នៅប្រទេសកម្ពុជា ស្ត្រីបីរូបត្រូវបានទទួលស្គាល់សម្រាប់កិច្ចការរបស់គេ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាជាមួយនឹងកិច្ចខំប្រឹងប្រែងប្រឆាំងនឹងអំពើហិង្សាមកលើស្ត្រី ដែលនេះគឺជាបញ្ហាចម្បងមួយនៅក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ ការឈ្នះពានរង្វាន់ VXW មានន័យថា ស្ត្រីនឹងទទួលបានជំនួយ ដើម្បីលើកកម្ពស់កិច្ចខំប្រឹងប្រែងរបស់គេបន្ថែមទៀត ក្នុងការប្រើប្រាស់ទូរស័ព្ទដៃទំនើប និងអ៊ីនធឺណែត ដែលជាប្រភពដ៏លឿនក្នុងការទទួលបានព័ត៌មាននៅកម្ពុជា។
ជាអ្នកទទួលបានពានរង្វាន់ម្នាក់ដែរ ប៊ុន រចនា បានចូលប្រឡូកក្នុងកិច្ចការប្រឆាំងនឹងអំពើហិង្សាមកលើស្ត្រីអស់រយៈពេល៨ឆ្នាំមកហើយ។ គម្រោងការងារថ្មីៗរបស់នាង ដែលសហការជាមួយនឹងអង្គការ ActionAid របស់ចក្រភពអង់គ្លេស គឺជាគំនិតផ្តួចផ្តើមមួយ ដើម្បីលើកកម្ពស់សុវត្ថិភាពដល់ស្ត្រីនៅក្នុងតំបន់ទីប្រជុំជន។
រចនា និយាយថា ជំនួយខាងបច្ចេកទេសដែលទទួលបានពីពានរង្វាន់នេះ ក្នុងនោះរួមមានជំនួយរបស់អ្នកផលិតកម្មវិធីកុំព្យូទ័រដើម្បីបង្កើត Apps សម្រាប់ទូរស័ព្ទទំនើបជាភាសាខ្មែរនោះ នឹងពន្លឿនកិច្ចខំប្រឹងប្រែងប្រឆាំងនឹងអំពើហិង្សាលើស្ត្រី។ បន្ថែមលើនេះ វាអាចបង្កើតជាអនុសាសន៍ថ្មី ដើម្បីជួយស្ត្រីឲ្យប្រាប់អ្នកដទៃ ប្រសិនបើពួកគេមានអារម្មណ៍ថាត្រូវបានគំរាមគំហែង ឬបង្កើតជា Apps ដែលស្វែងរកទីកន្លែង ដែលស្ត្រីតែងតែត្រូវបានបៀតបៀនកេរ្តិ៍ខ្មាស់ ដើម្បីជួយជំរុញឲ្យរដ្ឋាភិបាលពង្រឹងសុត្ថិភាពសាធារណៈ។
នាង និយាយថា ការបៀតបៀនកេរ្តិ៍ខ្មាស់មកលើស្ត្រីនៅកម្ពុជា គឺកើតឡើងស្ទើតែគ្រប់ទីកន្លែង។
«ជាពិសេស នៅពេលយើងធ្វើដំណើរតាមផ្លូវម្នាក់ឯង យើងត្រូវបានបៀតបៀនកេរ្តិ៍ខ្មាស់ជាញឹកញាប់ ដូចជា ការធ្វើសញ្ញាថើបពីចម្ងាយ ញាក់មុខញាក់មាត់ ការនិយាយបែបអាសអាភាសអំពីរូបរាងកាយរបស់ស្ត្រីយើង។ ខ្ញុំយល់ថា នេះគឺជាបញ្ហាដ៏សំខាន់មួយ ដែលយើងជាស្ត្រីកំពុងតែជួបប្រទះ ប៉ុន្តែ បញ្ហានេះមិនត្រូវបានយកមកពិភាក្សាច្រើន និងដោះស្រាយឡើយ»។
