ខ្មែរ​អាមេរិកាំង​នឹង​ចេញ​ទៅ​បោះឆ្នោត​ឲ្យមាន​តុល្យភាព​អំណាច​នៅ​ព្រឹទ្ធសភា

លោក ​គីម សាង ​ជាអ្នក​បោះឆ្នោត​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅទីក្រុង Atlanta រដ្ឋ Georgia។​

បេក្ខជន​សមាជិក​ព្រឹទ្ធសភា​ពីររូប​មកពី​គណបក្ស​ប្រជាធិបតេយ្យ​និង​ពីរ​រូប​មក​ពី​គណបក្សសាធារណរដ្ឋ​កំពុង​ប្រជែង​គ្នាផ្តាច់​ព្រ័ត្រ​នៅ​រដ្ឋចរចា ​(Georgia) នៅក្នុង​ការ​បោះឆ្នោត​នា​ថ្ងៃទី​៥ ខែមករា ​ឆ្នាំ​២០២១ ​ដើម្បី​គ្រប់គ្រង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដែល​ជាស្ថាប័ន​នីតិប្បញ្ញត្តិ​ដ៏សំខាន់។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយចំនួន​ នឹង​តៀមចេញ​ទៅ​បោះ​ឆ្នោត​ ហើយខ្លះ​បោះឆ្នោត​មុន​កាល​កំណត់​ដែល​ជា​ការអនុញាត​ឲ្យធ្វើ​នៅពេល​ដែល​ជំងឺកូវីដ១៩ ​កំពុង​ឆ្លង​រាលដាល​យ៉ាងខ្លាំង។

លោក ​ពេត្រូស ញ៉ឹប​ ជា​គ្រូគង្វាល​ព្រះវិហារ​ Baptist Church ​មួយកន្លែង​ក្នុង​ទីក្រុង​អាត្លង់តា (Atlanta)​ រដ្ឋ Georgia ​មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ ​ហើយបាន​មករស់​នៅ​សហរដ្ឋ​អាមេរិក​ កាលពី​ឆ្នាំ​១៩៨២។

លោក​បាន​ថ្លែងថា​ ការ​បោះឆ្នោត​ព្រឹទ្ធសភា​គឺជា​ការ​បោះឆ្នោត​សំខាន់ ទោះជា​លោក​ត្រូវ​បោះឆ្នោត​ម្តងទៀត​ ក្រោយពី​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ក្តី។ លោកថា ​ពលរដ្ឋ​ត្រូវ​ជ្រើសរើស​អ្នកតំណាង​និង​ជា​ដឹកនាំ​ល្អ​ ក្រៅពី​លោក​បញ្ជាក់ពី​ការ​គាំទ្រ​ដល់​សំឡេង​ចម្រុះ​គណបក្ស​ក្នុង​ព្រឹទ្ធសភា​ដែល​លោក​ថា​ អាចនឹង​ផ្តល់ការ​ផ្ទៀងផ្ទាត់​និង​ត្រួត​ពិនិត្យ​កិច្ចការ​រដ្ឋាភិបាល ​ឬភាគីម្ខាង​ទៀត​ ដើម្បី​កុំឲ្យ​សម្រេច​កិច្ចការ​ម្នាក់ឯង។

«ខ្ញុំចង់​ឲ្យស្រុក​យើង​ មាន​ដូចកាល​មុន​ពីមុន​ទៅ វាមាន​ទាំងសង​ខាងហ្នឹង វា​ Balance (មានតុល្យភាព​អំណាច)​ វាស្រួល» ។

លោកថា​ លោកបាន​ទៅបោះឆ្នោត​មុនកាល​កំណត់​កាលពី​សប្តាហ៍​មុន​ សម្រាប់​ជ្រើស​រើសសមាជិក​ព្រឹទ្ធសភា​ ក្រោយពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី៣ ​ខែវិច្ឆិកា ​ឆ្នាំ២០២០។​ លោកថា ការបោះឆ្នោតលើក​នេះ​មាន​លក្ខណ:​ប្រទាញប្រទង់​គ្នា​ខ្លាំង ​ដោយសារ​ភាគី​ប្រជែង​ទាំងពីរ​ប្រជែងគ្នា​ជ្រុល ហើយការ​បោះឆ្នោត​ទៀតសោត​មិនប្រព្រឹត្ត​ទៅដោយ​រលូន។

