អភិបាល​ខេត្ត​កំពង់ស្ពឺ៖ អាជ្ញាធរ​ដុត​បំផ្លាញ​សាច់​ក្របី​នាំ​ចូល​ពី​ឥណ្ឌា​ដែល​រក​ឃើញ​មាន​វីរុស​កូវីដ​១៩ ទោះ​មាន​ការ​តវ៉ា​ពី​ស្ថានទូត​ឥណ្ឌា

រូប​ថត​ចែក​ផ្សាយ​​​តាម​​តាម​ទំព័រ​ហ្វេសប៊ុក​របស់​​អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ កាល​ពី​ថ្ងៃ​ទិ​២៧ ខែ​កក្កដា ឆ្នាំ​២០២១ បង្ហាញ​ពី​សាច់​ក្របី​ដែល​ត្រូវ​បាន​នាំ​ចូល​ពី​​ឥណ្ឌា ​និង​ត្រូវ​​ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​ថា ​មាន​​ផ្ទុក​វីរុស​ជំងឺ​កូវីដ​១៩។ (ហ្វេសប៊ុក)

អាជ្ញាធរ​ខេត្ត​កំពង់​ស្ពឺ​បាន​សម្រេច​ដុត​ចោល​សាច់​ក្របី​រាប់​តោន ដែល​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា ក្រោយ​ក្រសួង​សុខា​ភិបា​ល​កម្ពុជា​ប្រកាស​រក​ឃើញ​ថា​មានផ្ទុក​វីរុស​ជំងឺ​កូវីដ​១៩ ប្រមាណ​មួយ​សប្តាហ៍​មក​ហើយ។ នេះ​បើ​យោង​តាម​អភិបាល​ខេត្ត​កំពង់​ស្ពឺ។

ក្រោយ​អាជ្ញាធរ​សុខាភិបាល​កម្ពុជារក​ឃើញ​សាច់​ក្របី​បង្កក​នាំ​ចូល​ពី​ឥណ្ឌា មាន​ផ្ទុក​វីរុស​ជំងឺ​កូវីដ​១៩ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ស្ថាន​ទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​បាន​ជំទាស់ និង​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​ពិនិត្យ​ឡើង​វិញ​លើ​សាច់​ក្របី​ដាក់​ក្នុង​កុង​តឺន័រ​នេះ។ ស្ថាន​ទូត​ឥណ្ឌា​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​នៅ​ប្រទេស​សិង្ហបុរី​ផង​ដែរ។

ទោះ​ជាយ៉ាងណា​លោក​វ៉ី សំណាង ​អភិបាល​ខេត្ត​កំពង់​ស្ពឺ បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​យ៉ាង​ខ្លី​ថាសាច់​ក្របី​ទាំង​អស់​នេះ ត្រូវ​បាន​ដុត​បំផ្លាញ​ចោល កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​ក្នុង​ស្រុក​ឱរ៉ាល់​រួច​រាល់​អស់​ហើយ។ លោក​មិន​អាច​បញ្ជាក់​ពី​បរិមាណ​សាច់​ក្របី​នេះ​ទេ។

លោកថ្លែង​ថា៖ «សំខាន់​គេ​ដុត​ទាំង​អស់ ព្រោះ​ថា អាហ្នឹង​ងាប់​ហើយ ឆ្លង​កូវីដ​ពេញ​វាល​ពេញ​កាល​ទុក​ធ្វើ​អី។ ហើយ​ប្រុង​ស្តាយ​សាច់​ហ្នឹង​អី? ធម្មតា​ទេ​អាហ្នឹង​រឿង​នយោបាយ អញ្ចឹង​បាន​ខាង​យើង​សំណូមពរ​មិន​ឲ្យ​ការ​ផ្សាយ​ហ្នឹង​ហ្អា ខ្លាច​វា​ប៉ះ​ពាល់​ទៅ​ដល់​កតិ្តយស​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រទេស​នីមួយៗ វា​អញ្ចឹង​ហ្អា»។

អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ហាក់​ស្ទាក់​ស្ទើរ​ក្នុង​ការ​បញ្ចេញ​ព័ត៌មាន​អំពី​ការ​ដុត​បំផ្លាញ​សាច់​ក្របី​នេះ។

លោក​អោ វណ្ណថេន​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ដោយ​បង្វែរ​សំណួរ​ទៅ​រដ្ឋបាល​ខេត្ត​វិញ។ ចំណែក​លោក មួង ធី​ អភិបាល​ស្រុក​ឱរ៉ាល់ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ដូច​គ្នា ដោយប្រាប់​ឲ្យ​មើលការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វិញ។ លោក​សម សាមួន ​ស្នងការ​នគរបាល​ខេត្ត​កំពង់​ស្ពឺ បាន​បដិសេធ​មិន​អត្ថា​ធិប្បាយ​អំពី​ការ​ដុត​បំផ្លាញ​នេះ ដោយ​បង្វែរ​សំណួរ​ទៅ​ខាង​អាជ្ញាធរ​ទទួល​បន្ទុក​ខាង​គយ​វិញ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​គុណ ញឹម​ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

កាល​ពី​ថ្ងៃ​អង្គារ អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ​១៩​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​«មិន​អស់​ចិត្ត​ចំពោះ​ការ​រក​ឃើញ​វីរុស​កូវីដ​១៩​នៅ​លើ​សាច់​ក្របី ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា​មក​ប្រទេស​កម្ពុជា​និង​បាន​ស្នើ​សុំ​ឲ្យ​ធ្វើ​តេស្ដ​ម្ដង​ទៀត»។

ស្ថាន​ទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​បាន​ប្រាប់ VOA ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ថា​ស្ថាន​ទូត​មិន​ទាន់​បាន​ទទួល​បាន​ព័ត៌មាន​ណា​មួយ​ពី​អាជ្ញាធរ​កម្ពុជា​ទាក់​ទង​នឹង​ការ​ដុត​បំផ្លាញ​សាច់​ក្របី​រួច​ហើយ​នៅ​ឡើយ​ទេ។ ស្ថានទូត​ឥណ្ឌា​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​ថាបើ​មិន​មាន​ការ​ព្រម​ព្រៀង​ពី​កម្ពុជា​ឲ្យ​ធ្វើ​តេស្ត​ឡើង​វិញ ក្រុមហ៊ុន​នាំ​ចេញ​របស់​ឥណ្ឌា​ក៏​បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ក្នុង​ការ​ដឹក​ជញ្ជូន​សាច់​ក្របី​ដែល​ដាក់​ក្នុង​កុង​តឺន័រ​នោះ​ត្រឡប់​ទៅ​ប្រទេស​ឥណ្ឌា​វិញ ដោយ​រ៉ាប់​រង​លើ​ចំណាយ​ផ្ទាល់។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ VOA​ ទទួល​បាន​ពី​ស្ថាន​ទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​នា​ថ្ងៃ​ពុធ​នេះ ស្ថានទូត​បាន​បញ្ជាក់​ថា​សាច់​ក្របី​នេះ​ទទួល​បាន​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​ពី​មន្ទីរ​ពិសោធន៍​នៅ​ប្រទេស​ឥណ្ឌា ស្រប​តាម​ស្តង់​ដារ​គុណភាព​ ISO ​ត្រឹម​ត្រូវ និង​មិន​បាន​រក​ឃើញ​មាន​វីរុស​កូវីដ​១៩​នោះ​ទេ។

