់។ នេះបើតាមសំណើរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការដុតកម្ទេចចោលគ្រឿងញៀនគឺជារឿងមួយដែលសំខាន់ ដើម្បីកុំឱ្យជនឆ្លៀតឱកាសអាចចែកចាយគ្រឿងញៀនទាំងអស់នោះទៅក្នុងសហគមន៍បន្តទៀត។
ទោះជាយ៉ាងណា លោកថា ដើម្បីកាត់បន្ថយគ្រឿងញៀន អាជ្ញាធរកម្ពុជាគួរតែស៊ើបអង្កេតឱ្យបានហ្មត់ចត់លើអ្នកចែកចាយ និងអ្នកនៅពីក្រោយនៃការចរាចរគ្រឿងញៀន ព្រមទាំងដាក់ទោសទណ្ឌឱ្យតឹងរ៉ឹងដើម្បីឱ្យពួកគេរាងចាល។
លោកថា៖ «បើសិនជាការបង្ក្រាបបានតិចតួចទេ មិនបានជាអតិបរមាបង្ក្រាបឱ្យបានច្រើនទេ ដើម្បីកាត់បន្ថយគ្រឿងញៀនឱ្យនៅកម្រិតអប្បបរមាមែនទែនទេ នោះបញ្ហាគ្រឿងញៀននៅតែជាបញ្ហាវិលវល់នៅក្នុងសង្គមយើង ដែលធ្វើឱ្យប៉ះពាល់ទៅដល់យុវជន ប្រជាពលរដ្ឋ ទៅដល់សន្តិសុខសហគមន៍ជាច្រើន»។
លោកបន្តថា៖ «ជាមួយគ្នានោះ អាចស៊ើបអង្កេតផងដែរ រកអ្នកដែលពាក់ព័ន្ធ អ្នកដែលធ្វើជាខ្នងបង្អែកឱ្យឈ្មួញជួញដូរគ្រឿងញៀនហ្នឹង ត្រូវតែចាត់វិធានការកុំឱ្យមានការលើកលែង ហើយដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរទៅតាមច្បាប់កំណត់ គឺអាចកាត់បន្ថយបញ្ហានេះបានដែរ»។
កាលពីឆ្នាំ ២០២៣ អាជ្ញាធរបានបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង ៨.០០០ករណី ដោយឃាត់ខ្លួនជនសង្ស័យប្រមាណ ២ ម៉ឺននាក់ ដែលមានគ្រឿងញៀនសរុបជិត ៣ តោន និងរឹបអូសសារធាតុគីមីផ្សំបានចំនួនប្រមាណ ១តោនកន្លះ និងដកហូតមធ្យោបាយ និងសម្ភារៈ ដែលជាវត្ថុតាងមួយចំនួនទៀត។ នេះបើតាមប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក នេត សាវឿន ដែលបានថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចេញសេចក្តីអំពាវនាវ ដាក់ឲ្យដំណើរការកម្មវិធីទូរសព្ទដៃ NoDrug ដែលមានគោលបំណងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលចង់រាយការណ៍អំពីករណីប្រើប្រាស់គ្រឿងញៀន ការជួញដូរ និងករណីផ្សេងៗទៀត ដែលទាក់ទងនឹងបញ្ហាគ្រឿងញៀន ប្រសិនបើពួកគេជួបប្រទះហេតុការណ៍សង្ស័យមានអ្នកប្រើប្រាស់ ឬជួញដូរគ្រឿងញៀន។
ពលរដ្ឋក៏អាចរាយការណ៍ពីបទល្មើសនោះដោយសម្ងាត់ តាមរយៈកម្មវិធី NoDrug ដោយគ្រាន់តែផ្ញើសារជាអក្សរ សំឡេង វីដេអូ រួមជាមួយទីតាំងកើតហេតុ។ រដ្ឋាភិបាលក៏បានចេញបទបញ្ជាឱ្យពិនិត្យរកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ៕