ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនមិនចូលចិត្តនឹងវិធានការរយៈពេលខ្លី របស់លោក ប្រធានាធិបតី សរអ ដូណាល់ ត្រាំទាក់ទងនឹងការហាមឃាត់ជនអន្តោប្រវេសន៍និង ជនភៀសខ្លួនចូលមកក្នុងទឹកដីអាមេរិក ហើយបានចាត់ទុកថាជាវិធានការមិន សមរម្យ។
ភ្លាមៗបន្ទាប់ពីបានចូលកាន់មុខតំណែងជាប្រធានាធិបតីសរអទី៤៥កាលពីថ្ងៃទី២០ មករាលោក ដូណាល់ ត្រាំ បានបង្ហាញឲ្យពលរដ្ឋអាមេរិកាំងនិងពិភពលោកភ្ញាក់ផ្អើលនឹងចំណាត់ការរបស់លោកជាច្រើនរួមទាំងបញ្ហាជនអន្តោប្រវេសន៍ ដោយលោកបាន ចេញបទបញ្ជាកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ហាមឃាត់ជនភៀសខ្លួននិងជន អន្តោប្រវេសន៍មកពីប្រទេសចំនួន៧ ភាគច្រើនចេញមកពីប្រទេសកាន់អ្នកកាន់ សាសនាឥស្លាម មិនឲ្យចូលមកក្នុងទឹកដីអាមេរិកចំនួន៩០ថ្ងៃ។ បទបញ្ជាបណ្តោះអាសន្ននេះ គឺកើតឡើងក្នុងគោលបំណងទប់ស្កាត់អំពើភេរវកម្មនិងការគិតគូពីសន្តិសុខរបស់ពលរដ្ឋអាមេរិកាំងនិងប្រទេសអាមេរិកមិនឲ្យមានការវាយប្រហារអំពើភេរវកម្ម។ វិធានការនេះបានធ្វើឲ្យមានការបារម្ភនិងការជជែកដេញដោលគ្នាផ្នែក ច្បាប់យ៉ាងច្រើនថាផ្ទុយពីច្បាប់ទម្លាប់អាមេរិកាំងដែលជាប្រទេសកើតចេញពីជនអន្តោប្រវេសន៍និងជនភៀសខ្លួន។
លោក គុជ ច័ន្ទលី ពលរដ្ឋនៅក្នុងរដ្ឋម៉ារីលែន បានថ្លែងថា វិធានការរបស់លោក ប្រធានាធិបតីវាប៉ះពាល់ដល់សីលធម៌និងច្បាប់ទម្លាប់របស់អាមេរិកាំង កិត្តិយស និងផលប្រយោជន៍សរអ។
«ខ្ញុំយល់ឃើញថារឿងនេះវាប៉ះពាល់ខ្លាំងចំពោះតម្លៃនៃសរអទាំងមូលពីព្រោះថាប្រវត្តិ របស់សរអគឺកើតឡើងចេញពីជនអន្តោប្រវេសន៍និងជនភៀសខ្លួន ហើយម្យ៉ាងទៀតជន ភៀសខ្លួនទាំងឡាយដែលមានច្បាប់មានទម្លាប់ចូលមកក្នុងសរអនេះពុំមែនសុទ្ធតែជា ជនដែលបង្កើតភេរវកម្មនៅក្នុងសរអនេះទេ»។
រយៈពេល២០ឆ្នាំកន្លងមកក្រុមភេរវជនដែលបង្កជាគ្រោះថ្នាក់ផ្សេងៗដល់សហគមន៍ អាមេរិកាំងគឺចេញមកពីប្រទេសផ្សេងដទៃទៀតដែលពុំមែនស្ថិតនៅក្នុងចំណោម៧ ប្រទេសដែលប្រធានាធិបតីដូណាល់ ត្រាំបានឃាត់ឃាំងមិនឲ្យចូលនោះទេ។
«ក៏ប៉ុន្តែការឃាត់ឃាំងដូច្នេះវាធ្វើឲ្យភាពរំជើបរំជួលជាងមុនទៅវិញទេ ហើយម្យ៉ាងទៀត ការឃាត់ឃាំងជនជាតិក្នុងប្រទេសទាំង៧ដែលកាន់សាសនាមូស្លីម(ឥស្លាម)ដូច្នេះ លោក ប្រធានាធិបតី ដូណាល់ ត្រាំគាត់ហាក់ដូចជាបង្ហាញជំហរថាគាត់ហ្នឹងផ្តល់តម្លៃទៅលើ ក្រុមអាយស៊ីស ក្រុមកាន់សាសនាមូស្លីមនិយមថានេះហើយជាការស្អប់ខ្ពើម ដែល អាមេរិកាំងស្អប់ខ្ពើមទៅលើជនជាតិ អ្នកកាន់សាសនាមូស្លីម(ឥស្លាម)ទៅវិញ។ដូច្នេះវាអាចបង្កបង្កើតកំហឹងនិងការសងសឹករបស់ក្រុមអ្នកកាន់សានាមូស្លីមហ្នឹងមកលើសរអនេះ ជាច្រើន»។
