នៅក្នុងការប្រកួតនាថ្ងៃសុក្រនេះ អត្តពលិកអូឡាំពិកលោតទឹកអាមេរិកដើមកំណើតខ្មែរ លោក Jordan Pisey Windle បានទៅប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់វិញ្ញាសាលោតទឹកផ្នែកបុរសកម្ពស់ ១០ម៉ែត្រ។
ក្នុងការប្រកួតកីឡាលោតទឹក៦ក្បាច់ លោក Jordan បានប្រជែងជាមួយកីឡាករ ២៨ នាក់ផ្សេងទៀត មកពីប្រទេសចំនួន ១៧ ដោយបានពិន្ទុសរុប ៣៩០.០៥ ដោយធ្វើឲ្យលោកជាប់លំដាប់ថ្នាក់លេខ ១៥ ក្នុងចំណោមកីឡាករ ១៨នាក់ ដែលអាចប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្នុងចំណោមការលោតទឹក ៦ក្បាច់ទាំងនោះ លោក Jordan បានទទួលពិន្ទុល្អប្រសើរគឺ ៨១.៦០ និង ៨២.៨០ សម្រាប់ការប្រកួតថ្ងៃនេះរបស់លោក នៅពេលលោកបានលោតទឹកក្បាច់ទី ៥ និងទី ៦ ជាក្បាច់លោតបង្វិលខ្លួន ៣៦០ដឺក្រេ បែបបកក្រោយ។
ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់វិញ្ញាសាលោតទឹកផ្នែកបុរសកម្ពស់ ១០ម៉ែត្រ ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ស្អែកនេះ លោក Jordan Pisey Windle កីឡាករលោតទឹកអាមេរិកាំងដើមកំណើតខ្មែរអាយុ ២២ ឆ្នាំរូបនេះ នឹងត្រូវប្រឈមនឹងកីឡាករឆ្នើមៗដទៃទៀត ដើម្បីបានពិន្ទុខ្ពស់មួយដែលអនុញ្ញាតឲ្យលោកអាចចូលប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ៕