អាជ្ញាធរ​ចាប់​ផ្តើម​បិទ​ផ្លូវ ខណៈ​រដ្ឋាភិបាល​ចេញ​បទ​បញ្ជា​កំហិត​ការ​ធ្វើ​ដំណើរ​

អាជ្ញាធរ​យាមល្បាត​ព្រំប្រទល់​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​កណ្តាល​បន្ទាប់​មាន​បំរាម​ការ​ធ្វើ​ដំណើរ​អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចាប់​ផ្តើម​បិទ​ផ្លូវ​ត​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​នានា ​ដែល​ជា​ការ​អនុវត្ត​បទ​បញ្ជា​កំហិត​ការ​ធ្វើ​ដំណើរ​នៅ​ទូទាំង​ប្រទេស ​ក្នុង​គោល​ដៅ​មួយ​ ដែល​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ថា​ដើម្បី​ទប់​ស្កាត់​ការ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​កម្មករ។

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​ VOA​ សាក​សួរ​ បាន​សាទរ​ការ​បិទ​ផ្លូវ​នេះ​ តែ​ពួកគេ​ចង់​ឃើញ​ការ​បន្ធូរ​បន្ថយ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ។​ ពលរដ្ឋ​ខ្លះ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ ដោយ​សារ​ការ​រឹតបន្តឹង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​រាជធានី​ និង​ខេត្ត​នានា។​

លោក​ យស់ ស័ក្តិ​ វ័យ​៤៧​ឆ្នាំ ​ជា​កម្មករ​សំណង់​និង​ជា​ពលរដ្ឋ​រស់​នៅ ​ខេត្ត​តាកែវ​ បាន​ប្រាប់ ​VOA ​នៅ​ត្រង់​តំបន់​រង្វង់​មូល​គួរ​ស្រូវ​ ឆ្ពោះ​ទៅ​ខេត្ត​តាកែវ​ ថា​ លោក​ខក​ខាន​មិន​បាន​ទៅ​ជួប​ប្រពន្ធ​កូន​នៅ​ស្រុក​កំណើត​ ដោយ​សារ​លោក​មិន​បាន​ដឹង​ពី​បទ​បញ្ជា​របស់​រដ្ឋាភិបាល ​ដែល​ហាម​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ទីក្រុង​ភ្នំពេញ​ ទៅ​តាម​បណ្តា​ខេត្ត។​

«ទើប​ឃើញ​លើក​ទីមួយ​ហ្នឹង!​ រួច​ហើយ​អត់​ដឹង។ បើ​ដឹង​ពី​ថ្ងៃ​មុន ​ខ្ញុំ​ទៅ​បាត់​តាំង​ពី​ម្សិល​អី​ទៅ។​ ម្សិល​អត់​ទាន់​បិទ​ផងហ្នឹង! ​ហើយ​អា​នេះ​ពីព្រឹក​ គេ​បិទ ​តែ​អ្នក​មាន​បង្វេច​មាន​អី​ទេ​ណ៎ា។ ​ម៉ូតូ​ទទេរៗ​អី​ ឌុប​គ្នា​អី​ទៅ​បាន។ ​ឥឡូវ​បិទ​ទាំង​ម៉ូតូ​ ទាំង​អស់​ម៉ូតូ​ក៏​មិន​ឲ្យ​ទៅ»។​

លោក​បន្ថែម​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​តែ​មាន​ការ​បន្ធូរ​បន្ថយ​ឲ្យ​អ្នក​បើក​បរ​ដោយ​ម៉ូតូ​អាច​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​ ដើម្បី​បាន​ជួប​សាច់ញាតិ​ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ។​

«បើ​ម៉ូតូ​ពីរៗ​នាក់​ម្នាក់​អី​ សម​តែ​ឲ្យ​គ្នា​ទៅ​ ហើយ​អា​នេះ​មិន​ដឹង​ម៉េច​បើ​គេ​អត់​ឲ្យ​ទៅ​តែ​ម្តង​មិន​ដឹង​ថា​ម៉េច​អីចឹង!»​

អាជ្ញាធរ​មានសមត្ថកិច្ច​ ដាក់​របារពិនិត្យ​ការធ្វើដំណើរឆ្លងចេញចូល ​នៅកំណាត់​ផ្លូវជាតិ​លេខ​៣​ ​ថ្ងៃសុក្រ​ទី​១០ ខែមេសា ឆ្នាំ​២០២០។ (ហ៊ុល រស្មី/VOA)

នៅ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣​ កង​កម្លាំង​នគរបាល​ បាន​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​រាជធានី​ភ្នំពេញ​ ទៅតាម​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​តាកែវ​ កំពត​ និង​កែប​ជាដើម។​ ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​រាជធានី​ខេត្ត​នេះ​ មិន​មាន​ការ​តវ៉ា​ណា​មួយ​រវាង​អ្នក​ធ្វើ​ដំណើរ​ និង​កងកម្លាំង​នគរបាល​នោះ​ទេ។​

