មេដឹកនាំសហគមន៍ខ្មែរសម្តែងក្តីព្រួយបារម្ភចំពោះហិង្សា ដែលបានកើតមានឡើងជាបន្តបន្ទាប់និងសកម្មភាពរើសអើងលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ក្នុងពេលដែលមានជំងឺរាតត្បាតជាសាកលបង្កឡើងដោយវីរុសកូរ៉ូណា ហើយបានទទូចឱ្យមានការយោគយល់គ្នា។
លោក នួន វាសនា សមាជិកក្រុមប្រឹក្សាក្រុងឡូវែលនៃរដ្ឋម៉ាស្សាឈូសិត បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍សាធារណៈថា លោកព្រួយបារម្ភចំពោះកំណើននៃការធ្វើទុក្ខទោសលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ដោយសារតែមានសេចក្តីរាយការណ៍តាមបណ្តាញសារព័ត៌មានជាច្រើន អំពីការវាយប្រហារដោយសំអប់និងប្រកាន់ជាតិសាសន៍លើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ហើយលោកក៏ទទួលបានព័ត៌មានដោយផ្ទាល់ជាច្រើនពីការរើសអើងនានា។
លោក នួន វាសនា បានចាត់ទុកថា អំពើ «នេះមិនមែនជាគុណតម្លៃអាមេរិកាំងទេហើយត្រូវតែបញ្ឈប់» និងងាកមក «ប្រយុទ្ធរួមគ្នាដើម្បីបំបាត់សត្រូវរួម» គឺជំងឺកូវីដ១៩ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី។
លោក នួន វាសនា បានបញ្ជាក់បន្ថែមប្រាប់វីអូអេថា៖ «ហេតុដែលកើតឡើងមេរោគកូរ៉ូណានេះ គឺយើងទាំងអស់គ្នាជាអ្នករងគ្រោះ និងអាចជាអ្នករងគ្រោះ ម្លោះហើយយើងត្រូវចូលរួមនិងការពារបញ្ចៀសការរាតត្បាតជំងឺនេះ។ យើងមិនត្រូវរើសអើងគ្នាទេ។ យើងមិនត្រូវប្រើហិង្សាដាក់គ្នាទេ ជាពិសេសជនជាតិដែលមិនមានកំណើតអាស៊ីមកលើអាស៊ី»។
សេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មានអាមេរិកាំង ABC News ចេញផ្សាយកាលពីថ្ងៃសុក្របានបង្ហាញថាការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិកបានព្រមានពីការកើនឡើងនូវឧក្រិដ្ឋកម្ម ដោយសំអប់ជាតិសាសន៍លើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ក្នុងពេលដែលមានការឆ្លងវីរុសកូរ៉ូណា ដោយសារតែពួកគេភ្ជាប់វីរុសនេះទៅនឹងជនជាតិចិន ឬជនជាតិអាមេរិកាំងដើមកំណើតអាស៊ី។
ទីភ្នាក់ងារនេះបានដកស្រង់ទិន្នន័យនៃអំពើហិង្សាទាំងនេះដែលបានកើតមានឡើងនៅទីក្រុងឡូសអាន់ជឺឡេស (Los Angeles) រដ្ឋកាលីហ្វញ៉ា (California) រហូតដល់ទីក្រុងញូវយ៉ក (New York) និងនៅរដ្ឋតិចសាស (Texas) ជាដើម។
