ការ​ចុះឈ្មោះ​បោះឆ្នោត​ដំណើរការ​បាន​រលូន​ ទោះបី​មាន​ទឹក​ជំនន់ក្តី​​

​អគ្គ​លេខា​ធិការ​នៃ​គ.ជ.ប.​ លោក​ទេព នី​ថា (កណ្តាល)

នុង​រយៈ​ពេល​២១​មួយ​ថ្ងៃ​កន្លង​ទៅ​នេះ​ មាន​ប្រជា​ពលរដ្ឋ​ដែល​បាន​មក​ចុះ​ឈ្មោះ​ថ្មី​មាន​ចំនួន​ជាង​៤០​ម៉ឺន​នាក់​និង​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ប្រមាណ​ជាង​១​សែន​នាក់។
ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​ហៅ​កាត់​ថា ​គ.ជ.ប.​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ប្រកាស​ថា ​ក្នុង​រយៈ​ពេល​២១​មួយ​ថ្ងៃ​កន្លង​ទៅ​នេះ​ មាន​ប្រជា​ពលរដ្ឋ​ដែល​បាន​មក​ចុះ​ឈ្មោះ​ថ្មី​មាន​ចំនួន​ជាង​៤០​ម៉ឺន​នាក់​និង​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ប្រមាណ​ជាង​១​សែន​នាក់។

លោក​ម៉ៅ សុភារិទ្ធ សមាជិក​នៃ​គ.ជ.ប.​ បាន​និយាយ​ថា ​បើ​ទោះ​បី​មាន​ភ្លៀង​ធ្លាក់​រំខាន​ដល់​ដំណើរ​ការចុះ​ឈ្មោះ​បោះ​ឆ្នោត​ក៏ដោយ​ ក៏ការចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ។​
លោក​បាន​បញ្ជាក់​ថា​ មាន​ខេត្ត​មួយ​ចំនួនបាន​លិច​លង់​ដោយ​សារ​ទឹក​ជំនន់​ ដូច​ជា​ខេត្ត​បាត់​ដំ​បង​ មាន​ពីរ​ឃុំ ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​៧​ឃុំ ​ខេត្ត​សៀម​រាប​១១​ឃុំ​ សង្កាត់​ ក៏​ប៉ុន្តែ​មិន​ប៉ះ​ពាល់​ដល់​ការ​ពិនិត្យ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទេ​គឺ​ការិយាល័យ​ចុះ​ឈ្មោះបោះ​ឆ្នោត​នៅ​តែ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា។​

«អ្នក​ចុះ​ឈ្មោះ​ថ្មី​បាន​ចំនួន​៤០៤៧៣៨​នាក់​ស្មើ​នឹង​៦៥,៣២​ភាគ​រយ​នៃ​ចំនួន​ប៉ាន់​ស្មាន​៦១៩៦៣០​នាក់»។​

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ដែល​គ្រប់​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​ត្រូវ​តែ​ទៅ​ចុះ​ឈ្មោះ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​កញ្ញា​ដល់​ថ្ងៃ​ទី​១២​ខែ​តុលា​ខាង​មុខ​នេះ។​

លោក​ទេព នី​ថា ​អគ្គ​លេខា​ធិការ​នៃ​គ.ជ.ប.​បាន​និយា​យ​ថា​ គ.ជ.ប.​បាន​ត្រៀម​លក្ខណៈ​សម្រាប់ចុះ​ឈ្មោះ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ករណី​មាន​ទឹក​ជំនន់​តាម​ឃុំ​សង្កាត់។​ លោក​បាន​អះ​អាង​ថា ​រហូត​មក​ដល់​ពេល​នេះ​មាន​៤២​ឃុំ​ នៅ​ក្នុង​ខេត្ត​បាត់​ដំបង ​ខេត្ត​សៀមរាប​ ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​កំពង់​ធំ​ដែល​ត្រូវ​បាន​ទឹក​ជន​លិច។​ ក៏ប៉ុន្តែ​ទឹក​ជំនន់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ពុំ​ទាន់​មាន​ការ​រំខាន​ដល់​ការ​ពិនិត្យ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទេ។​

«យើង​មាន​ការ​ពិសោធន៍​ ដូច​កាល​ពី​មុន​ដែរ​ក្នុង​ករណី​ដែល​មាន​ការ​រំខាន​ដល់​ទឹក​ជំនន់​ហ្នឹង​វា​ច្រើន​ វា​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​លទ្ធផល​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះនោះ​ ​គ.ជ.ប.​នឹង​ពិ​ចារណ​ទៅ​តាម​ភាព​ជាក់​ស្តែង​នៃ​ទឹក​ជំនន់​នោះ​ ហើយ​ការ​ថែម​ថយ​យ៉ាង​ណា​នោះ​គឺ​យើង​នឹង​ផ្តល់​ព័ត៌មាន​នា​ពេល​ខាង​មុខ»។​

ក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម​បាន​ប្រកាស​ថា​ ប្រទេស​កម្ពុជា​បាន​ទទួល​រង​នូវ​ឥទ្ធិពល​សម្ពាធទាប​ដែល​បង្ក​ឲ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង​រហូត​ដល់​ថ្ងៃ​ទី​២៣​ខែកញ្ញា​ខាង​មុខ​នេះ​និង​មាន​ខេត្ត​ចំនួន​១៤​បាន​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​នៃ​ទឹក​ភ្លៀង។​

កញ្ញា​គង់ រ៉ាវីន​ អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ដំ​ណើរ​ការ​បោះ​ឆ្នោត​មួយ​ដែល​មាន​ឈ្មោះ​ថា​ Comfrel​ បាន​និយាយ​ថា​ យើង​បាន​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​ការ​ពិ​និត្យ​បញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដូច​កាល​ពី​ឆ្នាំ​២០១១​ដែរ។​ កញ្ញា​បាន​និយាយ​ថា​ ភាព​មិន​ប្រក្រតី​នោះ​គឺ​មានជាប់​ពាក់​ព័ន្ធនឹង​មន្ត្រី​ចុះ​ឈ្មោះ​មក​យឺត​ពេល​ និង​មាន​ឃុំ​សង្កាត់​ខ្លះ​អត់​បាន​បិទ​បញ្ជី​ឈ្មោះ​ដើម្បី​មាន​ភាព​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ។​

«យើង​បាន​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ដែរ​ដែល​បាន​កើត​ឡើង ​ដូច​ជាខេត្ត​រតនៈគីរី​ ពាក់​ព័ន្ធថា ​មាន​ឮ​ថា​ មាន​ស្មៀន​យក​លុយ​ពី​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ចុះ​ឈ្មោះ​ តែ​បាន​បក​ស្រាយ​ថា​ ជា​ការ​យក​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​វិញ»។​
ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀប​ចំ​បោះ​ឆ្នោត​ជា​សកល​អណត្តិ​ទី​៥​នៅ​ក្នុង​អំឡុង​ខែ​កក្កដា​ឆ្នាំ​២០១៣​ខាង​មុខ​នេះ៕