ខ្មែរ​អាមេរិកាំង​ថា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទំនង​ជា​មិន​ទាក់ទាញ​រដ្ឋបាល​អាមេរិក​ថ្មី​ទេ

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា។ (ម៉ែន គឹមសេង/VOA)

ប្រទេស​កម្ពុជា​ត្រូវគេ​ចាត់ទុក​ថាជា​ប្រទេស​ក្រីក្រមួយ​ ហើយ​ពោរពេញ​ដោយ​អំពើពុក រលួយ​ធ្លាក់​ដល់កម្រិត​ប្រទេស​ទី១៥០​ ក្នុងចំណោម​ប្រទេស​១៦៨​។ នេះ​បើយោង​តាមក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ចុងក្រោយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ Transparency International។​

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជា​ធម្មតា​ដាក់​ក្តីសង្ឃឹម​លើ​គណបក្ស​សាធារណរដ្ឋ ថា​អាច​ជួយ ប្រទេស​កំណើត​របស់​ពួកគេ​ដើម្បី​កែទម្រង់​ការគោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ តែ​ក្រោយ​ពេល​លោក ដូណាល់ ត្រាំ បាន​ជាប់ឆ្នោត​នោះ ក្តីរំពឹង​ដូច្នោះ ពិបាក​នឹង​ទស្សន៍ទាយ​បាន ដោយសារ​គោលនយោបាយ​ស.រ.អា​ថ្មី​ដំបូងៗ​របស់​លោក ដូណាល់ ត្រាំ អាច​ផ្តោត​ខ្លាំង​ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច​ជាង។

នៅមុន​តែ​ប៉ុន្មាន​សប្តាហ៍​ដែល ដូណាល់ ត្រាំ ​មហា​សេដ្ឋី​អចលនៈ​ទ្រព្យ ​នឹងចូល​កាន់​មុខ​តំណែង​ ជា​ប្រធានាធិបតី​សរអា ​លើក​ ទី​៤៥ ​ក្រោយពី​បានជាប់​ឆ្នោត​នោះ​ ក្រុម ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរខ្លះ​ បាន​បង្ហាញ​ថា ពួកគេ​នៅមាន​ក្តីសង្ឃឹម​តិចតួច ថា​ប្រធានាធិបតី​សរអាថ្មី​នឹង​ផ្តោតការ​យកចិត្ត​ទុកដាក់​លើបញ្ហា​គោរព​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ ​ដូចជា​បញ្ហា​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ដែល​ហាក់​ធៀបនឹង​បាន​កំណត់​ទុក ជាមុន​ទៅ​ហើយ​នោះ។

លោក​ មុយ ចំរើន ​ជាអតីត​ទាហ៊ាន​អាមេរិកាំង​ម្នាក់​ ដែល​រស់នៅ​ក្នុងរដ្ឋ​ធានីវ៉ាស៊ីន តោនបាន​ថ្លែងថា​មានការ​ប៉ាន់ស្មាន​ខុសៗគ្នា​ជា​ច្រើន​មុនពេល​ដែល​លោក​ ត្រាំ​ចូលកាន់​តំណែង​។ តែ​សម្រាប់​លោក​វិញ លោក​គិតថា ​គោល​នយោបាយ​របស់​លោក​ ត្រាំ​ដែល​លោក​បានឮ​ពេល​ឃោសនា​គឺផ្តោត​លើ​សេដ្ឋកិច្ច​ និងពាណិជ្ជកម្ម។

«គណបក្ស​សាធារណរដ្ឋ​នេះនឹង​អាចជួយ​បានទាក់​ទងនឹង​បញ្ហា​សិទ្ធិ​មនុស្ស។​ ប៉ុន្តែ​សិទ្ធិ​មនុស្ស​សង្ឃឹម​ក្នុង​ពាណិជ្ជកម្ម។​ គណបក្ស​សាធារណរដ្ឋ​ចង់ជួយ​បញ្ហា​សិទ្ធិ​មនុស្ស​ តែ​ការចង់​ជួយនោះ ​បើតាម​តែ​លោក​ ត្រាំ​និយាយ​គឺវា​តិចជាង​គណបក្ស​ប្រជាធិប​តេយ្យ​នៃ​លោក​ប្រធានាធិបតី​អូបាម៉ា ​ចង់​ជួយ‍»។