ឯកសាររបស់ FBI ដែលបណ្តាញសារព័ត៌មាន ABC News ទទួលបានបានបញ្ចូលនូវការវាយប្រហារមួយកាលពីថ្ងៃទី១៤ ខែមីនា នៅក្រុង Midland រដ្ឋតិចសាស ដែលជនសង្ស័យម្នាក់បានយកកាំបិតចាក់ក្រុមគ្រួសារអាស៊ីមួយ ដែលមានកូនអាយុ២ឆ្នាំនិង៦ឆ្នាំ ដោយសារតែជននោះគិតថា ពួកគេជាជនជាតិចិន និងបានចម្លងវីរុសកូរ៉ូណា។
យ៉ាងណាក៏ដោយ នៅក្នុងសហគមន៍ទីក្រុងឡូវែល ដែលមានពលរដ្ឋខ្មែររស់នៅជាច្រើនម៉ឺននាក់ គឺមានត្រឹមតែសកម្មភាពរើសអើងមួយចំនួនប៉ុណ្ណោះ ដែលមិនទាន់ឈានដល់អំពើហិង្សានៅឡើយទេ។ករណីទាំងនោះគឺអ្នកជំងឺមិនព្រមឱ្យគិលានុប្បដ្ឋាយិកាអាស៊ីមើលថែ និងប៉ះពាល់ខ្លួនគាត់។
បុរសស្បែកសម្នាក់ទៀតបានគេចចូលរថយន្ត នៅពេលដែលឃើញជនជាតិអាស៊ីទៅចាក់សាំងនៅស្ថានីយ៍ជាមួយ ហើយទាល់តែជនជាតិអាស៊ីនោះចាក់សាំងរួច និងចេញផុត ទើបបុរសនោះចេញមកចាក់សាំងបន្តទៀត។ករណីមួយទៀតគឺនៅក្នុងផ្សារទំនើបអតិថិជនខ្លះហាមកូនក្មេងមិនឱ្យដើរក្បែរកូនក្មេងអាស៊ីជាដើម។ នេះបើតាមការបញ្ជាក់របស់លោក នួន វាសនា ដោយកត់សម្គាល់ថាករណីដូចនេះមិនដែលកើតឡើងពីមុនមកទេ។
លោក នួន វាសនា បានបន្ថែមថា៖ «ទាំងនេះគឺជាភាពល្ងង់ខ្លៅ។វាគិតថា ឱ្យតែឃើញអាស៊ីអាមេរិកាំងដើមកំណើតអាស៊ី គឺជាអ្នកចម្លងមេរោគកូរ៉ូណា។វាអត់ពិតអីចឹង។ ម្លោះហើយគឺថាអីចឹង ហើយយើងត្រូវការពារកុំឱ្យមានភាពរើសអើងកើតឡើង ពីព្រោះឥឡូវយើងកំពុងតែជួបប្រទះសត្រូវ ដូចគ្នាគឺវីរុសកូរ៉ូណា»។
លោក នួន វាសនា បានលើកទឹកចិត្តឱ្យពលរដ្ឋអាស៊ីដទៃទៀតដែលជួបប្រទះនឹងការរើសអើងនានា រាយការណ៍មកអាជ្ញាធរក្រុងដោយលោកសង្កត់ធ្ងន់ថា៖ «ភាពថ្លៃថ្នូរជាមូលដ្ឋានរបស់មនុស្សជាតិនិងការគោរពគ្នា នឹងជួយយើងឆ្លងផុតពីវិបត្តិនេះទាំងអស់គ្នា ប្រកបដោយសេចក្តីថ្លៃថ្នូរនិងខ្ពង់ខ្ពស់ ដែលយើងដឹងថា យើងអាចធ្វើបាន។យើងត្រូវតែទទួលស្គាល់ថា យើងនឹងជោគជ័យលើបញ្ហាប្រឈមចំពោះមុខយើងល្គឹកណាយើងរួមគ្នា»។
លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក ក៏បានបញ្ជាក់ឱ្យការពារពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ដោយបន្ថែមថា វីរុសនេះមិនមែនជាកំហុសរបស់ពួកគេទេ។
ជំងឺកូវីដ១៩ បានសម្លាប់ពលរដ្ឋអាមេរិកាំងជាង ២.៨០០នាក់ និងមានអ្នកឆ្លងជាង១៥២.០០០នាក់។ នៅទូទាំងពិភពលោក ជំងឺនេះបានសម្លាប់មនុស្សជាង ៣៦.០០០ នាក់ និងមានអ្នកឆ្លងជាង ៧៦០.០០០នាក់បើគិតត្រឹមព្រឹកថ្ងៃច័ន្ទ។ នេះបើតាមទិន្នន័យរបស់សាកលវិទ្យាល័យសុខាភិបាលJohns Hopkinsរបស់សហរដ្ឋអាមេរិក៕