ប្រទេសកម្ពុជានិងអូស្ត្រាលីបានឯកភាពនឹងបញ្ជូនជនភៀសខ្លួនមកពីកោះដាច់ស្រយ៉ាល ណូរូ បន្ថែមទៀតមករស់នៅក្នុងប្រទេសកម្ពុជាដ៏ក្រីក្រនេះ បើទោះជាជនភៀសខ្លួនមួយរូបក្នុងចំណោមបួនរូបដែលបានមកពីលើកដំបូងទាមទារត្រឡប់ ទៅប្រទេសកំណើតវិញក៏ដោយ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងរបស់មន្ត្រីរដ្ឋាភិបាល។
កាលពីថ្ងៃពុធកន្លងទៅលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាពិសេសមួយជាមួយលោក Peter Dutton រដ្ឋមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលី។ លោក ស្រ៊ី ថាមរង្គ ទីប្រឹក្សាផ្ទាល់ លោក ហ៊ុន សែន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបនេះថាលោក Peter Dutton និងនាយករដ្ឋមន្ត្រី ហ៊ុន សែនបានយល់ព្រមបញ្ជូននឹងទទួលជនភៀសខ្លួន បន្ថែមទៀតមកក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែមន្ត្រីរូបនេះមិនបានបញ្ជាក់ពីចំនួននិងពេលវេលានៃការមកដល់បន្ថែមទៀតនៃជនភៀសខ្លួនទាំងនោះទេ។
លោកបានបន្ថែមថា៖
«ទាំងសម្តេចទាំងភ្ញៀវ អម្បាញ់មិញហ្នឹងគឺចង់ឲ្យមានជនភៀសខ្លួនហ្នឹងបន្តបន្ទាប់ទៀត។ មួយក្រុមអាច បួន ប្រាំនាក់អីអញ្ចឹងទៅតាមការស្ម័គ្រចិត្ត។ ហើយក្រោយពីគេស្ម័គ្រចិត្តហើយយើងនឹងបញ្ជូនមន្ត្រីរបស់យើងទៅត្រួតពិនិត្យឲ្យដឹងថាគេស្ម័គ្រចិត្តមែនទែន។ ហើយកិច្ចព្រមព្រៀងយើងជាមួយអូស្ត្រាលីហ្នឹងគឺត្រូវតែជំរុញទៅមុខ»។
ជនភៀសខ្លួន ៤រូប ដំបូងគេបង្អស់ពីប្រទេសអូស្ត្រាលីដែល បានស្ម័គ្រចិត្តមករស់នៅកម្ពុជាកាលពីចុងខែមិថុនាកន្លងទៅ ស្របទៅតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពី នាឆ្នាំ២០១៤ ដើម្បីបញ្ជូន ជនភៀសខ្លួនពីកោះណូរូ ក្នុងសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។ កិច្ចព្រមព្រៀងនេះគឺជាថ្នូរនឹងអ្វីដែលគេពណ៌នាថា ជាកម្មវិធីជំនួយដែលមានទឹកប្រាក់ជាង៣០លានដុល្លារសហរដ្ឋអាមេរិកពីប្រទេសអូស្រ្តាលីវិញ។ កាលពីចុងខែឧសភាកន្លងទៅ ប្រទេសអូស្ត្រាលីបានបន្ថែមទឹកប្រាក់ជំនួយជាង១២លានដុល្លារសហរដ្ឋអាមេរិកថែមទៀតដល់ប្រទេសកម្ពុជាសម្រាប់ជាការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួនទាំងនោះ។
ជនភៀសខ្លួនមួយរូប ក្នុងចំណោម៤រូប ដែលជាជនជាតិភាគតិច រ៉ូហ៊ីងយ៉ាដែលបាន រត់ចេញពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរភូមា បានស្នើសុំត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីរស់នៅក្នុងប្រទេសកម្ពុជារយៈពេលបីខែមក។
លោក ស្រ៊ី ថាមរង្គ បានបញ្ជាក់ថាការបញ្ជូនជនភៀសខ្លួនពីកោះណូរូមកកម្ពុជាគឺជួយកាត់បន្ថយអត្រារត់ពន្ធមនុស្សតាមទូក ដែលចង់សុំសិទ្ធជ្រកកោននៅក្នុងប្រទេសអូស្រ្តាលី ហើយលោកក៏អះអាងថាការទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលីនេះគឺជាផ្នែកមនុស្សធម៌មួយដែលរដ្ឋាភិបាលកម្ពុជាកំពុងធ្វើ។
