ខ្មែរ​អាមេរិកាំង​និង​កាណាដា​គ្រោង​ធ្វើ​បាតុកម្ម​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន

រូបឯកសារ៖ បដា​​របស់​បាតុករ អំឡុងពេល​មហា​បាតុកម្ម​នៅ​ពី​មុខ​សេតវិមាន​ប្រចាំ​សហរដ្ឋអាមេរិក​​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៧។។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

បាតុករ​ទាម​ទារ​​ឱ្យ​ដោះលែង​លោក កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​ ទម្លាក់​ចោលនូវ​រាល់​ការចោទ​ប្រកាន់​​មក​លើ​មន្ត្រី​និង​សកម្មជន​គណបក្ស បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​​ជាតិ​​ដំណើរការ​​ឡើង​វិញ​ សង​មក​វិញ​នូវ​តំណែង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​ដែល​បាន​មក​ពី​ការបោះ​ឆ្នោត ​និង​រៀបចំ​បោះឆ្នោត​ព្រឹទ្ធសភា​និង​រដ្ឋសភា​ឡើង​វិញ។

សកម្មជន​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​និង​កាណាដា​នឹង​ធ្វើ​បាតុកម្ម​មួយនៅ​មុខ​វិមាន​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​និង​សេតវិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​នៅ​ថ្ងៃ​សៅរ៍នេះ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​ការ​ស្នើសុំ​របស់​សហគមន៍​អន្តរជាតិក្នុង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជា។

បាតុករ​ទាម​ទារឱ្យ​ដោះលែង​លោក កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ទម្លាក់​ចោលនូវ​រាល់​ការចោទ​ប្រកាន់មក​លើ​មន្ត្រី​និង​សកម្មជន​គណបក្ស បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះជាតិដំណើរការឡើង​វិញ​ សង​មក​វិញ​នូវ​តំណែង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ដែល​បាន​មក​ពី​ការបោះ​ឆ្នោត ​និង​រៀបចំ​បោះឆ្នោត​ព្រឹទ្ធសភា​និង​រដ្ឋសភា​ឡើង​វិញ។

បាតុកម្ម​នេះ​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ចលនា​សង្គ្រោះ​ជាតិ។

លោក​ រតនា សេង​ អ្នក​រៀបចំ​បាតុកម្ម​ដែល​មកពី​រដ្ឋ​ ញូជឺស៊ី បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថាក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​ក្រោយ​ពី​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា និង​បណ្តាល​ឱ្យ​អ្នក​នយោបាយ​ខ្លះ​រត់ភៀសខ្លួន​ចេញ​ក្រៅ​ប្រទេស​ឬ​សំងំ​លាក់ខ្លួន គឺ​ស្ថានភាព​នយោបាយ​មិន​មានការ​អនុគ្រោះ​ចំពោះ​អតីត​បក្ស​ប្រឆាំង​ទេ។

លោក​បាន​បន្ថែម​ថា៖​

«ខ្ញុំ​មើលឃើញ​ថា​រដ្ឋាភិបាល​គាត់​ហាក់​ដូច​ជា​អត់មាន​បន្ទន់ចិត្ត​ បន្ទន់​អ្វីបន្តិច​សោះ​គាត់​ដូច​ជា​មិន​បន្ធូរ​បន្ថយ​បន្តិច​សោះ​គ្រាន់​តែ​ថា​ទាំង៥ចំណុច​ គាត់​ធ្វើ​មិន​បាន​ទាំង​អស់‍»។​

រដ្ឋាភិបាល​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុង​ឆ្នាំ​២០១៧ ​ហើយ​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា​ឆ្នាំមុនដោយ​ផ្តល់ជ័យ​ជម្នះ​ទាំងស្រុង​ទៅ​គណបក្ស​កាន់អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។ បណ្តាញ​ព័ត៌មាន​ឯករាជ្យ​និង​អង្គការ​សង្គម​ស៊ីវិល​ក៏​រងការធ្វើ​ទុក្ខ​បុកម្នេញ​ផងដែរ។

