យោងតាមលទ្ធផលនៃការស្ទង់មតិរបស់អង្គការខុមហ្រ្វែលបានរកឃើញថា មានប្រជាពលរដ្ឋប្រមាណ៥៦,៦%មិនពេញចិត្តនឹងគោលនយោបាយរដ្ឋាភិបាលអាណត្តិទី៥រយៈពេលមួយឆ្នាំកន្លងទៅនេះទេ ហើយមានតែប្រជាពលរដ្ឋប្រមាណ៤៤,៤%តែប៉ុណ្ណោះដែលបាននិយាយថា បានពេញចិត្តខ្លះ និងមិនពេញចិត្តខ្លះ។
លទ្ធផលនៃការស្ទង់មតិនេះបានធ្វើឡើងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះទៅលើប្រជាពលរដ្ឋប្រមាណ២៥០នាក់នៅក្នុងទីក្រុងភ្នំពេញ និងនៅក្នុងខេត្តសៀមរាប ដែលគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ដែលហៅកាត់ថា«ខុមហ្រែ្វល»បានរៀបចំឡើង។
របាយការណ៍ ដែលមានកម្រាស់១០០ទំព័ររបស់ខុមហ្វ្រែល ហើយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ បានបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំដំបូងនៃរដ្ឋសភានីតិកាលទី៥នេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានសម្រេចពេញលេញនូវការបំពេញ និងអនុវត្តគោលនយោបាយចំនួន៦ក្នុងចំណោមគោលនយោបាយទាំង១៦នៃគោលនយោបាលដែលមានសូចនាករច្បាស់លាស់។
គោលនយោបាយទាំងនោះ រួមមានកំណើនសេដ្ឋកិច្ច៧%ក្នុងមួយឆ្នាំ ការកាត់បន្ថយភាពក្រីក្រអត្រា១%ក្នុងមួយឆ្នាំ ការបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ការរៀបចំគោលនយោបាយដឹកជញ្ជូនទីក្រុង និងគោលដៅនៃចំនួនទេសចរពីក្រៅប្រទេស។
ចំណែកគោលនយោបាយចំនួន៧ ដែលរួមមានរក្សាផ្ទៃនេសាទទឹកសាប ការចុះបញ្ជីដីធ្លី ការកសាងគោលនយោបាយជាតិស្តីពីសិទ្ធិលំនៅដ្ឋាន ប្រជាជនទទួលសេវាទឹកស្អាត និងគោលនយោបាយជាតិស្តីពីមុខរបរនិង ការងារ រាជរដ្ឋាភិបាលបានអនុវត្ត ឬសម្រេចបានខ្លះ។
ចំណែកឯគោលនយោបាយចំនួន៣ គឺគោលនយោបាយនាំចេញអង្ករឲ្យបាន១លានតោននៅក្នុងឆ្នាំ២០១៥ ការរក្សាផ្ទៃដីដែលគ្របដណ្តប់ដោយព្រៃឈើ និងការដាក់ឲ្យដំណើរការរបបប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជននោះ រដ្ឋាភិបាលអនុវត្តមិនបានសម្រេចតាមការសន្យារបស់ខ្លួនទេ។
លោកយង់ គឹមអេង សមាជិកគណៈកម្មាធិការនាយករបស់ខុមហ្វ្រែល និងជាប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាពមានប្រសាសន៍ថា មូលហេតុដែលប្រជាពលរដ្ឋមិនពេញចិត្តនឹងរដ្ឋាភិបាលរយៈពេលមួយឆ្នាំកន្លងទៅនេះគឺដោយសារតែ«រដ្ឋាភិបាលកន្លងមកធ្វើបានតិច។ ការចុះបញ្ជីដីធ្លីមិនបានទាំងស្រុង ហើយបញ្ហាដីធ្លីចេះតែមានបញ្ហាជំលោះដីធ្លីចេះតែកើតមានច្រើន។ អញ្ចឹងគេមិនសូវពេញចិត្ត»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា រដ្ឋាភិបាលទើបបានធ្វើជារៀងរាល់ខែដើម្បីវាយតម្លៃ ដែលរដ្ឋាភិបាលមានគោលការណ៍ពីរក្នុងដំណើរការរៀបចំគោលនយោបាយក្នុងរយៈពេល៥ឆ្នាំគឺគោលការណ៍វែង និងគោលការណ៍រំកិល៣ឆ្នាំម្តង។
លោកបាននិយាយថា រដ្ឋាភិបាលមិនដែលឲ្យតម្លៃចំពោះការស្ទង់មតិរបស់ខុមហ្វ្រែលទេ។
លោកនិយាយថា៖ «ខុមហ្រ្វែលបានបង្ហាញអំពីរបាយការណ៍ខុសច្រើនណាស់ តែយើងពិបាកនឹងឲ្យតម្លៃយកជាផ្លូវការបាន។ ដូចជានៅក្នុងការបោះឆ្នោត លទ្ធផលនៃការបោះឆ្នោត រហូតដល់គេរៀបចំអង្គការមួយដែលគេហៅថា អឺរ៉ា(ERA)»។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ខុមហ្រ្វែលបានលើកឡើងនៅក្នុងការវាយតម្លៃរបស់ខ្លួនថា រដ្ឋាភិបាលអាណត្តិទី៥នៃរដ្ឋសភានេះខ្វះនិត្យានុកូលភាព ដោយសារតែការបង្កើតរាជរដ្ឋាភិបាលនេះមិនស្របតាមនីតិវិធីរដ្ឋធម្មនុញ្ញទេ ព្រោះថា ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលធ្វើតាមនីតិវិធីបោះឆ្នោតជាកញ្ចប់៕