លិខិត​ជា​ភាសា​អង់គ្លេសខាង​លើ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖ «នៅ​ក្នុង​បរិបទ​លទ្ធ​ផល​ខ្វែង​គ្នា​នៅ​ឥណ្ឌា​និង​កម្ពុជា​ ក្រុមហ៊ុន​នាំ​ចេញ​ពី​ឥណ្ឌា​តាម​រយៈ​ស្ថាន​ទូត​ឥណ្ឌា​នៅ​ក្រុង​ភ្នំពេញ និង​ក្រុម​ហ៊ុន​ដៃ​គូ​នាំ​ចូល​នៅ​កម្ពុជា​បាន​ស្នើ​ឲ្យ​ក្រសួង​សុខាភិបាល និង​គណៈ​កម្មា​ធិការ​ប្រឆាំង​ជំងឺ​កូវីដ​១៩ ធ្វើ​តេស្ត​លើ​សំណាក​សាច់​ថ្មី​នៅ​ក្នុង​កុង​តឺន័រ​ដូចគ្នា ដើម្បី​បញ្ជាក់​ពី​លទ្ធ​ផល​តេស្ត ហើយ​ប្រសិន​បើ​អាច គឺ​យក​ទៅ​ធ្វើ​តេស្ត​ក្នុង​មន្ទីរ​ពិសោធន៍​ទំនើប​មួយ​នៅ​ប្រទេស​សិង្ហបុរី»។

បើ​តាម​ស្ថានទូត​ឥណ្ឌា សាច់​ក្របីត្រូវ​បាន​នាំ​ចេញ​ពី​ប្រទេស​ឥណ្ឌា តាំង​ពី​ខែ​មេសា​ហើយ​មក​ដល់​កម្ពុជា​នៅ​ក្នុង​ខែ​កក្កដា​នេះ។ ស្ថាន​ទូត​បញ្ជាក់​ថា​មិន​មាន​ភស្តុតាង​វិទ្យា​សាស្រ្ត​អាច​បញ្ជាក់​ថា​វីរុស​កូវីដ​១៩ អាច​រស់​នៅ​លើ​ចំណី​អាហារ​និង​សម្ភារ​វេច​ខ្ចប់​បាន​រយៈពេល​ជិត​៣​ខែ​នោះ​ទេ។

ស្ថាន​ទូត​ឥណ្ឌា​ក៏​បាន​សង្កត់​ធ្ងន់ដែរ​ថា​មក​ទល់​ពេល​នេះ​មិន​មាន​ប្រទេស​ដទៃ​ណាមួយ​នៅ​លើ​ពិភពលោក​ធ្លាប់​បាន​រាយ​ការណ៍​ពី​វីរុស​កូវីដ​១៩ នៅ​ក្នុង​អាហារ​បង្កក ឬ​សម្ភារៈ​វេច​ខ្ចប់​អាហារ​ប្រភេទ​នេះ​ទេ។

វីអូអេ​បាន​ព្យាយាម​ទាក់​ទង​លោក ហុក គឹម​ចេង អគ្គ​នាយក​បច្ចេកទេស​សុខាភិបាល និង​អ្នក​ស្រី​ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ដើម្បី​សុំ​ការ​អត្ថាធិប្បាយ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​នោះ​ទេ។

លិខិត​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី​១៩ ខែ​កក្កដា​បាន​លើកឡើង​ថា អាជ្ញាធរ​កម្ពុជា​បាន​រក​ឃើញ​សាច់​ក្របីនាំ​ចូល​ពី​ឥណ្ឌា មាន​ផ្ទុក​វីរុស​កូវីដ​១៩ ចំនួន​៣​កុង​តឺន័រ​ក្នុង​ចំណោម​៥​កុងតឺន័រ​នៅ​ទីលាន​ផែ​ស្ងួត​ត្រីកូដ​ដ្រាយ​ផត ​(Trikud Dry Port) ​នៅ​រាជធានី​ភ្នំពេញ។ សាច់​ក្របី​បង្កក​នេះ​ត្រូវ​បាន​នាំ​ចូល​ដោយ​ក្រុមហ៊ុន​ចំនួន​ពីរ គឺ​ក្រុមហ៊ុន ​Bovini Food និង​ក្រុមហ៊ុន ​Ashary Investment & Construction។

ក្រោយ​ពី​មាន​ការ​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល​ថា​មាន​វីរុស​កូវីដ​១៩​លើ​សាច់​ក្របី​នេះ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ចេញ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​២១ ខែ​កក្កដា សម្រេច​ឲ្យ​កម្ទេច​ចោល​សាច់​ក្របី​នេះ៕