ការកាប់សម្លាប់រង្គាលនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យទំនងជាកើតឡើងដោយសារការដឹកនាំផ្តាច់មុខរបស់ប៉ុល ពត និងដោយសារតែការធ្វើបដិវត្តន៍កុម្មុយនិស្តលឿនជ្រុលរបស់ពួកខ្មែរក្រហម។
ភ្នំពេញ៖ ការកាប់សម្លាប់រង្គាលនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យទំនងជាកើតឡើងដោយសារការដឹកនាំផ្តាច់មុខរបស់ប៉ុល ពត និងដោយសារតែការធ្វើបដិវត្តន៍កុម្មុយនិស្តលឿនជ្រុលរបស់ពួកខ្មែរក្រហម។ នេះបើតាមការសន្និដ្ឋានរបស់សាក្សីនៅក្នុងការកាត់ទោសអតីតមេដឹកនាំកំពូល ខ្មែរក្រហមនៅថ្ងៃច័ន្ទនេះ។
របបកម្ពុជាធិបតេយ្យរបស់ពួកខ្មែរក្រហមបានបណ្តាលឲ្យប្រជាជនកម្ពុជាស្លាប់យ៉ាងតិច ១,៧លាននាក់ចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩។ មេដឹកនាំកំពូលនៃរបបនេះចំនួនបួននាក់ត្រូវនាំខ្លួនយកមកកាត់ទោសក្នុងនោះមាននួន ជា អៀង សារី អៀង ធីរិទ្ធ និងខៀវ សំផន។
លោក សួង ស៊ីគឿន បានរៀបរាប់ថា ប៉ុល ពត បានកាន់អំណាចផ្តាច់មុខនិងបានធ្វើការសម្រេចយ៉ាងលម្អិតក្នុងសម័យនោះ។
«ហេតុនេះហើយបានជាមានការថ្លោះធ្លោយមានឧក្រិដ្ឋកម្មយ៉ាងធំធេងយ៉ាងដូច្នេះ។ តាមខ្ញុំយល់គឺដោយសារការកំណត់មាគ៌ារបស់បក្សពេលនោះធ្វើបដិវត្តន៍សង្គមនិយមលឿនពេកហើយជារបៀបគ្រប់គ្រងដែលអាស្រ័យតែលើបុគ្គលម្នាក់ដែលនាំឲ្យមានវិនាសកម្មយ៉ាងដូច្នេះ»។
នេះគឺជាលើកទីមួយហើយដែលអតីតកម្មាភិបាលខ្មែរក្រហមបានធ្វើសេចក្ដីសន្និដ្ឋានលើការសម្លាប់រង្គាលនោះ។
លោកសួង ស៊ីគឿន បានឆ្លើយយ៉ាងដូច្នេះតបនឹងសំណួររបស់សហមេធាវីបរទេសរបស់អៀង សារី គឺលោកម៉ាយឃើល ខាណាវ៉ាស (Michael Karnavas)។
ជាមេស្ថាបនិកនៃរបបខ្មែរក្រហម ប៉ុល ពត បានស្លាប់ក្នុងព្រៃកាលពីឆ្នាំ១៩៩៨ គឺមុនពេលដែលកងទ័ពតស៊ូក្នុងព្រៃខ្មែរក្រហមចុងក្រោយនៅតំបន់អន្លង់វែងចុះចូលជាមួយរដ្ឋាភិបាល។
លោកសួង ស៊ីគឿន បានលើកឡើងថា ប៉ុល ពត មានអំណាចចាត់ចែងបុគ្គលិកថ្នាក់ក្រោមមួយចំនួននៅក្រសួងការបរទេសរបស់អៀង សារី ផងដែរ។
ក្នុងការផ្តល់សក្ខីកម្មនៅថ្ងៃនេះ សាក្សីរូបនេះមិនបានលើកពីការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មរបស់អៀង សារី នៅក្នុងរបបខ្មែរក្រហមទេ។
កាលពីការផ្តល់សក្ខីកម្មនាពេលថ្មីៗនេះ លោក សួង ស៊ីគឿន បានអះអាងថា អៀង សារី មានអំណាចការពារបុគ្គលិកមួយចំនួនក្នុងក្រសួងការបរទេស ប៉ុន្តែ អៀង សារី ក៏បានអនុញ្ញាតឲ្យមានការចាប់ខ្លួនបុគ្គលិករបស់ខ្លួនដែរ បន្ទាប់ពីមានចម្លើយសារភាពរបស់អ្នកទោសនៅគុកទួលស្លែងដោយចោទប្រកាន់បុគ្គលិករបស់ខ្លួនថា ជាខ្មាំងបង្កប់នោះ។
អតីតកម្មាភិបាលខ្មែរក្រហមក្នុងក្រសួងការបរទេសរូបនេះបានបញ្ចប់សក្ខីកម្មរបស់ខ្លួននៅរសៀលថ្ងៃច័ន្ទនេះ។ ហើយអ្នកស្រី ស សៀក អតីតសិល្បការិនីក្នុងក្រសួងឃោសនាការបានចូលមកបន្តសក្ខីកម្ម។
សាក្សីរូបនេះបានយំក្តុកក្តួលជាលើកទីពីរ បន្ទាប់គាត់បាននិយាយដល់ការចាប់ខ្លួនប្តីរបស់គាត់ក្នុងរបបខ្មែរក្រហមហើយរូបគាត់ត្រូវយកមកដាក់ក្នុងមន្ទីរមួយនៅក្នុងវត្តបុទុមវតី មុននឹងបញ្ជូនទៅកាន់ជំរំអប់រំនៅដីក្រហមខេត្តកំពង់ចាម៕