«ការជួយដោះស្រាយបញ្ហាជនភៀសខ្លួននេះ ដោយសារស្មារតីមនុស្សធម៌ នេះមួយ ហើយទី២យើងជួយកាត់បន្ថយការរត់ពន្ធមនុស្សទៅកាន់ប្រទេសអូស្ត្រាលីហ្នឹង។ យើងដឹងហើយថាបញ្ហារត់ពន្ធមនុស្សទៅប្រទេសអូស្ត្រាលីនេះ ក្រោយពីយើងសហការជាមួយប្រទេសអូស្ត្រាលីមកគឺថាចំនួនថយចុះ យើងបានរួមចំណែកដោយជោគជ័យ មានន័យថាយើងបានជោគជ័យ»។
លោកបានបន្តថាកម្ពុជាកំពុងតែព្យាយាមធ្វើសមាហរណកម្មជនភៀសខ្លួនបីរូបដែលជាជនជាតិ អ៊ីរ៉ង់ឲ្យរៀនភាសារខ្មែរ ដោយការនេះហាក់ដូចជាមានការយឺតយ៉ាវបន្តិច។
កិច្ចព្រមព្រៀងទទួលជនភៀសខ្លួនបន្ថែមទៀតនេះគឺ កើតឡើងក្នុងដំណើរទស្សនកិច្ចដែលមិនបានប្រកាសឱ្យដឹងជាសាធារណៈមួយរបស់ លោក Peter Dutton រដ្ឋមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលី នៅក្នុងប្រទេសកម្ពុជានាសប្តាហ៍នេះ។ ក្នុងនោះលោកបានជួបផ្ទាល់ជាមួយលោកហ៊ុនសែន នឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស ខេងផងដែរ។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីមន្ត្រីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានទេដោយសារអេឡិកត្រូនិក ឬemail ទៅកាន់មន្ត្រីជំនាញនាស្ថានទូតនោះមិនមានការឆ្លើយតប។
លោក មឿន តុលាប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ហើយបានធ្វើការងារទាក់ទិននឹងកម្មករចំណាកស្រុកផងដែរនោះ បានបញ្ជាក់ប្រាប់ VOA ថា«ប្រទេសអូស្ត្រាលីគួរតែពិចារណាឡើងវិញ» មុននឹងបញ្ជូនជនភៀសខ្លួនបន្ថែមទៀតមក។ ដោយប្រទេសដ៏ក្រីក្រនេះមិនទាន់មានសេវាសាធារណៈនិងការគោរពសិទ្ធិមនុស្សពេញលេញដូចអ្វីដែលជនភៀសខ្លួនទាំងនោះស្វែងរកនោះទេ។
«សមត្ថភាពរបស់ប្រទេសកម្ពុជាហ្នឹង មិនទាន់អាចធានាឲ្យជនភៀសខ្លួនទាំងអស់ហ្នឹងបានសម្រេចនូវអ្វីដែលដូចខ្លួនប្រាថ្នាទេពីព្រោះជនភៀសខ្លួនទាំងអស់ហ្នឹង គាត់ប្រាថ្នាទៅរស់នៅកន្លែងណាមួយឬប្រទេសណាមួយដែលមានការគោរពសិទ្ធិមនុស្ស ដែលមានកិច្ចគាំពារសង្គម ដូចជារដ្ឋមួយដែលមានភាពទទួលសុខត្រូវ គឺជារដ្ឋមួយដែលមានសេវាសាធារណៈហ្នឹងល្អ»។
លោកបានបន្ថែមថា ៖ «ខ្ញុំគិតថាប្រទេសអូស្ត្រាលីហ្នឹងគួរតែពិចារណា ហើយបើតាមខ្ញុំដឹងប្រជាជនអូស្ត្រាលីហ្នឹងអត់មានភាពសប្បាយចិត្តទាក់ទិននឹងការបញ្ជូនជនភៀសខ្លួនមកកម្ពុជានោះទេ ដោយសារតែការបញ្ជូនជនភៀសខ្លួនពីអូស្ត្រាលីហ្នឹងបានបង្ហាញថាប្រទេសអូស្ត្រាលីហ្នឹងមិនបានខ្វាយខ្វល់ពីមនុស្សជាតិនោះទេ»។
ខណៈពេលដែលប្រទេសអូស្ត្រាលីជំរុញឱ្យកម្ពុជាអនុវត្តតាមកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួនជាង១ពាន់នាក់ពីកោះណូរូនោះលោកនាយករដ្ឋមន្ត្រី អូស្ត្រាលី Tony Abbott បានប្រកាសកាលពីថ្ងៃពុធទទួលយកជនភៀសខ្លួនចំនួន១២.០០០នាក់ពីប្រទេស Syria និងIraq ដែលរត់គេចពីការធ្វើទុក្ខបុកម្នេញរបស់ពួកឧទ្ទាមប្រយុទ្ធរដ្ឋឥស្លាម ISIS ឲ្យតាំងទីលំនៅស្របច្បាប់ក្នុងប្រទេសខ្លួន៕