លោក​ថា ​ចាំមើល​លោកត្រាំ​ចូលធ្វើការ​សិន​ ទើបអាច​ដឹងច្បាស់​បាន ​ដោយសារ​តែ លោក ​កំពុង​ជ្រើស​រើស​សមាជិក​គណៈរដ្ឋមន្ត្រី​របស់​លោក​ ដូចជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ និងស្ថាប័ន​ដ៏ទៃ​ទៀត​នៅឡើយ។​ ទោះជា​យ៉ាងណា​លោកថា​ក្នុងនាម​ជាជន​ជាតិ​ខ្មែរម្នាក់ ​លោកចង់​ឃើញ​លោក ​ត្រាំ​ជួយ​ដល់​កម្ពុជា​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម ​ហើយ​ពលរដ្ឋ​ខ្មែរ​ជាយុវជន​ ត្រូវខំ​រៀន​សូត្រ​ឲ្យ​មាន​ចំណេះ​ដើម្បី​ជួយដល់​ប្រទេស​ខ្លួន​ ហើយមិន​គួរពឹង​តែជំនួយ​បរទេស​ទៀតនោះទេ​ ដែល​លោក​ចាត់ទុក​ថាជា​រឿង​ពិបាក។

លោក ​គុជ ច័ន្ទលី ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅក្នុង​រដ្ឋម៉ារីលែន​ដែលតាមដាន​ការវិវត្តន៍ នយោបាយ​សរអា​និង​កម្ពុជា​ បានថ្លែង​ថានៅ​ក្នុង​ដំណាក់​កាល​រៀប​ចំគណៈរដ្ឋ​មន្ត្រី របស់​លោក​ដូណាល់ ត្រាំ​ គេពិបាក​នឹងដឹង​បានថាតើ​គាត់នឹង​មានគោល​នយោបាយ យ៉ាងណា ​អំពី​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជាដ៏តូច និង​មិនសូវ​មាន​ផលប្រយោជន៍​ដល់​សរអា​នោះ។ ប៉ុន្តែ​បើតាម​អ្វីដែល​លោក​ធ្លាប់ តាមដាន​ពីគំនិត​របស់​លោក ត្រាំ​ដែលជា​អ្នកជំនួញ​នោះ​ ទំនងជា​លោកនឹង​ផ្តោត​ការយកចិត្ត​ទុកដាក់​ខ្លាំងលើ​បញ្ហា​ជំនួញ​ជាជាង​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិប​តេយ្យ។

«ចំណែក​ខាង​មនុស្សធម៌​ ខាង​ប្រជាធិបតេយ្យ ​ខ្ញុំយល់ថា​ដូចជា​ពុំមាន​សង្ឃឹម​ទេ។​ ដល់​អញ្ចឹង​ទៅ​រូបភាព​នយោបាយ​រវាង​សរអា​ទៅនឹង​ប្រទេស​ខ្មែរ​យើង​ ខ្ញុំពុំ​មាន​សង្ឃឹម​ថា​នឹង មានការ​ចាប់​អារម្មណ៍​ខ្លាំងពី​សរអា​នេះទេ​ព្រោះថា​ប្រទេស​ខ្មែរយើង​ពុំមាន​កត្តា​សេដ្ឋកិច្ច ច្រើនជួយ​ដល់​សរអា​ទេ‍»។

លោក គុជ ច័ន្ទលី ជា​អ្នក​វិភាគ​ឯករាជ្យ​មួយរូប​នៅ​រដ្ឋ​ម៉ារីឡែន សហរដ្ឋ​អាមេរិក។

ទោះជា​យ៉ាងណា​លោក​ គុជ ច័ន្ទលី​បានដាក់​ការព្រួយ​បារម្ភខ្លាំង​ទៅលើ​គោល​នយោបាយ​របស់​ ត្រាំ ​ដែលចង់​ធ្វើការ​ជាមួយ​ជនផ្តាច់ការ​មួយចំនួន​លើ​ពិភព​លោក​ ដែល​មាន​ប្រវត្តិ​រំលោភ​សិទ្ធិមនុស្ស​ដ៏ឃោរឃៅ ​ខណៈពេល​ដែលលោក​ចង់បញ្ចប់​ក្រុមរដ្ឋ ឥស្លាម​អៃស៊ីស​ដែល​គំរាម​សន្តិសុខ​តំបន់​និង​ពិភពលោក។​ ហើយ​ម្យ៉ាង​ទៀត​លោក ច័ន្ទលី ​អះអាង​បន្តថា​ការគ្រប់​គ្រងក្នុង​ប្រទេស​កម្ពុជា​ នៅពេល​ដែលគ្មាន​ជំនួយ​លើ​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ ​ពេលនោះ​កម្ពុជា​អាចនឹង​ងាកទៅ​រកចិន​ និង​គ្រប់គ្រងតាម​បែប​កុម្មុយនិស្ត​បន្ត។