«វាដូចជា​ស្មុគស្មាញ ​វាមិន​សូវល្អ​ដូចជាឆ្នាំ​ធម្មតា​ពីមុនៗ​មក​លើកនេះ​ ដូចជា​មួយ​ចំហៀងៗ​ម្នាក់ៗ​ ដូចជា​ចង់​យក​តែឈ្នះ​រៀង​ខ្លួន»។

លោកចង់​ឃើញ​សហរដ្ឋអាមរិក​វិលទៅ​រក​ប្រក្រតីភាព​ដូចពី​មុនវិញ ​ដែល​មិនសូវ​មាន​ចលាចលនយោបាយ​និង​មានស្ថិរភាព។

មាន​ស្រុក​កំណើត​នៅខេត្ត​បាត់ដំបង​ ហើយ​មក​រស់នៅ​សហរដ្ឋ​អាមេរិក កាលពី​ឆ្នាំ​១៩៨០ ​ លោក ​ស៊ីថា ច័ន្ទ ​ខ្មែរអាមេរិកាំង​ក្នុង​ទីក្រុង​ Atlanta​ ដែល​ធ្វើការ​ផ្នែក​វិស្វករ​សំណង់​អគារ​ បានអះអាង​ថា​ លោក​គ្រោងនឹង​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ ​នៅថ្ងៃទី​៥ស្អែកនេះ​ ​ព្រោះនេះ​ជា​កាតព្វកិច្ច​ពលរដ្ឋ​តាមច្បាប់​ និងជា​រឿងសំខាន់​ក្នុងប្រព័ន្ធ​ផ្ទៀងផ្ទាត់អំណាច​ហៅថា​ checks and balances ។

«បាទលើក​ទី២ ​រឿងរើស​ Senator​ វាជារឿង​ចាំបាច់​ ដើម្បីឲ្យ​មាន​សំឡេង​ខាងស្តាំ​ខ្លះនៅក្នុងរដ្ឋសភា ​ពីព្រោះ​អីត្រូវការ​សំឡេង​ពីខាង​គណបក្ស​សាធារណរដ្ឋ​ Republican ​ដើម្បី​ឲ្យមាន check and balance ​ហ្នឹង តាម​ដែល​ខ្ញុំ​យល់ទេ»។

លោកបាន​លើកឡើង​ថា ​ការមាន​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​អំណាច​ក្នុងការ​សម្រេច​អ្វីមួយ​កិច្ចការ​ធំដំណាមួយ​សម្រាប់​ប្រទេស​គឺត្រូវការ​សំឡេង​ទាំងសង​ខាង ដើម្បី​ជួយថ្លឹង​ថ្លែង​ច្បាស់លាស់។ លោកថ្លែង​យ៉ាង​ដូច្នេះ​ ដោយ​កំពុង​ដាក់​ក្តីបារម្ភថា​ គណបក្ស​ប្រជាធិបតេយ្យ​នឹងមាន​ជំហរ​ខ្សោយ​ទៅលើសង្គ្រាម​អ្វីមួយ​ ប្រសិន​ជាកើត​ឡើង​វិស័យ​ការពារ​ប្រទេស ​និង​ជំហរ​ថ្នាក់ថ្នម​ជាមួយ​ចិន​ខ្លាំង​ពេក រឿង​បញ្ហា​សេដ្ឋកិច្ច​ជាដើម​នោះ។

«តែខ្ញុំ​ចង់​និយាយថា​ ជំហរ​របស់​គណបក្ស​សាធារណរដ្ឋ​ តាមដែល​យើងខ្ញុំ​មើល​ពីចម្ងាយ​ អត់យល់ពីខាង​ក្នុង ​ថាមាន​ភាពខ្លាំង​ជាង​ទៅខាង​ការពារ​ប្រទេស​របស់​ខ្លួន»។

