លោកប្រធានាធិបតី Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកទី ៤៦ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ក្នុងពិធីមួយដែលដឹកនាំដោយប្រធានតុលាការកំពូលលោក John Roberts នៅឯអគារវិមានសភា ដោយគ្មានវត្តមានអតីតប្រធានាតីចេញពីតំណែងលោក Donald Trump ទេ។
នេះគឺដោយសារតែភាពចម្រូងចម្រាសនៃការបោះឆ្នោត កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលលោក Trump ចោទថា មានការគៃបន្លំ ប៉ុន្តែត្រូវបដិសេធពីក្រុមអ្នកប្រជាធិបតេយ្យ និងតុលាការថាជាការចោទប្រកាន់ដែលគ្មានភ័ស្តុតាងទៅវិញ។
ទោះជាគ្មានច្បាប់ចែងថាប្រធានាធិបតីចេញពីតំណែងត្រូវតែមានវត្តមាននៅក្នុងពិធីស្បថចូលរបស់ប្រធានាធិបតីថ្មីក្តី ក៏សហរដ្ឋអាមេរិកមានទំនៀមទម្លាប់និងការរំពឹងទុកបែបនេះកន្លងមក។ អវត្តមានលោក Trump បានធ្វើឲ្យមានការរំជើបរំជួលមិននឹកស្មានដល់ នៅពេលគេដឹងនិងឃើញច្បាស់ដូចគ្រោងទុកថា លោក Trump មិនបានផ្តល់តម្លៃដល់ដៃគូប្រជែងនយោបាយរបស់លោក នៅក្នុងពិធីស្បថចូលកាន់មុខតំណែងប្រាកដមែន។
ក្រុមពលរដ្ឋខ្មែរអាមេរិកាំងនៅតាមបណ្តារដ្ឋមួយចំនួនបានសម្តែងការខកចិត្តនិងគិតពីកេរ្តិ៍ឈ្មោះជាង២៤០ ឆ្នាំរបស់សហរដ្ឋអាមេរិក ជាបិតាលទ្ធិប្រជាធិបតេយ្យពិភពលោក។
មានស្រុកកំណើតនៅខេត្តកំពង់ចាមលោក ជា មាស ពលរដ្ឋខ្មែរអាមេរិកាំង មកពីទីក្រុងPhiladelphia រដ្ឋ Pennsylvania បានមករស់នៅក្នុងសហរដ្ឋអាមរិកជាង ៣០ ឆ្នាំ។ លោកថ្លែងថានេះជារឿងកម្រនឹងកើតមានក្នុងប្រវត្តិសាស្ត្រនៃលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ក្នុងរយ:ពេលជាច្រើនឆ្នាំកន្លងមក ដែលមិនធ្លាប់ឃើញប្រធានាធិបតីចេញពីតំណែង មិនចូលរួមអបអរសាទរប្រធានាធិបតីថ្មី។
លោក ជា មាស បញ្ជាក់ប្រាប់វីអូអេថា៖ «ចំពោះលោក Trump ខ្ញុំមានការសោកស្តាយ តែនេះជាស្រុកមានសេរីភាពឬ ក៏រដ្ឋធម្មនុញ្ញអត់មានចែងថាប្រធានាធិបតីត្រូវតែចូលរួមវាអត់មាន។ អ៊ីចឹងទេនេះជាសិទ្ធិរបស់គាត់។ រឿងនេះខ្ញុំគិតថា ទុកឲ្យប្រជាពលរដ្ឋជាអ្នកវាយតម្លៃលោក Trump ទៅថ្ងៃក្រោយ»។
លោកបន្តថា ជាប្រពៃណីយូរយារណាស់មកហើយ គឺប្រធានាធិបតីតែងតែផ្តល់តម្លៃជូនគ្នាទៅវិញទៅមក ក្រោយពីលទ្ធផលបោះឆ្នោតដែលពលរដ្ឋបានសម្រេចចិត្តនោះបានចេញមក។
