លោកបាន គីមូន សង្ឃឹមថា «កេរដំណែលនៃអតីតព្រះមហាកក្សត្រនឹងអនុញ្ញាតឲ្យប្រទេសកម្ពុជាបន្តជឿនលឿនទៅមុខទៀតនូវដំណើរការផ្សះផ្សារជាតិរួមទាំងការប្តេជ្ញាចិត្តសម្រាប់យុត្តិធម៌»។
ភ្នំពេញ៖ ពិភពលោកបានបន្តចូលរួមមរណៈទុក្ខព្រះសពនៃសម្តេចព្រះនរោត្តម សីហនុ រហូតមកទល់នឹងថ្ងៃអង្គារនេះ។
លោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានបង្ហាញការចូលរួមមរណៈទុក្ខ «យ៉ាងជ្រាលជ្រៅ» ដល់ការសោយទិវង្គតរបស់ព្រះមហាវីរក្សត្រដោយបានរំលឹកពីព្រះរាជបូជនីយកិច្ចសម្រាប់ប្រទេសកម្ពុជានិងកេរដំណែលរបស់ព្រះអង្គ «ក្នុងព្រះនាមជាមេដឹកនាំបង្រួបប្រងួមជាតិមួយអង្គដែលទទួលការគោរពបំផុតដោយប្រជាជាតិកម្ពុជានិងសហគមន៍អន្តរជាតិ»។
លោកបាន គីមូន បានឲ្យដឹងតាមរយៈអ្នកនាំពាក្យរបស់លោកកាលពីរាត្រីថ្ងៃចន្ទថា រូបលោកសង្ឃឹមថា «កេរដំណែលនៃអតីតព្រះមហាកក្សត្រនឹងអនុញ្ញាតឲ្យប្រទេសកម្ពុជាបន្តជឿនលឿនទៅមុខទៀតនូវដំណើរការផ្សះផ្សារជាតិរួមទាំងការប្តេជ្ញាចិត្តសម្រាប់យុត្តិធម៌»។
កាលពីម្សិលមិញសហរដ្ឋអាមេរិកតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួនលោកស្រី វិចថូរា នូឡិនដ៍ (Victoria Nuland) ក៏បានចូលរួមរំលែកទុក្ខនូវការបាត់បង់អតីតព្រះមហាក្សត្រខ្មែរនេះដែរ។
នៅថ្ងៃអង្គារនេះដែរ លោក ហ្វ្រង់ស្វ័រ អូឡង់ដ៍ បានសរសេរក្នុងលិខិតមួយថ្វាយព្រះមហាក្សត្រនរោត្តម សីហមុនី ដោយសម្ដែង«ទុក្ខក្រៀមក្រំបំផុត» ចំពោះការយាងចូលទិវង្គតរបស់សម្តេចនរោត្តម សីហនុ»។
លោកប្រធានាធិបតីបារាំងចាត់ទុកសម្តេចឪថាជា «បុគ្គលដ៏ឆ្នើម» តំណាងឲ្យជោគវាសនាកម្ពុជាក្នុងកាលៈទេសៈដ៏លំបាកបំផុតនៃសតវត្សទី២០។
«សម្រាប់មនុស្សភាគច្រើន ព្រះអង្គគឺជានិមិត្តរូបនៃនយោបាយអាស៊ីមួយដែលលើកតម្កើងសមភាព និងការពារអធិបតេយ្យភាពនៃប្រជាជាតិនានា»។ លោកហ្វ្រង់ស័្វរ បានសង្កត់ធ្ងន់លើវីរភាពរបស់អតីតព្រះមហាក្សត្រដែលបានតស៊ូទាមទារឯករាជ្យពីប្រទេសបារាំង។
មេដឹកនាំបណ្តាប្រទេសអាស៊ីដូចជាចិន សិង្ហបុរី និងប្រទេសថៃជាដើមក៏បានចូលរួមរំលែកទុក្ខការសោយទិវង្គតនៃសម្តេចព្រះមហាវីរក្សត្រនរោត្តម សីហនុ ដែរ។
ក្រៅពីឆាកជីវិតដែលបែងចែករវាងនយោបាយនិងការគ្រងរាជ្យ អតីតព្រះមហាក្សត្របានសាងស្នាព្រះហស្ថដែលនឹងស្ថិតនៅជាអមតក្នុងប្រជាជាតិខ្មែរគឺការដណ្តើមឯករាជ្យពីអាណានិគមនិយមបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ បារាំងត្រួតត្រាកម្ពុជាអស់រយៈពេល៩០ឆ្នាំ។
នៅក្នុងព្រះរាជសង្កថា ជាសាធារណៈជាចុងក្រោយកាលពីថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០០៣គឺខួបទី៥០ឆ្នាំនៃពិធីបុណ្យឯករាជ្យជាតិ សម្តេចឪបានផ្តែផ្តាំឲ្យប្រជាជាតិខ្មែរមានមោទនភាពសម្រាប់ជាតិរបស់ខ្លួន។
«អតីតកាលយើងមានសម័យខ្លះយើងបានពើបប្រទះការលំបាកច្រើនដែរ ប៉ុន្តែសម័យខ្លះយើងបានជាកំពូលមួយក្នុងពិភពលោក។ ដូច្នេះយើងដែលជាខ្មែរគ្រប់រូបហើយគ្រប់សម័យតទៅអនាគត ដរាបតទៅត្រូវតែមានមោទនភាព សប្បាយចិត្ត ពេញចិត្តចំពោះជាតិសាសន៍ខ្មែរយើង»។
ដោយឡែកលោក ដាហ្គ្រស ប្រឌឺរិក (Douglas Broderick) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជាបានបញ្ជាក់ពី «ការសោកស្តាយយ៉ាងជ្រាលជ្រៅ» ចំពោះទិវង្គតនេះ។ លោកបានសរសេរក្នុងសាររំលែកទុក្ខកាលពីថ្ងៃចន្ទថាសម្តេចឪ «ជាតួអង្គគន្លឺះនៃការតស៊ូ» របស់កម្ពុជាជាមួយសហគមន៍អន្តរជាតិហើយព្រះអង្គ«គឺជាអ្នកតស៊ូមតិយ៉ាងពិតប្រាកដសម្រាប់ការអភិវឌ្ឍកម្ពុជា»។
នៅក្នុងសារលិខិតពីរដាច់ដោយឡែកពីគ្នាផ្ញើថ្វាយព្រះមហាក្សត្រនរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ លោកហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានលើកសរសើរអតីតព្រះមហាក្សត្រគឺជាតួអង្គ«មហាក្សត្រដ៏មហាឆ្នើមគ្មានគូប្រដូច»។
លោកនាយករដ្ឋមន្ដ្រីបានរំលឹកពីគុណសម្បត្តិរបស់សម្តេចនរោត្តម សីហនុ សម្រាប់ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ លោកហ៊ុន សែន សរសេរថា ថ្វីបើសម្តេចឪសោយទិវង្គតក្តី «ក៏គំរូដ៏ឆ្នើមរបស់ព្រះអង្គនៅតែស្ថិតក្នុងមនសិការ» របស់លោកជានិច្ច និងជនរួមជាតិខ្មែរជានិច្ច៕