ការ​បោះឆ្នោត​មុន​កំណត់​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​រដ្ឋ Georgia ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​ សម្រាប់​អាសនៈពីរ​នៅ​ក្នុង​ព្រឹទ្ធសភា​ ដោយសារ​តែ​គ្មាន​បេក្ខជន​ណា​ម្នាក់​ទទួល​បាន​សំឡេង​ឆ្នោត​ភាគច្រើន​ នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​វិច្ឆិកា។ លទ្ធផល​នៃ​ការបោះឆ្នោត​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី៥ ខែមករា​នេះ នឹង​សម្រេច​ពី​តុល្យភាព​អំណាច​ក្នុង​សភា​អាមេរិក។

លោក​ប្រធានាធិបតី​ Donald Trump បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ថ្មីៗនេះ​នៅរដ្ឋ ​Georgia ថា៖ «អ្នក​បោះឆ្នោត​នៅ​រដ្ឋ​ Georgia នឹង​កំណត់​ថា​តើ​គណបក្ស​នយោបាយ​ណា​មួយ នឹង​ដឹកនាំ​រាល់​គណៈកម្មាធិការ​តាក់តែង​ច្បាប់ និង​ត្រួតត្រា​រាល់​ប្រាក់​ដុល្លារ​ដែល​ពលរដ្ឋ​អាមេរិក​បាន​បង់​ពន្ធ​ជូន​រដ្ឋ»។

លោក​ Trump​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ ខណៈ​ដែល​លោក​បាន​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​បច្ចុប្បន្ន​គឺ​អ្នកស្រី Kelly Loeffler និង​លោក​ David Perdue។​

រូបឯកសារ៖ លោកប្រធានាធិបតី Donald Trump ចូលរួមយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក David Perdue និងអ្នកស្រី Kelly Loeffler នៅទីក្រុង Valdosta រដ្ឋ Georgia កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។

តែ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Joe Biden​ ដែលឈ្នះ​នាំមុខ​សំឡេង​ឆ្នោត មិន​ដល់​១ភាគរយ ​ក្នុងរដ្ឋ​ចរចា​ ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នោះ ​បាន​ឃោសនា​ឲ្យ​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក Raphael Warnock និង​លោក​ Jon Ossoff។

លោក​បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ កាល​ពី​ថ្ងៃទី១៥​ ខែធ្នូ ​ថា៖ «បោះឆ្នោត​ឲ្យ​បេក្ខជន​ទាំង​ពីរ​ហើយ​យើង​នឹង​គ្រប់គ្រង​ព្រឹទ្ធសភា ​និង​ផ្លាស់ប្ដូរ​ជីវិត​របស់​ពលរដ្ឋ​ Georgia»។

នៅក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ផ្តាច់ព្រ័ត្រ​នៅ​រដ្ឋ Georgia នេះ​ ប្រសិនបើ​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​ពីរ​នាក់​ឈ្នះ ​នោះ​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ ​នឹង​មាន​អាសនៈ​ ៥០ ​ស្មើគ្នា» ដូច្នេះអ្នក​ដែល​អាច​បោះឆ្នោត​ ដើម្បី​បំបែក​ភាព​ជាប់​គាំង​បាន​គឺ​លោកស្រី​ Kamala Harris ​ដែល​ជា​អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​នឹង​ដឹកនាំ​ព្រឹទ្ធសភា។

គណបក្ស​ប្រជាធិបតេយ្យ​ចាំបាច់​ត្រូវ​ឈ្នះ​អាសនៈ​ទាំង​ពីរ​ ដើម្បី​គ្រប់គ្រង​ព្រឹទ្ធសភា ​រីឯ​គណបក្ស​សាធារណរដ្ឋ​ត្រូវ​ការ​ឈ្នះ​តែ​មួយ​អាសនៈ​ប៉ុណ្ណោះ។

មិនមែន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទាំងអស់​ចេញទៅ​បោះឆ្នោត​បានទេ ​នៅរដ្ឋចរចា។ ពលរដ្ឋ​ខ្លះមាន​ហេតុផល​រៀងខ្លួន​ ទាក់ទង​នឹង​បញ្ហា​លំបាក​ភាសា​អង់គ្លេស ​និង​អ្នកខ្លះ​មិនទាន់​សម្រេច​ចិត្តចូលរួម​ក្នុងការ​បោះឆ្នោត​ ដែលជា​កាតព្វកិច្ច​តាម​ច្បាប់។