លោកថ្លែងថា៖ «ពេលដែលប្រធានាធិបតីឡើងថ្មីមក អតីតប្រធានាធិបតីហ្នឹងត្រូវផ្តល់កិត្តិយសដល់អ្នកស្នងតំណែងហ្នឹងណា»។
មិនថាតែប្រធានាធិបតីទេដែលផ្ទេរតំណែង ឬចូលរួមផ្ទេរអំណាចដោយរលូនកន្លងមក ក្រោយការបោះឆ្នោតម្តងៗនោះ សូម្បីតែបេក្ខជនប្រធានាធិបតីដូចជា អ្នកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យដែលបានឈ្នះសន្លឹកឆ្នោតពលរដ្ឋទូទាំងប្រទេសជិត ៣ លានសន្លឹក តែចាញ់ចំនួនសំឡេងអង្គប្រតិភូក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៦ ក៏ត្រូវប្រគល់ជ័យជម្នះជូនលោក Donald Trump ដែរ។
ស្រដៀងគ្នាដែរ នៅក្នុងបញ្ហាសំឡេងឆ្នោតលោកអតីតអនុប្រធានាធិបតី Al Gore បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ លោក Al Gore ក៏បានប្រគល់ជ័យជម្នះជូនលោកGeorge W. Bush ដែរ។ កាលពីការបោះឆ្នោតនៅឆ្នាំ ២០០០ លោក Gore បានឈ្នះសន្លឹកឆ្នោតលើសរហូតដល់ប្រមាណ ៥០០.០០០ សន្លឹក ប៉ុន្តែការប្តឹងផ្តល់នៅក្នុងរដ្ឋ Florida បានធ្វើឲ្យលោកចាញ់ក្តីដោយអំណាចតុលាការកំពូល ហើយលោក Gore សុខចិត្តប្រគល់ជ័យជម្នះដល់លោក Bush ដើម្បីការរួបរួមជាតិ។
លោក យ័ប គីមទឹង ពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងរដ្ឋ Virginia បានថ្លែងថា លោកនឹកមិនអស់ចិត្តថា នៅសហរដ្ឋអាមេរិកបានកើតមានការដែលមិនផ្តល់តម្លៃឱ្យគ្នា និងទទួលស្គាល់ការពិតទទួលស្គាល់ការចាញ់និងឈ្នះ ដែលជាវប្បធម៌ដ៏ល្អរបស់អាមេរិក ក្រោយការបោះឆ្នោតជាយូរមកហើយ។
លោក យ័ប គីមទឹង ថ្លែងថា៖ «ខ្ញុំតែងតែមានចិត្តរីករាយនៅក្នុងសហរដ្ឋអាមេរិក ពេលបានឃើញអ្នកចាញ់សរសើរអ្នកឈ្នះ តែពេលនេះខ្ញុំមិនអាចអួតប្រាប់អ្នកផ្សេងអ៊ីចឹងទៀតបានទេ ពីព្រោះអ្នកចាញ់អត់បានផ្តល់សេចក្តីសរសើរទៅអ្នកឈ្នះ ហើយមិនទៅចូលរួមនៅក្នុងការតំឡើងសក្តិ (ពិធីស្បថចូលកាន់តំណែង) ប្រធានាធិបតីថ្មីទៀតផង»។
លោក នួន វាសនា ជាពលរដ្ឋខ្មែរអាមេរិកាំងនិងជាសមាជិកក្រុមប្រឹក្សាក្រុង Lowell (ឡូវែល) ក្នុងរដ្ឋ Massachusetts បានអះអាងថា ជាធម្មតាឥស្សរជននយោបាយសហរដ្ឋអាមេរិកបានបង្ហាញភាពជាអ្នកដឹកនាំ នៅពេលផ្ទេរតំណែងនិងអំណាច។
