ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឬហៅថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា បានចាប់ផ្តើមនាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។ គណបក្សជំទាស់ គឺគណបក្សឆន្ទៈខ្មែរដែលតំណាងឱ្យគណបក្សភ្លើងទៀន ទទួលបានអាសនៈមួយចំនួន បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាដែលឈ្នះលើសលប់ ក្នុងចំណោមអាសនៈសរុប៤២០០។
អ្នកជាប់ឆ្នោតមកពីគណបក្សឆន្ទៈខ្មែរ នឹងធ្វើការជាមួយមន្រ្តីគណបក្សប្រជាជនកម្ពុជា ខណៈអាណត្តិមុន មិនមានវត្តមានគណបក្សជំទាស់ឡើយ។
លោក ស្រី ប៊ុនឃីន ចៅសង្កាត់រងទី២នៃសង្កាត់ជ័យជំនះ ក្នុងខណ្ឌដូនពេញនៃគណបក្សភ្លើងទៀន បានចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ។ លោកប្រាប់វីអូអេថា លោកចង់ឃើញក្រុមប្រឹក្សាខណ្ឌជាប់ឆ្នោតដោយមកពីចម្រុះគណបក្ស អាចធ្វើការងាររួមគ្នា ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖«ខ្ញុំចង់ថាបោះឆ្នោតជ្រើសរើសតំណាងហ្នឹង ឱ្យតំណាងចេះឯកភាពគ្នាក្នុងគោលការណ៍ច្បាប់ មិនមែនប្រកាន់បក្ខពួកថាអានេះ បក្សនោះ អានោះបក្សនោះ អត់ទេ។ យើងខ្មែរតែមួយឱ្យចេះដោះស្រាយនូវរាល់បញ្ហាអ្វីៗជាមួយប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ កុំប្រកាន់បក្ខពួក។ ចង់និយាយអ៊ីចឹងហ្ហា»។
នៅក្នុងខណ្ឌដូនពេញ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង៨២ទល់នឹង៧សំឡេងនៃគណបក្សឆន្ទៈខ្មែរ។ ដូច្នេះគណបក្សជំទាស់នឹងទទួលបានអាសនៈ១ឬ២ក្នុងចំណោមអាសនៈសរុបចំនួន១៩។ ចំណែកនៅខណ្ឌឬស្សីកែវដែលអ្នកយកព័ត៌មានរបស់វីអូអេបានតាមដានលទ្ធផល គណបក្សឆន្ទៈខ្មែរទទួលបាន៥សំឡេងឆ្នោត ក្នុងចំណោម៦៥សំឡេង ដូច្នេះគណបក្សជំទាស់ទទួលបានអាសនៈ១ឬ២ក្នុងចំណោមអាសនៈសរុបចំនួន២១។
ចំណែកក្នុងខណ្ឌពោធិ៍សែនជ័យវិញ មន្រ្តីគណបក្សឆន្ទៈខ្មែរ អះអាងថាខ្លួនឈ្នះបាន៤អាសនៈ ទល់នឹង១៧អាសនៈ ឈ្នះដោយគណបក្សប្រជាជនកម្ពុជា។
លោក នល់ ពង្សធិរិទ្ធ ដែលឈរលេខរៀងទី១សម្រាប់សមាជិកក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកពីគណបក្សឆន្ទៈខ្មែរ អះអាងថាលោកនឹងបម្រើប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព។
លោកប្រាប់វីអូអេថា៖ «ខ្ញុំនឹងប្រើតួនាទី ដែលជាក្រុមប្រឹក្សាខណ្ឌនេះ ទៅនឹងអ្វីដែលគណបក្សបានសន្យាជាមួយប្រជាពលរដ្ឋ ទៅតាមគោលនយោបាយរបស់ឆន្ទៈខ្មែរពួកយើងខ្ញុំ»។
លោក គង់ មុនីកា អគ្គលេខាធិការរបស់គណបក្សឆន្ទៈខ្មែរ អះអាងថាគណបក្សឈ្នះអាសនៈមួយចំនួន ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ទិន្នន័យសរុបបាននៅឡើយទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានជំនឿថាគណបក្សកាន់អំណាចទទួលបានសំឡេងគាំទ្រច្រើន តាមរយៈអង្គបោះឆ្នោតរបស់ខ្លួនដែលមានចំនួនច្រើសលើសលប់។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ អះអាងថា គណបក្សប្រជាជនកម្ពុជានឹងអនុវត្តស្របតាមឆន្ទៈរបស់ពលរដ្ឋ និងច្បាប់ ហើយធ្វើការជាមួយអ្នកជាប់ឆ្នោតមកពីគណបក្សជំទាស់។
លោកប្រាប់វីអូអេថា៖ «គ្មានជម្រើសអ្វីក្រៅពីអនុវត្តទៅតាមឆន្ទៈប្រជាពលរដ្ឋទេ។ យើងអនុវត្ត ឧបមាថានៅក្នុងស្ថាប័នណា នៅក្នុងក្រុមប្រឹក្សារាជធានីខេត្ត ស្រុក ខណ្ឌហ្នឹង អាហ្នឹងត្រូវតែក្រុមប្រឹក្សាហ្នឹងចេះធ្វើការឱ្យស្របទៅតាមគោលការណ៍ច្បាប់ដែលបានកំណត់»។
អង្គបោះឆ្នោតនាថ្ងៃអាទិត្យនេះជាក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ដែលមានប្រមាណ១២.០០០នាក់ ដែលត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឱ្យ កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០២២។ កាលពីឆ្នាំ២០២២ គណបក្សភ្លើងទៀនឈ្នះបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណ២.២០០។ ចំណែកគណបក្សកាន់អំណាចទទួលបាន៩.៤០០អាសនៈ។
ក្រៅពីគណបក្សប្រជាជនកម្ពុជា និងគណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ក៏ចូលរួមការបោះឆ្នោតនេះដែរ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាដែលធ្វើឡើងរៀងរាល់៥ឆ្នាំម្តង មានអាសនៈសម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ចំនួន៤.២០០នៅទូទាំង២៥ខេត្តរាជធានី។ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗត្រូវធ្វើជាតំណាង និងធ្វើសកម្មភាពក្នុងនាមជាប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយត្រូវបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សាមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិ ហើយសិទ្ធិពិសេសមួយទៀតរបស់ក្រុមប្រឹក្សា គឺធ្វើសំណើទៅរដ្ឋាភិបាលក្នុងការដកហូតតំណែងគណៈអភិបាលជាដើម៕