លោក​ សន ក្លូត ​(Sorn Clot) ​ជាគ្រូ​គង្វាល​ព្រះវិហារគ្រិស្ត​ Baptist Church ​មាន​ស្រុកំណើតនៅខេត្ត​កំពង់ស្ពឺ​ ហើយមក​រស់នៅ​សហរដ្ឋ​អាមេរិក​ តាំងពី​ឆ្នាំ១៩៨៣។ លោក​ជា​ពលរដ្ឋខ្មែរអាមេរិកាំង​រស់នៅ​ក្នុងសង្កាត់​មួយ​ក្នុង​ទីក្រុង​ Atlanta​ បច្ចុប្បន្ន​នេះ។

លោក​បាន​ថ្លែង​តាម​ត្រង់ថា លោក​មិនធ្លាប់​ទៅ​បោះឆ្នោត​ទេ​ ដោយសារ​តែលោក​មិនចេះ​ភាសា​អង់គ្លេស​ ដល់​កម្រិត​យល់​ដឹងបាន​ពីប្រព័ន្ធ​បោះឆ្នោត។ តែ​លោក​ចង់ទៅ​បោះឆ្នោត​រើស​ប្រធានាធិបតី​និងរើស​សភា​ជាដើម​ តែលោកថា​ឧបសគ្គ​សម្រាប់​លោក​ គឺភាសា​អង់គ្លេស។

«ក៏ប៉ុន្តែ​ដោយសារ​ខ្ញុំវាអត់​ចេះ ហ្នឹង​បានជា​ខ្ញុំ​អត់ទៅ​បោះឆ្នោត​បាន​នឹងគេ​ទី១​ អត់ដឹង​ថា គេ​ធ្វើអី ក្រដាស់​ស្នាម​យ៉ាងម៉េច​ គេចុច​របៀប​ម៉េច​នោះ»។

លោក​បាន​បង្ហាញ​ការយល់​ដឹង​ពីសារ:សំខាន់​នៃការ​បោះឆ្នោត​ ដែលលោក​ថា ការ​បោះឆ្នោត​រើសអ្នកដឹកនាំ​ជារឿង​សំខាន់​ ដែលផ្តល់​ភាព​សុខសាន្ត​ដល់ពលរដ្ឋ​ និង​ជួយ​ពលរដ្ឋ​លើបញ្ហា​ជាច្រើនទៀត​តែលោក​មិនចង់​ទៅ​បោះឆ្នោត​ ទាំងការ​មិនយល់​និងមិន​ដឹងនោះ​ឡើយ។

ទោះ​ជាយ៉ាងណា លោក​បាន​គាំទ្រ​ភាព​ចម្រុះ​គណបក្ស​ក្នុង​ព្រឹទ្ធសភា​ថា ជា​រឿង​សំខាន់​ដែល​លោក​មិន​ចង់ឲ្យគណបក្ស​ណាមួយ​កាន់​កាប់​អំណាច​ផ្តាច់មុខ​ ដោយ​ប្រៀបធៀប​ទៅនឹង​ការ​ដឹកនាំ​ក្នុង​ព្រះវិហារ។

«ទាល់តែ​យើង​មាន​អ្នក​ជំនួយការ​ឲ្យ​គំនិតគ្នា​ទៅវិញ​ទៅមក​ អាហ្នឹង​បានល្អ។ ឧទាហរណ៍​នៅក្នុងក្រុមជំនុំ​ក៏ដោយ​ បើថា​យើង​គ្រូគង្វាល​ Pastor​ បើយើង​យក​តែគំនិត​ម្នាក់ឯង ​អត់យក​គំនិតក្រុម​ជំនុំ​ជាជំនួយ​អត់បានទេ​ នេះតាម​គំនិតខ្ញុំ​យល់ឃើញ​អីចឹងណា»។

