សហជីព​ប្រកាស​ដាក់​ញត្តិ​តាម​ស្ថានទូត​ទាមទារ​១៧៧​ដុល្លារ

ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​ស្រែក​ពាក្យស​ស្លោក​ក​និង​កាន់​​​បដា​នៅ​ក្នុង​​ការ​​​ចាប់​ផ្តើម​ដំបូង​​នៃ​​​យុទ្ធនាការ​ដំឡើង​​ប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យ​​បាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃ​​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។​ (Reuters)

បន្ទាប់​ពី​បាន​បើក​យុទ្ធនាការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​នៅ​តាម​បណ្តា​រោង​ចក្រ​កាលពី​ពុធ​ថ្ងៃ​ម្សិលមិញ​មេដឹក​នាំ​សហជីព​ចំនួន​៨​បាន​ប្រកាស​ថា​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​នឹង​មាន​យុទ្ធនាការ​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​បរទេស​និង​ក្រុមហ៊ុន​ឯកជន​ដែល​មាន​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​មេដឹក​នាំ​សហជីព​ក្រោយ​ពី​កិច្ច​ប្រជុំ​បិទ​ទ្វារ។​

លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​មាន​ប្រសាសន៍​ថា​មេដឹក​នាំ​សហជីព​ទាំង​៨​និង​ដង្ហែរ​ញត្តិ​ទៅ​កាន់​ស្ថាន​ទូត​ស៊ុយ​អែត​មុន​គេបន្ទាប់​មក​និង​ដង្ហែរ​ញត្តិ​ទៅ​កាន់​ក្រុមហ៊ុន​ Gap Adidas និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត។​

លោក​មាន​ប្រសាសន៍​ថា​គោល​បំណង​នៃ​ការ​ដាក់​ញត្តិ​នេះ​គឺ​ដើម្បីឱ្យបណ្តា​ស្ថានទូត​បរទេស​ទាំង​នោះ​ជួយ​អន្តរាគម​ទៅ​រដ្ឋាភិបាល​និង​ក្រុម​ហ៊ុន​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ឱ្យដំឡើង​ប្រាក់​ខែ​គោល​ដល់​ក្រុម​កម្មករ​ឱ្យបាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ។​

លោក​និយាយ​ថា៖​ «ឱ្យ​គេជួយ​ធ្វើ​យ៉ាង​ណា​ជម្រាប​ទៅ​ដល់​ក្រុម​ហ៊ុន​នៅ​តាម​បណ្តា​ប្រទេស​ពួក​គេ​ហ្នឹង​ឱ្យធ្វើ​ម៉េច​ជួយ​ដាក់​សម្ពាធ​និង​ជួយ​ផ្តល់​ដំណោះ​ស្រាយ​ដល់​ប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ខ្មែរ»។​

កាល​ពី​ថ្ងៃ​ពុធមេដឹក​នាំ​សហជីព​មួយ​ចំនួន​និង​ក្រុម​កម្មករ​រាប់​ពាន់​នាក់​បាន​ពាក់​អាវ​ពណ៌​ទឹក​ក្រូច​និងកាន់​បដា​ទាមទារ​ប្រាក់​ខែ​គោល​ឱ្យបាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ។ ​យុទ្ធនាការ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បើក​ឆាក​ទាមទារ​ដំឡើង​ប្រាក់​ខែ​ថ្មី​មួយ​ទៀត​ក្រោយ​ពី​ការ​ទាម​ទារ​កាល​ពី​ដើម​ខែ​មករា​ឱ្យបាន​១៦០​ដុល្លារ​ត្រូវ​បាន​បរាជ័យ។​

យ៉ាង​តិច​មាន​កម្មករ​ចំនួន​៥​នាក់​ត្រូវបាន​កង​កម្លាំង​មាន​សមត្ថកិច្ច​រដ្ឋាភិបាល​បាន​បាញ់​សម្លាប់​ រង​របួស​ជាង​៤០​នាក់​ និង​បាន​ចាប់​ខ្លួន​ជាច្រើន​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ការបាញ់​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ការ​ទាម​ទារ​របស់​ក្រុម​កម្មករ​នៅ​ផ្លូវ​វេង​ស្រេង​ដើម្បី​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោល​១៦០​ដុល្លារ។​

មេដឹក​នាំ​សហជីព​ចំនួន​៦​នាក់​ដែល​រួម​មាន​លោក​ រ៉ុង ឈុន​ លោក​ជា មុន្នី​ លោក​អាត់​ ធន់​ អ្នក​ស្រី​ ម៉ម ញឹម លោក​ ប៉ាវ ស៊ីណា​ និង​ លោក​ស្រី​ យ៉ាង សោ ភ័ណ្ឌ​ ត្រូវ​បាន​តុលាការ​បាន​ចេញ​ដីការ​កោះ​ហៅ​មក​សាក​សួរ​ជាបន្ត​បន្ទាប់​ពាក់​ព័ន្ធ​នឹង​ការ​ដឹក​នាំ​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​កាលពី​ដើម​ខែមករា។​

លោក​ អាត់ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​និង​លោក​ជា មុន្នី​ ប្រធាន​សហជីព​សេរី​កម្ម​ករ​ ព្រម​ទាំង​ លោក​ ប៉ាវ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​ សហជីព​ចលនា​កម្មករ​ត្រូវ​បាន​តុលាការ​បាន​ដាក់ឱ្យស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​រួច​មក។​

ក៏ប៉ុន្តែ​លោក​ អាត់ ធន់​ បញ្ជាក់​ថា​តុលាការ​បាន​ភ្ជាប់​ករណី​ផ្សេងទៀត​គឺ​មិន​អនុញ្ញាត​ឱ្យលោក​មាន​វត្តមាន​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ដើម្បី​ដឹក​នាំ​ការ​តវ៉ា​របស់​ក្រុម​កម្មករទៀត​ទេបើ​ពុំនោះ​ទេ​និង​ប្រឈម​មុខ​ការ​ចាប់​ដាក់​ពន្ធនាគារ។​

លោក​ អាត់ ធន់​ មាន​ប្រសាសន៍​ថា​លោក​មិន​ខ្លាចការ​គំរាម​របស់​តុលាការ​ទេ​ហើយ​នៅ​ថ្ងៃ​ស្អែក​នេះ​លោកនឹង​ចូល​រួម​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​បរទេស​មួយ​ចំនួន​ជាមួយ​មេដឹក​នាំ​សហជីព​ផ្សេង​ទៀត។​

លោក​និយាយ​ថា៖​ «តាម​ពិត​ទៅ​ជា​ការ​គំរាម​កំហែង​ បំបាក់​ស្មារតី​និង​បន្ថយ​នូវ​សកម្មភាព​របស់​យើង​ដើម្បី​ឱ្យយើង​ហ្នឹង​មិន​អាច​ធ្វើ​អ្វីបានតាម​ច្បាប់។​បើ​យើង​ធ្វើ​ខុស​ច្បាប់»។​

លោក​ ហេង សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​បាន​ហៅ​យុទ្ធនាការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​របស់​មេដឹក​នាំ​សហជីព​ទាំង​៨​ថា​ដើម្បី​ប្រជាប្រិយ៍​ភាព​និង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ក្រៅ​ប្រទេស​តែ​ប៉ុណ្ណោះ។​ លោក​បាន​បញ្ជាក់​ថា​តាម​ការ​ពិត​ការ​ចរចារ​កន្លង​មក​មេដឹក​នាំ​សហជីព​បាន​កំណត់​ប្រាក់​ខែ​គោល​រួច​ហើយ​ដល់​ក្រុម​កម្មករ​ដែល​មាន​ចំនួន​តិច​ជាង​នេះ​និងអាច​ទទួល​យក​បាន​រវាង​គ្រប់​ភាគី​ទាំង​អស់៕