អាជ្ញាធរ​មាន​សមត្ថ​កិច្ច​មួយ​ចំនួន​ ដែល​ឈរ​ជើង​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣ ​ប្រាប់​ VOA ​ថា​ ​ប្រជា​ពលរដ្ឋ​មាន​ការ​យល់​ដឹង​អំពី​បទ​បញ្ជា​របស់​រដ្ឋាភិបាល ​ដែល​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​តាំង​ពី​ម៉ោង ​១២​យប់​ ថ្ងៃ​ព្រហស្បតិ៍។​

កាល​ពី​ថ្ងៃទី​៩ ​ខែ​មេសា​នេះ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ បាន​ចេញ​បទ​បញ្ជា​មួយ​ដែល​កំហិត​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ រួម​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចេញ​ចូល​រាជធានី​ភ្នំពេញ​ តែ​មិន​ប៉ះពាល់​ការ​ធ្វើ​ដំណើរ​ផ្ទៃ​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ។​

រដ្ឋាភិបាល​ក៏​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​ និង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ផង​ដែរ។​ ប៉ុន្តែ​ នៅ​ថ្ងៃទី​១០ ​ខែ​មេសា​នេះ​លោក ​ហ៊ុន សែន ​បាន​កែ​សម្រួល​បទ​បញ្ជា​របស់​លោក ​ដោយ​អនុញ្ញាត​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​និង​ខេត្ត​កណ្តាល ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថាជា​តំបន់​តែ​មួយ។​

នៅ​ក្នុង​សំឡេង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ នៅ​ថ្ងៃ​សុក្រ​នេះ​ លោក ​ហ៊ុន សែន​ មាន​ប្រសាសន៍​ថា​ គោល​បំណង​សំខាន់​នៃ​ការ​ដាក់​កំហិត​នេះ ​គឺ​ដើម្បី​ទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​ដែល​រដ្ឋាភិបាល​សម្រេច​ឲ្យ​ពួក​គេ​បន្ត​ធ្វើ​ការ​នៅ​រោងចក្រ​ ក្នុង​ឱកាស​ចូល​ឆ្នាំ ​ដើម្បី​បញ្ចៀស​ការ​ឆ្លង​វីរុស​កូរ៉ូណា​ទៅ​បណ្តា​ខេត្ត។

លោក​ ហ៊ុន សែន ​បន្ត​ថា ​មន្រ្តី​រាជការ​មាន​ផ្ទះ​សម្បែង​នៅ​ខេត្ត​កណ្តាល​ ដូច្នេះ​ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ អភិបាល​រាជធានី​ភ្នំពេញ​ លោក ​ឃួង ​ស្រេង​ បាន​ចេញ​សេចក្តី​ណែនាំ​ឲ្យ​អាជ្ញាធរ​ភ្នំពេញ​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​ ការ​ធ្វើ​ដំណើរ ​និង​ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​មិន​មាន​ការ​ហាម​ឃាត់ ​ឬ​រឹតត្បិត​ឡើយ។​

លោក​ ឋាន ចំរើន ​អាយុ​៥៩​ឆ្នាំ ​អ្នក​រត់​ម៉ូតូ​ឌុប ​ក្នុង​សង្កាត់​រលស់ ​ខណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ ​មាន​ប្រសាសន៍​ថា​ វិធាន​ការ​បិទ​ផ្លូវ​នេះ​នឹង​រួម​ចំណែក​ដល់​ការ​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​មេរោគ​កូរ៉ូណា។​ តែ​លោក​ថា​ចំណូល​ប្រចាំ​ថ្ងៃ​របស់​លោក​នឹង​ធ្លាក់​ចុះ។​

«វា​ត្រឹមត្រូវ​ហើយ​ ក៏​ប៉ុន្តែ​អារឿង​ជីវភាព​ប្រជា​ពលរដ្ឋ​ដែល​អ្នកក្រ។ ​នែ!​អ្នក​អត់​ដូច​ខ្ញុំ​អ៊ីចឹង​នែ!។​ អ៊ីចឹង​វា​មាន​ប៉ះ​ពាល់​កន្លែង​ហ្នឹង​ដែរ​ក្មួយ។​ ដូច​ខ្ញុំ​រក​ស៊ី​ដូច​ខ្ញុំ​លើក​និយាយ​ថា ម្តង​ទៀត​ទៅ​ឃើញ​ទេ​មួយ​ថ្ងៃ​ហ្នឹង​អត់​ទាន់​បាន​មួយ​សេន​ទេ»។​