នៅពេល​សួរពី​កម្មវិធី​បោះឆ្នោត​សម្រាប់​មនុស្ស​ចាស់​និង​អ្នកមិន​សូវ​ចេះ​ភាសា​អង់គ្លេស ​ឬអ្នកមិនចេះភាសា​អង់គ្លេស​ ដូចជា​កម្មវិធី​នៅរដ្ឋខ្លះ​ ដែល​មាន​សរសេរ​អក្សរខ្មែរ​ផងនោះ​ លោកថា​ នៅរដ្ឋរបស់​លោក​មិនមាន​កម្មវិធី​ដូច្នោះទេ។

លោក​ កែវ សម្បត្តិ ​អាយុ៦៨ ឆ្នាំ​ មាន​ស្រុក​កំណើត​នៅស្រុក​គិរីវង់​ ខេត្តតាកែវ ​បាន​មករស់រស់នៅ​ក្នុង​សង្កាត់​មួយ​នៃ​ទីក្រុង​ Atlanta​ តាំងពី​ឆ្នាំ១៩៨១​ បាន​ថ្លែងថា​ លោកមិន​ដែលទៅបោះឆ្នោត​ដែរ​ ដោយ​ប្រកាន់​ទស្សនៈថា លោក​ចង់​នៅជា​អព្យាក្រិត ​មិនចង់​ប្រកាន់​និន្នាការនយោបាយ។

«ធម្មតា​យើង​ចូល​សញ្ជាតិ​អាមេរិកាំង​ យើងត្រូវ​ទៅបោះឆ្នោត​ហើយ​ធម្មតានោះ​ ខ្ញុំនឹក​អីចឹងណាស់​តែឥឡូវខ្ញុំ​មិនទាន់​សម្រេច​នៅឡើយ​ទេ»។

ទោះ​ជាយ៉ាងណា​លោក​ចង់បាន​អ្នកដឹកនាំ​មាន​សីលធម៌ល្អ​ មិនប្រកាន់​ពូជសាសន៍​។

ក៏ប៉ុន្តែ​សម្រាប់​លោក ​គីម សាង ​ជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មានដើម​កំណើត​នៅរាជធានី​ភ្នំពេញ​ និង ​មាន​ឪពុកម្តាយ​ជា​ខ្មែរក្រោម​ បាន​មក​រស់នៅ​ក្នុងសង្កាត់​មួយ​នៃ​ទីក្រុង​ Atlanta​ កាលពី​ឆ្នាំ១៩៨៥ ​បាន​ថ្លែងថា​ លោកនឹង​ចេញ​ទៅ​បោះឆ្នោត​នៅថ្ងៃទី៥​ ខែមករា​ ដើម្បីជ្រើស​រើស​ព្រឹទ្ធសភា​ដែល​កំពុង​មានការ​ប្រជែង​គ្នាយក​ប្រៀប​គ្រប់គ្រង​ព្រឹទ្ធសភា។

«ខ្ញុំយល់​ថា រឿង​ហ្នឹង​វាសំខាន់​ណាស់​ តែវា​អាស្រ័យ​ទៅលើ​ព្រឹទ្ធសភា​មកពី​យ៉ាងម៉េច​មកពី​យើងមិនដឹង​ច្បាស់ថា​ តើយើង​បោះឆ្នោត​ហ្នឹង​ហើយ​ព្រឹទ្ធសភា​ដែល​គេ​បង្គ្រប់កិច្ច​ហ្នឹង​វាទៅ​តាម​ភាពសេរី ឬ​ក៏វា​មាន​ការ​លម្អៀង​ ទៅតាម​និន្នាការ​ណាមួយ​យើងក៏​មិនអាច​ដឹងច្បាស់»។

រូបឯកសារ៖ លោក Joe Biden ប្រធានាធិបតីជាប់ឆ្នោត ចូលរួមយុទ្ធនាការរកសំឡេងឆ្នោតរបស់បេក្ខជនសមាជិកព្រឹទ្ធសភាលោក Raphael Warnock និងលោក Jon Ossoff នៅទីក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