អ្នកនយោបាយនៅមូលដ្ឋានរូបនេះថ្លែងថា៖ «យើងដឹងហើយចរិតរបស់អ្នកដឹកនាំរបស់សហរដ្ឋអាមេរិកនេះល្អប្រពៃណាស់ ជាពិសេសពេលដែលស្បថចូលកាន់មុខតំណែងហ្នឹង។ គេដូរតំណែងហ្នឹងគេដូរអ្នកដែលចេញទៅហ្នឹង គេផ្ទេរតំណែងជាសាធារណ:ឲ្យប្រជាពលរដ្ឋឃើញថា នេះជាប្រទេសដ៏អស្ចារ្យមួយ តែនេះជាចរិតរបស់អ្នកដឹកនាំបានន័យថា នេះជាចរិតរបស់អ្នកដឹកនាំរបៀបហ្នឹងឯង ម្ល៉ោះហើយគឺថាមិនមែនជាចរិតរបស់អ្នកដឹកនាំទេ»។
ប៉ុន្តែលោកថា នេះជាសេរីភាពនិងជាការសម្រេចចិត្តជាបុគ្គលរបស់អ្នកដឹកនាំ នៅពេលឥស្សរជនដទៃនៃគណបក្សសាធារណរដ្ឋបានសម្រចចិត្តមកចូលរួមក្នុងពីធីស្បថចូលកាន់មុខតំណែងលោក Joe Biden នោះ។
លោក ជា មាស បានយល់ស្រដៀងគ្នាដែរថា នេះជារឿងបុគ្គលទេតែលោកផ្តល់យុត្តិធម៌ដល់គណបក្សសាធារណរដ្ឋដែរដែលបានបញ្ជូនមនុស្សជាច្រើន ដើម្បីចូលរួមអបអរសាទរលោក Biden។
លោកថ្លែងថា៖ «ខ្លួនខ្ញុំផ្ទាល់ខ្ញុំវាយតម្លៃថា នេះជារឿងបុគ្គលហើយមិនអាចហាមឃាត់បានទេ ក្នុងគណបក្សសាធារណរដ្ឋទាំងអស់ហ្នឹង ក៏មិនមែនអត់មកទាំងអស់ដែរឃើញ និងអរគុណលោកអនុប្រធានាធិបតី Mike Pence គាត់បង្ហាញមុខគាត់នៅពេលហ្នឹង វាជួយលើកមុខលើកមាត់សម្រាប់អ្នកកាន់អាណត្តិថ្មីហ្នឹងដែរ សម្រាប់លោក Joe Biden ហ្នឹងដែរ»។
មេដឹកនាំគណបក្សសាធារណរដ្ឋជាច្រើនបានចូលរួមអបអរសាទរលោក Biden ដែរ ដូចជាលោក អតីតប្រធានាធិបតី George W. Bush លោកអនុប្រធានាធិបតី Mike Pence និងលោក Mitch McConnell អតីតមេដឹកនាំសំឡេងភាគច្រើនក្នុងព្រឹទ្ធសភា។
ប៉ុន្តែមិនមែនពលរដ្ឋខ្មែរអាមេរិកាំងទាំងអស់សុទ្ធតែយល់ស្របដូចគ្នា ចំពោះការណ៍ដែលលោក Trump គ្មានវត្តមាននៅពេលស្បថចូលកាន់មុខតំណែងលោកប្រធានាធិបតីថ្មីមកពីគណបក្សប្រជាធិបតេយ្យនោះទេ។
លោក មុយ ចំរើន អ្នកគាំទ្រគណបក្សសាធារណរដ្ឋម្នាក់មកពីរដ្ឋ Maryland បានផ្តល់តម្លៃដល់លោក Donald Trump ដែលមិនបានបង្ហាញខ្លួន ដោយថានេះមានន័យថា លោក Trump មិនព្រមចុះចាញ់និងបោះបង់ចោលនូវការជំទាស់របស់លោក ដើម្បីរកយុត្តិធម៌និងការពិតទៅមុខទៀត។
លោកបញ្ជាក់ថា៖ «ក្នុងន័យដែលគាត់ថានាំគ្នាតស៊ូបន្តទៅទៀត»។
