ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​តុលាការ​បញ្ចប់​សវនាការ​សួរ​ដេញដោល​មេធាវី​ខ្មែរ​អាមេរិកាំង​កញ្ញា​ សេង ធារី​ ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​


កញ្ញា សេង ធារី មេធាវី​ខ្មែរអាមេរិកាំង បង្ហាញ​ខ្លួន​នៅ​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ក្នុង​សំណុំរឿង​ក្បត់ជាតិ។ (ស៊ុន ណារិន/វីអូអេ)
កញ្ញា សេង ធារី មេធាវី​ខ្មែរអាមេរិកាំង បង្ហាញ​ខ្លួន​នៅ​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ក្នុង​សំណុំរឿង​ក្បត់ជាតិ។ (ស៊ុន ណារិន/វីអូអេ)

តុលាការ​រាជធានី​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​បាន​បញ្ចប់​សវនាការ​សាកសួរ​មេធាវី​សញ្ជាតិ​ខ្មែរ​អាមេរិកាំង ​កញ្ញា ​សេង ធារី ​និង​សកម្មជន​នយោបាយ​មួយ​ចំនួន​ទៀត​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​ដ៏​ចម្រូងចម្រាស​ ហើយ​តុលាការ​គ្រោង​ប្រកាស​សាល​ក្រម​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើម​ខែ​មិថុនា។​

នេះ​ជា​សវនាការ​លើក​ទី​១៤​ហើយ​ក្នុង​ការ​សាកសួរ​ កញ្ញា​ សេង ធារី​ និង​សកម្ម​ជន​ផ្សង​ទៀត ​គិត​ចាប់​តាំង​ពី​ការ​បើក​សវនាការ​កាល​ពី​ខែ​មករា​ ឆ្នាំ​២០២១។​

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ កញ្ញា​សេង ធារី ​ដែល​ស្លៀក​ពាក់​ស​ មាន​ដាវ​សៀត​នៅ​នឹង​ចង្កេះ ​និង​កាន់​ជញ្ជីង​ពណ៌​ទឹក​ប្រាក់ មិន​បាន​ចូល​ក្នុង​សាល​សវនាការ​ឡើយ ​ដោយ​ឈរ​ចាំ​នៅ​ខាង​ក្រៅ​របង​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​អាន​សេចក្តី​ថ្លែង​ការណ៍​ បង្ហាញ​នូវ​អ្វី​ដែល​កញ្ញា​ហៅ​ថា​ ជា​ភាព​អយុត្តិធម៌​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន ​និង​សកម្មជន​សង្គម​ផ្សេង​ទៀត​ តាម​ការ​ផ្សាយ​ផ្ទាល់​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

កញ្ញា ​សេង ធារី​ ដែល​ជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​មួយ​រូប​ផង​នោះ​ ​ពាក់​ឆៀង​ក្រណាត់​ភ្ជាប់​ជា​មួយ​ពាក្យ​ថា ​«អ្នក​នាង​យុត្តិធម៌»​ផង​ដែរ​ និង​បាន​អះអាង​ថា ​កញ្ញា​បាន​ឈរ​លើ​គោល​ការណ៍​ប្រជាធិបតេយ្យ ​និង​ការណ៍​ពិត​ចំពោះ​សកម្មភាព​ដែល​កញ្ញា​បាន​ធ្វើ​កន្លង​មក​នោះ។​ លើស​ពីនេះ​ កញ្ញា​បន្ត​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​ផង​ដែរ។​

កញ្ញា​និយាយ​ថា៖ ​«បើ​អ៊ីចឹង​ព្រឹក​នេះ ​ខ្ញុំ​ជា​អ្នក​នាង​យុត្តិធម៌​ ហើយ​អាវុធ​របស់​ខ្ញុំ​ គឺ​ការពិត។​ អាវុធ​របស់​របប​ផ្តាច់​ការ​គឺ​ច្បាប់​ ដែល​ពួក​គាត់​បង្កើត​ដោយ​ខ្លួន​ឯង​ ដោយ​អស្ថិរភាព ​ដោយ​តាម​អំពើ​ចិត្ត​ ហើយ​តែងតែ​ប្រឆាំង​នឹង​យុត្តិធម៌ ​ពីព្រោះ​[របប​ដឹកនាំ]​អត់​មាន​មូលដ្ឋាន​យុត្តិធម៌»។​

អតីត​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ កញ្ញា ​សេង ធារី​ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឱ្យ​មក​តតាំង​ក្តី​ក្នុង​សំណុំ​រឿង​រួម​គំនិត​ក្បត់ ​និង​ញុះញង់​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​ព្រឹត្តិ​ការណ៍​នៃ​មាតុភូមិនិវត្តន៍​មិន​បាន​ជោគ​ជ័យ​របស់​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក ​សម រង្ស៊ី​ កាល​ពី​ថ្ងៃទី​៩ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។​

ក្រោយ​បិទ​បញ្ចប់​សវនាការ​សួរ​ដេញដោល​នៅ​ថ្ងៃ​អង្គារ​នេះ​ មេធាវី​របស់​កញ្ញា​សេង ធារី ​គឺ​លោក ​ជូង ជូងី​ បាន​ប្រាប់​វីអូអេ​ថា​ តុលាការ​គ្រោង​នឹង​ប្រកាស​សាលក្រម​លើ​កញ្ញា ​សេង ធារី​ និង​សកម្មជន​ផ្សេង​ទៀត​ នៅ​ថ្ងៃ​ទី​១៤​ ខែ​មិថុនា ​ឆ្នាំ​២០២២​វេលាម៉ោង​៨​និង​៣០​នាទី​ព្រឹក។​

