ភ្នំពេញ៖ សាក្សីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា មានការនាំខ្លួនបុគ្គលិកចេញពីក្រសួងឃោសនាការជាបន្តបន្ទាប់ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យចាប់ពីថ្នាក់ដឹកនាំកំពូលរហូតដល់កម្មាភិបាលថ្នាក់ទាប។
អ្នកស្រី ស សៀក ហៅស៊ីម អតីតបុគ្គលិកផ្នែកសិល្បៈក្នុងក្រសួងឃោសនាការខ្មែរក្រហមបានរៀបរាប់តាមការចោទសួររបស់តំណាងសហព្រះរាជអាជ្ញាលោកតារិក អាប់ឌុលហាក់ (Tarik Abdulhak) ក្នុងការកាត់ទោសនៅថ្ងៃនេះថា លោក ហ៊ូ នឹម អតីតរដ្ឋមន្ដ្រីក្រសួងឃោសនាការនិងប្រពន្ធរបស់គាត់ វ៉ា ឡន ហៅ មិត្ត យ៉ាត រួមទាំងអ្នកអានវិទ្យុនិងអ្នកសិល្បៈនិងអ្នកចម្រៀងត្រូវបាននាំខ្លួនចេញជាបន្តបន្ទាប់ក្នុងអំឡុងឆ្នាំ១៩៧៦។
«មានរថយន្តមកយក។ រថយន្តក្រសួងខ្លួនឯងហ្នឹងបញ្ជូនទៅ។ រថយន្តហ្នឹងច្រើនមកពីក្រសួងថ្មី មន្ទីរយន់ យ៉ាត។ ដូចជាមកយកប្រពន្ធរបស់លោក ហ៊ូ នឹម ខ្ញុំឃើញរថយន្តយោធាមកយកហ្នឹង»។
សាក្សីសំខាន់មួយរូបគឺលោក សួង ស៊ីគឿន ធ្លាប់បានលើកឡើងដោយថែមទាំងមានការសោកស្តាយទៀតផងថា លោក ហ៊ូ នឹម គឺជាមេដឹកនាំខ្មែរក្រហមម្នាក់ក្នុងចំណោមមេដឹកនាំខ្មែរក្រហមតែបីនាក់គត់ដែលមានភាពស្មោះត្រង់ពិតប្រាកដ។
យោងតាមឯកសារជាច្រើនបង្ហាញថា លោក ហ៊ូ នឹម ត្រូវបានចាប់យកទៅដាក់គុកទួលស្លែងហើយបន្ទាប់មកត្រូវសម្លាប់ចោលដោយចោទថាជាភ្នាក់ងារចារកម្មរបស់អាមេរិកស៊ីអាយអេ។
អ្នកស្រី ស សៀក បានបញ្ជាក់ថា អ្នកដែលត្រូវយកចេញពីក្រសួងនោះមិនដែលឃើញត្រឡប់មកវិញឬក៏ត្រូវដឹងថាពួកគេទៅធ្វើការនៅទីណាពិតប្រាកដនោះទេ។
«ពេលដែលផ្លាស់ពួកខ្ញុំស្គាល់ហ្នឹងចេញទៅ ដោយឥតឃើញមកវិញមានការព្រួយបារម្ភ ភ័យព្រួយដែរ។ ឥតឃើញមកវិញ មិនដឹងជាទៅធ្វើស្រែនៅម្តុំណា»។
បន្ទាប់មកសាក្សីរូបនេះបានយំខ្សឹកខ្សួលក្នុងបន្ទប់សវនាការដែលធ្វើឲ្យលោកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមសម្រេចផ្អាកការកាត់ទោសដប់នាទីមុនពេលកំណត់។
«គាត់បានផ្តល់សក្ខីកម្មល្អណាស់ បានមួយថ្ងៃហើយ ដូចជាមិនមានបញ្ហាអីទេ។ ទើបតែសំណួរអម្បាញ់ម៉ិញនេះសំណួរដែលពាក់ព័ន្ធនឹងសហការីរបស់គាត់ដែលមានការបាត់ខ្លួនជាបន្តបន្ទាប់ទៀតទើបមានការរំជួលចិត្តនោះ។ អង្គជំនុំជម្រះនឹងពិនិត្យបញ្ហានេះជាក់ស្តែងនៅសប្តាហ៍ក្រោយ»។
ដោយឡែកមេធាវីអន្តរជាតិរបស់អៀង សារី ម៉ាយឃើល ខាណាវ៉ាស (Michael Karnavas) បាន សួរ ដេញដោលជាច្រើនលើលោកសួង ស៊ីគឿន សាក្សីនាពេលព្រឹកពីការចូលរួមរបស់អតីតព្រះមហាក្សត្រនរោត្តម សីហនុ ក្នុងចលនាតស៊ូជាមួយពួកខ្មែរក្រហម រួមទាំងសំណួរដែលទាក់ទងនឹងអំណាចរបស់ប៉ុល ពត។
លោកសួង ស៊ីគឿន ក៏បានសម្តែងការសោកស្តាយផងដែរចំពោះការស្លាប់របស់ សុន សេន អតីតរដ្ឋមន្រ្តីការពារជាតិខ្មែរក្រហមដែលត្រូវប៉ុល ពត បញ្ជាឲ្យគេសម្លាប់ចោលទាំងគ្រួសារនៅឆ្នាំ១៩៩៧៕