កញ្ញា ​សេង ធារី​ ត្រូវ​ចាប់​​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ភ្លាមៗ​ ក្រោយ​តុលាការ​កាត់​ទោស​​​​ពី​បទ​រួម​គំនិត​ក្បត់

កញ្ញា ​សេង ធារី​ ស្លៀកពាក់​ដូច​រូបសំណាកសេរីភាព ឈរនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ​ ថ្ងៃទី​១៤ ខែមិថុនា​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី/ វីអូអេ)

មេធាវី​ខ្មែរអាមេរិកាំង​ កញ្ញា ​សេង ធារី ត្រូវ​កម្លាំង​សន្តិសុខ​ចម្រុះ​ចាប់​ខ្លួន​ភ្លាមៗ​ ក្រោយ​តុលាការ​ក្រុង​ភ្នំពេញ​ប្រកាស​សាលក្រម​ឱ្យ​អ្នក​ច្បាប់​រូប​នេះ​ មាន​ទោស​ជាប់​ពន្ធនាគារ​ចំនួន​៦​ឆ្នាំ​ ពី​បទ​រួម​គំនិត​ក្បត់​ ដែល​មានទំនាក់​ទំនង​នឹង​ផែន​ការ​មាតុភូមិនិវត្តន៍​មិន​ជោគ​ជ័យ​របស់​លោក ​សម រង្ស៊ី​កាល​ពី​ឆ្នាំ​២០១៩។ ​

កញ្ញា ​សេង ធារី​ ដែល​ជា​សកម្ម​ជន​ការពារ​សិទ្ធិមនុស្ស​មួយ​រូប​ផង​នោះ​ ត្រូវ​គេ​ឃើញ​ស្លៀក​ពាក់​ជា​នាង​សេរីភាព​ ដែល​ស្រដៀង​គ្នា​នឹង​រូប​សំណាក​សេរីភាព​ក្នុង​បុរី​ញូវយ៉ក​ សហរដ្ឋ​អាមេរិក។ កញ្ញា​ក៏​ត្រូវ​គេ​ឃើញ​មាន​ពាក់​ច្រវាក់​ជាប់​នឹង​ដៃ​ ដែល​មាន​កាន់​បំពង់​ភ្លើង​គប់​សិប្បនិម្មិត​ និង​ផ្ទាំង​ស្នោ​រាង​ចតុកោណ​មាន​ចារឹក​ពាក្យ​រដ្ឋ​ធម្មនុញ្ញ​ ឆ្នាំ​១៩៩៨​ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣ តុលា ឆ្នាំ​១៩៩១។

លោក ​ជូង ជូងី ​មេធាវី​ការពារ​ក្តី​ឲ្យ​កញ្ញា សេង ធារី ប្រាប់​ក្រុម​អ្នកកាសែត​ថា​ការ​ផ្តន្ទាទោស​ថ្មីៗ​នេះ​ គឺ​ជា​ការ​បន្ថែម​ភាព​អយុត្តិធម៌​ទៅ​លើ​កូន​ក្តី​របស់​លោក​ ក្រោយ​ការ​តស៊ូ​តាម​ផ្លូវ​តុលាការ​អស់​រយៈពេល​ជា​ច្រើន​ខែ។

«ខ្ញុំ​យល់​ថា អត់​ត្រឹមត្រូវ​សម្រាប់​គាត់​ទេ គាត់​តវ៉ា​ដើម្បី​ភាព​យុត្តិធម៌​ ប៉ុន្តែ​បន្ថែម​អយុត្តិធម៌​ទៅ​លើ​គាត់​ថែម​ទៀត»។ ​

កញ្ញា ​សេង ធារី​ ត្រូវ​កម្លាំង​នគរបាល​រាជធានី​ និង​កង​សន្តិសុខ​ផ្សេង​ទៀត​ បាន​ចាប់​ក្រៀក​អូស​ឡើង​រថយន្ត​ប៉ូលិស​ ដែល​ចត​នៅ​ទល់​មុខ​នឹង​តុលាការ​រាជធានី​ភ្នំពេញ។ ក្រុម​អ្នក​ឃ្លាំ​មើល​ការ​ប្រកាស​សាល​ក្រម​នៅ​ក្រៅ​តុលាការ​ខ្លះ បាន​ស្រែក​បរិហារ​ការ​កាត់​សេចក្តី​របស់​តុលាការ​ថា​ជា​រឿង​អយុត្តិធម៌ និង​ខ្លះ​ទៀត​ដែល​មាន​ទាំង​សាច់​ញាតិ​របស់​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​កាត់​ទោស​ថ្ងៃ​អង្គារ​នេះ​ដែរ​នោះ​ ត្រូវ​បាន​កង​សន្តិសុខ​ចាប់អូស​ទាញ​ និង​រុញ​ច្រាន​នៅ​មុខ​តុលាការ។