លោក​ថ្លែង​យ៉ាងដូច្នេះ​ដោយមិន​ដឹងច្បាស់​ថា តើ​ការ​បោះឆ្នោត​នេះអាច​នឹងប្រព្រឹត្ត​ទៅ​ត្រឹមត្រូវតាមច្បាប់​ ឬយ៉ាងណា​នោះទេ ​ដោយសារ​លោកបាន​ឃើញមាន​ព័ត៌មាន​ស្តីពី​ការបន្លំ​សន្លឹកឆ្នោត នៅតាម​រដ្ឋខ្លះ​ នៅពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ ហើយ​សមាជិក​ព្រឹទ្ធសភា​យ៉ាងតិច​ ១១ រូប​នៃ​គណបក្ស​សាធារណរដ្ឋ​ ដឹកនាំ​ដោយលោក​ Ted Cruz ​មកពីរដ្ឋ​តិចសាស់​ (Texas) បានគាំទ្រកិច្ច​ប្រឹងប្រែង​របស់​លោក​ ត្រាំ ​ក្នុងការ​ប្រឆាំងនឹង​ឆន្ទៈ​របស់​អ្នក​បោះឆ្នោត។

ការណ៍​នេះ​កើត​ឡើង បន្ទាប់​ពី​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​ Missouri ​គឺលោក​ Josh Hawley​ និយាយ​ដំបូង​គេថា​ លោកនឹង​ចូលរួម​ជាមួយ​សមាជិក​សភា​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ផ្សេងទៀត​ ដើម្បី​ជំទាស់​ការរាប់​សន្លឹកឆ្នោត​របស់​រដ្ឋនីមួយៗ​ នៅពេល​ដែល​សម័យ​ប្រជុំ​រួមគ្នា​របស់​សភា​ទាំងពីរ​ថ្នាក់​ ធ្វើឡើង​នៅថ្ងៃទី៦ ​ខែ​មករា​ខាងមុខ​ ដែល​ជា​កម្មវិធី​ចុង​ក្រោយ​មួយ មុន​ប្រធានាធិបតី​ជាប់ឆ្នោត​ត្រូវ​ចូល​កាន់មុខ​តំណែង​តាមច្បាប់​រដ្ឋ​ធម្មនុញ្ញ។

ក៏ប៉ុន្តែគេ​មិន​រំពឹងថា​ ការ​ជំទាស់​នឹងការ​រាប់​សន្លឹកឆ្នោត​របស់​អង្គ​បោះឆ្នោត​នេះ ​នឹង​នាំ​ឲ្យ​ផ្លាស់ប្តូរ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​លោក ​Joe Biden​ បាន​ឈ្នះ​នោះទេ ពី​ព្រោះ​ដើម្បី​ផ្លាស់ប្តូរ​លទ្ធផលសភា​សហរដ្ឋ​អាមេរិក​ទាំងពីរ ចាំបាច់​ត្រូវ​យល់ស្រប​ ហើយ​បច្ចុប្បន្ន​គណបក្ស​ប្រជាធិបតេយ្យមាន​សំឡេង​ភាគ​ច្រើន​ក្នុង​រដ្ឋ​សភា។

ក្រុម​អ្នកប្រជាធិប​តេយ្យ​បាន​ការពារ​សំឡេងឆ្នោត​ ហើយ​អះអាង​ថា គ្មាន​ភស្តុតាង​អំពីការ​បន្លំ​សន្លឹក​ឆ្នោត​ ដែល​លេខាធិការ​ប្រចាំរដ្ឋ​នីមួយៗ​ បានផ្តល់​ការ​បញ្ជាក់​ពីលទ្ធផល​ឆ្នោត​ជាផ្លូវការ​រួចហើយ​នោះទេ​ ហើយក្រុម​អង្គប្រតិភូ​ ឬអង្គបោះ​ឆ្នោត​ ក៏បាន​បោះឆ្នោត​គាំទ្រ​លោក​ប្រធានាធិបតី​ជាប់ឆ្នោត Biden ​ជាផ្លូវការ​រួចហើយ​ដែរ ​កាលពី​ថ្ងៃទី១៤​ ខែធ្នូ​ ដោយ​រង់ចាំ​ការធ្វើ​ពិធីស្បថ​ចូលកាន់​តំណែង​ នៅថ្ងៃ​ទី២០​ ខែមករា​ ឆ្នាំ២០២១​ តែប៉ុណ្ណោះ​ បន្ទាប់ពី​ការរាប់សន្លឹកឆ្នោត​នៅសភា ​នាថ្ងៃទី​៦ ខែមករា​ខាងមុខ៕