សហគមន៍​អន្តរជាតិ​ដែល​នាំមុខ​ដោយសហរដ្ឋ​អាមេរិកនិង​សហភាព​អឺរ៉ុប​បាន​ស្នើ​សុំ​ឱ្យ​កម្ពុជា​កែប្រែ​ស្ថានការណ៍​មករក​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញបើ​មិន​ដូច្នោះ​ទេ​នឹង​ប្រឈម​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច។ សហភាព​អឺរ៉ុប​បានព្រមាន​ពីការដក​ឋានៈ​អនុគ្រោះពន្ធ​«រាល់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍» (EBA) ​ហើយ​សមាជិកព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ស្នើ​ច្បាប់​ដើម្បី​សើរើ​ឋានៈអនុគ្រោះពន្ធ​GSP ​ដែល​កម្ពុជា​ទទួលបាន។ ពន្ធ​អនុគ្រោះ​របស់​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ជាង​៧០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ។

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​ព្រមាន​សហភាព​អឺរ៉ុប​វិញថា​ ការកាត់​ផ្តាច់​ការអនុគ្រោះ​ពន្ធប្រៀប​បី​ដូច​ជា​សម្លាប់​គណបក្ស​ប្រឆាំង​ទៅវិញ​ទេ​ហើយ​ស្នើ​សុំ​ឱ្យ​មាន​ការជួប​ចរចា​គ្នា។

លោក ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេថា ការចរចា​កំពុង​ដំណើរ​ការ​ក្នុង​នាម​ជា​ដៃ​គូហើយ​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​ករណី​លោក កឹម សុខា​ ក៏​រដ្ឋាភិបាល​ពិចារណា​ដែរ​ប៉ុន្តែ​នៅក្រោម​លក្ខខណ្ឌ​នៃ​ច្បាប់​កម្ពុជា៖

«ក្នុង​នាម​ជា​ប្រទេស​អធិបតេយ្យ​មួយ​យើង​ត្រូវ​តែ​ថែរក្សា​ដំណើរការ​ប្រក្រតីភាព​នូវ​ស្ថាប័ន​ប្រជាធិបតេយ្យ​ ដូច​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​ ស្ថាប័ន​នីតិ​ប្រតិបត្តិ​និង​ស្ថាប័ន​តុលាការ។ រាជរដ្ឋាភិបាល​ពិបាក​ក្នុងការ​ធ្វើ​តាម​បំណង​របស់​បរទេស​ដូច្នេះ​យើង​នៅតែ​ថែរក្សា​ស្ថាប័ន​ប្រជាធិបតេយ្យ​តទៅមុខ​ទៀត‍»។​

ដោយសារ​សម្ពាធ​អន្តរជាតិ ​គណបក្ស​កាន់អំណាច​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ដើម្បី​បើក​ឱកាស​ឱ្យ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បញ្ជាក់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​រស់​ឡើងវិញ​បាន​ឡើយ។ រហូត​មក​ដល់​ពេលនេះ​មានតែ​អតីត​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ពីរ​នាក់​គឺ​លោក គង់ គាំ​ និង​កូនប្រុស​ឈ្មោះ ​គង់ បូរ៉ា​ បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ក្រោយ​ពី​ដាក់​លិខិត​ស្នើសុំ។

ប៉ុន្តែ​លោក​ រតនា សេង​ យល់​ថា​នេះ​គ្រាន់តែ​ជា​ការ​លាក់បាំង​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ៖

«មួយ​ចំណុច​លើកលែង​ឱ្យ​១១៨​នាក់​មានសិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​គឺ​យើង​ថា​ធ្វើ​ច្បាប់នេះ​គ្រាន់តែ​ជា​ឡប់ឡែ​បន្លំ​អត់​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​គេទេ‍»។​