ក្រៅពីបានអះអាងថាវិធានការនេះនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពាណិជ្ជកម្ម និងអ្នកជំនាញនានានោះ លោកច័ន្ទលីបានបន្ថែមថាការដាក់កំហិតរបស់ប្រធានាធិបតីមុនៗ គឺមិនសំដៅទៅលើប្រទេសជាតិនិងអ្នកកាន់សាសនាទេ តែសំដៅទៅលើបុគ្គលនិង ក្រុមតែប៉ុណ្ណោះ។
លោក យ័ប គឹម ទឹង ពលរដ្ឋខ្មែរក្នុងរដ្ឋវីជីនៀ បានថ្លែងថាវិធានការរបស់លោក ប្រធានាធិបតី ដូណាល់ ត្រាំ ជារឿងតក់ក្រហល់។
«ខ្ញុំមើលទៅប្រទេសមួយៗគេមានសិទ្ធិធ្វើច្បាប់អន្តោប្រវេសន៍អញ្ចឹងដើម្បីឃាត់ឃាំង ប្រជាជន មកពីប្រទេសផ្សេងៗទៀតចូលមកប្រទេសគេ។ តែខ្ញុំសង្កេតមើលទៅរបៀប ប្រធានាធិបតីអាមេរិកាំងថ្មីគាត់ធ្វើបទបញ្ជាថ្មីៗនេះ គឺធ្វើរហ័សពេក ដល់ពេលអញ្ចឹង ទៅមិនមានផែនការឲ្យបានត្រឹមត្រូវ អញ្ចឹងទៅវាធ្វើឲ្យសកម្មភាពមិនមានដំណើរការល្អ ធ្វើឲ្យគេមើលមកប្រទេសអាមេរិកធ្វើការដូចមិនបានម្មត់ចត់»។
លោកបានបន្ថែមពីការមើលឃើញបញ្ហានឹងកើតឡើងនាពេលខាងមុខថា៖
«គាត់ចង់ធ្វើអញ្ចឹងដើម្បីថាគាត់ហ្នឹងគិតគូពីរឿងប្រជាជនគាត់ច្រើនជាងអ្នកដទៃ ធ្វើឲ្យប្រជាជនរបស់គាត់ហ្នឹងសប្បាយចិត្ត ខ្ញុំថាគោលបំណងរបស់គាត់អញ្ចឹង។ ជួនកាលយើងចង់ធ្វើអញ្ចឹងគោលបំណងធំបំផុតយើងចង់ជួយប្រជាជនគាត់ តែលទ្ធផល គឺថាពេលយើងមានចិត្តចង្អៀតជួនកាល យើងធ្វើទៅ ធ្វើឲ្យគេខឹង គេមានចិត្តចង្អៀតមក លើយើងវិញទៅ។លទ្ធផលចុងក្រោយធ្វើឲ្យលទ្ធផលហ្នឹងមិនបានសម្រេច»។
សរអទទួលរងការវាយប្រហារអំពើភេរវកម្មកាលពីថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០០១ ដោយ បានសម្លាប់ពលរដ្ឋអាមេរិកាំងជាង៣០០០នាក់ ហើយលោកដូណាល់ ត្រាំបានបង្ហាញ សាររបស់លោកពីការគិតគូររឿងសន្តិសុខជាសំខាន់។ នៅក្នុងបទបញ្ជាប្រធានាធិបតី ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា៖
«វាជាគោលនយោបាយរបស់សរអក្នុងការការពារពលរដ្ឋរបស់ខ្លួន មិនឲ្យទទួលរងការវាយប្រហារពីជនបរទេស ដែលប៉ុនប៉ងប្រព្រឹត្តការវាយប្រហារភេរវកម្មក្នុងប្រទេសអាមេរិក ហើយហាមឃាត់មិនឲ្យជនបរទេសដែលមានបំណងឆ្លៀតឳកាសប្រើប្រាសច្បាប់អន្តោប្រវេសន៍សរអដើម្បីសម្រេចគោលបំណងអាក្រក់នានា»។ លោក ត្រាំក៏បានបញ្ជាក់បន្ថែមទៀតថា៖