ផាត ស្រីទូច ជាអ្នកទីពីរដែលទទួលបានពានរង្វាន់នេះ បានជួយស្ត្រីដែលធ្វើការក្នុងឧស្សាហកម្មកំសាន្ត ដូចជាអ្នកលក់ស្រាប៊ៀរ អ្នកច្រៀងការ៉ាអូខេ និងអ្នកបម្រើតាមភោជនីយ៍ដ្ឋាន ដែលស្ត្រីទាំងអស់នេះតែងតែត្រូវបានបៀតបៀនផ្លូវភេទ និងទង្វើអាក្រក់ជាងនេះ។ នាង និយាយថា ស្ត្រីជាច្រើនមិនដឹងថាត្រូវទៅរកដំណោះស្រាយនៅទីណាទេ នៅពេលដែលពួកគេប្រឈមនឹងបញ្ហាទាំងនេះនៅកន្លែងការងារ។ នាង សង្ឃឹមថា ការងាររបស់នាងនឹងជួយបង្កើនធនធានកាន់តែច្រើនដល់ស្រ្តី ដើម្បីឲ្យស្ត្រីដឹងពីសិទ្ធិរបស់ខ្លួននៅកន្លែងការងារ និងសេវាកម្មដែលពួកគេអាចទទួលបាន។
ស៊ុំ ដានី ជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ និងជាអ្នកទីបីឈ្នះពាន់រង្វាន់នេះដែរ បានសរសេរអត្ថបទស្តីអំពីបញ្ហាស្ត្រីនៅលើប្រព័ន្ធអ៊ឺនធឺណែត ដើម្បីលើកកម្ពស់ការយល់ដឹង និងកាត់បន្ថយភាពខ្មាស់អៀន ដែលស្ត្រីបានរងគ្រោះដោយសារតែអំពើហិង្សា។ នាង និយាយថា ការច្នៃប្រឌិតបច្ចេកវិទ្យាថ្មី អាចជួយផ្សព្វផ្សាយព័ត៌មានឲ្យបានលឿន និងជួយលើកកម្ពស់ការយល់ដឹងរបស់ស្ត្រីអំពីច្បាប់ប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារនៅកម្ពុជា និងជួយឲ្យស្ត្រីទទួលបានជំនួយខាងផ្លូវច្បាប់។
លោក Silas Everett ជានាយកមូលនិធិអាស៊ីប្រចាំនៅកម្ពុជា ហើយបានបង្កើតកម្មវិធីពានរង្វាន់នេះឡើង។ លោក មានប្រសាសន៍ថា ពានរង្វាន់នៃជំនួយខាងបច្ចេកវិទ្យា នឹងជួយឲ្យអ្នកឈ្នះពានរង្វាន់នេះ ពង្រីកកិច្ចខំប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀតតាមប្រព័ន្ធអ៊ីនធឺណែត និងតាមទូរស័ព្ទទំនើប។
លោក ថា ស្រ្តីនៅកម្ពុជាស្ទើតែទាំងអស់មានទូរស័ព្ទដៃ ហើយចំនួនទូរស័ព្ទទំនើបក៏កំពុងតែកើនឡើង៣០ភាគរយជារៀងរាល់ឆ្នាំ។ បច្ចេកវិទ្យានេះកំពុងតែផ្លាស់ប្តូរមធ្យោបាយបែបបុរាណក្នុងការទំនាក់ទំនងគ្នា។ នេះមានន័យថា ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការប្រឆាំងនឹងអំពើហិង្សាមកលើស្ត្រីត្រូវបានធ្វើឡើងទាន់ពេលវេលា។