សមាជិកព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដ៏មាន​ឥទ្ធិពល​ម្នាក់​គឺ​លោក​ ផែទ្រិក លៀហ៊ី ​បាន​ប្រាប់​វីអូអេ​ថា ប្រទេស​កម្ពុជា​បាន​ភ្លេច​អស់​ហើយ​ថា​អ្វី​ទៅ​ជារូប​ភាព​ប្រជាធិបតេយ្យ។

អ្នកស្រី ​ចិន្តាវី វ៉ាន់ ​សកម្មជនដែលមកពី​ទីក្រុង​វែនគូវ័រ​ ប្រទេស​កាណាដា​បាន​បញ្ជាក់​ថា​ការ​ស្នើ​សុំ​របស់​អន្តរជាតិ​ហាក់​ដូច​ជា​មិន​ឮដល់​រដ្ឋាភិបាល​កម្ពុជាឡើយទើប​បាន​ជា​លោកស្រី​ត្រូវ​ចូលរួម​បាតុកម្ម​បន្ថែម​ទៀត​ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​ឱ្យ​បានឆាប់។

អ្នកស្រី​បន្ថែម​ថា៖

«ស្ថានភាព​ស្រុកខ្មែរ​សព្វថ្ងៃ​ដូច​ជា​អត់​មានអ្វី​ធ្វើ​ឱ្យ​យើង​ពេញចិត្ត​ទេ​គឺ​រដ្ឋាភិបាល​អត់​បាន​ស្តាប់​យោបល់​ខាងណា​ទេ​គឺអ្វី​គាត់​គិត​តែ​គំនិត​គាត់​ បក្ស​ពួក​និយម​ ផ្តាច់​ការនិយម​។ អីចឹង​ហើយ​បាន​ជាធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យើង​ពិបាក​ដូច​សព្វថ្ងៃ​ហ្នឹង​ ហើយ​ទោះបី​ជា​ខាង​សហរដ្ឋ​អាមេរិក​ខាង​សហគមន៍​អឺរ៉ុប​ខាងណា​ក៏ដោយ​គេ​ឱ្យ​អនុសាសន៍​ល្អ​ៗ​ក៏​គាត់​អត់​ទទួល​យក​បានដែរពីព្រោះ​អ្វី​ដែល​គាត់​ភ័យ​ខ្លាច​គឺ​គាត់​ខ្លាចតែបាត់បង់​អំណាច​របស់​គាត់​តែម្យ៉ាង។ អីចឹង​គាត់​អត់​ខ្វល់ពីសុខទុក្ខ​ប្រជាពលរដ្ឋ​ទាំងអស់‍»។​

អ្នករៀបចំ​បាតុកម្មយល់​ថា​បើ​កម្ពុជា​នៅ​តែ​មិន​ព្រម​ស្តារលទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​គឺ​អាច​នឹង​ជៀស​មិន​រួច​ពីទណ្ឌកម្ម​សេដ្ឋកិច្ច​ឡើយ។

កម្ពុជានាំចេញ​ផលិតផលរបស់​ខ្លួន​ជិត​៦ពាន់លាន​ដុល្លារ​ដែល​ត្រូវ​ជា៤៦​ភាគរយនៃ​ផលិតផល​ទាំងអស់ទៅ​ទី​ផ្សារ​សហភាព​អឺរ៉ុប​ហើយ​អាច​នឹង​ជួប​ហានិភ័យ​ក្នុង​ករណី​កម្ពុជា​បាត់​បង់​ឋានៈ​អនុគ្រោះ​ពន្ធ​EBA។ រីឯ​សហរដ្ឋ​អាមេរិក​វិញ​គឺ​កម្ពុជា​នាំ​ផលិត​ផល​ចូល​ជាង​៣ពាន់លានដុល្លារ​ក្នុង​ឆ្នាំ​២០១៨។ ភាគច្រើន​នៃ​ទំនិញនេះ​គឺ​ផលិតផល​សម្លៀក​បំពាក់​ដែល​ផ្តល់​ការងារ​ដល់​កម្មករ​ចំនួន​ជាង​៧០០.០០០នាក់៕