«ដើម្បីការពារពលរដ្ឋអាមេរិកាំង សរអត្រូវតែធានាថាជនណាដែលចូលមកកាន់ ប្រទេសអាមេរិក មិនត្រូវប្រកាន់ឥរិយាបទជាសត្រូវចំពោះសរអ ហើយនឹងគោល ការណ៍គ្រឹះរបស់សរអទេ។ សរអមិនអាចនិងមិនត្រូវអនុញាតឲ្យជនណាដែលមិនគាំទ្ររដ្ឋធម្មនុញ្ញឬជនណាដែលដាក់មនោគមន៍វិជ្ជាបែបហិង្សាលើច្បាប់អាមេរិកាំងទេ»។
លោក ម៊ុយ ចំរើន អ្នកសាធារណរដ្ឋនិយមក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានគាំទ្រជំហរ លោកដូណាល់ ត្រាំនៃគណបក្សសាធារដ្ឋថាជារឿងត្រឹមត្រូវសម្រាប់ប្រទេស ហើយបានបន្ទោសក្រុមអ្នកប្រជាធិបតេយ្យឬ Democrat ថាមិនសប្បាយចិត្តនិងកិច្ចការល្អ។
«ឲ្យតែ ដូណាល់ ត្រាំធ្វើកិច្ចការបានជោគជ័យច្រើន ក្រុមអ្នកឆ្វេងនិងស្តាំនិយមនៃ គណបក្សប្រជាធិបតេយ្យ ឬ Democrat មានកំហឹងខ្លាំងឡើង ក្តៅខ្លួនខ្លាំង។ម្ល៉ោះហើយ ឲ្យតែដូណាល់ ត្រាំធ្វើល្អ Democrat ឈឺក្បាល»។
លោកថ្លែងថាលោក ដូណាល់ ត្រាំគ្រាន់តែធ្វើការឃាត់ឃាំងមួយរយៈពេលខ្លីប៉ុណ្ណោះ ដោយលោក ចោទសួរថាហេតុអ្វីបានជាក្រុមអ្នកប្រជាធិបតេយ្យទើបតែស្រឡាញ់ ក្រុមអ្នកកាន់សាសនាឥស្លាមពេលនេះ។ លោកថារដ្ឋាភិបាល អ្នកនយោបាយកន្លង មកមានការខ្លាចរអានឹងសិទ្ធិស្រ្តី សិទ្ធិជនស្បែកខ្មៅ និងជនភៀសខ្លួន តែលោក ត្រាំ ប្រឈមមុខនឹងបញ្ហាអស់នោះ ដោយមិនខ្លាចរអា។
«ឥឡូវនេះលោក ដូណាល់ ត្រាំប្រើពាក្យថាសំអាតភក់ជ្រាំ។ នោះជាអ្វីដែលគាត់ធ្វើ ដូច្នេះវាជារឿងល្អសម្រាប់គាត់ពេលនេះ។ ហើយយោបល់របស់ខ្ញុំវាជាវិធីល្អណាស់ ដែលលោក ត្រាំធ្វើដូច្នេះព្រោះថាបើមើលទៅក្នុងប្រទេសបារាំងគឺត្រូវដឹកនាំដោយក្រុមកុំម្មុយនិស្តអស់ជាច្រើនឆ្នាំ ដែលមិនមានដំណើរការល្អទេ។ មេដឹកនាំទីនោះនិង លោក អូបាម៉ាដូចគ្នាទេ គឺរហូតទាល់តែមានការបាញ់នៅក្នុងក្រុមបារីស ប៊ែលហ្ស៉ិក ហើយនឹងប្រទេសនានាទើបគេភ្ញាក់ខ្លួន»។
រដ្ឋបាលលោក ប្រធានាធិបតី ដូណាល់ត្រាំ ក្រោយពេលចេញបទបញ្ជារឿងហាម ឃាត់ពលរដ្ឋធ្វើដំណើរតាមយន្តហោះមកពីប្រទេសចំនួន៧ប្រទេសមិនឲ្យចូលទឹកដីសរអនោះ បានប្រឈមនឹងបាតុកម្មដែលជាកំហឹងរបស់ពលរដ្ឋអាមេរិកាំងមួយចំនួន ជាពិសេសនៅមុខសេតវិមាននិងព្រលានយន្តហោះពាសពេញប្រទេស ប៉ុន្មានថ្ងៃចុង ក្រោយនេះ។ ពលរដ្ឋមកពីប្រទេសទាំង៧ដែលត្រូវហាមឃាត់មិនឲ្យចូលមករសរអបណ្តោះអាសន្ននោះមានដូចជាប្រទេស សូម៉ាលី (Somalia) អីរ៉ាក់ (Iraq) អីរ៉ង់ (Iran) ស៊ីរី (Syria) យេមែន (Yemen) លីប៊ី (Libya) និងស៊ូដង់ (Sudan)៕