អង្គការខ្មែរ-អាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ (CAHRAD) ដែលមានមូលដ្ឋាននៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក បានប្រកាសទទួលស្គាល់ការបង្កើតចលនាសង្គ្រោះជាតិបើទោះបីជាអាជ្ញាធរកម្ពុជាចាត់ទុកចលនានេះថាខុសច្បាប់និងគំរាមបង្ក្រាបក៏ដោយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានជាផ្លូវការកាលពីថ្ងៃទី២៥ ខែមករា អង្គការ CAHRAD បានចាត់ទុកចលនាសង្គ្រោះជាតិ ថាមានផលប្រយោជន៍ស្រដៀងគ្នានឹងសកម្មភាពរបស់ពួកខ្លួន។
អង្គការនេះបានបន្ថែមថា៖
«នៅពេលណាមានចលនាដោយសន្តិភាពនិងអហិង្សាដើម្បីប្រមូលផ្តុំពលរដ្ឋកម្ពុជាការពារសិទ្ធិរបស់ពួកគេកាន់តែច្រើនគឺកាន់តែប្រសើរក្នុងការលើកកម្ពស់ប្រជាធិបតេយ្យពិតប្រាកដ ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ យុត្តិធម៌និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»។
កាលពីថ្ងៃទី១២ ខែមករា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសតាមទំព័រហ្វេសប៊ុករបស់លោកស្តីពីការរៀបចំបង្កើតចលនាសង្គ្រោះជាតិជាផ្លូវការនៅខែមករានេះដោយក្នុងនោះលោកបានបង្ហោះឯកសារស្តីពីសមាសភាពស្ថាបនិកជាច្រើនរូបដែលមកពីគណបក្សសង្គ្រោះជាតិ។ ក្នុងនោះមានលោក សម រង្ស៊ី លោកស្រី ជូឡុង សូម៉ូរា លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ជាដើម។
នៅថ្ងៃអាទិត្យទី២៨ ខែមករានេះ ចលនាសង្គ្រោះជាតិនឹងប្រកាសចាប់ផ្តើមសកម្មភាពរបស់ខ្លួននៅទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលមានពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ។
ចលនានេះបង្កើតឡើងក្នុងគោលបំណងស្តារប្រជាធិបតេយ្យនៅកម្ពុជា ទាមទារឲ្យមានការដោះលែងលោក កឹម សុខា និងទាមទារឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រុមស្ថាបនិក។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលកម្ពុជាប្រកាសរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបទចោទប្រកាន់ថា មានឃុបឃិតជាមួយនឹងបរទេសដើម្បីធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិក៏កំពុងស្ថិតនៅក្នុងពន្ធនាគារក្រោមបទចោទប្រកាន់ដូចគ្នានេះដែរ។
សហគមន៍អន្តរជាតិបានថ្កោលទោសចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ថាជាការបំបិទសំឡេងបក្សប្រឆាំងនៅកម្ពុជា។
បន្ទាប់ពីមានការប្រកាសបង្កើតចលនាសង្គ្រោះជាតិមានសេចក្តីរាយការណ៍នានាពីការខ្វែងគំនិតគ្នារវាងមន្ត្រីគណបក្សដែលមានប្រភពដើមមកពីគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និងគណបក្ស សម រង្ស៊ី។
លោក អ៊ុង រិទ្ធី ប្រធានគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី១៥ ខែមករាលាលែងចេញពីចលនានេះវិញបន្ទាប់ពីចូលរួមបានតែបីថ្ងៃប៉ុណ្ណោះដោយលោកលើកហេតុផលពីការ«មិនយល់ស្របគ្នា»ក្នុងការបង្កើតចលនានេះនិងដើម្បីទុកពេលបន្តទាមទារឱ្យមានការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិក៏ប្រកាសមិនចូលរួមជាមួយចលនានេះដែរ។
នៅក្នុងសារមួយទៅកាន់អ្នកសារព័ត៌មានលោក សម រង្ស៊ី បានបញ្ជាក់ថា វាជាការយោគយល់បានដល់អារម្មណ៍របស់លោក កឹម សុខា ដែលមិនអាចសម្តែងការគាំទ្រចលនានេះបានព្រោះវាជាគ្រោះថ្នាក់ចំពោះគាត់ដែលកំពុងស្ថិតនៅក្នុងដៃរបស់លោក ហ៊ុន សែន ក្នុងពេលដែលចលនាសង្គ្រោះជាតិប្រកាសពីគោលបំណងប្រឆាំងដើម្បីបញ្ចប់ការដឹកនាំផ្តាច់ការរបស់លោក ហ៊ុន សែន។
លោក សម រង្ស៊ី បានបន្ថែមទៀតថា៖
«ដើម្បីហេតុផលសន្តិសុខនិងដើម្បីឱ្យចលនារបស់យើងដែលទើបបង្កើតថ្មីនេះដំណើរការប្រកបដោយប្រសិទ្ធភាព ខ្ញុំសូមស្នើឱ្យមេដឹកនាំពិតប្រាកដនៃចលនាសង្គ្រោះជាតិនៅក្នុងប្រទេសកម្ពុជានិងបរទេសកុំសម្តែងការគាំទ្ររបស់ពួកគេដោយចំហ និងកុំបង្ហាញឈ្មោះរបស់ពួកគេ»។
អាជ្ញាធរកម្ពុជាបានចាត់ទុកចលនាសង្គ្រោះជាតិ ថាកំពុងតែរៀបចំធ្វើសកម្មភាព«ភេរវកម្ម» គឺ«មិនមែននយោបាយទេ» ហើយថា មេដឹកនាំគណបក្សសង្គ្រោះជាតិនឹងត្រូវមានទោស រួមទាំងលោក កឹម សុខា ផងដែរបើទោះបីជាលោកប្រកាសមិនចូលរួមក៏ដោយ។
អង្គការ CAHRAD បានបញ្ជាក់បន្ថែមថា នៅក្នុងស្ថានភាពបច្ចុប្បន្ននេះគឺអង្គការនេះមិនមើលឃើញពីលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជាឡើយ ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិនិងយកអាសនៈសភាទាំង៥៥និងក្រុមប្រឹក្សាឃុំ-សង្កាត់ជិត៥.០០០ទៅចែកឱ្យបក្សដទៃមក។
អង្គការ CAHRAD បានបន្ថែមថា៖
«សកម្មភាពមិនស្របតាមលទ្ធិប្រជាធិបតេយ្យដែលប្រព្រឹត្តដោយរដ្ឋាភិបាលកម្ពុជាបានបណ្តាលឱ្យពលរដ្ឋកម្ពុជាប្រហែលពាក់កណ្តាលប្រទេសបាត់បង់ជំនឿរបស់ពួកគេមកលើរាជរដ្ឋាភិបាលនិងដំណើរការបោះឆ្នោតដែលជារូបមន្តមួយដែលអាចនាំទៅដល់អស្ថិរភាពនៅក្នុងប្រទេសនិងតំបន់»។
អង្គការ CAHRAD ធ្វើការយ៉ាងជាប់ជាប្រចាំជាមួយនឹងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិរបស់សហរដ្ឋអាមេរិកនិងប្រមូលផ្តុំសហគមន៍ខ្មែរធ្វើសកម្មភាពលើកស្ទួយសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក្នុងនោះមានការចូលរួមរំឭកជាប្រចាំដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងទាមទារឱ្យភាគីកម្ពុជានានាគោរពតាមស្មារតីនៃកិច្ចព្រមពៀងដែលបានចុះបានចុះហត្ថលេខាកាលពី២៦ឆ្នាំមុនមួយនេះ។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំនេះ៕