ភ្នំពេញ —
មន្ត្រីអង្គការសង្គមស៊ីវិលនានាបានស្នើឱ្យគណបក្សនយោបាយបង្កើនចំនួនយុវជនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតថ្នាក់ក្រោមជាតិ ជាពិសេសការបោះឆ្នោតថ្នាក់រាជធានីខេត្ត ដែលនឹងប្រព្រឹត្តក្នុងរយៈពេលបីខែខាងមុខនេះ។ សំណើនេះធ្វើឡើងក្រោយពីក្រុមប្រឹក្សាជាប់ឆ្នោតនាអាណត្តិកន្លងមកដែលយុវជនមានចំនួនដ៏ទាបនៅឡើយ បើធៀបនឹងចំនួនមនុស្សវ័យចំណាស់។
យុវជនដែលជាវ័យកំពុងពេញកម្លាំងមិនត្រូវបានផ្តល់ឱកាសច្រើនទេពីសំណាក់គណបក្សនយោបាយក្នុងការដាក់ឱ្យឈរឈ្មោះសម្រាប់ការបោះឆ្នោតថ្នាក់ក្រោមជាតិ។ ការបោះឆ្នោតថ្នាក់ក្រោមជាតិគឺសំដៅលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ស្រុកខណ្ឌ រហូតដល់ថ្នាក់រាជធានី ខេត្ត។ នេះជាការកត់សម្គាល់របស់វាគ្មិននានាក្នុងសិក្ខាសិលា និងសន្និសីទសារព័ត៌មានមួយក្នុងក្រុងភ្នំពេញស្តីពីតួនាទីយុវជន និងការជំរុញឱ្យគណបក្សនយោបាយបញ្ចូលបេក្ខជនយុវជនបន្ថែមទៀតក្នុងបញ្ជីបេក្ខជនបោះឆ្នោត។
លោកសេង ឫទ្ធីគឺជានាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ និងជាវាគ្មិនម្នាក់ក្នុងកម្មវិធីនេះដែលមានយុវជនជាង១០០នាក់ចូលរួម។ លោកថ្លែងទៅកាន់អ្នកចូលរួមថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅអាណត្តិទីបីនេះមានអ្នកជាប់ឆ្នោតជាយុវជនប្រហែល៥ភាគរយប៉ុណ្ណោះ ចំណែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្នាក់រាជធានី ខេត្តក្នុងអាណត្តិទីមួយនេះមានចំនួនអ្នកជាប់ឆ្នោតជាយុវជនតិចជាងមួយភាគរយទៅទៀត។
លោកសេង ឫទ្ធីជំរុញឱ្យគណបក្សនយោបាយផ្តល់ឱកាសដល់យុវជនក្នុងការចូលរួមក្នុងឆាកនយោបាយ ដែលបច្ចុប្បន្ននេះមានកម្រិតដ៏ទាបនៅឡើយ។
«អ្វីជាការប្រឈមគឺដោយសារគណបក្សនយោបាយមិនទាន់បានផ្តល់ឱកាសដល់យុវជនទេ គឺមិនមានកំណត់ថា គណបក្ស «ក»ត្រូវតែមានយុវជន៣០ភាគរយ គឺយើងអត់មានអញ្ចឹងទេ។ ហើយអ្វីដែលអាចជាឧបសគ្គមួយទៀតនោះ គឺដោយសារគណបក្សនយោបាយហាក់ដូចជាចាត់ទុកយុវជនហ្នឹងថា មិនបានចូលរួមផ្ទាល់ជាមួយគាត់តាំងពីកកើតគណបក្សនយោបាយ មានន័យថា គាត់ចង់បានអ្នកដែលជួយគាត់ពីមុនមក»។
ការលើកឡើងនេះធ្វើឡើងស្របពេលដែលការបោះឆ្នោតថ្នាក់រាជធានីខេត្តកាន់តែខិតចូលមកដល់គឺនៅថ្ងៃទី១៨ខែ ឧសភាខាងមុខនេះ។