លោក មុយ ចំរើន ថា លោក Trump ត្រូវមានមេធាវីល្អដើម្បីការពារខ្លួនលោក ដោយសារមេដឹកនាំក្រុមមតិភាគច្រើនក្នុងព្រឹទ្ធសភាចង់ចោទប្រកាន់ដាក់ទោសលោក Trump ពីបទបានញុះញង់ឲ្យអ្នកគាំទ្រលោកបានប្រព្រឹត្តអំពើហិង្សានិងកុបកម្ម នៅពេលសម្រុកចូលក្នុងអគារសភាបណ្តាលឲ្យមានមនុស្សស្លាប់និងរបួស ខណ:ដែលសភាទាំងពីរថ្នាក់កំពុងរាប់សន្លឹកឆ្នោតនៃអង្គបោះឆ្នោតជាពិធីការនិងតាមរដ្ឋធម្មនុញ្ញ ដើម្បីបញ្ជាក់ពីជ័យជម្នះរបស់លោក Biden នោះ ។
ក្រុមអ្នកវិភាគស្ថានការណ៍នយោបាយក្នុងតំបន់អាស៊ីនិងសហរដ្ឋអាមេរិកបានដាក់ចម្ងល់ពីការបែកបាក់នយោបាយសហរដ្ឋអាមេរិក និងតួនាទីជាសាកលរបស់ប្រទេសមហាអំណាចមួយនេះដែរ ក្នុងពេលពិភាក្សាអំពីការប្រជែងអំណាចជាមួយចិន និងប្រទេសមហាអំណាចមួយចំនួនទៀតនោះ។
ក្រុមពលរដ្ឋខ្មែរអាមេរិកាំងបានដាក់ក្តីរំពឹងថា សារនយោបាយអំពីការបង្រួបបង្រួមជាតិរបស់លោក Joe Biden ដែលបានបញ្ជាក់ពីការប្តេជ្ញាថា នឹងដឹកនាំប្រទេសដែលបែកបាក់ ក្រោយការបោះឆ្នោតដែលមានការចោទប្រកាន់ពីការគៃបន្លំនោះ បានអំពាវនាវឲ្យមានការរួបរួមគ្នា ដើម្បីស្តារប្រទេសនេះនិងជម្នះឧបសគ្គដែលកំពុងប្រឈមរួមគ្នាដោយមិនពឹងទៅលើបុគ្គលណាមួយ តែត្រូវរួមគ្នាទាំងអស់។
ពីទីក្រុង Long Beach រដ្ឋ California លោក ប្រាក់ សេរីវុឌ្ឍ ជាពលរដ្ឋខ្មែរអាមេរិកាំងនិងជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងកោតសរសើរលោកប្រធានាធិបតីថ្មីគឺលោក Biden ទាំងទឹកចិត្តផ្ទាល់ខ្លួននិងគោលនយោបាយរបស់លោក មិនគិតពីការសងសឹក និងការប្រើកំហឹងដោះស្រាយបញ្ហាទេ ទោះជាមានកំហឹងការបែកបាក់ខ្លាំងក្រោយការបោះឆ្នោតក្តី។
លោក ប្រាក់ សេរីវុឌ្ឍ ថ្លែងថា៖ «ប៉ុន្តែចំពោះគាត់វិញគាត់និយាយតែពីការបង្រួបបង្រួមជាតិទាំងគណបក្សសាធារណរដ្ឋក្តី គណបក្សប្រជាធិបតេយ្យក្តី ព្រោះសហរដ្ឋអាមេរិកមិនអាចមានលក្ខណ:សម្បត្តិជាមហាអំណាចខ្ពស់ដោយសារតែគណបក្សមួយចំហៀងត្រូវការពលរដ្ឋអាមេរិកាំងទាំងសងខាងគ្រប់គណបក្សទាំងពីរហ្នឹងជាអ្នកគាំទ្រ។ ដូច្នេះខ្ញុំជឿថា នឹងមានការសម្រួលទៅមុខយ៉ាងច្រើន»។
ដោយឡែកសម្រាប់នយោបាយការបរទេសវិញ លោករំពឹងថាលោក Biden នឹងដោះស្រាយបានល្អប្រសើររួមទាំងជាមួយប្រទេសចិន សហភាពអឺរ៉ុប រុស្ស៉ីនិងសម្ព័ន្ធមិត្តផ្សេងៗទៀត ដោយផ្អែកលើបទពិសោធន៍កិច្ចការនិងសមត្ថភាពរបស់លោក Biden និងសមាសភាពគណ:រដ្ឋមន្ត្រីរបស់លោក៕