«ដូច្នេះទៅ​ វាជាការ​គួរឲ្យ​សោក​ស្តាយ ​ជាការគួរ​ឲ្យបារម្ភ​ម្យ៉ាងដែរ​ បើសិនជា​យើង​បាត់ បង់ការ​គាំទ្រ​ពីសរអា។​ យើងចង់​ឲ្យសរអា​ជួយប្រទេស​ខ្មែរ​យើង ​ជួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ ផ្នែក​ខាង​ប្រជាធិបតេយ្យ ​ផ្នែកខាង​សិទ្ធិមនុស្ស​ជាដើម។ ​នេះជាការ​ត្រូវការ​ចាំបាច់ នៅក្នុង​ប្រទេស​ខ្មែរយើង​ព្រោះអី​ប្រជាពលរដ្ឋ​ខ្មែរយើង​ក្រីក្រ​លំបាក​ ហើយ​ឈឺចុក​ចាប់ ច្រើន​ប្រការ​ណាស់‍»។

ប្រទេស​កម្ពុជា​ត្រូវគេ​ចាត់ទុក​ថាជា​ប្រទេស​ក្រីក្រមួយ​ ហើយ​ពោរពេញ​ដោយ​អំពើពុក រលួយ​ធ្លាក់​ដល់កម្រិត​ប្រទេស​ទី១៥០​ ក្នុងចំណោម​ប្រទេស​១៦៨​។ នេះ​បើយោង​តាមក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ចុងក្រោយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ Transparency International។​ ប្រទេស​កម្ពុជា​ ត្រូវគេ​ចាត់​បញ្ចូល​ថាជា​ប្រទេស​មានការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​រួមទាំង​ការ​បំបិត​សេរីភាព​បញ្ចេញមតិ​ សិទ្ធិ​ជួប​ប្រជុំ​ ការធ្វើ​ទុក្ខបុក​ម្នេញ លើ​ក្រុម​ជំទាស់​និងក្រុម​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ ​ហើយនឹង​ការរំលោភ​សិទ្ធិ លំនៅដ្ឋាន​ និងដីធ្លី​ជាដើម។

លោក យ័ប គឹមទឹង ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់ បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក នៅព្រះវិហារ Great Falls United Methodist នៃ​ទីក្រុង Great Falls នៃ​សង្កាត់ Fairfax រដ្ឋ Virginia នៅ​ព្រឹក​ថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

មិនខុស​គ្នាប៉ុន្មាន​ដែរលោក យ័ប គឹមទឹង ពលរដ្ឋខ្មែរ​អាមេរិកាំង​នៅក្នុង​រដ្ឋវីជីនៀ ​បាន​ថ្លែងថា​អ្វីដែល​លោក​ឃើញ​គឺលោក​ ដូណាល់ ត្រាំ​អាចនឹង​គិតគូរ​ពីបញ្ហា​សេដ្ឋកិច្ច សហរដ្ឋ​អាមេរិក​មុន​នឹងគិត​ពីបញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិប​តេយ្យ។​ តែលោក​ជឿលើសមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ដែលមិន​ចូលចិត្ត​ការដឹកនាំ​ដូចនៅ​ក្នុងប្រទេស​កម្ពុជា។​ លោកថា​អ្វីដែល​លោកចង់​បាន​ជាបឋម​ពីប្រធានាធិបតី​ដូណាល់ ត្រាំ​គឺធានា​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ត្រឹមត្រូវ​នៅ​កម្ពុជា។

«ខ្ញុំមិន​ចង់សុំអ្វី​ច្រើនទេ​ ចង់សុំតែ​ឲ្យជួយ​មើលការ​បោះឆ្នោត​នៅស្រុក​ខ្មែរនឹង ​ឲ្យបានត្រឹម​ត្រូវ។ ​បើសិនជា​គណបក្ស​នៅស្រុក​ខ្មែរណា​ឈ្នះ ​ដោយការ​បោះឆ្នោត​ត្រឹមត្រូវ ខ្ញុំអត់​មានការ​ជំទាស់​នៅក្នុង​លទ្ធផល​អីទេ‍»។

លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មីគឺលោក​ ដូណាល់​ ត្រាំ ​ដែលឈ្នះ ​លោកស្រី ហ៊ីលឡារី​ គ្លីនតុន​ តាមសម្លេង​ឆ្នោត​ប្រភូតាម​រដ្ឋ​ទាំង​៥០ ​លើស ​២៧០ ​សម្លេង​ដែល​ច្បាប់​តម្រូវនោះ​ នឹងត្រូវ​ចូលកាន់​មុខតំណែង​នៅថ្ងៃទី​២០ ​ខែមករា​ខាងមុខ​ បន្តពី ប្រធានាធិបតី​ចេញពី​មុខតំណែង​គឺលោក​ បារ៉ាក់ អូបាម៉ា ​ដែលចប់​អាណតិ្ត​ទី២ ​រយៈ ពេល៨ឆ្នាំ​របស់​លោក៕