លោកសុខ ពិទូ នាយកប្រតិបត្តិក្រុមប្រឹក្សាយុវជនកម្ពុជា និងជាអ្នករៀបចំសិក្ខាសាលានេះ ថ្លែងថា យុវជនមានតួនាទីសំខាន់ក្នុងបោះឆ្នោតថ្នាក់ក្រោមជាតិ ពីព្រោះយុវជនដែលមានអាយុក្រោម៣០ឆ្នាំមានចំនួនរហូតដល់៧០ភាគរយនៃប្រជាពលរដ្ឋខ្មែរសរុប និងដោយសារពួកគេជាវ័យសកម្ម មានការច្នៃប្រឌិត និងចង់បញ្ចេញស្នាដៃជាងមនុស្សវ័យចំណាស់។
លោកសុខ ពិទូកត់សម្គាល់ឃើញថា ឃុំសង្កាត់ដែលមានយុវជនជាប់ឆ្នោតជាប្រធានឃុំសង្កាត់ច្រើន ជាទូទៅមានការអភិវឌ្ឍឆាប់រហ័សជាងឃុំសង្កាត់ដែលគ្មានថ្នាក់ដឹកនាំជាយុវជន។
«កន្លងមកគណបក្សនយោបាយតែងលើកឡើងថា ខ្លួនលើកកម្ពស់យុវជនចូលក្នុងឆាកនយោបាយ ចូលរួមអភិវឌ្ឍជាតិ។ ប៉ុន្តែបានតែនិយាយ។ ប៉ុន្តែការអនុវត្តជាក់ស្តែងគឺអត់ឃើញ ព្រោះតំណែងតួនាទីយុវជនជាអ្នកតំណាង តំណែងតួនាទីនយោបាយ តំណែងក្នុងថា្នក់ដឹកនាំមានកម្រិតតិចតួច។ នេះជាឱកាសឱ្យគណបក្សនយោបាយអាចអនុវត្តអ្វីដែលខ្លួនធ្លាប់សន្យាជាមួយយុវជនតាមរយៈការបញ្ចូលយុវជនក្នុងតំណែងក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ»។
កញ្ញាឋាន រស្មី អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១នៅសកលវិទ្យាល័យខេមរៈថ្លែងថា នាងមានបំណងឈរឈ្មោះជាតំណាងក្រុមប្រឹក្សាឃុំ សង្កាត់ ក្រោយពេលរៀនចប់។
«មួយទៀត ខ្ញុំបានដឹងថា យុវជនយើងក៏មានឱកាសចូលរួមបោះឆ្នោតដូចគេបានដែរ ឱ្យតែមានអាយុចាប់ពី២៥ឆ្នាំឡើងទៅ និងមានឈ្មោះក្នុងបញ្ជីឈ្មោះក្នុងគណបក្សផ្សេងៗ។ ថ្ងៃណាមួយ បន្ទាប់ពីបញ្ចប់ការសិក្សា និងមានពេលវេលាគ្រប់គ្រាន់ ខ្ញុំនឹងចូលរួមធ្វើនយោបាយនៅថ្នាក់ភូមិឃុំខ្ញុំដែរ»។
រដ្ឋាភិបាលកម្ពុជាបានកំណត់ថា ពលរដ្ឋដែលស្ថិតក្នុងអាយុចន្លោះពី១៥ទៅ៣០ឆ្នាំគឺជាយុវជន។ ដោយឡែកការបោះឆ្នោតថ្នាក់ក្រោមជាតិតម្រូវឱ្យអ្នកឈរឈ្មោះទាំងអស់មានអាយុចាប់ពី២៥ឆ្នាំឡើងទៅ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាល និងលោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ទទួលស្គាល់ពីតួនាទីយុវជនក្នុងការចូលរួមអភិវឌ្ឍ ទាំងនៅថ្នាក់ជាតិ និងតាមមូលដ្ឋាន ហើយគណបក្សទាំងពីរនេះកំពុងពិចារណាផ្តល់ឱកាសបន្ថែមទៀតដល់យុវជនក្នុងឆាកនយោបាយ ជាពិសេសសម្រាប់ការបោះឆ្នោតរាជធានីខេត្ត នៅពេលខាងមុខនេះ៕