កញ្ញា​ សេង ធារី​ ដែល​កាន់​លិខិត​ឆ្លង​ដែន​សញ្ជាតិ​អាមេរិកាំងបាន​បញ្ជាក់​ថា ​ កញ្ញា​នឹង​មិន​ចាក​ចេញ​ពី​ប្រទេស​ឡើយ ​ បើ​ទោះ​មាន​ការ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ប្រកាស​សាលក្រម​ក៏​ដោយ។​

កញ្ញា​ថ្លែង​ថា៖ ​«គេ​ចង់​ឱ្យ​តែខ្ញុំ​ចាកចេញ​ ពីព្រោះ​គេ​មិន​ចង់​ឱ្យ​មាន​សំឡេង​តស៊ូ​មតិ​នៅ​ក្នុង​សង្គម​ ហើយ​គេ​ចង់​បង្រួម​[សំឡេង​តស៊ូមតិ]។​ ទីកន្លែង​ហ្នឹង​ ​ដាច់​ខាត​ខ្ញុំ​អត់​ចេញ​[ក្រៅ​ប្រទេស​និង] ​អត់​ទៅ​ណា​ទេ»។​

កាល​ពី​កន្លង​ទៅ​ តុលាការ​បាន​បង្ហាញ​សារ​បង្ហោះ​របស់​កញ្ញា​ សេង ធារី​ ដែល​លើក​ដៃម្រាម​៩​ សាក់​លើ​ស្មា​លេខ​៩​ និង​សំណេរ​មួយ​ចំនួន​ពាក់​ព័ន្ធ​ការ​វិល​ត្រឡប់​របស់​លោក​ សម​ រង្ស៊ី។​

កញ្ញា សេង ធារី មេធាវី​ខ្មែរអាមេរិកាំង បង្ហាញ​ខ្លួន​នៅ​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ក្នុង​សំណុំរឿង​ក្បត់ជាតិ។ (ស៊ុន ណារិន/វីអូអេ)
កញ្ញា សេង ធារី មេធាវី​ខ្មែរអាមេរិកាំង បង្ហាញ​ខ្លួន​នៅ​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ក្នុង​សំណុំរឿង​ក្បត់ជាតិ។ (ស៊ុន ណារិន/វីអូអេ)

ចំណែក​អ្នកស្រី ​ព្រុំ ចាន់ថា​ ដែល​ស្វាមី​របស់​អ្នកស្រី​ គឺ​លោក​ កាក់ កុម្ភារ​ សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ពន្ធនាគារ​ ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​ផង​ដែរ​នោះ​ លើក​ឡើង​ថា​ ការ​ចោទ​ប្រកាន់​ស្វាមី​របស់​អ្នកស្រី​ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ផ្ទុយ​ពី​ការណ៍​ពិត​និង​មិន​អាច​ទទួល​យក​បាន​ទេ។​ ​

អ្នក​ស្រី​ថ្លែង​ថា៖ ​«បើ​រដ្ឋាភិបាល​មិន​គោរព​ច្បាប់ ​និង​គោរព​សិទ្ធិ​មនុស្ស​ផង​ ឱ្យ​ខ្ញុំ​សំណូម​ពរ​បែប​ម៉េច?​ បើ​រដ្ឋា​ភិបាល​គោរព​ច្បាប់​ គោរព​សិទ្ធិ​មនុស្ស​គាត់​ត្រូវ​ចូល​តុ​ចរចា​ហើយ​ គាត់​មិន​មែន​ទុក​ដល់​រាល់​ថ្ងៃ​ស្ថានភាព​នយោបាយ​ គឺ​ឱ្យ​យ៉ាប់​ដូច​សព្វ​ថ្ងៃ​ទេ ​គឺ​ត្រូវ​ទម្លាក់​ចោទ​ ឬ​ចូល​តុ​ចរចា​ទៅ ​បំបាត់​វិវាទ​នយោបាយ​ទៅ»។​

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក ​អ៊ី រិន្ទ ​តែ​លោក​មិន​ឆ្លើយ​តប​សំណួរ​ ដែល​អ្នក​សារ​ព័ត៌មាន​សំឡេង​សហ​រដ្ឋ​អាមេរិក​ វីអូអេ ​ផ្ញើ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​នៅ​ថ្ងៃ​អង្គារ​នេះ​ទេ។​ យ៉ាង​ណាក្តី​ រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ​ជិន ម៉ាលីន​ ធ្លាប់​បាន​ហៅ​សកម្ម​ភាព​របស់​កញ្ញា ​សេង ធារី ​ថា​ ជា​ការ​សម្តែង​និង​ចោទ​ថា​ មាន​ចេតនា​ចង់​ឱ្យ​រួច​ពី​បទ​ចោទ​ប្រកាន់​របស់​តុលាការ។

គួរ​រំឭក​ឡើង​វិញ​ផង​ដែរ​ថា​ គិត​ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ​រហូត​ដល់​ខែ​មីនា ​ឆ្នាំ​២០២០​ យ៉ាង​ហោច​ណាស់​មាន​អ្នក​គាំទ្រ​ សកម្មជន​ មន្ត្រី​គណបក្ស​តាម​បណ្តា​ខេត្ត ​និង​រាជធានី​ និង​ថ្នាក់​ដឹកនាំ​របស់​គណ​បក្ស​នេះ​ជិត​១៤០​នាក់ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ​ឬ​រង​ការ​ចាប់​ខ្លួន​ទាក់​ទង​នឹង​បទ​«ក្បត់​ជាតិ» ​បទ​«រួម​គំនិត​ក្បត់» ​ឬ​បទ​«ញុះ​ញង់​ឱ្យ​ប្រពឹត្ត​បទ​ឧក្រិដ្ឋ»​ជា​ដើម៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG