កញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំងត្រូវបានបញ្ជូនទៅមណ្ឌលឃុំឃាំងវិញក្នុងរាជធានីភ្នំពេញ ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត។ ចង្វាក់បេះដូងកញ្ញានៅខ្សោយនៅឡើយ ដោយសារការធ្វើកូដកម្មបង្អត់អាហារអស់រយៈពេលជិត ១០ ថ្ងៃ។ នេះបើតាមលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលបានប្រាប់វីអូអេនៅថ្ងៃសុក្រនេះ។
អ្នកនាំពាក្យរូបនេះថ្លែងថា ការធ្វើកូដកម្មបង្អត់អាហាររបស់កញ្ញា សេង ធារី បានចាប់ផ្តើមកាលពីថ្ងៃទី ៧ ខែធ្នូ ហើយកញ្ញាត្រូវបានមន្រ្តីពន្ធនាគារព្រៃសបញ្ជូនទៅកាន់មន្ទីរពេទ្យខ្មែរសូវៀត កាលពីយប់ថ្ងៃទី ១១ ខែធ្នូ ដោយសារតែចង្វាក់បេះដូងរបស់កញ្ញាធ្លាក់ចុះខ្សោយ។
ក្រោយសម្រាកព្យាបាលបានពីរថ្ងៃ កញ្ញាត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យទៅកាន់ពន្ធនាគារព្រៃសវិញកាលពីយប់ថ្ងៃទី ១៣ ខែធ្នូ។
លោក នុត សវនា ថ្លែងថា៖ «បញ្ហាតែមួយគត់ដែលពេទ្យគាត់រកឃើញ គឺចង្វាក់បេះដូងគាត់ខ្សោយ ដោយសារគាត់មិនទទួលទានអាហារអីគ្រប់គ្រាន់។ និយាយទៅខ្វះជីវជាតិ ដូចជាអត់មានអីទៀតទេ សំខាន់គាត់អត់ហូបអាហារ»។
បើតាមសេចក្តីថ្លែងការណ៍របស់មេធាវីកញ្ញា សេង ធារី កូដកម្មបង្អត់អាហារនេះធ្វើឡើងដើម្បីទាមទារសិទ្ធិនៃការអនុវត្តច្បាប់ឱ្យមានភាពយុត្តិធម៌របស់កញ្ញាត្រូវបានគោរពនៅក្នុងដំណើរការនីតិវិធីនៅសាលាឧទ្ធរណ៍ និងដើម្បីអំពាវនាវឱ្យទម្លាក់ចោលការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងកញ្ញា និងអ្នកនយោបាយផ្សេងទៀត។
នេះជាកូដកម្មបង្អត់អាហារលើកទី ២ ដែលលើកទី ១ ធ្វើឡើងកាលពីខែកក្កដា ក្នុងឆ្នាំនេះ។ ការបង្អត់អាហារក្នុងពន្ធនាគារព្រៃសនេះធ្វើឡើងនៅមុនសវនាការជំនុំជម្រះនៅសាលាឧទ្ធរណ៍ ដែលគ្រោងធ្វើឡើងកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣។ ប៉ុន្តែសវនាការនេះត្រូវបានពន្យាពេលដោយសារស្ថានភាពសុខភាពរបស់កញ្ញា សេង ធារី។
មេធាវីការពារក្តីកញ្ញា សេង ធារី លោក សំ ចំរើន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ចៅក្រមសាលាឧទ្ធរណ៍បានសម្រេចពន្យាពេលសវនាការនេះ តាមសំណើរបស់មេធាវី។
លោកថ្លែងថា៖ «វាមានពីររឿង ទី ១ ខ្ញុំដាក់ពាក្យពន្យាពេលដោយសារខ្ញុំទើបទទួលបានលិខិតអនុញ្ញាតពីអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃនៅថ្ងៃទី ១ ខែ ១២ នេះទេ ចឹងខ្ញុំមានពេលប្រថុចញ៉ុចណាស់ក្នុងការជួបជាមួយបងធារី ក្នុងការពិភាក្សាគ្នាឱ្យបានហ្មត់ចត់ និងល្អិតល្អិនហ្នឹងណាស់។ ទី ២ គឺនៅថ្ងៃសវនាការហ្នឹង ប្រធានក្រុមប្រឹក្សាប្រកាសថា បងធារីគាត់ចូលពេទ្យ»។
កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស កញ្ញា សេង ធារី ដាក់ពន្ធនាគាររយៈពេល ៦ ឆ្នាំ ពីបទរួមគំនិតក្បត់ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ទាក់ទងនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ ២០១៩។
ករណីកញ្ញា សេង ធារី ធ្លាប់ត្រូវបានថ្នាក់ដឹកនាំអាមេរិកលើកទៅកាន់មេដឹកនាំកម្ពុជា ក្នុងការទាមទារឱ្យដោះលែងកញ្ញា ក្នុងនោះក៏មានប្រធានាធិបតីអាមេរិក លោក Joe Biden ផងដែរ។
កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ សមាជិកព្រឹទ្ធសភានិងតំណាងរាស្រ្តសហរដ្ឋអាមេរិកមួយចំនួនបានដាក់លិខិតស្នើទៅក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយ រួមទាំងកញ្ញា សេង ធារី ផងដែរ៕