ពលរដ្ឋ​កម្ពុជា​មួយចំនួនបានសម្រុក​ធ្វើដំណើរ​ចាកចេញពី​ទីក្រុង​ភ្នំពេញ​ ទៅកាន់ស្រុកកំណើត​ នៅ​តាម​បណ្តា​ខេត្ត​នានា តាមបណ្តោយផ្លូវ​ជាតិ​លេខ​៦, នៅរាជធានី​ភ្នំពេញ, នៅ​ថ្ងៃទី០៩​ ខែ​មេសា ឆ្នាំ​២០២០។ (ខាន់ សុគុំមនោ/VOA)

ដោយ​ឡែក​កម្មការិនី​រោងចក្រ​ក្នុង​ទីក្រុង​ភ្នំពេញ​មួយ​រូប​ គឺ​កញ្ញា​ សាធ ចន្ទថេន​ អាយុ​២៣​ឆ្នាំ​ និយាយ​ថា​ កញ្ញា​មិន​ជំទាស់​នឹង​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ទេ​ ព្រោះ​វា​នឹង​ជួយ​ទប់​ស្កាត់​បន្ថែម​ទៀត​ការ​ចម្លង​មេរោគ​កូរ៉ូណា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។​ កម្មការិនី​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ​រូប​នេះ ​បន្ថែម​ថា ​កម្មករ​នឹង​ធ្វើ​ដំណើរ​កម្សាន្ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត​ បើ​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក។

«ហ្នឹង​ហើយ! បើ​សិន​ជា​ធ្វើ​ការ​គេ​គិត​លុយ​ឲ្យ​នាំ​គ្នា​ធ្វើ​ទៅ! ព្រោះ​អី​គេការ​ពារ​អ៊ីចឹង​ក៏​វា​ល្អ​ដែរ​ ព្រោះ​អី​យើង​ខ្លាច​ឆ្លង​អ៊ីចឹង​ណា៎ ​ព្រោះ​អី​តែ​ទៅ​គឺ​យើង​ដើរ​ហើយ»។

លោក ​យង់ គិម​អេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ​យល់​ថា ​វិធាន​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​រាជធានី​ទៅ​ខេត្ត​ ជា​ការ​ខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រីករាល​ដាល​មេរោគ​កូរ៉ូណា។ ​លោក​បញ្ជាក់​ថា​ ការណ៍​នេះ​មិន​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អាក់​អន់​ស្រពន់​ចិត្ត​នោះ​ទេ។​

យ៉ាង​ណាក្តី​ លោក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​ ពាក់ព័ន្ធ​នឹង​បទ​បញ្ជា​នេះ​ ដើម្បី​បញ្ចៀស​ការ​មិន​យោគ​យល់​គ្នា​ ហើយ​រដ្ឋាភិបាល​ក៏​គួរ​ពិចារណា​បញ្ឈប់​ការ​ជួបជុំ​គ្នា​នៅ​តាម​មូល​ដ្ឋាន​ ដែល​លោក​សំដៅ​ដល់​ការ​ជួប​ជុំ​ទទួល​ទាន​គ្រឿង​ស្រវឹង។​

«សម្រាប់​អ្នក​ដែល​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នៅ​តាម​ភូមិ​ឃុំ​ឬ​សហគមន៍​មួយ​ចំនួន​ហ្នឹង​បាទ​ គឺ​ពេល​ដែល​មិន​ទាន់​ស្រវឹង​ គាត់​ដូច​ជា​ប្រយ័ត្ន​ប្រយែង​ណាស់។​ កាល​ណា​ដល់​ស្រវឹង​ហើយ​ រាង​ធ្លាក់​ភ្នែក​ហើយ​ គាត់​លែង​បាន​ប្រយ័ត្ន​ហើយ​បាទ​ គឺ​ប្រឡូក​ប្រឡាក់​ពេញ​ណា​ពេញ​ណី​ជាមួយ​គ្នា​ហ្នឹង​ គឺ​ដែល​អាច​បង្ក​ហានិភ័យ​ខ្ពស់​ហើយ ​ដែល​អាច​នឹង​មាន​ហានីភ័យ​នៃ​ការ​ឆ្លង​កូវីដ-១៩​ហ្នឹង​ងាយ​ ដែល​វា​មាន​លក្ខណៈ​ងាយ​ហ្នឹង»។

លោក​ ឆាយ គឹមខឿន​ អ្នក​នាំ​ពាក្យ​នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ប្រាប់​ VOA ថា​ លោក​មិន​ទាន់​ដឹង​ថា តើ​នឹង​មាន​ការ​ពន្យារ​ពេល​កំហិត​ធ្វើ​ដំណើរ​ ក្រោយ​ផុត​សុពល​ភាព​នៅ​យប់ ​ម៉ោង​១២យប់ ​ថ្ងៃ​ទី​១៦​ខែ​មេសា ​ឬ​យ៉ាង​ណា​ទេ៕