មុន​ពេល​ត្រូវ​បាន​កង​សន្តិសុខ​ចម្រុះ​ចាប់​ខ្លួន​នោះ កញ្ញា ​សេង ធារី បាន​ស្រែក​ឱ្យ​មាន​ការ​ដោះលែង​សេរីភាព​ នៅ​មុខ​តុលាការ​ក្រុង​ជា​ច្រើន​ដង។ កញ្ញា​ប្រាប់​អ្នក​យក​ព័ត៌មាន​សំឡេង​សហរដ្ឋ​អាមេរិក​(VOA)​ អំឡុង​ពេល​ផ្សាយ​ផ្ទាល់​តាម​ហ្វេស​ប៊ុក​ថា​ តុលាការ​ដែល​កាត់​ក្តី​សំណុំ​រឿង​របស់​កញ្ញា​ ជា​តុលាការ​សម្តែង​រៀបចំ​ដោយ​អ្នក​នយោបាយ។ ហេតុ​ដូច្នេះ​ កញ្ញា​ថា​កញ្ញា​មិន​រំពឹង​ថា​បាន​យុត្តិធម៌​ទេ។

«ខ្ញុំ​អត់​មាន​ការ​រំពឹង​ថា​ខ្ញុំ​នឹង​ទទួល​យុត្តិធម៌​ទេ​ ពីព្រោះ​នៅ​ក្រោម​របប​ផ្តាច់​ការ​ ចំពោះ​អ្នក​ស្លូត​ត្រង់​ដែល​សកម្ម​ ចំពោះ​អ្នក​ស្លូត​ត្រង់​ ហើយ​អត់​មាន​កំហុស​ដែល​តស៊ូ​មតិតទល់​ជាមួយ​របប​ផ្តាច់​ការ​ គេ​នឹង​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​អាវុធ​នៅ​ក្នុង​ការ​ធ្វើ​បាប។ បើ​អ៊ីចឹង​ ខ្ញុំ​អត់​មាន​ការ​រំពឹង​ថា​ ខ្ញុំ​អាច​ទទួល​យុត្តិធម៌​ ពី​តុលាការ​អយុត្តិធម៌​ តុលាការ​ក្លែងក្លាយ​ ដែល​ច្នៃ​ប្រតិដ្ឋ​ដោយ​អ្នកនយោបាយ​ទេ»។

បើ​តាមអង្គការ​សិទ្ធិមនុស្ស​លីកាដូ ​សំណុំ​រឿង​របស់​កញ្ញា​ សេង ធារី​ ជា​ផ្នែក​មួយនៃ​សំណុំ​រឿង​ទ្រង់​ទ្រាយធំដែល​មាន​ពាក់​ព័ន្ធ​នឹង​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​នោះ​ គឺ​មាន​លោក​ សម រង្ស៊ី និង​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​មួយ​នេះ​ យ៉ាង​ហោច​ណាស់​៥០​នាក់​ទៀត​ ដែល​ត្រូ​វបាន​តុលាការ​ផ្តន្ទាទោស​ ​ពី​បទ​រួម​គំនិត​ក្បត់​ ​និង​បទ​ញុះញង់​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ផងដែរ។

សេចក្តី​ប្រកាសរបស់​អង្គការ​លីកាដូ​ចុះ​ថ្ងៃ​ទី​១៤ ​ខែ​មិថុនា​នេះ បាន​បញ្ជាក់ថា​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១​២​រូប​ ​ត្រូវ​បាន​កាត់​ទោស​ដោយ​កំបាំង​មុខ​ ឱ្យ​ជាប់​ពន្ធនាគារ​កំណត់​រយៈពេល​៨​ឆ្នាំ។ សមាជិក​ ​និង​អ្នក​គាំទ្រ​ចំនួន​១៩​រូប​ ​ផ្សេងទៀត​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ។​

កញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិកាំង តែងខ្លួនជាស្រ្តីនៃសេរីភាព ឈរថ្លែងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ តុលាការក៏​មាន​ការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​មនុស្ស​ទាំង៣១​ ​នាក់​ផង​ដែរ។​ ដោយ​ឡែក កញ្ញា​ ​សេង​ច័ន្ទ​ធារី​ ​ឬ​ ​សេង​ ​ធារី​ ​ដែល​មាន​សញ្ជាតិ​ខ្មែរ​ ​និង​អាមេរិក ​គឺ​ស្ថិត​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​៦​ឆ្នាំ។ ​ជន​ជាប់​ចោទ​៤​នាក់​ផ្សេង​ទៀត​ ​បាន​ជាប់​ឃុំ​ស្រាប់​ទៅ​ហើយ​ ​រួម​មាន​លោក​ ​កាក់​ កុម្ភា ​លោក​ ​ហេង​ ​ច័ន្ទសុទ្ធី ​លោក​ ​ទុំ​ ​ប៊ុន​ថន​ ​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១​ ​ខណៈ​ដែល​អ្នកស្រី​ ​យក់​ ​នាង​ ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​រាជធានី​ភ្នំពេញ​ (ប៉េហ្ស៊ី)។​ ​អ្នក​ទាំង​នោះ​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ ​៦​ឆ្នាំ។​ ​អ្នកស្រី​ ​យក់​ ​នាង​ ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខែ​មេសា​ ​ឆ្នាំ​២​០​២​២​ ​បន្ទាប់ពី​បាន​ក្លាយ​ជា​មន្ត្រី​គណបក្ស​ភ្លើង​ទៀន។​ នេះ​បើ​តាម​អង្គការ​លីកាដូ។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​លោក​ អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ការ​កាត់​ទោស​មេធាវី​ និង​អតីត​ក្រុម​ថ្នាក់​ដឹកនាំ​ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ មាន​ជាប់​ហេតុ​ផល​នយោបាយ​ ដែល​ត្រូវ​ឱ្យ​មាន​ការ​សម្របសម្រួល​ខាង​នយោបាយ​ ដើម្បី​បើកផ្លូវ​ឱ្យ​អ្នក​ដែល​ត្រូវ​បាន​កាត់​ទោស​ដាក់​ក្នុង​ពន្ធនាគារ​មាន​សេរីភាព​ឡើងវិញ។​