លោក មានប្រសាសន៍ថា៖ «យើងមានយុវជនដែលទាក់ទងគ្នាយ៉ាងជិតស្និទ្ធិ ផ្សាភ្ជាប់នឹងទំនៀមទម្លាប់ និងតម្លៃតាមបែបសាកលលោក ហើយបានចែករំលែកព័ត៌មានរវាងគ្នាទៅវិញទៅមក។ សកម្មជនក៏កំពុងតែធ្វើការយ៉ាងសកម្មដោយប្រើប្រាស់បច្ចេកវិទ្យា។ នៅពេលដែលពួកបង្កើត Apps ពួកគេនឹងដោះស្រាយបញ្ហាមួយ ដែលពួកគេបានប្រទះឃើញ។ ដើម្បីដោះស្រាយបញ្ហានេះ ពួកគេនឹងពង្រឹកបណ្តាញទាក់ទង ការចែករំលែកព័ត៌មាន អភិវឌ្ឍសមត្ថភាពក្នុងការបង្កើតខ្សែវីឌីអូ រូបភាព និងបង្កើតប្រធានបទបញ្ចេញមតិទៅវិញទៅមកតាមរយៈកម្មវិធី Apps របស់គេ»។
ពានរង្វាន់នេះត្រូវបានបង្កើតឡើង ស្របពេលដែលមានការកើនឡើងនៃកិច្ចខំប្រឹងប្រែងរបស់ពិភពលោកក្នុងការទប់ស្កាត់អំពើហិង្សាមកលើស្ត្រី។ កាលពីឆ្នាំមុននេះ កិច្ចផ្តួចផ្តើមថ្មីមួយបានដំណើរការ ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មរំលោភផ្លូវភេទនៅតាមតំបន់មានសង្គ្រាម ដែលជាកិច្ចខំប្រឹងប្រែងមួយរបស់តារាសម្តែងហូលីវូដ Angelina Jolie និងអ្នកផ្តួចផ្តើមជាច្រើននាក់ទៀត។
ការចាប់ខ្លួនស្ត្រី និងក្មេងស្រីរាប់រយនាក់នៅនីហ្សេរីយ៉ាទាំងបង្ខំ ដោយពួកឧទ្ទាម ប៊ូកូ ហារាម និងការវាយប្រហារមកលើស្ត្រីនៅប្រទេសឥណ្ឌា ត្រូវបានផ្សព្វផ្សាយជាសារព័ត៌មានយ៉ាងគក្រឹកគក្រែង។
អ្នកឈ្នះពានរង្វាន់ ប៊ុន រចនា យល់ថា ស្ថានភាពស្ត្រីនៅកម្ពុជាមានភាពប្រសើរឡើងក្នុងអំឡុងប៉ុន្មានឆ្នាំនេះ ប៉ុន្តែ នាងនិយាយថា មានកិច្ចការជាច្រើនដែលយើងត្រូវធ្វើដើម្បីជួយស្ត្រី ជាពិសេសទាក់ទងនឹងការជួយឲ្យស្ត្រីមានសេដ្ឋកិច្ចរឹងមាំ។
បើទោះបីជាបុរសគឺជាកត្តាបង្កហេតុក្តី នាងយល់ថា ពានរង្វាន់នៅពេលខាងមុខទៀតគួរតែទទួលស្គាល់កិច្ចការរបស់បុរសកម្ពុជាខ្លះ ដែលបានចូលរួមលុបបំបាត់ អំពើហិង្សាមកលើស្ត្រីដែរ។
នាងថា៖ «វាជាការល្អ បើយើងឲ្យបុរសម្នាក់មកអង្គុយទីនេះ ហើយនិយាយអំពីសិទ្ធិស្ត្រី បញ្ហាស្ត្រី និងកិច្ចខំប្រឹងប្រែងរបស់ស្ត្រី។ ដូច្នេះ ខ្ញុំសង្ឃឹមថា នាពេលខាងមុខនឹងមានភាពស្មើគ្នារវាងបុរស និងស្ត្រី»។
ស្របពេលជាមួយគ្នានេះ ក៏នៅមានកត្តាប្រឈមជាច្រើន។ ឧទាហរណ៍ ជាទូទៅគេឃើញអំពើហិង្សាមកលើស្ត្រីតាមកញ្ចក់ទូរទស្សន៍។ ប៉ុន្តែ អ្នកជំនាញ ថា កិច្ចខំប្រឹងប្រែងប្រឆាំងនឹងអំពើហិង្សាដ៏ជោគជ័យមួយ ត្រូវការការអន្តរាគមន៍ពីគ្រប់ស្ថាប័នទាំងអស់នៅក្នុងសង្គមកម្ពុជា រួមទាំងសារព័ត៌មានផងដែរ។
ប្រែសម្រួលដោយ ទែន សុខស្រីនិត