ភ្នំពេញ៖ លោកសួង ស៊ីគឿន បានប្រៀបប្រដូចអតីតប្រមុខរដ្ឋសម័យខ្មែរក្រហមគឺខៀវ សំផន ទៅនឹងព្រះពុទ្ធដោយចាត់ទុកថា ជនជាប់ចោទរូបនេះមានភក្តីភាពចំពោះប្រជាជាតិ។ លោកសួង ស៊ីគឿន បានអះអាងយ៉ាងដូច្នេះក្នុងការផ្តល់សក្ខីកម្មរបស់លោកនៅថ្ងៃអង្គារនេះ ក្នុងការកាត់ទោស អៀង សារី នួន ជា និងខៀវ សំផន ក្នុងសំណុំរឿង០០២ ក្រោមការចោទប្រកាន់ដែលទាក់ទងទៅនឹងការសម្លាប់រង្គាល និងការដឹកនាំប្រទេសរបស់ជនជាប់ចោទទាំងនេះ ដែលបណ្តាលឲ្យប្រជាពលរដ្ឋខ្មែរយ៉ាងតិច១,៧លាននាក់ស្លាប់បាត់បង់ក្នុងជីវិត។
សាក្សីដដែលលើកឡើងថា ខៀវ សំផន និងបុគ្គលពីរនាក់ទៀតគឺជាអតីតមេដឹកនាំខ្មែរក្រហមដែលស្មោះត្រង់នឹងប្រទេសជាតិ។
«ខ្ញុំចង់ប្រាប់គឺថា ព្រះពុទ្ធគឺលោកខៀវ សំផន ព្រះធម៌គឺលោក ហ៊ូ យន់ ព្រះសង្ឃគឺលោក ហ៊ូ នឹម។ ជាបញ្ញាជនស្នេហាជាតិស្អាតស្អំ ហើយយុវជន និងប្រជាជនស្រឡាញ់និងគោរព»។
លោក ហ៊ូ នឹម គឺជាអតីតនិស្សិតមកពីស្រុកបារាំង និងជាអតីតរដ្ឋមន្ដ្រីក្រសួងព័ត៌មានរបស់របបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម។ គាត់ត្រូវបានសម្លាប់នៅក្នុងគុកទួលស្លែង។ រីឯលោក ហ៊ូ យន់ គឺជាបណ្ឌិតច្បាប់ និងសេដ្ឋកិច្ចមកពីស្រុកបារាំងហើយត្រូវបាត់ខ្លួនក្រោយពីពួកខ្មែក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ គាត់ត្រូវគេជឿថា ត្រូវពួកខ្មែរក្រហមសម្លាប់ចោល។
កាលពីម្សិលមិញសាក្សី លោក សួង ស៊ីគឿន ដែលជាអតីតអនុប្រធានផ្នែកពិធីការរបស់ក្រសួងការបរទេសខ្មែរក្រហមបានបង្ហាញថា មានការចោទប្រកាន់ទម្លាក់កំហុសដាក់គ្នាក្នុងសម័យនោះ ហើយការទម្លាក់កំហុសដាក់នេះ ពិសេសដូចជាការចោទប្រកាន់ជាចារកម្មរបស់អាមេរិក របស់រុស្ស៊ី ឬរបស់ប្រទេសបារាំងជាដើម។ អ្នកដែលត្រូវទម្លាក់កំហុសដាក់នឹងត្រូវចាប់ខ្លួន។
លោកសួង ស៊ីគឿន ចាត់ទុកថា ការបាត់បង់បញ្ញាជនទាំងនេះគឺជាវិនាសកម្មដែលបង្កដោយរបបខ្មែរក្រហម។ នៅថ្ងៃនេះលោក សួង ស៊ីគឿន បញ្ជាក់ឡើងវិញថា លោកគាត ឈុន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបច្ចុប្បន្ន និងជាអតីតកម្មាភិបាលជាន់ខ្ពស់នៅក្រសួងការបរទេសត្រួតត្រាដោយអៀង សារី ត្រូវបានគេទម្លាក់កំហុសដាក់ថា ជាខ្មាំងប្រឆាំងអង្គការខ្មែរក្រហមដែរ ប៉ុន្តែលោកគាត ឈុន ត្រូវបានការពារដោយអៀង សារី។ លោកគាត ឈុន បានរួចខ្លួនពីការចាប់ខ្លួន។
លោកសួង ស៊ីគឿន អាយុ៧៥ឆ្នាំ អាចផ្តល់សក្ខីកម្មត្រឹមតែមួយកំណាត់ថ្ងៃតែប៉ុណ្ណោះនៅថ្ងៃនេះដោយសារតែលោកមានសុខភាពទ្រុឌទ្រោមហើយលោកទទួលការវះកាត់បេះដូង។
លោកត្រូវជំនួសដោយសាក្សីមួយរូបទៀត គឺលោក អុង ថុងហឿង មកពីប្រទេសបែលហ្ស៊ីក។ ប៉ុន្តែលោកសួង ស៊ីគឿន នឹងវិលត្រឡប់មកផ្តល់សក្ខីកម្មវិញនៅថ្ងៃពុធស្អែកនេះ៕