លោក​ថ្លែង​ថា៖ «​ដូច​បរិបទ​វិបត្តិ​នយោបាយ​កន្លង​មក​ដែល​យើង​ធ្លាប់​ឃើញ​ ​គឺ​អ្នក​នយោបាយ​ទាំង​អស់​មាន​ការសន្ទនា​ ការ​ចរចា​ដោះស្រាយ​គ្នា។ អ៊ីចឹង​នៅ​ពេល​ហ្នឹង​ យើង​ឃើញ​មាន​មន្ត្រី​ជាន់​ខ្ពស់​ ​អតីត​គណបក្ស​ប្រឆាំង​ ឬ​ក៏​គណបក្ស​ប្រឆាំង ​អ្នកនយោបាយ​ ឬ​ក៏​សកម្មជន​សិទ្ធិ​មនុស្ស​អី​ផ្សេង​ៗ​ហ្នឹង​ ត្រូវ​មាន​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ»។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​លើកឡើង​អំពី​ភាព«អយុត្តិធម៌» ជុំវិញ​ការ​កាត់​ក្តី​របស់​តុលាការ​ក្រុង​ភ្នំពេញ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ស្ថានទូត។ ​

ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​នេះ​ ផ្តល់​ការ​អត្ថាធិប្បាយ​ក្នុង​ន័យ​ដើម​ថា៖ «​យើង​មាន​ការរំខាន​ចិត្ត​ជាខ្លាំង ចំពោះ​សាលក្រម​ដ៏​អយុត្តិធម៌​ នា​ថ្ងៃ​នេះ​ ដែល​ត្រូ​វបាន​ប្រកាស​ទៅ​លើ​កញ្ញា​ សេង ធារី​ និង​អ្នក​ដទៃ​ទៀត។ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ការ​ចងក្រង​គ្នា​ជា​ក្រុម​ ជា​សមាគម​ ហើយ​និង​ការ​អត់​ឱន​ចំពោះ​ទស្សនៈ​ប្រឆាំង គឺ​ជា​ផ្នែក​ដ៏​មាន​សារសំខាន់​បំផុត​ នៃ​លទ្ធិប្រជាធិបតេយ្យ។ យើង​សូម​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​រូប​គាត់ ហើយ​និង​សកម្មជន​សិទ្ធិ​មនុស្ស​ដទៃ​ទៀត​ ពី​ការ​ដាក់​ពន្ធនាគារ​ដ៏​អយុត្តិធម៌»។

ដំណាល​គ្នានេះ​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch និង​អ្នក​ច្បាប់​អន្តរជាតិ​មួយចំនួន​ទៀត​ បាន​ប្រតិកម្ម​ទៅ​នឹង​ការផ្តន្ទាទោស​ទៅ​លើ​កញ្ញា​សេង ធារី​ ថា​ជា​ការផ្តន្ទាទោស​ ដែល​មាន​លក្ខណៈ​នយោបាយ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ​អ៊ី រិន្ទ​ មិន​ឆ្លើយ​តប​សំណួរ​របស់​សំឡេង​សហរដ្ឋ​អាមេរិក​ដែល​ផ្ញើ​តាម​ប្រព័ន្ធ​តេឡេ​ក្រាម​នៅ​ថ្ងៃ​អង្គារ​នេះ។

បើ​តាម​អង្គការ​លីកាដូ​ រឿង​ក្ដី​របស់​កញ្ញា​សេង ធារី​ និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ បាន​អូស​បន្លាយពេល​ ​ចាប់​ពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​ដល់​ខែ​មេសា​ ​ឆ្នាំ​២​០​២​២។​ ​សវនាការ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កន្លង​មក​នោះ ផ្ដោ​ត​សំខាន់​ទៅ​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ជាពិសេស លោក​ ​សម​ ​រង្ស៊ី ​ដែល​ជា​អតីត​ប្រធាន​គណបក្ស​នេះ ​ក្នុង​ការ​ព្យាយាម​ធ្វើ​មាតុភូមិនិវត្តន៍​ ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ​កាល​ពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​ក៏​ដូចជា​ការ​បង្កើត​ចលនាសង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស៕